ភូមិផ្កាត្រកួនជារមណីយដ្ឋានធម្មជាតិ-កែច្នៃដ៏ល្បីល្បាញថ្មីមួយកន្លែងដែលទើបនឹងសម្ពោធបើកជាផ្លូវការកាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។ រមណីយដ្ឋានថ្មីមួយនេះមានទីតាំងស្ថិតនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ភ្ញៀវទេសចរអាចធ្វើដំណើរពីរាជធានភ្នំពេញតាមផ្លូវជាតិលេខ ២១ អា ពីទួលក្រសាំងមកដល់ឃុំសិត្បូ ហើយត្រូវឆ្លងដត្រង់កំពង់ចម្លងក្បាលកោះគ-ស្វាយប្រទាល មកកាន់ត្រើយខាងកើតទន្លេ រួចបត់ឆ្វេងប្រមាណជា១គីឡូម៉ែត្រមកដល់ចំណុចវត្តឫស្សីជ្រោយ ឬ ក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ ២១ បេ (ឆ្លងពីស្ពានព្រែកសំរោង តាខ្មៅ មកត្រើយខាងកើត) បត់ស្តាំតាមផ្លូវកោះក្របីក្នុងចម្ងាយ ១៨គីឡូម៉ែត្រ នោះនឹងមកដល់ចំណុចខ្លោងទ្វារចូលរមណីយដ្ឋាន ស្ថិតនៅទល់មុខបញ្ឆិតវត្តឫស្សីជ្រោយ បន្តិច។ ភូមិផ្កាត្រកួននេះបើកទ្វារចាប់ដំណើរការទទួលភ្ញៀវបើកពីម៉ោង ៨ ព្រឹករហូតដល់ ៥ ល្ងាច ជារៀងរាល់ថ្ងៃ។
នៅថ្ងៃចុងសប្តាហ៍ ឬ បុណ្យទានផ្សេងៗ អ្នកទីក្រុងគួរតែទៅកម្សាន្តទៅទីនេះព្រោះវាមានចម្ងាយជិត ហើយសម្បូរសេវាកម្មទេសចរណ៍ជាច្រើនដែលភ្ញៀវអាចមកជួបជុំលម្ហែកម្សាន្តជាលក្ខណៈមិត្តភក្តិ ឬ លក្ខណៈក្រុមគ្រួសារបានយ៉ាងសប្បាយរីករាយប្រកបដោយសុវត្ថិភាព។ សកម្មភាពទីមួយ គឺភ្ញៀវអាចដើរកម្សាន្តលើផ្ទៃដីវាលទំនាបព័ទ្ធជុំវិញបឹងធម្មជាតិអមដោយវាលស្មៅនិងផ្កាត្រកួនយ៉ាងស្រស់បំព្រងខៀវស្រងាត់។ ដោយសារតែទេសភាពស្រស់ត្រកាលបែបនេះហើយ ទើបមានគេនិយមមកថតរូបលេងកម្សាន្តជាក្រុមៗ ឬ មកថតរូបថតមុនអាពាហ៍ពិពាហ៍ជាញឹកញយផងដែរ។ សូម្បីតែផលិតកម្មរស្មីហង្សមាសដែលជាផលិតកម្មចម្រៀងល្បីឈានមុខគេប្រចាំប្រទេសក៏ធ្លាប់បានជ្រើសរើសយកទីតាំងនេះសម្រាប់ថតការផលិតបទ ចម្រៀង ដ៏ធំរបស់ខ្លួនថ្មីៗនេះថែមទៀតផង។ នៅក្នុងបរិវេណនេះមានស្ពានឈើឆ្លងផ្ទៃបឹងដែលភ្ញៀវអាចឈរគយគន់ទេសភាពបាន ហើយភ្ញៀវក៏អាចជ្រើសរើសយកសកម្មភាពទេសចរណ៍ទីពីរនោះគឺ សេវាកម្មជិះទាទឹកលេងកម្សាន្តនៅលើផ្ទៃទឹកបឹងនោះដែរ។
