×

អ​តីត​អ្នក​ថត​រូប​គុក​ទួល​ស្លែង​៖ ខ្ញុំ​ចង់​មាន​សា​រមន្ទីរ​មួយ​សម្រាប់​តាំង​រូប​ដែល​ខ្ញុំ​ថតដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

NEWS 4 months ago
 
 

          ​រូបថត​រាប់ពាន់​សន្លឹក​ដែល​បង្ហាញមុខ​អ្នកទោស​នៅ​សា​រមន្ទី​គុក​ទួល​ស្លែង​ ​និង​រូបថត​ថ្នាក់ដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ជាច្រើន​រូប​ដែលគេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​និង​នៅ​តាម​សាល​ពិព័រណ៍​មួយចំនួន​ទៀត​នោះ​ ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​អតីត​អ្នកថតរូប​នៅ​គុក​ទួល​ស្លែង​ ​លោក​ ​ញ៉ែម​ ​អេន​។​ ​រាប់​ចាប់តាំងពី​សកម្មភាព​ថ្នាក់ដឹកនាំ​ ​រូបថត​អ្នកទោស​ ​និង​ទិដ្ឋភាព​ជាច្រើន​ទៀត​ដែល​បាន​ថត​ក្នុង​ចន្លោះ​ឆ្នាំ​ ​១៩៧១​ ​រហូតដល់​ ​ឆ្នាំ​ ​១៩៧៩​ ​ត្រូវ​បាន​លោក​ ​ញ៉ែម​ ​អេន​ ​បាន​សន្សំទុក​រាប់​ម៉ឺន​សន្លឹក​ ​ដើម្បី​ទុកជាឯកសារ​ប្រវត្តិ​សាស្រ្ត​មួយ​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ​។​ ​អតីត​អ្នកថតរូប​ដែល​មាន​វ័យ​ ​៥៩​ ​ឆ្នាំ​រូប​នេះ​ក៏​មានបំណង​ចង់បើ​កជា​សា​រមន្ទីមួយ​ដើម្បី​តាំង​រូបថត​របស់​លោក​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ចង់​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​នូវ​របប​ដ៏​យង់​ឃ្លង​ ​៣ឆ្នាំ​ ​៨ខែ​ ​និង​ ​២០ថ្ងៃនេះ​ផង​ដែរ​។​ ​សា​រមន្ទីនេះ​អាច​នឹង​បង្កើត​ឡើង​ក្រោម​ស្លាក​អង្គការ​របស់​លោក​ដែល​មានឈ្មោះ​ថា​ ​«​ ​អង្គការ​អភិវឌ្ឍ​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​អន្លង់វែង​»​។​ ​យ៉ាងណាមិញ​ដើម្បី​អាចប​ង្កើត​សា​រមន្ទីរនេះ​បាន​ ​លោក​ ​ញ៉ែម​ ​អេន​ ​ត្រូវ​ធ្វើ​សំណុំ​ឯកសារ​ដើម្បី​សុំ​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ ​និង​ការស្វែងរក​វិភាគទាន​បន្ថែម​ពី​ស្ថានទូត​នានា​ផង​ដែរ​។​ ​លោក​ ​ញ៉ែម​ ​អេ​នបា​នប​ង្ហើ​បថា​ ​ប្រសិនបើ​មានការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ ​សា​រមន្​ទីនេះ​អាច​នឹង​លេច​រូបរាង​ឡើង​នៅ​ឯ​ខេត្តសៀមរាប​ ​ដែល​ជា​តំបន់​សក្តា​នុ​ពល​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ​។​ ​រូបថត​ចំនួន​ពីរ​ពាន់​សន្លឹក​នឹង​ត្រូវ​ដាក់​ស៊ុម​កញ្ចក់​ឲ្យបាន​ត្រឹមត្រូវ​ ​និង​មាន​រូបថត​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្គូ​រ​ផ្គងផ្គុំ​គ្នា​ជា​ផ្ទាំង​ប៉ាណូ​ធំៗ​ជាច្រើន​ផង​ដែរ​។​ ​

