×

មជ្ឈមណ្ឌល​រូបថត​កម្ពុជា​ដំបូង​បំផុត​ បើក​សម្ពោធ​ផ្លូវការ​និង​បើក​ឲ្យ​ចូល​ទស្សនា​ដោយសេរី​

NEWS 8 months ago
 
 

          រូបថត​ ​និង​ ​វីដេអូ​ឯកសារ​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា​ទាំងប៉ុន្មាន​រាប់​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​មុន​ឆ្នាំ​ ​១៩៧០​ ​រហូតមកដល់​បច្ចុប្បន្ន​ ​ត្រូវ​បាន​ប្រមែប្រមូល​យក​មក​ដាក់​តាំង​បង្ហាញ​បង្កើត​ជា​មជ្ឈមណ្ឌល​មួយ​ឈ្មោះថា​ ​«​មជ្ឈមណ្ឌល​រូបថត​កម្ពុជា​»​ ​ដែល​នេះ​គឺជា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​ដំបូង​គេ​បំផុត​ដែល​ទើបនឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​ ​០៤​ ​ខែ​ ​មេសា​នេះ​។​

          ​«​សារ​ធា​រណៈ​ជន​ ​ជាពិសេស​យុវជន​ ​យុវ​និស្សិត​ទាំងអស់​អាច​ចំណាយពេល​ត្រឹមតែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ ​នឹង​បាន​ស្វែងយល់​ក៏ដូចជា​ដឹង​អំពី​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​នយោបាយ​កម្ពុជា​តាមរយៈ​ការ​ទស្សនា​រូបថត​ ​និង​ខ្សែវីដេអូ​ ​ដែល​បង្ហាញ​អំពី​សកម្មភាព​ពិត​កើតឡើង​ទៅតាម​សម័យកាល​នី​មួយ​ៗ​នៅក្នុង​ប្រទេស​របស់​ខ្លួន​នៅ​ឯ​មជ្ឈមណ្ឌល​រូបថត​កម្ពុជា​នេះ​ផ្ទាល់​»​។​ ​នេះ​ជា​ការ​លើកឡើង​របស់​ ​លោក​ឆាយ​ ​សុផល​ ​ស្ថាបនិក​មជ្ឈមណ្ឌល​រូបថត​កម្ពុជា​ ​និង​ជា​អតីត​អ្នកសារព័ត៌មាន​ ​ក៏ដូចជា​សាស្ត្រា​ចារ្យ​សារព័ត៌មាន​ល្បីឈ្មោះ​មួយ​រូប​។​ ​ជាមួយនឹង​ការ​ចាយ​ទុន​ប្រមាណ​ ​២៣ម៉ឺន​ដុល្លារ​ ​លើ​ការស្ថាបនា​មជ្ឈមណ្ឌល​នេះ​ឡើង​ ​លោក​ ​ឆាយ​ ​សុផល​ ​បាន​រៀបចំ​នៅក្នុង​ផ្ទះ​កម្ពស់​ពីរ​ជាន់​ដោយ​រាប់​តាំងពី​ជាន់ផ្ទាល់ដី​ដល់​ជាន់​ខាងលើ​ ​រូបថត​រាប់​រយ​សន្លឹក​ ​និង​វីដេអូ​ ​ត្រូវ​បាន​បែងចែក​ដាក់​ទៅតាម​លំដាប់លំដោយ​នៃ​សម័យកាល​នី​មួយ​ៗ​ ​ហេតុដូច្នេះ​អ្នក​ចូល​ទស្សនា​ងាយ​នឹង​យល់​ពី​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​តាំងពី​ដើម​រហូតដល់​បច្ចុប្បន្ន​។​ ​លោក​ ​ឆាយ​ ​សុផល​ ​បាន​លើកឡើង​ទៀត​ថា​ ​ទីនេះ​មិនមែន​ជា​មជ្ឈមណ្ឌល​លក់​រូបថត​នោះ​ទេ​ ​តែ​ជា​មជ្ឈមណ្ឌល​ជំនួយស្មារតី​ផ្នែក​រូបភាព​ ​ដើម្បីឲ្យ​យុវជន​ជំនាន់​ថ្មី​បាន​យល់ដឹង​អំពី​អតីតកាល​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ម្យ៉ាង​លោក​ចង់​ឲ្យ​យុវជន​ចំណាយពេល​មក​ស្វែងយល់​អ្វី​ជា​ចំណេះដឹង​ជាជាង​ចាយ​ពេល​លើ​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្រាប់​តែ​ការកម្សាន្ត​។​ ​«​ខ្ញុំ​ចង់​ឲ្យ​ទីនេះ​ក្លាយទៅជា​កន្លែង​ប្រឹក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​តាមរយៈ​រូបភាព​ ​ឬ​អាច​និយាយ​បាន​ថា​ជា​មជ្ឈមណ្ឌល​ដែល​ភ្ញៀវ​ទេសចរ​មិន​អាច​មើល​រំ​លេង​បាន​រាល់ពេល​ធ្វើដំណើរ​កម្សាន្ត​មកកាន់​ប្រទេស​កម្ពុជា​»​។​

​           ​ឆ្លៀត​ក្នុង​ឱកាស​សម្ពោធ​នេះ​ ​លោក​ ​ឆាយ​ ​សុផល​ ​ក៏​មាន​មតិ​ជា​សារ​ដែរ​ថា​«​ប្រជាពលរដ្ឋ​ ​ជាពិសេស​យុវជន​គួរតែ​ដឹងពី​ប្រវត្តិ​ពង្សាវតារ​ ​ក៏ដូចជា​ព្រឹត្តិ​ការណ៍​នយោបាយ​ដែល​កើតមានឡើង​នៅក្នុង​ប្រទេស​របស់​ខ្លួន​ ​ហើយ​ទីនេះ​គឺជា​កន្លែង​ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ពិត​ ​រូបភាព​ពិត​ ​និង​ព្រឹត្តិ​ការណ៍​ពិត​ដែល​ជា​ភស្តុតាង​ជាក់ស្តែង​តែម្តង​»​។​ ​

​          ក្រោយ​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ ​សារ​ធា​រណៈ​ជន​អាច​ចូល​ទស្សនា​បាន​ដោយសេរី​ ​និង​ឥតគិតថ្លៃ​ ​ចាប់ពី​ម៉ោង​ ​៨ព្រឹក​ដល់ម៉ោង​ ​៥ល្ងាច​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​បរី​មហាសែន​សុខ​ ​សង្កាត់​ក្រាំងធ្នង់​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​៕​

Article​ ​by​ ​HEM​ ​SOKKHIM​



SUGGESTIONS