គំនូរឌីជីថលសហសម័យរបស់អ្នកអង្គម្ចាស់ នរោត្តម រ៉េតវីរៈបុត្រ បង្កប់ខ្លឹមសារវប្បធម៌ និងអរិយធម៌ខ្មែរ
NEWS 5 years ago ថ្វីដ្បិតតែគំនូរឌីជីថលកំពុងស្ថិតក្នុងការវិវត្តន៍គ្រប់ទម្រង់ក៏ពិតមែន ប៉ុន្តែវិចិត្រករគ្រប់រូបនៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីឲ្យគំនូរឌីជីថលទាំងនោះមានការគាំទ្រកាន់តែខ្លាំងជាងនេះមួយកម្រិតទៀតផងដែរ។ ជាធម្មតា ប្រភេទគំនូរទាំងអស់ដែលត្រូវបានគូរដោយវិចិត្រករគ្រប់រូបសុទ្ធតែបង្កប់ទៅដោយអត្ថន័យដ៏មានខ្លឹមសារ និងផ្នត់គំនិតដ៏មុតមាំមួយចំនួនតែងឆ្លុះបញ្ចាំងពីបរិបទសង្គមនាអតីតកាល សម័យទំនើប ឬអនាគត តួយ៉ាង ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលទាក់ទងនឹងវប្បធម៌ និងអរិយធម៌ជាដើម។
អ្នកអង្គម្ចាស់ នរោត្តម រ៉េតវីរៈបុត្រ ទ្រង់មានព្រះជន្ម១៩ព្រះវស្សា មានទេពកោសល្យយ៉ាងពិសេសក្នុងការគូរគំនូរឌីជីថលសហសម័យបង្ហាញពីវប្បធម៌ដ៏ចំណាស់ ក៏ដូចជាសម្ភារមួយចំនួនមានក្នុងប្រទេសកម្ពុជាដែលបានបាត់បង់ក្នុងសម័យសង្គ្រាម។ តាមរយៈគំនូរឌីជីថលសហសម័យនីមួយៗនេះ បានធ្វើឲ្យអ្នកទស្សនាហាក់មានអារម្មណ៍ថា មិនគ្រាន់តែជាគំនូរដ៏សាមញ្ញតែប៉ុណ្ណោះទេ តែហាក់ដូចជាបានបង្កប់នូវចំណុចពិសេសអ្វីម្យ៉ាង ដែលបង្ហាញថាជាគំនូរផ្តល់នូវអត្តសញ្ញាណជាតិ ឬវប្បធម៌ដ៏ចំណាស់នៃប្រទេសកម្ពុជាធ្លាប់មាន។ យ៉ាងណាមិញ ទ្រង់បានបញ្ជាក់ដូច្នេះថា «ខ្ញុំមើលវប្បធម៌បុរាណៗដែលធ្លាប់មាន រួចខ្ញុំយកគំនិតទាំងនោះមកបញ្ចូលគ្នាក្នុងគំនិតនៃសម័យបច្ចុប្បន្ន ដូចនេះគំនូរដែលខ្ញុំគូរភាគច្រើនមានលក្ខណៈបុរាណលាយសម័យ»។ លើសពីនេះទៅទៀត ពីគំនូរមួយផ្ទាំង ទៅគំនូរមួយផ្ទាំងនេះ គឺទ្រង់រៀនគូរដោយខ្លួនឯងផ្ទាល់ផងដែរ។ អ្នកអង្គម្ចាស់ក៏មានបន្ទូល «គំនូរដែលខ្ញុំផ្តោតសំខាន់នោះគឺគ្រឿង អលង្ការ មនុស្សមួយចំនួនតែងគិតថាគំនូររបស់ខ្ញុំមានភាពសាមញ្ញ ប៉ុន្តែបើនិយាយពីគោលបំណងរបស់ខ្ញុំនោះគឺខ្ញុំគ្រាន់តែចង់ធ្វើអ្វីដែលសំខាន់សម្រាប់ប្រជាជនខ្មែរឲ្យដឹងថា ប្រទេសកម្ពុជាក៏ជាប្រទេសសម្បូរទៅដោយគ្រឿងអលង្ការមានតម្លៃដែរ ប៉ុន្តែប្រសិនបើជនបរទេសឃើញគ្រឿងអលង្ការទាំងនោះគេប្រាកដជា និយាយថាវាជារបស់ប្រទេសដទៃជាក់ជាមិនខាន»។ ថ្វីត្បិតតែ គំនូរបែបឌីជីថលសហសម័យដែលមានការលាយគំនិតបញ្ចូលគ្នារវាងពីរសម័យពិតមែនតែនេះជាចំណីអារម្មណ៍ដ៏ប្លែកមួយសម្រាប់ស្រទាប់យុវវ័យអាចងាយស្រួលក្នុងការកត់ចំណាំនូវអ្វីដែលជាអត្តសញ្ញាណខ្មែរផងដែរ។
គួរជម្រាបផងដែរថា អ្នកអង្គម្ចាស់ នរោត្តម រ៉េតវីរៈបុត្រ ត្រូវជាព្រះភិនេយ្យអយ្យកាទួតមួយ (ក្មួយជីទួតមួយ) នៃព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ យ៉ាងណាមិញ អ្នកអង្គម្ចាស់ នរោត្តម រ៉េតវីរៈបុត្រ ទ្រង់មានបន្ទូលដូច្នេះថា «អ្វីដែលខ្ញុំសង្ឃឹមយ៉ាងមុតមាំនោះ គឺប្រជាជនខ្មែរបច្ចុប្បន្នអាចនឹងយកវត្ថុក៏ដូចជាម៉ូតសម្លៀកបំពាក់ដែលមានក្នុងសម័យបុរាណច្នៃទៅជាវត្ថុថ្មីផ្សេងមួយទៀតដែលរក្សាទុកអត្តសញ្ញាណជាតិខ្មែរ ដើម្បីឲ្យប្រទេសដទៃទៀតឲ្យបានដឹងច្បាស់ពីវប្បធម៌ខ្មែរកាន់តែច្រើនជាងនេះទៅទៀត»៕
Article by PAN SIVLY
Image Courtesy: KOSAL