×

តម្លៃ​ចូលឆ្នាំ​ខ្មែរ​ដែល​បាត់បង់​ដោយសារ​ការ​ស្លៀកពាក់

TRAVEL & LIVING 5 years ago
 
 

          ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​គឺជា​ពិធីបុណ្យ​ដែល​បាន​បង្ហាញ​អំពី​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិខ្មែរ​តាំងពី​យូរលង់​ណាស់​មក​ហើយ​ ​ដែល​កូនខ្មែរ​គ្រប់រូប​ ​គ្រប់​ស្រទាប់វណ្ណៈ​ក៏ដូចជា​ជាតិខ្មែរ​ទាំងមូល​តែងតែ​ប្រារព្ធ​ធ្វើ​តាំងពី​បុរាណកាល​រហូតមកដល់​បច្ចុប្បន្ន​នេះ​មិនដែល​អាក់ខាន​មួយឆ្នាំ​ណា​ឡើយ​។​ ​ការ​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​ដោយ​ទឹកចិត្ត​ស្មោះសរ​បរិសុទ្ធ​នេះ​ ​គឺជា​ការរៀបចំ​ស្វាគមន៍​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​ដែល​នឹង​យាង​មក​ប្រោស​ព្រំ​ពរជ័យ​វិបុលសុខ​ឃុំគ្រង​ថែរក្សា​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ឱ្យ​បាន​សេចក្ដីសុខ​ចម្រុងចម្រើន​វារ​ចាក​ឆ្ងាយ​ពី​ជំងឺ​ដង្កា​ត់​ផ្សេង​ៗ​ ​ហើយក៏​ជា​ពេលវេលា​មួយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ​ទាំង​នាម៉ឺន​ ​មន្រ្ដី​រាជការ​ ​អ្នកស្រែ​ចម្ការ​សព្វមុខ​ងារ​មានឱកាស​បាន​ឈប់សម្រាក​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ ​ធ្វើបុណ្យ​ទាន​ផ្សេង​ៗ​ ​និង​ ​ធ្វើដំណើរ​កម្សាន្ត​ទៅតាម​រមណីដ្ឋាន​នានា​ក្រោយពី​បំពេញការងារ​អស់​រយៈពេល​មួយឆ្នាំ​ពេញ​ផង​ដែរ​ ​។​ ​

          ​​ជា​ការពិត​ណាស់​ ​សង្គម​មានការ​វិវត្ត​រី​ឯ​ផ្នត់គំនិត​របស់​ប្រជាជន​ ​ជា​ពិ​សេ​សក្មេងៗ​ជំនាន់​ក្រោយ​ក៏​មានការ​ផ្លាស់ប្ដូរ​ទៅតាម​នោះ​ដែរ​ ​ដោយ​ចំណុច​មួយចំនួន​វា​អាច​ជា​សញ្ញា​វិជ្ជមាន​ដើម្បី​ឱ្យ​ខ្មែរយើង​ដើរ​ឱ្យ​ទាន់សម័យ​វិទ្យាសាស្រ្ត​ដ៏​ទំនើប​នេះ​ ​ប៉ុន្តែ​ចំណុច​មួយចំនួន​ទៀត​បែរជា​ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​វប្បធម៌​ដ៏​ល្អ​ផូរផង់​ដែល​ដូនតា​ខ្មែរយើង​បាន​បន្សល់ទុក​តាំងពី​​បុរាណកាល​មក​ទៅវិញ​ ​។​ ​តួយ៉ាងដូចជា​ការ​ស្លៀកពាក់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ក្នុង​រដូវ​កាល​ចូលឆ្នាំ​ខ្មែរ​នេះ​ជាដើម​។​ បច្ចុ​ន្ន​នេះ​ការ​ស្លៀកពាក់​បែប​ប្រពៃណី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​ជជែកវែក​ញែក​ដ៏​ក្ដៅ​គគុក​ពី​ ​សំណាក់​អ្នក​ដែល​គោរព​ស្រឡាញ់​វប្បធម៌​ប្រពៃណី​ខ្មែរ​ព្រោះថា​បញ្ហា​នេះ​វា​បាន​ជះឥទ្ធិពល​ ​មិនល្អ​សោះ​ឡើយ​ដល់​តម្លៃ​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ ​ជាពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​។​ ​

