×

​ធ្លាប់តែ​ញុំា ​ឥឡូវនេះ​យើង​មក​ដឹង​ពី​វិធី​ធ្វើ​ខ្ទឹមជ្រក់​ឆ្ងាញ់​វិញ​ម្តង​

TRAVEL & LIVING 4 years ago
 
 

            នៅ​ពេល​និយាយ​ដល់​អាហារ​សម្រស់​ដូចជា​ ​ប្រហិត​ចៀន​ ​ស្លាបមាន់​អាំង​ ​ឬ​ចៀន​ ​ពងទា​កូន​ ​ពង​មាន់អាំង​ជាដើម​ ​យើង​នឹង​ភ្នក​នឹង​ដល់​គ្រឿង​អន្លក់​ក្លែម​រសជាតិ​ជាប់មាត់​យ៉ាង​ពិសេស​នោះ​គឺ​ខ្ទឹមជ្រក់​។​ ​ខ្ទឹមជ្រក់​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ដែល​អាច​ពិសា​ផ្ទាប់​លាយ​ជាមួយនឹង​ទឹកជ្រលក់​តែមួយមុខ​នោះ​ទេ​ ​តែ​យើង​ក៏​អាច​បរិភោគ​ជាមួយនឹង​មុខម្ហូប​ផ្សេងទៀត​ទៅតាម​ចំណង់ចំណូលចិត្ត​ផង​ដែរ​។​ ​ជឿជាក់​ថា​សព្វ​មួយដង​ប្រិយ​មិត្ត​ភាគច្រើន​ធ្លាប់តែ​ញុំា ​ប៉ុន្តែ​មាន​ភាគ​តិចណាស់​ដែល​ចេះ​ធ្វើ​ ​ដូច្នេះ​ថ្ងៃនេះ​សូវ​រី​ន​នឹង​បង្ហាញ​ប្រិយ​មិត្ត​អំពី​វិធី​ធ្វើ​ខ្ទឹមជ្រក់​បែប​ងាយ​ៗ​ជាមួយ​គ្រឿងផ្សំ​តែ​ប៉ុន្មាន​មុខ​ ​ធានា​បាន​ញុំា​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​តែម្តង​។​

            ជំហាន​ទី​១​៖​ ​ដំបូង​ត្រូវ​ត្រៀម​និង​រៀបចំ​នូវ​គ្រឿងផ្សំ​មួយ​ចំនួន​ដូចជា​៖​ ​ខ្ទឹមស​៣​ទៅ​៤​មើម​ ​ម្ទេស​ក្រហម​១​ខាំ​កន្លះ​ ​ទឹកខ្មេះ​១​០​ស្លាបព្រា​បាយ​ ​អំបិល​២​ស្លាបព្រា​កាហ្វេ​ ​ស្ករស​៣​ស្លាបព្រា​បាយ​ ​ប៊ីចេង​មួយ​ចឹប​ ​ម៉ាស៊ីន​ក្រឡុក​ (​ប្រសិនបើ​ប្រិយ​មិត្ត​ពុំ​មាន​នោះ​ទេ​អាច​ប្រើ​ត្បាល់​ជំនួស​) ​និង​ប្រអប់​ ​ឬ​ក្រឡ​សម្រាប់​ជ្រក់​។​

            ​ជំហាន​ទី​២​៖​ ​បន្ទាប់ពី​យើង​បាន​រៀបចំ​នូវ​សម្ភារ​ ​និង​គ្រឿងផ្សំ​ខាងលើ​ ​យើង​ត្រូវ​យក​ខ្ទឹមស​ដែល​បាន​ត្រៀម​នោះ​មក​បក​សម្បក​ចេញ​ឲ្យ​ស្អាត​ ​ក្រោយមក​ទៀត​យើង​ត្រូវ​ហាន់​ខ្ទឹមស​នោះ​ជា​ចំណិត​ស្តើង​ៗ​រួច​​ទុក​មួយ​ឡែក​។​ ​ក្រោយមក​ទៀត​យក​ម្ទេស​ក្រហម​លាង​ទឹក​ឲ្យ​ស្អាត​ ​ហាន់​ជា​ចំណិត​តូច​ៗ​ជាមុន​សិន​សឹម​យកទៅ​កិន​ឲ្យ​ម៉ដ្ត​ ​ឬ​ម៉្យាងទៀត​ ​យើង​ក៏​អាច​​​យក​ម្ទេស​ស្រស់​នោះ​ទៅ​ស្រុស​នឹង​ទឹកក្តៅ​មុននឹង​កិន​ ​ដើម្បី​បង្ការ​ក្លិន​ក្រពុល​ចេញពី​ម្ទេស​ស្រស់​នៅពេលដែល​យើង​យកមក​ទទួលទាន​។​

