«ទូកទៅ កំពង់នៅ» ទោះព្រះកាយទ្រង់បានយាងទៅ តែព្រះនាមទ្រង់នៅតែគង់ក្នុងបេះដូងយើងជានិច្ច
NEWS 5 years agoដូចដែលប្រជាពលរដ្ឋទូទាំងប្រទេសបានជ្រាប សម្តេចរាជបុត្រី ព្រះរៀម នរោត្តមបុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៧ ព្រះវស្សា វេលាម៉ោង ១២:៣០នាទី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងមន្ទីរពេទ្យបាងកកនៃព្រះរាជាណាចក្រថៃ បានព្រះសពបានបញ្ជូនមកដល់កម្ពុជាដែលមានការទទួលតាមព្រះរាជប្បវេណីខាងសាសនាដោយសម្តេចព្រះមហាសង្ឈរាជយាងជាព្រះ ធិបតីនៅព្រលានយន្តហោះហើយបញ្ជូនតាមព្រះទីនាំងរបស់ក្រសួងបរមរាជវាំងមកតម្កល់រៀបចំធ្វើព្រះរាជពិធីបុណ្យនៅវត្តបទុមវតីរាជវរារាម។
ដោយក្តីអាឡោះអាល័យជាពន់ពេកនៅវេលាម៉ោង៧ល្ងាច ថ្ងៃសុក្រទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ ព្រះរាជវង្សានុវង្ស ចំនួន៣ព្រះអង្គ គឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពនិតារស្មី (ព្រះបុត្រីនៃសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី)ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី (ព្រះបុត្រីនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី) និង ព្រះអង្គម្ចាស់ នរោត្តម រតនាទេវី (ព្រះបុត្រី នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ) ព្រមទាំងនាដកនិងនាដកាជាច្រើនមកពីច្រើនស្ថាប័ន មិនត្រឹមតែក្រសួងវប្បធម៌និងវិចិត្រសិល្បៈប៉ុណ្ណោះទេ ក្នុងនោះមានទាំងក្រុមយុវជនសមាគមក្រុមសិល្បករជំនាន់ថ្មី និង និស្សិតមកពីសាកលវិទ្យាល័យនានាបានរួមគ្នាសម្តែងរបាំតាយ៉ែ របាំឆួយឆាយ របាំបួងសួង និងរបាំទៀន នៅមុខព្រះមេរុ ទុកជាការឧទ្ទិសក្រាបថ្វាយមហាព្រះរាជកុសលនិងថ្វាយ បង្គំលាជាលើកចុងក្រោយថ្វាយព្រះវិញ្ញាណក្ខ័ន្ធសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
Photo by Darachan
លុះដល់វេលាម៉ោង ៦ព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកានេះ ដែលជាថ្ងៃកម្មវិធីដង្ហែព្រះសពឆ្ពោះទៅព្រះមេរុដើម្បីប្រារព្ធពិធីថ្វាយព្រះភ្លើងនៅខាងមុខវត្តបទុមវតីរាជវរារាម មានព្រះរាជវត្តមាននៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់កម្ពុជាច្រើនរូប និងបណ្តាមហាជនផងដែរ។
ការបាត់បង់សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់នូវសមាជិកាព្រះរាជវង្សានុវង្សមួយព្រះអង្គដែលជាមត៌កមនុស្សរស់ដ៏មានតម្លៃរបស់ជាតិ ដោយក្នុងឆាកមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានបូជាព្រះកាយពល និង ព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុអភិរក្ស និង អភិវឌ្ឍសម្បត្តិវប្បធម៌អរូបីនៃកម្ពុជា ព្រមទាំងបានកសាងស្នាព្រះហស្ថជាច្រើនគួរឲ្យកោតស្ញប់ស្ញែងក្នុងវិស័យសិល្បៈជាតិ បន្សល់ទុកជាកេរដំណែលកាត់ថ្លៃមិនបានសម្រាប់កូនចៅជំនាន់ក្រោយ។
ឆ្លៀតក្នុងឱកាសព្រះរាជពិធីសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំជានាយកនិពន្ធនិងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃទស្សនាវដ្តីសូវរីន សូមថ្វាយមហាព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលទ្រង់បានយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕
Photo by LYHONG / PHEAKTRA