          ​យុវជន​ ​យុវនារី​ ​ក៏ដូចជា​អ្នក​ដែល​មាន​ទំនោរ​ទៅ​រក​វប្បធម៌​បរទេស​មួយចំនួន​បាន​បំភ្លេច​អស់ហើយ​នូវ​ការ​ស្លៀកពាក់​ ​ហូល​ ​ផាមួង​ ​អាវប៉ាក់​ ​សំពត់​បត់​ ​ក្នុង​ការចូលរួម​ក្នុង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ​ ​ជាពិសេស​គឺ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​តែម្ដង​ ​ដោយ​ជំនួស​មកវិញ​នូវ​សំពត់​ខើច​លើ​ខើច​ក្រោម​អាវ​រឹប​រាង​ចំហដើមទ្រូង​ ​ឬ​ ​ក៏​ខោ​ខូវ​ប៊​យមាន​ម៉ូដ​ប្រហោង​ៗ​ ​បញ្ចេញ​សាច់​ភ្លៅ​ដោយអន្លើ​ថែមទាំង​មានការ​លាប​ពណ៌​សក់​យ៉ាង​ចម្រុះ​ពណ៌​បែប​អឺរ៉ុប​ ​ដែល​ការ​ស្លៀកពាក់​ ​និង​ ​រៀបចំខ្លួន​មិន​សម​បែបបទ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរយើង​យ៉ាងធ្ងន់ធ្ងរ​ហើយក៏​នឹង​ឈាន​ទៅដល់​ ​ការបាត់បង់​តម្លៃ​វប្បធម៌​គួរ​ឱ្យ​ព្រួយ​ ​បារម្ភ​ផង​ដែរ​។​ ​ការ​ស្លៀកពាក់​បាន​សមរម្យ​ថ្លៃថ្នូរ​មិន​ខើច​លើ​ខើច​ក្រោម​ ​មិន​ត្រឹមតែ​ផ្ដល់​តម្លៃ​ដល់​ខ្លួនឯង​ ​និង​គាប់​ភ្នែក​អ្នកផង​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​វា​ក៏បាន​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ដ៏​ថ្លៃថ្លា​របស់​ជាតិខ្មែរ​យើង​ផង​ដែរ​។​

​          ដូច​យើង​បាន​ជ្រាបស្រាប់​ហើយ​ថា​ ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នេះ​ ​មិន​ត្រឹមតែ​ជា​ឱកាស​ដើម្បី​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ​និង​ ​ជួប​ ​ជុំ​បងប្អូន​សាច់ញាតិ​បង្កើត​ឱ្យ​មាន​បរិយាកាស​សិរីសួស្ដី​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ​ក៏​ជា​ការ​ទាក់​ ​ទាញ​ភ្ញៀវ​អន្តរជាតិ​យ៉ាងច្រើន​លើសលុប​ ​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​ដែនដី​សុវណ្ណភូមិ​ដ៏​អច្ឆរិយ​នេះ​ផង​ដែរ​ ​តួយ៉ាងដូចជា​កម្មវិធី​ ​អង្គ​រស​ង្រ្កា​នដែល​រៀបចំឡើង​នៅក្នុង​ទឹកដី​អង្គរ​ដ៏បវរ​នៃ​យើង​ជា​តឹកតាង​ស្រាប់​។​ ​ដូច្នេះ​ការរៀបចំ​ខ្លួន​ឱ្យ​បាន​សមរម្យ​ថ្លៃថ្នូរ​សមជា​ម្ចាស់​ដែនដី​អង្គរ​នេះ​ ​មិន​ត្រឹង​តែ​ជា​ការ​ជួយ​អភិរក្ស​ដល់​កេរដំណែល​វប្បធម៌​របស់​ខ្មែរយើង​ប៉ុណ្ណោះទេ​ប៉ុន្តែ​វា​ជា​ការដែល​យើង​ត្រូវ​បង្ហាញ​ឱ្យ​សកលលោក​បាន​ស្គាល់​ថា​ ​ប្រទេសខ្មែរ​ដ៏បវរ​រុងរឿង​នេះ​ ​គឺជា​ប្រទេស​ដែល​មានសម្បត្តិ​វប្បធម៌​ដ៏​ល្អ​ផូរផង់​ ​រាប់បញ្ចូល​តាំងពី​ការ​ស្លៀកពាក់​រៀបចំខ្លួន​នេះ​ឡើង​ទៅ​ ​ដែល​នេះ​បាន​ពី​តម្លៃ​សិល្បៈ​ល្អ​ផ្ដាច់​មិន​អាច​កាត់ថ្លៃ​បាន​ ​។​

