កន្លងមកសិស្សជាច្រើនបានចាត់ទុក «គណិតវិទ្យា» គឺជាមុខវិជ្ជាមួយដែលលំបាក និងត្រូវប្រើខួរក្បាលខ្លាំងក្នុងការសិក្សា ហើយសម្រាប់អ្នកដែលចង់ចេះមុខវិជ្ជានេះរមែងទាមទារឲ្យខិតខំហ្វឹកហាត់ និងស្វែងយល់កាន់តែច្រើនអំពីវិធីក្នុងការគណនា។ យ៉ាងណាមិញ បើទោះមុខវិជ្ជានេះមានភាពលំបាកយ៉ាងណាក្តី ក៏ប៉ុន្តែមានសិស្សមិនតិចទេដែលមានចំណូលចិត្តផ្នែកគណនាលេខ ចង់ក្លាយជាសិស្សជំនាញ ឬសិស្សពូកែផ្នែកគណិតវិទ្យាផងដែរ។ ចុះដើម្បីក្លាយជាសិស្សពូកែផ្នែកគណិតវិទ្យា តើសិស្សគ្រប់រូបគួរសិក្សាដូចម្តេចខ្លះ? ហើយតើគួរហ្វឹកហាត់ទៅលើចំណុចអ្វីខ្លះ? ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើនេះសូវរីន បានធ្វើការអញ្ជើញសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសកម្ពុជាម្នាក់ មកចូលរួមបកស្រាយ ក៏ដូចជាចែករំលែកបទពិសោធន៍នូវគន្លឹះក្នុងការសិក្សាមុខវិជ្ជាគណិតវិទ្យាប្រកបដោយភាពជោគជ័យ។
«តាមពិតទៅចំណុចដែលត្រូវចាប់ផ្តើមក្នុងការសិក្សាគណិតវិទ្យានោះគឺត្រូវយកចិត្តទុកដាក់ និងស្តាប់គ្រូដោយការប្រុងប្រយ័ត្នជាទីបំផុត ពិសេសត្រូវខិតខំសិក្សាចាប់ឲ្យបាននូវមេរៀននៅជំពូកដំបូងគេបង្អស់ ពីព្រោះមេរៀនដំបូងគឺជាស្នូល និងជាគ្រឹះដ៏សំខាន់បំផុតក្នុងការយកទៅអនុវត្តនៅមេរៀនបន្តបន្ទាប់។ បន្ទាប់មក យើងត្រូវសង្កេតឲ្យបានល្អិតល្អន់ រួចច្បិចយកនូវចំណុចណាដែលយើងមានភាពស្រពេចស្រពិលនៃខ្លឹមសារមេរៀន រួចហើយយកវាមកមើលម្តងទៀត» ។ នេះជាការលើកឡើងរបស់ ឆាយ លីអាន ដែលជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស ដែលបច្ចុប្បន្នលោកកំពុងតែបន្តការសិក្សានៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ យ៉ាងណាមិញ ភាពអត់ធ្មត់គឺជារឿងមួយដ៏សំខាន់ ហើយការសិក្សាទៅលើផ្នែកគណិតវិទ្យាក៏ទាមទារពេលច្រើនក្នុងការស្វែងយល់ផងដែរ ជាក់ស្តែង ឆាយ លីអាន បានបន្តថា «ក្រោយពីខ្ញុំបានប្រមូលផ្តុំនូវគន្លឹះក្នុងការដោះស្រាយលំហាត់រួច ខ្ញុំក៏ចាប់ផ្តើមយកវាមកមើលជាច្រើនដងច្រើនសារ ជួនកាលខ្ញុំមើលមេរៀនដដែលៗនឹង៤ទៅ៥ដងក្នុងមួយថ្ងៃ បន្ទាប់មកទើបខ្ញុំចាប់ផ្តើមធ្វើលំហាត់ដែលគ្រូបានដាក់ឲ្យ ហើយពេលដែលខ្ញុំធ្វើលំហាត់រួចរាល់អស់ ខ្ញុំក៏ចាប់ផ្តើមបន្តធ្វើលំហាត់គណនាក្នុងកម្រិតខ្លាំងជាងមុនបន្តិចម្តងៗដែលខុសទៅនឹងអ្វីដែលខ្ញុំបានរៀន»។
ទន្ទឹមនឹងនេះផងដែរ ឆាយ លីអាន ក៏បានបញ្ជាក់យ៉ាងមុតមាំថា«បើតាមការសង្កេតរបស់ខ្ញុំ អ្នកខ្លះគាត់និយាយថា បើអនុវត្តលំហាត់កាន់តែច្រើន កាន់តែឆាប់ចេះ ប៉ុន្តែសម្រាប់ខ្ញុំវិញគិតថា បើយើងយល់ពីមេរៀនមួយច្បាស់ហើយ ទោះបីយើងធ្វើលំហាត់តិចក៏វាអាចធ្វើឲ្យយើងចេះដោះស្រាយលំហាត់បានច្រើនដែរ ម៉្យាងវិញទៀតយើងក៏អាចបំបែកមុំនៃមេរៀននោះយកមកដោះស្រាយលំហាត់ណាដែលពិបាកបំផុតបានដូចគ្នា»។
ជាចុងក្រោយ ឆាយ លីអាន ក៏បានផ្តាំផ្ញើទៅកាន់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយផងដែរថា គួរព្យាយាមសិក្សាបន្ថែមទៅលើមុខវិជ្ជាដែលខ្លួនស្រឡាញ់ ជាពិសេសសិស្សដែលនឹងត្រូវប្រឡងបាក់ឌុបខាងមុខនេះគួរមានភាពសកម្មក្នុងការសិក្សា និងព្យាយាមសិក្សាស្វែងយល់បន្ថែមឲ្យបានកាន់តែច្រើនដ្បិតយើងត្រូវសិក្សាមុខជំនាញច្រើនក្នុងពេលតែមួយក៏ដោយដើម្បីយកចំណេះដឹងទំាងអម្បាលម៉ានទៅប្រលងប្រកបដោយភាពជោគជ័យ៕
Article by PAN SIVLY