«ភូមិទឹក» សួនកម្សាន្តប្រឡាយទឹកកែច្នៃថ្មីនៅស្រុកស្អាងតូចស្ងប់ស្ងាត់តែខ្លឹម
TRAVEL & LIVING 5 years ago មួយរយៈពេលថ្មីៗចុងក្រោយនេះដោយសារតែមានការផ្ទុះរាតត្បាតនៃជំងឺជាសកល មនុស្សម្នាមិនត្រូវបានឲ្យជួបជុំឬចេញទៅក្រៅផ្ដេសផ្ដាសនោះឡើយ។ ក៏ប៉ុន្តែបន្ទាប់ពីមានដំណោះស្រាយឬការរាតត្បាតបានស្ងាត់ទៅវិញនោះ ម្នាក់ៗនឹងចង់ស្វែងរកតំបន់ជនបទដែលពោរពេញទៅដោយខ្យល់ដកដង្ហើមបរិសុទ្ធ ស្រឡះ ស្ងប់ស្ងាត់ដើម្បីបន្ធូរអារម្មណ៍ជាក់ជាពុំខាន។ ក្នុងបរិបទនេះ គេហទំព័រទស្សនាវដ្តីសូវរីនសូមណែនាំនូវរមណីយដ្ឋានបែបកែច្នៃថ្មីសន្លាងមួយដែលទើបនឹងដំណើរការបណ្តើរៗមិនទាន់បើកសម្ពោធន៍ជាផ្លូវការនៅឡើយទេ ប៉ុន្តែវាពិតជាសក្តិសមបំផុតសម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងរកគោលដៅដើរកម្សាន្តបែបជនបទស្រុកស្រែក្នុងរយៈពេលខ្លីនៅជិតៗទីក្រុង។
ដូចដែលលោកអ្នកបានជ្រាបស្រាប់មកហើយថា តំបន់ស្អាងភ្នំជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ-វប្បធម៌ដែលមានប្រជាប្រិយភាពបំផុតប្រចាំស្រុកស្អាង ខេត្តកណ្តាល ភូមិភាគខាងត្បូងរាជធានីភ្នំពេញ តាំងពីសម័យសង្គមរាស្រ្តនិយមរហូតមកដល់សព្វថ្ងៃនេះ។ ប៉ុន្តែវាជាដំណឹងល្អសម្រាប់អ្នកស្រុកស្អាងកោះធំ និង អ្នកដំណើរពីភ្នំពេញដែលធ្វើដំណើរកាត់តាមផ្លូវជាតិលេខ ២១A ព្រោះថ្មីៗនេះសួនកម្សាន្តមួយកន្លែងស្ថិតនៅជិតស្អាងភ្នំតែម្តងបានបើកដំណើរការទទួលភ្ញៀវក្នុងទ្រង់ទ្រាយតូចៗបែបលក្ខណៈជាផ្ទះចំការជនបទ។ នេះមានន័យថា លោកអ្នកអាចធ្វើដំណើរទៅកម្សាន្តទាំងរមណីយដ្ឋានស្អាងភ្នំ និងរមណីយដ្ឋានសួនកែច្នៃ ថ្មីនេះបានក្នុងទិសដៅតែមួយពេលតែមួយបានតែម្តង។
រមណីយដ្ឋាននេះមានឈ្មោះជាផ្លូវការថា «ភូមិទឹក» ឬ «Water Village» ជាភាសាអង់គ្លេសស្ថិតនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលមានចម្ងាយត្រឹមតែប្រមាណ៣០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។ បើលោកអ្នកធ្វើដំណើរពីភ្នំពេញ លោកអ្នកត្រូវធ្វើដំណើរតម្រង់មកទីក្រុងតាខ្មៅមកដល់ចំណុចរង្វង់មូលតាខ្មៅ រួចបន្តដំណើរចំត្រង់មកភាគខាងត្បូងរហូតដល់ចំណុចផ្សារស្អាងព្រែកតូចក្នុងរយៈចម្ងាយ១៦គីឡូម៉ែត្រ (ជិះប្រហែល២០នាទី)។ ត្រង់ចំណុចនេះ លោកអ្នកនឹងឃើញផ្លូវលំបត់ចូលខាងស្តាំ ដៃ (បត់តាមការ៉ាស់សាំង មាន ផល) ដែលស្ថិតហួសទល់មុខវត្តព្រែកតូចបន្តិច រួចបត់ចូលក្នុងចម្ងាយ៥គីឡូម៉ែត្រតាមផ្លូវនោះទៅដល់សាលាឃុំស្អាងភ្នំ។ រមណីយដ្ឋាននេះស្ថិតនៅហួសសាលាឃុំស្អាងភ្នំតែបន្តិចប៉ុណ្ណោះ។
គ្រាន់តែឮឈ្មោះភូមិទឹក លោកអ្នកទាំងអស់គ្នាប្រាកដជាដឹងថា «ទឹក» ជាចំណុចសំខាន់ទាក់ទាញភ្ញៀវជិតឆ្ងាយឲ្យមកកម្សាន្តសម្រាកលម្ហែនៅរមណីយដ្ឋានមួយនេះ។ ជាការពិតណាស់ អំឡុងខែនេះនិងខែក្រោយសុទ្ធតែស្ថិតក្នុងរដូវក្តៅ ។ ដូចនេះ ទេសចរទាំងឡាយត្រូវការកន្លែងសម្រាកលម្ហែដែលត្រជាក់មានម្លប់ឈើត្រជាក់និងសួនច្បារបែបជនបទជាក់ជាមិនខាន។ ប្រឡាយទឹកមួយត្រូវបានជីកកណ្តាលបរិវេណភូមិទឹកអមដោយខ្ចុះអង្គុយលេងធំទូលាយសង់លើមាត់ទឹក ថែមទាំងមានទឹកបាញ់ឲ្យត្រជាក់ពីខាងលើដំបូលសម្រាប់ភ្ញៀវដើម្បទប់ទល់នឹងអាកាសធាតុក្តៅនៃរដូវប្រាំងថែមទៀតផង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្រៅពីប្រឡាយទឹកដ៏ស្រស់ស្អាត នៅត្រង់ផ្លូវចូលមានដាំផ្កាធម្មជាតិចម្រុះពណ៌ ពណ៌ស្វាយ ពណ៌ត្របែកព្រៃ ពណ៌ស៊ីជម្ពូ ពណ៌ស ពណ៌លឿង និង ពណ៌ក្រហម ព្យួរយ៉ាងមានរបៀបរៀបរយមិនចាញ់សួនផ្កានៅបរទេសនោះឡើយ។
ជាពិសេសសួនផ្កាឈូករ័ត្នដែលកំពុងតែត្រូវបានចាប់ផ្តើមដាំលូតលាស់បណ្តើរ ហើយត្រៀមនឹងបង្ហាញសម្រស់បង្អួតភ្នែកទេសចរនៅអំឡុងខែមេសាខាងមុខនេះថែមទៀតផង។ ជាមួយគ្នានេះដែរ អាង ហែលទឹកថ្មីមួយក៏នឹងត្រូវបើកដំណើរការនៅពេលឆាប់ៗនេះផងដែរក្នុងតម្លៃ ៦០០០រៀលក្នុងម្នាក់។ ក្រៅពីបរិយាកាសធម្មជាតិ-កែច្នៃយ៉ាងស្រស់ត្រកាលដាច់គេប្រចាំតំបន់ស្អាងភ្នំ រមណីយដ្ឋានភូមិទឹកក៏មានបម្រើនូវម្ហូបអាហារបែបស្រុកស្រែ រួមមាន មាន់ដុត ត្រីបំពង កង្កែបអាំង សម្លម្ជូរគ្រឿង សម្លម្ជូរស្រែ សម្លស្ងោរជ្រក់ សម្លកកូរ សម្លម្ជូរព្រៃ ឆាក្តៅសាច់មាន់-សាច់គោ-កង្កែប ឆាត្រកួនគ្រឿងក្នុងមាន់ សាច់គោអាំងជ្រលក់អំបិលម្រេច និង មុខម្ហូបជាច្រើនមុខទៀតទៅតាមតម្រូវការរបស់ភ្ញៀវ៕
Article by SRIN SOKMEAN