​          មានក​ត្តា​ច្រើនយ៉ាង​ដែល​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​មានការ​រៀបចំខ្លួន​មិន​សម​ទំនង​ប្រាស់​ចាក​ពី​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ ​ជាពិសេស​គឺ​ពេល​មាន​ពីធី​បុណ្យ​ជា​តិ​ធំៗ​ ​រួមបញ្ចូល​ទាំង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ផង​។​ ​កត្តា​ទាំងនោះ​មាន​ដូចជា​ ​លំហូរ​ចូល​នៃ​​វប្បធម៌​បរទេស​ ​ដែល​ក្នុង​នោះ​មួយចំនួន​ធំ​យើង​អាច​មើលតាម​រយៈ​សម្លៀកបំពាក់​ ​ដែល​ ​គេ​ ​បាន​ច្នៃ​ម៉ូដ​ឡើង​តម្រូវ​ទៅតាម​ប៉ែក​ខាង​បស្ចិមប្រទេស​ ​ដែល​បងប្អូន​មួយចំនួន​បាន​បើក​ចិត្ត​ទទួលយក​ទាំងស្រុង​ដោយ​មិនបាន​កែខៃ​ឱ្យ​ក្លាយជា​របស់​ជាតិ​ខ្លួន​នោះ​ឡើយ​ ​។​ ​ការ​មិន​ឱ្យ​តម្លៃ​ ​និង​ ​មិន​យល់​ច្បាស់​ពីសា​រៈសំ​ខាន់​នៃ​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ ​ហើយ​បើក​ចិត្ត​ទទួលយក​របស់​ថ្មី​ដោយ​មិនបាន​ត្រិះរិះ​ពិចារណា​ក៏​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឱ្យ​មានការ​រៀបចំខ្លួន​មិន​សម​ទំនង​ចាក​ឆ្ងាយ​ពី​ប្រពៃណី​ផង​ដែរ​ ​។​

