ម្ចាស់ជ័យលាភីលេខ១ បកស្រាយពីអត្ថន័យបង្កប់នៃក្បាច់រចនារបារកាត់ទទឹងផ្លូវសម្រាប់ព្រះរាជពិធីបុណ្យអុំទូក
NEWS 6 years ago ខ្លោងរបារដែលបានរចនាយ៉ាងយកចិត្តទុកដាក់ មានបង្ហាញពីអត្តសញ្ញាណជាតិដែលមានទង់ជាតិព្រះរាជាណាចក្រកម្ពុជានៅអមសងខាងយ៉ាងស្រស់ស្អាត រួមនឹងរូបតំណាងនៃការប្រណាំងទូកនៅលើកំពូលរបារ បង្ហាញឲ្យយល់កាន់តែច្បាស់ពីខ្លឹមសារអបអរសាទរពិធីបុណ្យអុំទូក។ ខ្លោងរបារដែលកំពុងតែឈរយ៉ាងសង្ហានៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យនោះជាការរចនាដោយលោក ប៊ិន សុបញ្ញា ជានិស្សិតជំនាញស្ថាបត្យកម្ម និងនគររូបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាបុគ្គលិកក្នុងក្រុមហ៊ុនសាងសង់មួយកន្លែង ហើយក៏ជាជ័យលាភីលេខមួយក្នុងការប្រកួតខ្លោងរបារដែលស្អាតជាងគេរបស់សាលារាជធានីភ្នំពេញផងដែរ។ បន្ទាប់ពីបានទទួលជ័យលាភី សាលារាជធានីភ្នំពេញបានធ្វើការកែតម្រូវបន្តិចបន្តួច ដើម្បីឲ្យសមនឹងកម្មវិធី។ បង្គោលទាំង២សងខាង ជារូបទង់ជាតិ គឺតំណាងឲ្យសសរទ្រូងនៃជាតិខ្មែរ ទិដ្ឋភាពនៃការប្រណាំងទូកនៅខាងលើរបារ តំណាងឲ្យការប្រកួតប្រជែងយ៉ាងរឹងមាំ និងជំនឿក្នុងពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ ចំណែកនៅចំកណ្តាលនៃរបារ បានដកស្រង់ចេញពីទង់ព្រះមហាក្សត្រកម្ពុជា អមដោយក្បាច់អង្គរ ដើម្បីលើកសរសើរដល់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់។
លោក បញ្ញា បានបកស្រាយប្រាប់ សូវរីន បន្ថែមថា៖ «អត្ថន័យនិងគំនិតក្នុងការរចនានេះគឺផ្តោតទៅលើថាតើនេះជាប្រភេទបុណ្យជាតិអ្វី? ហើយរបារនោះយកទៅតាំងនៅកន្លែងណា ក្នុងបរិបថបែបណា? ដូច្នេះហើយទើបខ្ញុំរកគន្លឹះក្នុងការរចនាឃើញ ហើយក៏ជាមូលហេតុមួយដែលខ្ញុំគួរបង្ហាញពីអត្តសញ្ញាណជាតិសាសន៍ខ្មែរយើងឲ្យភ្ញៀវជាតិ អន្តរជាតិបានស្គាល់កាន់តែច្បាស់។ ក្នុងនោះក៏មានបង្ហាញពីការប្រកួតប្រណាំងទូកយ៉ាងរឹងមាំ និងការប្រើប្រាស់ពណ៌ដើម្បីបន្ស៉ីទៅនឹងបរិបថជុំវិញ ដូចជា វិមានឯករាជ្យ ព្រះទីនាំងចន្រ្ទឆាយា សារមន្ទីរជាតិជាដើម។»
លោកបន្ថែមថា ដើម្បីរចនារបារនេះលោកត្រូវចំណាយពេល៤ថ្ងៃ ដើម្បីស្វែងរកឯកសារ ដូចជាប្រវត្តិបុណ្យជាតិ ហើយយកមកគូរព្រាងលើក្រដាស មុននឹងធ្វើការរៀបចំបច្ចេកទេសក្នុងកម្មវិធីកុំព្យូទ័រ។ បន្ទាប់មកចំណាយពេល ២ថ្ងៃទៀត ដើម្បីកាត់តយកជាលទ្ធផលសម្រេច។ បើតាមសម្តីលោកបញ្ញា បេក្ខជនដែលចូលរួមប្រកួតទាំងអស់មាន ២៩រូប សរុប ៤៥ស្នាដៃ។ ក្រោយពេលជម្រុះយកអ្នកខ្លាំងរួច រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើស៥ស្នាដៃចុងក្រោយ សម្រាប់ជូនមហាជនធ្វើការបោះឆ្នោត។ ទំព័រផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា ស្នាដៃដែលទទួលបានជ័យលាភីលេខ១នឹងត្រូវយកមកសាងសង់ជារបារដាក់បង្ហាញនៅលើមហាវិថីព្រះនរោត្តម ចំណុចវិមានឯករាជ្យ និងបានទទួលប្រាក់រង្វាន់ចំនួន ៣លានរៀល។
