ធ្លាប់តែញុំាស្រាប់ ឥឡូវយើងមកសាកល្បងវិធីធ្វើយ៉ាអួរបែបងាយៗវិញម្តង
TRAVEL & LIVING 5 years agoYogurt ឬយ៉ាអួរ ឬអ្នកខ្លះហៅម្យ៉ាងទៀតថាទឹកដោះគោជូរ គឺជាអាហារមួយប្រភេទមានសភាពខាប់ៗធ្វើឡើងពីទឹកដោះគោស្រស់ និងមានរសជាតិជូរ។ Yogurt គឺជាពាក្យរបស់ទួគីដែលអត្ថន័យសំដៅទៅលើ រសជាតិជូរ និងទឹកដោះគោខាប់ ហើយនៅក្នុងអាហារនេះគឺសម្បូរទៅដោយបាក់តេរីល្អមានទាំងសារធាតុចិញ្ចឹមនិងវីតាមីនចម្រុះ ដែលផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពដូចជា ធ្វើឲ្យឆ្អឹងរឹងមាំ ពង្រឹងដល់ប្រព័ន្ធការពារ ជួយសម្រួលប្រព័ន្ធរំលាយអាហារ សម្រួលសម្ពាធឈាម ការពារពីជំងឺផ្សេងៗ សំខាន់ជួយបញ្ចុះទម្ងន់ក៏ដូចជាជំរុញដល់សម្រស់ស្បែកឲ្យស្រស់ស្អាតក្មេងជាងវ័យផងដែរ។ បច្ចុប្បន្ន យ៉ាអួរ ត្រូវបានគេចាត់ទុកជាអាហារសុខភាព និងត្រូវបានផលិតចេញជាប្រភេទខុសៗគ្នា ខ្លះជាប្រភេទគ្រីម ខ្លះជាប្រភេទរាវ ហើយខ្លះទៀតច្នៃបន្ថែមនូវរសជាតិផ្លែឈើចម្រុះដែលបង្កើនរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់ជាដើម។ យ៉ាងណាមិញ បើនិយាយពីវិធីធ្វើយ៉ាអួរជឿជាក់ថាភាគតិចណាស់ដែលមានអ្នកចេះធ្វើ សូម្បីអ្នកនិយមចូលចិត្តបរិភោគវា ភាគច្រើនបានត្រឹមចេញទៅទិញស្រាប់នៅតាមបណ្តាផ្សារទំនើបឬនៅម៉ាតជិតៗផ្ទះតែប៉ុណ្ណោះ។ ចុះចង់ដឹងទេថា តើយ៉ាអួរគេធ្វើឡើងដោយរបៀបណា? ហើយតើមានគ្រឿងផ្សំសំខាន់ៗអ្វីខ្លះ? តោះ! សូវរីន នឹងបង្រៀនពីវិធីធ្វើងាយៗតាមលំដាប់លំដោយដូចខាងក្រោម។
ជាការពិតណាស់ មុនឈានចូលដល់ការចាប់ផ្តើមចម្អិនទឹកដោះគោឲ្យក្លាយទៅជាយ៉ាអួរ យើងចាំបាច់ត្រូវមានគ្រឿងផ្សំក៏ដូចជារបស់សំខាន់ៗដូចជា៖ ធុងក្លាសេទំហំសមល្មម ១, កែវឬកំប៉ុងជ័រតូចៗសម្រាប់ដាក់យ៉ាអួរ ៣ទៅ៤, ប្រដាប់ស្ទង់កំដៅទឹក, កែវធំ១, ទឹកដោះគោស្រស់ចំណុះ ២លីត្រ (យកពពួកគ្មានខ្លាញ់ឬខ្លាញ់តិច), យ៉ាអួរ ១កំប៉ុង (យកប្រភេទគ្មានក្លិន និងគ្មានជាតិផ្អែម ឬរសជាតិដើម) និងម្សៅទឹកដោះគោ(ប្រសិនបើចាំបាច់ចង់ឲ្យយ៉ាអួរខាប់ខ្លាំង)។ ក្រោយពីរកបាននូវរបស់ដែលរៀបរាប់នៅខាងលើហើយ ឥឡូវនេះយើងមកចាប់ផ្តើមធ្វើការចម្អិនតាមជំហាននីមួយៗវិញម្តង។
• ជំហានទី ១៖
ជាដំបូងដាក់ឆ្នាំងដាំភ្លើងចាក់ទឹកដោះគោស្រស់ចូលឆ្នាំងដោយប្រើកំដៅភ្លើងតិចៗ បន្ទាប់ធ្វើការកូរទឹកដោះគោរហូតកំដៅទឹកដោះគោឡើងដល់ចន្លោះពី ៧៦ ទៅ ៨២អង្សារ។ ការដាំទឹកដោះគោក្នុងសីតុណ្ហភាពត្រឹមកម្រិតនេះគឺដើម្បីសម្លាប់បាក់តេរីនៅក្នុងទឹកដោះគោស្រស់ដែលប្រឆាំងទៅនឹងបាក់តេរីល្អនៅពេលដែលទឹកដោះគោបានក្លាយទៅជាយ៉ាអួរ ហើយក៏ដើម្បីបំលែងប្រូតេអ៊ីនពីទឹកដោះគោស្រស់ទៅជាប្រូតេអ៊ីនទឹកដោះគោខាប់ផងដែរ។ ខណៈកំពុងដាំទឹកដោះគោត្រូវកូរទឹកដោះគោឲ្យជាប់ និងរក្សាកំដៅកុំឲ្យលើស ៨២អង្សា ពីព្រោះបើប្រើភ្លើងខ្លាំងនោះទឹកដោះគោនឹងខ្លោចដែលបណ្តាលឲ្យយ៉ាអួរមានរសជាតិ និងក្លិនមិនល្អឡើយ។
• ជំហានទី ២៖
ឆ្លៀតពេលកំពុងកូរទឹកដោះគោ ឬមុនពេលដាំទឹកដោះគោ យើងងាកមកធ្វើការសម្អាតកែវដើម្បីត្រៀមទុកច្រកទឹកដោះគោក្រោយពេលដាក់ចុះពីលើភ្លើង។ ការប្រើប្រាស់កែវសម្រាប់ដាក់យ៉ាអួរគឺជាជម្រើសដ៏ល្អបំផុត ហើយចំពោះការសម្អាតយើងត្រូវដាំទឹកក្តៅយកមកស្រុសកែវរយៈពេលប្រមាណ ៥ទៅ១០នាទី រួចស្រង់ចេញទុកឲ្យស្រក់ទឹកនៅកន្លែងស្អាតមួយ។
• ជំហានទី ៣៖
ងាកមកទឹកដោះគោដែលកំពុងដាំវិញ ខណៈកំដៅទឹកដោះគោឡើងដល់ចន្លោះពី ៧៦ ទៅ ៨២ អង្សា យើងត្រូវបិទភ្លើងភ្លាម ប៉ុន្តែព្រមគ្នានេះដែរយើងនៅតែបន្តកូរទឹកដោះគោរហូតដល់ចុះកំដៅ។ ចំពោះការកូរឲ្យត្រជាក់គឺកូរត្រឹមតែ២ទៅ ៣នាទីប៉ុណ្ណោះដើម្បីកុំឲ្យទឹកដោះគោខ្លោចឬកកនៅបាតឆ្នាំង។ បន្ទាប់មកទៀត នៅពេលកំដៅទឹកដោះគោចុះត្រជាក់មកដល់ចន្លោះពី ៤០ទៅ៤៣អង្សា យើងចាប់ផ្តើមយកយ៉ាអួរដែលត្រៀមទុកមកកូរឲ្យរាវរួចចាក់ចូលក្នុងឆ្នាំហើយកូរឲ្យរលាយសព្វជាមួយទឹកដោះគោនោះ។ ការធ្វើដូចនេះនឹងជំរុញដល់បាក់តេរីល្អដូចជា Lactobacillus, Bifidus និងបាក់តេរីផ្សេងៗទៀតនៃយ៉ាអួរកកើតឡើងកាន់តែច្រើន។ នៅដំណាក់កាលនេះផងដែរ អ្នកក៏អាចដាក់ម្សៅទឹកដោះគោកូរចូលគ្នាប្រសិនបើចង់ឲ្យយ៉ាអួរមានសភាពខាប់ខ្លាំង(ប្រសិនបើចាំបាច់)។
• ជំហានទី ៤៖