            ជំហាន​ទី​៣​៖​ ​ក្រោយ​ពី​បាន​រៀបចំ​នូវ​គ្រឿងផ្សំ​គោល​រួច​ ​យើង​ត្រូវ​យក​ខ្ទឹមស​ដែល​បាន​ហាន់​ជា​ចំណិត​នោះ​មក​ស្រុស​ជាមួយនឹង​ទឹកក្តៅ​ឧណ្ហ​ៗ​ប្រមាណ​៣​០​វិនាទី​សឹម​ស្រង់​ចេញ​ ​រួច​លាង​ស​ម្អា​ត​ជាមួយនឹង​ទឹក​ត្រជាក់​ភ្លាម​ៗ​។​ ​ការ​ធ្វើ​ដូចនេះ​នឹង​ធ្វើឲ្យ​ខ្ទឹមស​របស់យើង​នៅ​សភាព​ដដែល​ ​ហើយ​ជាទូទៅ​ ​គេ​និយម​ធ្វើ​វិធី​នេះ​ ​ដើម្បី​ចៀស​វៀង​ខ្ទឹម​ប្រែ​ទៅជា​ពណ៌ខៀវ​ ​ប៉ុន្តែ​វា​អាច​នឹង​បាត់បង់​រសជាតិ​បន្តិចបន្តួច​ក្រោយ​ពី​ស្រុស​ខ្ទឹម​នោះ​។​ ​បន្ទាប់មក​ ​យើង​ត្រូវ​យក​ម្ទេស​ដែល​បាន​កិន​រួចមក​លាយ​គ្រឿងផ្សំ​ដូចជា​៖​ ​អំបិល​បន្តិច​ ​ទឹកខ្មេះ​ ​ប៊ីចេង​ ​ស្ករស​ ​រួច​ច្របល់​ម្ទេស​ជាមួយនឹង​គ្រឿងផ្សំ​ឲ្យ​សប់​ល្អ​សឹម​ភ្លក់មើល​ថា​រសជាតិ​ល្មមទៅ​តាម​ចំណង់ចំណូលចិត្ត​របស់យើង​ឬនៅ​។​ ​ប្រសិនបើ​គ្រឿង​នោះ​មាន​រសជាតិ​ល្មម​ហើយ​យើង​អាច​​​យក​ខ្ទឹមស​ដែល​ទុក​មួយ​ឡែក​នោះ​ច្របល់​ជាមួយ​គ្រឿង​ម្ទេស​រួច​កូរ​ឲ្យ​សព្វ​ចូល​គ្រឿង​។​ ​ក្រោយមក​ទៀត​ ​ដួស​ខ្ទឹមជ្រក់​នោះ​ដាក់​ក្នុង​ប្រអប់​ ​ឬ​ក្រឡ​ ​និង​រក្សា​ជ្រក់​នោះ​ក្នុង​ទូរ​ទឹកកក​ឬ​កន្លែង​ត្រជាក់​ល្អ​បង្គួរ​ ​ដើម្បី​ផ្អាប់ទុក​មួយ​ល្ងាច​ជាមុន​សិន​សឹម​យក​ពិសា​។​ ​ការ​ផ្អាប់​ខ្ទឹមជ្រក់​បែប​នេះ​នឹង​ធ្វើឲ្យ​ខ្ទឹម​របស់យើង​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ​។​ ​ម៉្យាងវិញទៀត​ ​សម្រាប់​ខ្ទឹមជ្រក់​នេះ​យើង​អាច​​​យកមក​ទទួលទាន​ភ្លាម​ក៏បាន​ ​គ្រាន់តែ​ការ​ទទួលទាន​ភ្លាម​ៗ​រសជាតិ​របស់​វា​ពុំសូវ​ឆ្ងាញ់​ដូច​ការ​ផ្អាប់ទុក​នោះ​ឡើយ​។​

            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រសិនបើ​ប្រិយ​មិត្ត​ពុំសូវ​ចំណូល​ធ្វើ​ខ្ទឹមជ្រក់​ជាមួយ​ម្ទេស​ស្រស់​នោះ​ទេ​ ​អ្នក​អាច​ធ្វើ​ខ្ទឹមជ្រក់​នេះ​ជាមួយនឹង​ម្ទេស​ជ្រក់​ដែល​មាន​លាយ​គ្រឿងផ្សំ​រួច​ ​ម៉្យាងវិញទៀត​ ​ការ​ធ្វើ​ខ្ទឹមជ្រក់​នេះ​អ្នក​ចំណាយ​ពេល​ប្រមាណ​ជាង​១​ម៉ោង​៣​០​នាទី​ ​ឬ​តិច​ជាង​នេះ​ក៏​ថា​បាន​ (​អាស្រ័យ​ទៅតាម​បរិមាណ​នៃ​ខ្ទឹមស​ ​និង​ម្ទេស​)​។​ ​ទន្ទឹម​នឹង​នេះ​ ​បន្ទាប់ពី​ការ​ផ្អាប់​ខ្ទឹមជ្រក់​មួយ​ល្ងាច​រួច​ ​អ្នក​អាច​​​យក​ជ្រក់​មក​ទទួលទាន​ជាមួយនឹង​មុខម្ហូប​ផ្សេងៗ​ជាច្រើន​ផ្សេងទៀត​ដែល​មិន​ត្រឹមតែ​អាច​ទទួលទាន​ជាមួយ​អាហារសម្រន់​មួយ​ផ្នែក​នោះ​ទេ​។​ ​តួយ៉ាង​ ​ខ្ទឹមជ្រក់​ខ្មែរយើង​ក៏​មានការ​ពេញ​និយម​ទទួលទាន​ជាមួយនឹង​មុខ​ម្អូ​ប​អាហារ​កូរ៉េ​ថែមទៀត​ផង​។​ ​សូវ​រី​ន​ ​សង្ឃឹម​ថា​ប្រិយ​មិត្ត​នឹងបាន​ចំណេះ​ដឹង​ផ្ទះបាយ​បន្ថែម​ជាមួយ​វិធីសាស្ត្រ​នៃ​ការ​ធ្វើ​ខ្ទឹមជ្រក់​នេះ​ដែល​វា​មាន​ភាព​ងាយស្រួល​ ​សន្សំសំចៃ​ពេលវេលា​ ​ហើយ​ថែមទាំង​មាន​អនាម័យ​ខ្ពស់​ក្រោម​ស្នាដៃ​ផ្ទាល់ខ្លួន​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS