សម្លៀកបំពាក់ដែលច្នៃពីសំរាមមានឈ្មោះថា «គឺអ្នក» បង្កប់នូវអត្ថន័យ និង សារអប់រំសម្រាប់មនុស្សជុំវិញពិភពលោក
NEWS 5 years ago ព្រឹត្តិការណ៍ «ស្អាត មហោស្រពសិល្បៈទីក្រុង ២០១៩» ដែលបានប្រារព្ធស្ថិតនៅក្នុងទីក្រុងបាត់ដំបងកន្លងទៅថ្មីៗនេះ បានបង្ហាញអំពីសកម្មភាព ស្នាដៃ ការបង្កើតនូវមិត្តភាព ឬសាមគ្គីភាព និងការសម្តែងមួយចំនួនជាច្រើនដែលទាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសកម្មភាពធ្វេសប្រហែសរបស់មនុស្សទូទៅជុំវិញពិភពលោក ដែលជាមូលហេតុបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ ជាក់ស្តែង ជាមួយនឹងការសម្តែងដែលពោរពេញទៅដោយការគាំទ្រជាច្រើនពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងបាត់ដំបង បានសរសើរទៅលើគំនិតច្នៃប្រតិដ្ឋរបស់និស្សិតឆ្នើមនៃសាលា ហ្វាពន្លឺសិល្បៈ ដែលបានយកកាកសំណល់ថង់ប្លាស្ទិចមកធ្វើជាសម្លៀកបំពាក់ អមដោយបំពង់អុកស៊ីសែនយកមកតុបតែងទៀតផង។
តើសម្លៀកបំពាក់ដែលរចនាពីកាកសំណល់ថង់ប្លាស្ទិចនេះ បានបង្កប់នូវខ្លឹមសារ និងសារដាស់តឿនអ្វីខ្លះ?
Image Courtesy: Reaksmey Yean
កញ្ញា រី មុនីសុវណ្ណយ៉ា និស្សិតឆ្នើមនៃសាលា ហ្វាពន្លឺសិល្បៈ មានស្រុកកំណើតក្នុងទីក្រុងបាត់ដំបងជាអ្នករចនាម៉ូតសម្លៀកបំពាក់បា្លស្ទិច ដើម្បីផ្សព្វផ្សាយនូវផលវិបាកនៃការប្រើប្រាស់ថង់ប្លាស្ទិច និងជាសារដាស់តឿនឲ្យមនុស្សគ្រប់រូបត្រូវមានទម្លាប់ល្អក្នុងការបោះចោលសំរាមឲ្យនៅក្នុងធុងសំរាម។ «គឺអ្នក» ជាប្រធានបទគួរឲ្យកត់សម្គាល់យ៉ាងខ្លាំងនៃការសម្តែងព្រឹត្តិការណ៍ «ស្អាត មហោស្រពសិល្បៈទីក្រុង ២០១៩» កញ្ញាបានលើកឡើងដូច្នេះដែរថា៖ «មូលហេតុដែលខ្ញុំសម្រេចចិត្តដាក់ឈ្មោះ «គឺអ្នក» ក៏ព្រោះតែខ្ញុំចង់សំដៅទៅលើយើងទាំងអស់គ្នា ជាអ្នកបង្កើតសំរាម ហើយយើងទាំងអស់ជាអ្នកទទួលរងឥទ្ធិពលពីសំរាម ប្រសិនបើយើងនៅតែបន្តបោះចោលសំរាមក្រៅធុងសម្រាម នោះនៅថ្ងៃអនាគតយើងនឹងបាត់បង់នូវខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម»។ ជាការពិតណាស់ ពីមួយថ្ងៃ ទៅមួយថ្ងៃ សំរាមតែងមានគ្រប់ទីកន្លែង មិនថានៅតាមដងផ្លូវទីសាធារណៈ រមណីយដ្ឋានជិត ឬឆ្ងាយនោះទេ តែងមានសំរាម និងជះក្លិនអាក្រក់ ហើយនេះជាមូលហេតុចម្បងដែលធ្វើឲ្យបរិស្ថានបាត់បង់សោភណ្ឌភាព ក៏ដូចជាផ្តល់នូវផលប៉ះពាល់ដល់សុខភាពរបស់មនុស្សម្នាក់ៗ។
Image Courtesy: Tamas György
ជាមួយគ្នានេះដែរ កញ្ញា រី មុនីសុវណ្ណយ៉ា ក៏បានបន្តលើកឡើងដូច្នេះ «សម្លៀកបំពាក់ដែលមានពណ៌ស គឺសំដៅទៅលើសកម្មភាពរបស់មនុស្សម្នាក់ៗពីដំបូងគាត់មិនទាន់បង្កើតនូវសកម្មភាពចោលសំរាមក្រៅធុង ហើយបន្ទាប់មកទៀតសំរាមមាននៅលើខ្លួនប្រាណ ក៏ព្រោះតែមនុស្សម្នាក់ៗបានបោះចោលសំរាមក្រៅធុង រហូតដល់ខ្វះខ្យល់បរិសុទ្ធ មនុស្សទាំងនោះត្រូវការអុកស៊ីសែន ដើម្បីដកដង្ហើម»។ កញ្ញាក៏បានបន្តដូច្នេះដែរ «សំរាមដែលខ្ញុំយកមកច្នៃនោះ គឺជាសំរាមដែលខ្ញុំបានរើសភ្លាមៗ ហើយវាមិនមែនជាសំរាមដែលកែច្នៃរួចនោះទេ គឺវាមានក្លិនអាក្រក់ ស្ទើរតែធ្វើឲ្យខ្ញុំមិនអាចទ្រាំនឹងក្លិននោះបាន»។
បន្ទាប់ពីបានបង្ហាញនូវស្នាដៃរបស់កញ្ញាដែលផ្តោតសំខាន់ទៅលើសកម្មភាពនៃការធ្វេសប្រហែសរបស់មនុស្សគ្រប់រូបពីមជ្ឈដ្ឋានមួយ ទៅកាន់មជ្ឈដ្ឋានមួយទៀតនោះ កញ្ញាក៏បានសំណូមពរឲ្យយើងទាំងអស់គ្នា គួរតែជួយគ្នាថែរក្សាអនាម័យ បោះចោលសំរាមក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងគួរតែកាន់បន្ថយការប្រើប្រាស់ចង់ប្លាស្ទិកដែលវាអាចបំផ្លាញដល់សម្រស់បរិស្ថាន ក៏ដូចជាអាយុជីវិតរបស់យើងនាថ្ងៃអនាគតផងដែរ៕
Article by PAN SIVLY
Image Courtesy: Home Image
Image Courtesy: Mok Ratha
Image Courtesy: Tamas György
Image Courtesy: មន្ទីទេសចរណ៍ខេត្តបាត់ដំបង