សាកល្បងច្នៃម្ទេសប្លោកជាមុខម្ហូបឈ្ងុយឆ្ងាញ់ប្លែកមាត់ជាមួយសូវរីននៅថ្ងៃនេះម្តងមើល៍!
TRAVEL & LIVING 4 years ago ម្ទេសប្លោកគឺជាអាហារទទួលទានដ៏ពេញនិយមដែលជាទូទៅគេច្រើនយកទៅធ្វើជាម្ហូបឆាជាមួយសាច់និងសាប់ធ្វើជាបន្លែញាំជាដើម។ ថ្ងៃនេះសូវរីនសូមណែនាំនូវវិធីធ្វើក៏ដូចជាមុខម្ហូបចំនួន ២មុខដែលសម្រិតសម្រាំងក្រោមថ្វីដៃកំពូលចុងភៅចំណានយើងដូចខាងក្រោម៖
1. សាលាដ ម្ទេសប្លោក
គ្រឿងផ្សំ៖
ម្ទេសប្លោកលឿង ក្រហម ខៀវ មួយមុខ ១/២ផ្លែ
ខ្ទឹមបារាំង ១/៤ផ្លែ
ខាត់ណាខៀវ ១០០ក្រាម
ប៉េងប៉ោះ ១០០ក្រាម
ជីរវ៉ាន់ស៊ុយ បន្តិច
សាច់គោ ១០០ក្រាម
គ្រឿងផ្សំនិងវិធីធ្វើទឹកជ្រលក់៖
ប្រេងអូលីវ ១ស្លាបព្រាបាយ ទឹកខ្មេះ២ស្លាបព្រាបាយ អំបិលមួយចុងស្លាបព្រាកាហ្វេ ម្រេចមួយចឹប Oregano ក្រៀម ១ស្លាបព្រាកាហ្វេ។ ចំពោះវិធីធ្វើយើងគ្រាន់តែយកគ្រឿងផ្សំទាំងនេះមកលាយចូលគ្នាឲ្យសព្វជាការស្រេច។
វិធីធ្វើ៖
ចាប់ផ្តើមត្រៀមបន្លែដោយយកម្ទេសប្លោក ក្រហម លឿង ខៀវ មកហាន់ជាបួនជ្រុងតូចៗ ខ្ទឹមបារាំងហាន់ជាកង់ស្តើងៗ ចំណែកខាត់ណាខៀវយកទៅស្រុះទឹកក្តៅបន្តិចហើយកាត់ជាចំណិតតូចៗ។ យកបន្លែដែលហាន់រួចទាំងប៉ុន្មានដាក់ច្របល់ចូលគ្នាក្នុងចានគោមមួយរួចទុកមួយឡែកសិន ហើយងាកមកហាន់សាច់គោជាបួនជ្រុងតូចៗ រួចដាក់ឆាឲ្យឆ្អិនដោយបន្ថែមរោយអំបិលបន្តិច និងម្រេចបន្តិច។ បន្ទាប់ពីឆាឆ្អិនហើយនោះ យើងយកសាច់គោទៅចាក់ចូលក្នុងចានបន្លែដែលយើងច្របល់ត្រៀមស្រេច រួចបន្ថែមទឹកជ្រលក់ដែលយើងត្រៀមទុកស្រោចពីលើយើងនឹងបានអាហារសាលាដដ៏ឈ្ងុយឆ្ងាញ់៕
2. ដំឡូងបំពងស្នូលម្ទេស
គ្រឿងផ្សំ៖
គ្រីមឈីស ២៥០ក្រាម
ដំឡូងជ្វា ២មើម
ម្ទេសប្លោកពណ៌ខៀវរាងតូចទ្រវែង ៥ផ្លែ
សាច់ក្រក ១
Mixed Cheese ៦ស្លាបព្រាបាយ
អំបិល ១/២ស្លាបព្រាកាហ្វេ
ម្រេច ១/៤ ស្លាបព្រាកាហ្វេ
Bacon ៧បន្ទះ
ប្រេងឆា
ម្សៅបំពង បរិមាណសមល្មមជាមួយដំឡូង
ពងមាន់ ១គ្រាប់
ទឹកបន្តិច
វិធីធ្វើ៖
មុនឈានដល់ការចម្អិន ជាដំបូងយើងត្រូវយកដំឡូងជ្វាមកឈូសជាសរសៃៗ សាច់ក្រកហាន់ល្អិតៗ ម្ទេសប្លោកឆ្កៀលយកគ្រាប់កណ្តាលចេញ រីឯសាច់ Bacon ក៏ហាន់ល្អិតៗដូចគ្នារួចទុកមួយឡែកសិន។ ជំហានបន្ទាប់ចាប់ផ្តើមយកចានគោមមួយដាក់ម្សៅបំពងលាយជាមួយពងមាន់(គោះយកតែពងក្រហម) និងដំឡូងដែលឈូសរួច ហើយថែមទឹកបន្តិចច្របល់ចូលគ្នាឲ្យសព្វរួចទុកមួយឡែកទៀត។ ចាប់ផ្តើមយកម្ទេសប្លោកដែលឆ្កៀលគ្រាប់រួចមកញាត់សាច់ក្រក សាច់ Bacon និង Mixed Cheese រួចធ្វើការកាត់ជាកង់ៗប្រវែងប្រហែលមួយថ្នាំងដៃ។ ដល់ពេលចម្អិនយើងគ្រាន់តែយកម្ទេសញាត់សាច់ដែលកាត់រួចមកប្រឡាក់រុំជាមួយម្សៅលាយដំឡូងឈូសដែលយើងត្រៀមទុកហើយធ្វើការបំពងឲ្យឆ្អិនល្មមដល់ក្នុងរួចស្រង់ដាក់ចានទទួលទានជាមួយគ្រីមឈីសតិចច្រើនតាមចំណូលចិត្ត៕
Recipes by THIDA