ចោទសួរពីមូលហេតុជំរុញឲ្យលោកចូលរួមប្រកួត លោកបញ្ញានិយាយថា ក្រៅពីចូលចិត្តការងាររចនា គូរគំនូរក្បាច់ខ្មែរ លោកក៏ចង់ចូលរួមបញ្ចេញស្នាដៃលើគម្រោងពិធីបុណ្យដ៏ធំប្រចាំឆ្នាំនេះផងដែរ។ ទោះមិនធ្លាប់ពឹងខ្ពស់លើតំណែងជ័យលាភី លោកបញ្ញានៅតែព្យាយាមចូលរួមប្រកួតប្រជែង ដើម្បីស្វែងរកបទពិសោធន៍បន្ថែមក្នុងការប្រកួតប្រជែងការរចនាបែបនេះ។ បេក្ខជនជ័យលាភីរូបនេះ និយាយថា៖ «ខ្ញុំគិតថា ទោះបីជាប់ឬមិនជាប់ក្តីក៏វាជាបទពិសោធន៍មួយសម្រាប់ខ្លួនយើងផ្ទាល់ ហើយបើជាប់ជ័យលាភីនោះ ស្នាដៃរបស់យើងថែមទាំងបានដាក់តំឡើងបង្ហាញឲ្យមហាជនបានឃើញ និងគាំទ្រឲ្យធ្វើចេញជារូបរាងក្នុងពិធីបុណ្យអុំទូកខាងមុខនេះថែមទៀត»។
ព្រះរាជពិធីបុណ្យអុំទូក ធ្វើឡើងដើម្បីរំឭកដល់គុណបំណាច់ និងវីរភាពរបស់កងទ័ពជើងទឹកជាបុព្វបុរសខ្មែរ ដែលបានច្បាំងឈ្នះអស់មារសត្រូវ។ បច្ចុប្បន្នព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ លយប្រទីប ជាកម្មវិធីបុណ្យធំប្រចាំឆ្នាំ ដែលតែងប្រព្រឹត្តិឡើងជាប្រចាំនៅដងទន្លេខាងមុខព្រះបរមរាជវាំងរាជធានីភ្នំពេញ ដោយមានការប្រណាំងទូកង ទូកចែវរយៈពេល៣ថ្ងៃ។ រាល់ពេលបុណ្យអុំទូក មនុស្សម្នាពីគ្រប់ខេត្តក្រុង តែងមកផ្តុំគ្នាកំសាន្តនៅរាជធានីភ្នំពេញរយៈពេល៣ថ្ងៃ។ ក្រៅពីកម្មវិធីប្រណាំងទូកថ្នាក់ជាតិ ក៏មានការលយប្រទីបយ៉ាងស្រស់សង្ហារ ដែលរចនាប្រដេញគ្នាដោយស្ថាប័នក្រសួងធំៗជាច្រើន។ ខណៈដែលមនុស្សម្នាក់នឹងមកកំសាន្តនៅទីសាធារណៈអមបណ្តោយមាត់ទន្លេ សាលារាជធានីតែងរៀបចំភ្លើងពណ៌និងការតុបតែងពិសេសៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ទេសភាពពេលរាត្រីនឹងមានអមដោយតន្ត្រី ប្រៀបដូចជាកម្មវិធីជប់លៀងដ៏ធំប្រចាំឆ្នាំ ដែលមានអ្នកចូលរួមមកពីគ្រប់ទីកន្លែង។ ហើយជាមួយគ្នានោះផងដែរ ខ្លោងរបារ សម្រាប់ស្វាគមន៍ពិធីបុណ្យអុំទូក បានដើរតួយ៉ាងសំខាន់ ដើម្បីទាក់ទាញចំណីអារម្មណ៍អ្នកទេសចរ ដែលជំរុញឲ្យមានការរចនាយ៉ាងយកចិត្តទុកដាក់ជាប្រចាំ។
នេះជាលើកដំបូងដែលសាលារាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងជាសាធារណៈ ដែលញ៉ាំងឲ្យមានការចូលរួមនិងការសាទរពេញទំហឹងពីសំណាក់សិល្បករទាំងឡាយ ដែលចង់ចូលរួមបង្កើនសោភ័ណភាពទីក្រុងស្រស់បំព្រងនៅក្នុងព្រឹត្តិការណ៍បុណ្យជាតិដ៏ធំប្រចាំឆ្នាំ៕
Article by VA SONYKA