ក្រោយពីកូរទឹកដោះគោចូលគ្នារួចរាល់ ដល់ពេលដែលយើងធ្វើការច្រកទឹកដោះគោចូលទៅក្នុងកែវនីមួយៗដែលបានត្រៀមទុក។ បន្ទាប់មកទៀត យកកែវច្រកទឹកដោះគោមកតម្រៀបដាក់នៅក្នុងធុងក្លាសេ ហើយបន្ថែមដាក់ទឹកក្តៅមួយឬពីរកែវធំ(ចំណុះពីរលីត្រ)នៅក្បែរដើម្បីឲ្យក្នុងធុងក្លាសេនេះរក្សាកំដៅបានងំល្អ។ គួរបញ្ជាក់ផងដែរថា នៅក្នុងធុងក្លាសេនេះក្រៅពីដាក់កែវទឹកក្តៅ និងកែវទឹកដោះគោគឺមិនមានដាក់ទឹកកកឡើយ យើងគ្រាន់តែប្រើធុងក្លាសេសម្រាប់រក្សាកំដៅដើម្បីដំណើរការទឹកដោះគោទាំងនោះឲ្យក្លាយទៅជាយ៉ាអួរប៉ុណ្ណោះ។ ដើម្បីរក្សាកំដៅធុងបានល្អជៀសវាងបើកគម្របធុងរហូតទុកបានរយៈពេល៦ទៅ៨ម៉ោង។ ដោយឡែក ក្នុងករណីធុងក្លាសេទើបតែប្រើប្រាស់ទឹកកក យើងចាំបាច់ត្រូវលាងសម្អាតភ្លាមៗ និងទុកចោលរយៈពេល ១ទៅ ២ម៉ោង បន្ទាប់មកចាក់ទឹកក្តៅលាងម្តងទៀតមុនពេលយកទឹកដោះគោមករក្សាទុក។
• ជំហានទី ៥៖
បន្ទាប់ពីរក្សាទុករយៈពេលពី ៦ទៅ ៨ម៉ោង ដល់ពេលដែលយើងអាចបើធុងក្លាសេបានហើយ ភ្លាមនោះយើងនឹងសម្គាល់ឃើញថាទឹកដោះគោបានក្លាយទៅជាយ៉ាអួរដែលមានសភាពខាប់ និងអាចធ្វើការភ្លក្សរសជាតិដោយដួសថ្នមៗកុំឲ្យបែកសាច់។ ពេលខ្លះយ៉ាអួរនៅផ្ទៃខាងលើនៃមាត់កែវអាចឡើងពណ៌រាងលឿងស្រាល យើងអាចដួសវាចេញឬកូរចូលគ្នាតែម្តងនៅពេលយកមកទទួលទាន។
• ជំហានទី ៦៖
ជំហានចុងក្រោយយើងគ្រាន់តែយកកែវយ៉ាអួរមកគ្របគម្រប ហើយរក្សាទុកនៅក្នុងទូរទឹកកកជាការស្រេច។ ជាទូទៅយ៉ាអួរធ្វើដោយខ្លួនឯងនេះគឺអាចរក្សាទុកបានរយៈពេលពីរសប្តាហ៍ និងសុពលភាពពេលបើកញុំាបានពី៥ទៅ៧ថ្ងៃ យើងអាចយកវាមកទទួលទានជាមួយចំណីផ្សេងៗដូចជាគ្រាប់ធញ្ញជាតិ នំស្រួយ ឬផ្លែឈើរសជាតិជូរអែមជាដើម។ ក្រៅពីការញុំាស្រស់ៗយើងអាចយកមកក្លាសេកកទទួលទានដូចការ៉ែមរឹតតែទទួលបានរសជាតិឈ្ងុយឆ្ងាញ់ប្លែកមាត់ផងដែរ។
សរុបមក គ្រាន់តែគ្រឿងផ្សំប៉ុន្មានមុខដូចបានរៀបរាប់ខាងលើ យើងក៏អាចធ្វើយ៉ាអួរបានដោយខ្លួនឯងយ៉ាងងាយ ពិសេសវាគឺជាអាហារមួយប្រភេទដែលផ្តល់នូវគុណប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ។ ចំពោះបរិមាណទទួលទានយ៉ាអួរល្អបំផុតគឺ១ទៅ ២ពែងក្នុងមួយថ្ងៃ ឬស្មើនឹង ២៥០ ទៅ ៥០០ក្រាម។ សម្រាប់អ្នកចូលចិត្តផឹកគ្រឿងស្រវឹង ជក់បារី ធ្វើការច្រើនម៉ោងនៅមុខកុំព្យូទ័រ និងមានជំងឺទល់លាមក គួរទទួលទានយ៉ាអួរឲ្យបានច្រើនជាងធម្មតាដើម្បីបំប៉នសុខភាពឲ្យល្អប្រសើរឡើងវិញ៕
Article by HEM SOKKHIM