កុមារនិងឧបករណ៍អេឡិចត្រូនិចគឺជាអ្វីដែលឳពុកម្តាយគ្រប់រូបគួរយល់ដឹង
TRAVEL & LIVING 5 years agoស្របពេលដែលបច្ចេកវិទ្យាកំពុងតែមានការរីកចម្រើនខ្លាំងឡើងៗ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏បាននាំគ្នាដុតដៃដុតជើងដើម្បីបញ្ចេញនូវ ឧបករណ៍បច្ចេកវិទ្យាជាច្រើនជារៀងរាល់ឆ្នាំ។ រហូតមកដល់សម័យឧស្សាហកម្មជំនាន់ទី៤ ការប្រើប្រាស់បច្ចេកវិទ្យានិងប្រព័ន្ធអ៊ីនធើណែតក៏កាន់តែមានភាពទូលំទូលាយនៅទូទាំងពិភពលោក។
កម្ពុជាដែលជាប្រទេសអភិវឌ្ឍន៍ខ្លួនពីកម្រិតទាបទៅជាប្រទេសអភិវឌ្ឍមធ្យមទាប ប្រជាជនក៏ ចាប់ផ្តើមមានលទ្ធភាពអាចទិញនូវផលិតផលអេឡិចត្រូនិចដែលមានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយផងដែរ។ ការប្រើប្រាស់គ្រឿងឧបករណ៍បច្ចេកវិទ្យាបូករួមជាមួយនឹងសេរីភាពនៃប្រព័ន្ធអ៊ីនធើណែតទៀតនោះ បានធ្វើឲ្យឳពុកម្តាយមួយចំនួនបានប្រើប្រាស់ឧបករណ៍ទាំងនោះដើម្បីលួងលោមកូនៗរបស់ខ្លួនពីការរំខាននៅក្នុងលក្ខណ្ឌណាមួយ។ ការសិក្សាមួយបានបង្ហាញថា កុមារដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើនម៉ោងអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងផ្លូវកាយជាច្រើន។ វិទ្យុសកម្មដែលចេញពីឧបករណ៍អេឡិចត្រូនិចដូចជា ទូរសព្ទដៃ ឬ ថេបប្លេតអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទនិងធ្វើការរំខានដល់ដំណើរការលូតលាស់នៃកោសិការរបស់កុមារ។ ពន្លឺអេក្រង់ទូរសព្ទ និងគ្រឿងអេឡិចត្រូនិចដទៃទៀត អាចប៉ះពាល់ដល់សុខភាពភ្នែករបស់ក្មេង និងអាចមានគ្រោះថ្នាក់ខ្ពស់នៅថ្ងៃក្រោយផងដែរ។ លើសពីនេះទៅទៀតការបណ្តោយឲ្យក្មេងៗចំណាយពេលវេលាប្រើប្រាស់គ្រឿងអេឡិចត្រូនិចក្នុងអំឡុង ពេលញ៉ាំអាហារនៅភោជនីយដ្ឋានឬកន្លែងផ្សេងទៀតក៏អាចបណ្តាលឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនបានល្អ ព្រោះដោយសារតែពួកគេខំផ្តោតអារម្មណ៍ទៅលើហ្គេមឬវីដេអូ ខ្លាំងពេក។
ការសិក្សាក៏បានបង្ហាញផងដែរពីផលប៉ះពាល់នៃអត្តចរិករបស់ក្មេង និងទំលាប់នៃការរស់នៅរបស់ពួកគេដែលនេះក៏អាចឲ្យទំនាក់ទំនងរវាងឳពុកម្តាយនិងកូនកាន់តែឃ្លាតឆ្ងាយពីគ្នាថែមទៀតផង។ កុមារដែលប្រើប្រាស់គ្រឿងអេឡិចត្រូនិចច្រើន ពួកគេមិនចង់ប្រលែងលេងជាមួយអ្នកដទៃឡើយ មិនថាមិត្តភក្តិនៅសាលាឬឳពុកម្តាយក្នុងគ្រួសារ ។ ទំលាប់យូរក្លាយជាញៀន និងអត់មិនបាននូវគ្រឿងអេឡិចត្រូនិចទាំងនោះនេះជា ផលវិបាកមួយដែលពិបាកក្នុងការផ្លាស់ប្តូរជាទីបំផុត។ គ្រឿងអេឡិចត្រូនិចដូចជាទូរសព្ទ និងថេបប្លេតមិនត្រឹមតែឲ្យក្មេងលេងហ្គេមតែមួយមុខនោះឡើយ បណ្តាញសង្គមក៏ជាចំណុចមួយដែលអាចឲ្យកុមាររៀនសូត្រតាមទាំងផ្លូវវិជ្ជមាននិងអវិជ្ជមានផងដែរ។ អ្នកវិភាគជាច្រើនបានផ្តល់ជាអនុសាសន៍ក្នុងការគ្រប់គ្រងពេលវេលាកូនៗឲ្យប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចទាំងអស់យ៉ាងយូរមួយម៉ោងនៅពេលដែលពួកគេប្រើ ប្រាស់ម្តងហើយឳពុកម្តាយក៏គួរតែកុំប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចមកលួងលោមកូនៗក្នុងអំឡុងពេលបរិភោគអាហារក្នុងភោជនីយដ្ឋានផងដែរ៕
Article by KEO SONG