×

បរិភោគ​កាំប្រមា​សមុទ្រ​ទទួល​បាន​អត្ថប្រយោជន៍​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​

TRAVEL & LIVING 4 years ago
 
 

           អ្នក​ធ្លាប់ទៅ​ក​ម្សាន្ត​នៅ​តំបន់​កោះ​មុជទឹក​សមុទ្រ​ទស្សនា​ផ្កាថ្ម​ ​ប្រាកដ​ណាស់​ដែល​នឹងបាន​ប្រទះឃើញ​នូវ​សត្វ​សមុទ្រ​មួយ​ប្រភេទ​ពណ៌​ខ្មៅ​មាន​បន្លា​វែង​ៗ​រមែង​ពួន​នៅក្បែរ​ផ្កាថ្ម​នោះ​គឺ​កាំប្រមា​សមុទ្រ​។​ ​បន្លា​កាំប្រមា​សមុទ្រ​ងាយ​បង្ក​គ្រោះថ្នាក់​ធ្វើឲ្យ​យើង​ឈឺ​ចុកចាប់​ខ្លាំង​ប្រសិនបើ​ដើរ​ជាន់​ដោយ​ជើងទទេ​ឬ​ស្បែក​យើង​មុត​ជាមួយ​បន្លា​របស់​វា​ដែល​ពោរពេញ​ទៅ​ដោយ​ពិស​។​ ​ថ្វី​ដ្បិត​សត្វ​ប្រភេទ​នេះ​អាច​គ្រោះថ្នាក់​ក្តី​ ​ប៉ុន្តែ​វា​ត្រូវ​បាន​គេ​យកមក​ធ្វើជា​អាហារ​ប៉ូវ​កម្លាំង​ផ្លូវ​ភេទ​ដ៏​ពេញ​និយម​នៅ​ឯ​បស្ចិមប្រទេស​ ​ជាពិសេស​ប្រទេស​ជប៉ុន​ ​ខណៈ​កម្ពុជា​យើង​ទើប​តែ​ផ្អើល​ទទួលទាន​នា​រយៈពេល​ចុងក្រោយ​នេះ​ប៉ុណ្ណោះ​។​ ​សាច់​កំា​ប្រមា​សមុទ្រ​មាន​សមភាព​ដូចជា​គ្រី​ម​ ​មាន​ពណ៌​លឿង​ ​ពណ៌​ទឹកក្រូច​ ​ជួន​មាន​ពណ៌​មាស​រាង​ក្រមៅ​អាស្រ័យ​ទៅតាម​ពូជ​របស់​វា​ ​រីឯ​រសជាតិ​វិញ​រាង​ផ្អែម​លាយ​ប្រៃ​ឡែមៗ​ពី​ធម្មជាតិ​ ​យើង​អាច​ទទួលទាន​បែប​ស្រស់​ៗ​ឬ​ច​ម្អិ​ន​ឆ្អិន​បន្ថែម​គ្រឿងផ្សំ​ទៅ​តាមចំណូលចិត្ត​។​

           ​កាំប្រមា​សមុទ្រ​ជា​សត្វ​ធ្វើដំណើរ​យឺត​ៗ​តាមរយៈ​រោម​ស្រួច​ៗ​ដូចជា​បន្លា​ ​វា​ងាយ​នេសាទ​ប៉ុន្តែ​ពិបាក​ក្នុង​ការ​ស​ម្អា​ត​ដែល​តម្រូវ​កាត់​ដុះ​លាង​ដោយ​ការប្រុងប្រយ័ត្ន​បំផុត​មុន​ពេល​យកមក​ទទួលទាន​ ​ពោល​ឆ្កៀល​យក​តែ​សាច់​លឿង​លាង​ទឹក​ឲ្យ​ស្អាត​ទើប​ហូប​បាន​។​ ​សម្រាប់​អ្នកធ្វើការ​បញ្ជាទិញ​ ​អាច​សម្គាល់​សាច់​កាំប្រមា​ស្រស់​ដែល​សាច់​វា​មាន​ពណ៌​ភ្លឺ​និង​មើលទៅ​ឡើង​ណែន​ល្អ​។​ ​ក្រឡេក​ទៅ​អាស៊ី​ខាងកើត​វិញ​ ​យូរណាស់​មក​ហើយ​ជប៉ុន​បាន​ប្រើ​សាច់​កាំប្រមា​សមុទ្រ​យកមក​ធ្វើជា​គ្រឿងផ្សំ​អាហារ​ស៊ូ​ស៊ី​ដ៏​ពេញ​និយម​ ​ចំណែក​ឯ​សមុទ្រ​នៅ​ជប៉ុន​ដែល​សម្បូរ​ត្រី​សត្វ​សមុទ្រ​យ៉ាង​ច្រើន​អ​នែក​ក៏​ត្រូវ​បាន​អាមេរិក​ខាងជើង​ធ្វើការ​នេសាទ​ប្រមែប្រមូល​កាំប្រមា​សមុទ្រ​មក​បង្កើត​ជា​ឧស្សាហកម្ម​ខ្នាត​តូច​មួយ​កាល​ឆ្នាំ​ ​១​៩​៨​០​ ​ដែល​រហូតមក​ទល់​បច្ចុប្បន្ន​គ្រប់​រដ្ឋ​ទាំងអស់​នៅ​អាមេរិក​ដែល​មាន​លក់​សាច់​កំា​ប្រមា​សមុទ្រ​គឺ​ត្រូវ​បាន​បញ្ជាទិញ​ពី​រោងចក្រ​ដែល​ស្ថិតនៅ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ​កា​លី​ហ្វូញ៉ា​នេះឯង​។​ ​នៅ​ក្នុង​អាហារ​ប្រពៃណី​ជប៉ុន​ ​កាំប្រមា​សមុទ្រ​ត្រូវ​បាន​គេ​ចាត់ទុកជា​អាហារ​សម្រាប់​ប៉ូវ​សុខភាព​ផ្លូវ​ភេទ​ ​វា​មាន​ក្លិន​សមុទ្រ​ឆ្អាប​ ​សាច់​គ្រី​ម​ដូចជា​ប័​រ​ ​ហើយ​រសជាតិ​របស់​វាក​៏​ខុសគ្នា​បន្តិចបន្តួច​ទៅតាម​ប្រភព​កាំប្រមា​ដែល​យកមក​ពី​តំបន់​ផ្សេងៗ​គ្នា​ផង​ដែរ​។​ ​ក្រៅពី​យក​ដាក់​ផ្សំ​លើ​អាហារ​ស៊ូ​ស៊ី​ ​សាច់​កាំប្រមា​សមុទ្រ​ត្រូវ​បាន​គេ​ញុំា​ជាមួយ​ទឹកជ្រលក់​ ​បៀក​ដូចជា​ប័​រ​ ​ប្រើ​ផ្សំ​គ្រឿង​អាហារ​Past​a​ ​ដាក់​នៅ​លើ​បាយ​ទទួលទាន​ ​និង​ដាក់​ផ្សំ​ហូប​ជាមួយ​អាហារ​បរទេស​ជា​ច្រើនមុខ​។​ ​សម្រាប់​ខ្មែរយើង​វិញ​និយម​ហូប​ឆៅ​ស្រស់​ៗ​អន្លក់​ជាមួយ​ទឹកត្រី​កោះ​កុង​ ​ទឹក​ម្រេច​ ​ឬ​អាំង​ផ្សំ​គ្រឿង​ជាមួយ​ពងមាន់​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ម្យ៉ាង​។​