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ញ៉ែម​អេន​ ​គឺជា​កូនពៅ​ក្នុង​ត្រកូល​គ្រួសារ​ដែល​មាន​បងប្អូន​ប្រាំបី​នាក់​ ​ដែល​មាន​ស្រុកកំណើត​នៅ​ ​ភូមិ​ ​ត្រពាំង​មាស​ ​ឃុំ​ ​ត្រ​ង៉ិល​ ​ស្រុក​ ​កំពង់លែង​ ​ខេត្ត​ ​កំពង់ឆ្នាំង​។​ ​បើ​យោង​តាម​គេហទំព័រ​ផ្ទាល់ខ្លួន​របស់​លោក​ ​បាន​ឲ្យដឹង​ថា​ ​លោក​ធ្លាប់​ទទួល​បានការ​សិក្សា​រយៈពេល​ប្រាំមួយ​ខែ​ ​ពីរ​បៀ​បថ​ត​រូប​ ​របៀប​ជួសជុល​ម៉ាស៊ីន​ថត​ ​និង​ផ្តិត​រូប​ជាដើម​នៅ​ឯ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ​ដែល​ហេតុនេះ​ហើយដែល​ទំនង​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​បាន​ចាត់តាំង​រូបលោក​ជា​អ្នកថតរូប​អ្នកទោស​នៅ​មន្ទីរ​ ​ស២១​ ​នេះ​។​ ​មិន​ត្រឹមតែ​ថត​នៅតែ​ក្នុង​គុក​ទួល​ស្លែង​នោះ​ទេ​ ​លោក​ក៏​ត្រូវ​បាន​អង្គការ​កោះហៅ​ទៅ​ថតរូប​ពី​សកម្ម​ភាព​ផ្សេង​ៗ​នៅ​តាម​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​ ​ដែល​នេះ​ហើយ​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​បាន​ជួប​និង​បានឃើញ​ដោយ​ផ្ទាល់​នូវ​រាល់​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​។​ ​ការងារ​ស្នូល​របស់​លោក​ញ៉ែម​ ​អេ​នរួម​មាន​ថតរូប​អ្នកទោស​គុក​ទួល​ស្លែង​ ​ផ្តិត​រូបថត​ ​លាយថ្នាំ​ ​លាង​ស្វី​ល​ ​ថតកុន​ ​បញ្ចាំងកុន​ ​គូរផែនទី​ ​ជួសជុល​ម៉ាស៊ីន​ថត​ហើយ​មានការ​ងារ​ជាច្រើន​ទៀតផង​។​ ​លោក​ក៏បាន​រៀបរាប់​ផង​ដែរ​ ​ថា​ ​នៅពេល​ថតរូប​អ្នកទោស​ ​និង​ថ្នាក់ដឹកនាំ​កំ​ពូល​ៗ​មេ​ខ្មែរ​ក្រ​ហម​ម្តង​ៗ​មានការ​ផ្ទៀងផ្ទាត់​និង​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ ​ដូចជា​ករណី​ ​សេ​រ៉េ​ពន្លឺ​ ​សេ​រ៉េ​ម៉ែត្រ​ ​សេ​រ៉េ​ល្បឿន​ ​និង​ការប្រើ​ភ្លើង​ជំនួយ​ជាដើម​ ​បើសិន​ពេល​ថត​ខ្វះខាត​ចំណុច​ណាមួយ​ ​វា​សុទ្ធតែ​ជា​រឿង​គ្រោះថ្នាក់​ដល់​ជីវិត​ ​ពេលនោះ​វិន័យ​តឹងតែង​ណាស់​មិន​អាច​ប្រហែស​បាន​ឡើយ​។​ ​នៅ​ឆ្នាំ​ ​២០០៥​ ​លោក​បាន​ក្លាយជា​អភិបាលរងស្រុក​អន្លង់វែង​ ​នៃ​ខេត្ត​ឧត្តរមានជ័យ​ ​រហូតដល់​ឆ្នាំ​ ​២០១៥​ ​លោក​ក៏​លាលែង​ពី​តំណែង​នេះ​ហើយ​ងាក​មក​ប្រឡូក​ក្នុង​ការងារ​សង្គម​រហូតមកដល់​សព្វថ្ងៃ​៕

Article​ ​by​ ​KEO​ ​SONG​



SUGGESTIONS