          ​យើង​បាន​ជ្រាប​យ៉ាង​ប្រត្យក្ស​ហើយ​ថា​ទំនៀមទម្លាប់​ដ៏​មាន​វ័យ​ចំណាស់​ ​និង​ ​ល្អ​ផូរផង់​របស់​ខ្មែរយើង​ក្រៅពី​ការ​ប្រារព្ធ​ពិ​ដី​បុណ្យ​ទាន​ផ្សេង​ៗ​ហើយ​នោះ​ ​យើង​ក៏បាន​រាប់បញ្ចូល​ផង​ ​ដែរ​នូវ​ការ​ស្លៀកពាក់​រៀបចំខ្លួន​បាន​សមរម្យ​ ​ថ្លៃថ្នូរ​ ​និង​ ​ចរិយាមាយាទ​រមទម​សុភាពរាបសារ​សក្ដិសម​ជា​កុលបុត្រ​កុលធីតា​ក្នុង​ដែន​អាណាចក្រ​អង្គរ​នេះ​។​ ​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​ជនជាតិ​ខ្មែរយើង​បាន​កំណត់​យក​សម្លៀកបំពាក់​សមរម្យ​ថ្លៃថ្នូរ​មួយ​បែប​មួយ​បែបជា​និច្ច​សម្រាប់​សម្គាល់​លក្ខណៈ​នៃ​ការ​តុបតែង​ខ្លួន​របស់​ជាតិ​។​ ​តួយ៉ាង​សម័យ​បច្ចុប្បន្ន​នេះ​បើ​យើង​ក្រឡេក​ទៅ​មើល​ផ្នែក​ខាង​សុភាពនារី​វិញ​ ​ក្នុង​ពេល​មានបុណ្យ​ទាន​ ​ឬក៏​ចូល​ ​វត្តអារាម​សម្លៀកបំពាក់​ដែល​សមរម្យ​ថ្លៃថ្នូរ​នោះ​គឺ​មិន​អាច​អត់​បាន​នោះ​ឡើយ​ជាមួយនឹង​សំពត់ហូល​ ​ឬ​ ​ផាមួង​ ​ផ្សំ​ជាមួយ​អាវប៉ាក់​ពណ៌ស​ជាមួយ​ម៉ូដ​បែប​សុ​ភាព​ៗ​ ​មិន​លេច​លើ​លេច​ក្រោម​ ​ដែល​ជា​សញ្ញា​បង្ហាញថា​មាន​ទឹកចិត្ត​ជ្រះថ្លា​បរិសុទ្ធ​អម​ជាមួយនឹង​ក្រមា​ពានា​មួយ​យ៉ាង​សមរម្យ​ផង​។​ ​ចំណែកខាង​សុភាពបុរស​វិញ​ក្នុង​ពេល​មានបុណ្យ​ទាន​ ​ឬ​ចូល​វត្តអារាម​ជាពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ ​ត្បិតថា​មិន​មានការ​តុបតែង​ខ្លួន​ច្រើន​ដូចជា​សុភាពនារី​ក៏​ពិតមែន​ប៉ុន្តែ​គឺ​មិនដែល​អាច​ខ្វះ​បាន​នោះ​ឡើយ​នូវ​អាវ​ស​ ​ឬ​អាវ​សាច់ក្រណាត់​លាត​ ​ជាមួយនឹង​ខោជើងវែង​ពណ៌ខ្មៅ​ ​ឬ​ណ​ពណ៌​បែប​ស្រគាំ​ ​ប៉ុន្តែ​វា​នឹង​មិន​សមរម្យ​និង​ ​ថ្លៃថ្នូរ​នោះ​ឡើយ​ ​បើសិនជា​លោកអ្នក​ស្លៀកខោ​ខូវ​ប៊យ​ ​មូរដៃអាវ​ ​ពាក់មួក​ ​ឬ​ពាក់​វែ​ន​តា​កញ្ចក់​ខ្មៅ​ចូល​វត្ត​អារ៉ាម​នោះ​ ​ឬ​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេង​ៗ​ក៏ដោយ​។​ ​

          ​ដោយហេតុថា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ជាពិធី​បុណ្យ​វប្បធម៌​ដំ​ធំ​ប្រចាំ​ប្រទេស​ ​ដូច្នេះហើយ​ ​ក្នុងនាម​យើង​ជា​កូនខ្មែរ​ ​ជា​អ្នក​បន្ដ​នូវ​មរតក​ដូនតា​ជំនាន់​មុន​គួរគប្បី​រៀបចំខ្លួន​ប្រាណ​ឱ្យ​បាន​សមរម្យ​បូករួម​ទាំង​ការ​ស្លៀកពាក់​ឱ្យ​ត្រឹមត្រូវ​តាម​ប្រពៃណី​ ​និង​ ​រៀប​ចរិយាមាយាទ​ឱ្យ​បាន​ថ្លៃថ្នូរ​ចៀសវាង​ធ្វើ​ឱ្យ​អាប់ឱន​ដល់​តម្លៃ​វប្បធម៌​ខ្មែរ​ ​និង​ ​តម្លៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​របស់​ជាតិ​ទាំងមូល​ ​ដូច​ពាក្យស្លោក​មួយ​ឃ្លា​ពោល​ថា​ ​«​វប្បធម៌​រលត់​ ​ជាតិ​រលាយ​ ​វប្បធម៌​ពណ្ណរាយ​ ​ជា​ថ្កើងថ្កាន​ ​»​ ​៕​ ​

​Article​ ​by​ ​SOY​ ​SINA​


SUGGESTIONS