ភូមិផ្កាត្រកួនត្រូវបានសាងសង់ឡើងក្នុងគំនិតច្នៃប្រឌិតរបស់ស្ថាបនិកនិងសហគ្រិនខ្មែរ គឺលោក លោក ឌិន សុមេធារិទ្ធ ដែលជាប្រធានសមាគមសណ្ឋាគារ និងជាស្ថាបត្យករផង សំរាប់ជាកេរដំណែល និងរក្សានូវរចនាបទផ្ទះខ្មែរជាមួយយុគសម័យទំនើបសំរាប់ប្រជាពលរដ្ឋខ្មែរសម្រាកលំហែកាយ។ ដូចនេះ សេវាកម្មទីបីគឺភ្ញៀវផ្តិតយករូបភាពផ្ទះបុរាណខ្មែរដែលទើបសង់រួចថ្មីតម្រៀបជួរត្រៀបត្រាយ៉ាងប្រណីតប្រៀបបាននឹងភូមិគ្រឹះសេដ្ឋីដ៏ធំស្កឹមស្កៃ។ គួរបញ្ជាក់ផងដែរថា ភូមិផ្កាត្រកួននេះក៏មានផ្តល់សេវាកម្មជួលផ្ទះបុរាណទាំងនេះសម្រាប់ភ្ញៀវស្នាក់នៅផងដែរ។ ផ្ទះបុរាណមានប្រមាណជាង ១០ ខ្នង ដែលក្នុងនោះផ្ទះធំមានតម្លៃ ១៥០ ដុល្លារ ផ្ទះកណ្តាល តម្លៃ ១០០ ដុល្លារ និង ផ្ទះតូច តម្លៃ ៧០ ដុល្លារ។
សកម្មភាពទីបួនគឺ សេវាកម្មម្ហូបអាហារបែបខ្មែរស្រុកស្រែក្នុងខ្ចុះឫស្សីប្រក់ស្បូវស៊ីនឹងបរិយាកាសបឹងធម្មជាតិអមដោយភូមិគ្រឹះបែបស្ថាបត្យកម្មយ៉ាងល្អឥតខ្ចោះ។ ខ្ចុះនីមួយៗអាចទទួលភ្ញៀវអង្គុយទទួលទានអាហារបានចំនួន ១០ នាក់។ អាហារទាំងនោះសុទ្ធសឹងជាម្ហូបខ្មែរបែបស្រុកស្រែចម្ការដូចជា ម្ជូរស្រែកូនត្រីតម្លៃ ១២០០០ រៀល កកូរត្រីអណ្តែង តម្លៃ ១២០០០ រៀល ស្ងោរជ្រក់សាច់មាន់ ឬ សាច់គោ ឬសាច់ត្រី តម្លៃ ១៦០០០ រៀល ម្ជូរគ្រឿង សាច់ទា ឬ សាច់គោ តម្លៃ ២០០០០ រៀល និង ត្រីបំពងស្វាយខ្ចី តម្លៃ៣០០០០ រៀល និង មាន់ស្រែដុតតម្លៃ ៦០០០០ រៀល។ ទន្ទឹមនឹងនេះ ភូមិផ្កាត្រកួនមានអាហារដ្ឋានធំមួយសង់ប្របមាត់ទឹកដែលមានលក់ម្ហូបអាហារប្រភេទបាយឆា មីឆា បាយឡុកឡាក់ និង ភេសជ្ជៈ ជាច្រើនប្រភេទឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវដែលមានតម្លៃសមរម្យ។
ដោយឡែក សកម្មភាពទីប្រាំ គឺ ផ្សារភូមិ ដែលរមណីយដ្ឋានកែច្នៃជាយក្រុងដទៃទៀតមិនទាន់មានឡើយ។ ផ្សារភូមិនោះមានលក្ខណៈធំទូលាយ បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវដើររកទិញផលិតផលបន្លែ បង្ការ ផ្លែឈើសរីរាង្គ ព្រមទាំងផលិតផលសិប្បកម្មដូចជា ក្រមាខ្មែរ និង មួកស្លឹកត្នោត ដែលអ្នកភូមិបានចងក្រងជាសហគមន៍យកមកលក់នៅថ្ងៃសៅរ៍អាទិត្យជូនភ្ញៀវដែលមកទស្សនាលេងកម្សាន្តនៅទីនេះ។ នៅពេលខាងមុខនេះភូមិផ្កាត្រកួននឹងរៀបចំស្ថាបនាកន្លែងកម្សាន្តជាច្រើនទៀតដូចជា កន្លែងលេងហាត់កីឡា សួនសត្វ សួនកម្សាន្ត កន្លែងសម្តែងសិល្បៈ ផ្សារទំនើប សាលប្រជុំ និងមានកន្លែងធ្វើសមាធិអប់រំចិត្តតាមបែបសាសនា ។ល៕
Article by SRIN SOKMEAN