           ​ក្រៅពី​មាន​រសជាតិ​ប្លែក​ហើយ​នោះ​ ​សត្វ​សមុទ្រ​ដែល​ក្នុង​មួយ​គ្រាប់​មានសាច់​ទន់​ៗ​៦​ក្លែប​នេះ​មាន​ផ្ទុក​នូវ​វីតាមីន​និង​សារធាតុ​ចិញ្ចឹម​ក​ម្រិ​ត​ខ្ពស់​ជាង​ត្រី​និង​សត្វ​សមុទ្រ​ដទៃ​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​និង​សម្រស់​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​ ​ជាក់ស្តែង​ ​ដូច​បាន​រៀបរាប់​នៅ​ខាងដើម​ ​ការ​ញុំា​កាំប្រមា​សមុទ្រ​វា​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ ​ពង្រឹង​អ័រម៉ូន​បុរស​ ​និង​ជា​ថ្នាំ​សម្រើប​អារម្មណ៍​តណ្ហា​ផង​ដែរ​។​ ​ជាតិ​ប្រូតេអ៊ីន​យ៉ាង​ច្រើនលើស​លុប​នៅ​ក្នុង​សាច់​កាំប្រមា​ជួយ​ជួសជុល​ជាលិកា​សាច់ដុំ​ ​ខណៈ​ជាតិ​ហ្វៃ​ប័​រ​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ឈាម​ដោយ​ដុតរំលាយ​ជាតិ​ខ្លាញ់​និង​ការពារ​ដំណើរ​ទល់លាមក​។​ ​វីតាមីន​A​និង​វីតាមីន​ C ​ដែល​ភាគច្រើន​មាននៅ​ក្នុង​បន្លែ​ផ្លែឈើ​ត្រូវ​បាន​គេ​រក​ឃើញ​សន្ធឹកសន្ធាប់​នៅ​ក្នុង​សាច់​កាំប្រមា​តែមួយ​ក្លែប​។​ ​វីតាមីន​ ​A​ ​ជួយ​ដល់​សុខភាព​ស្បែក​និង​ភ្នែក​ចំណែក​វីតាមីន​ C ​នឹង​ចូល​ទៅ​ជំរុញ​ការ​ផលិត​ខូ​ឡេ​ជិន​ឡើងវិញ​។​ ​ដោយឡែក​ស័ង្កសី​ ​ដែល​ជា​ជាតិ​ខនិជ​ដ៏​សំខាន់​បាន​ដើរតួ​ជា​អ្នកព្យាបាល​មុខរបួស​ឲ្យ​ជាសះស្បើយ​ឆាប់រហ័ស​។​

           ​តាម​បទពិសោធន៍​អ្នក​ភ្លក់​រសជាតិ​កាំប្រមា​សមុទ្រ​កន្លងមក​ ​អ្នកខ្លះ​អាច​នឹង​ចូលចិត្ត​ហើយ​អ្នកខ្លះ​ទៀត​ក៏​មិន​ចូលចិត្ត​ដោយសារតែ​ក្លិន​និង​រសជាតិ​ដែល​ពិបាក​ពណ៌នា​របស់​វា​។​ ​យ៉ាងណាក្តី​ ​សម្រាប់​អ្នក​មិនធ្លាប់​ទទួលទាន​គួរតែ​ធ្វើ​ការសាកល្បង​ឲ្យបាន​ម្តង​នឹងគេ​ដ្បិតអី​ចំណី​ប្រភេទ​នេះ​ហូប​ត្រឹមតែ​១​ទៅ​២​គ្រាប់​ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ណាស់​ទៅ​ហើយ​៕

Article by HEM SOKKHIM


SUGGESTIONS