កាន់តែប្លែកភ្នែកជាមួយខូឡិកហ្សិន «គ្រីស្ទស្មាក់» ពីអ្នកច្នៃម៉ូដបីរូប
FASHION & BEAUTY 4 years agoពីមួយឆ្នាំទៅមួយឆ្នាំ វិស័យហ្វេហ្សិន នៅតែបន្តការវិវត្តន៍របស់ខ្លួនជានិច្ច បើទោះបីជាសកលលោកកំពុងស្ថិតក្នុងស្ថានការនៃការរាតត្បាតវីរុស កូវីដ១៩។ ជាក់ស្តែង ប្រសិនបើប្រិយមិត្តងាកមកចាប់អារម្មណ៍វិស័យហ្វេហ្សិននាប៉ែកអឺរ៉ុបវិញ អ្នកច្នៃម៉ូដសម្លៀកបំពាក់ល្បីល្បាញជាច្រើនបានបង្កើតខូឡិកហ្សិនប្លែកៗ និងចាប់អារម្មណ៍ទៅតាមទំនោរនិយមនាពេលបច្ចុប្បន្ន ជាពិសេស ថ្ងៃបុណ្យណូអែលនេះ សម្លៀកបំពាក់ជាច្រើនម៉ូដបានបង្ហាញខ្លួនយ៉ាងត្រចង់ដែលជាកត្តាមួយនាំឲ្យអ្នកច្នៃម៉ូដខ្មែរបីរូបបានបង្កើតនូវខូឡិហ្សិនថ្មីដើម្បីជាផ្នែកមួយសម្រាប់អបអរសាទរនៃថ្ងៃបុណ្យណូអែល និងសម្រាប់ឆ្នាំថ្មីខាងមុខនេះផងដែរ។
អ្នកច្នៃម៉ូដសម្លៀកបំពាក់ កញ្ញា ឈុំ ដារីយ៉ា លោក ជា សុធារ៉ា និង លោក ហុង សុងហេង បានរួមគ្នាច្នៃម៉ូដសម្លៀកបំពាក់យ៉ាងប្រណិត សិចស៊ី និងស៊ីវិល័យសម្រាប់ចុងឆ្នាំ២០២០នេះ។ យ៉ាងណាមិញ អ្នកច្នៃម៉ូដដ៏ប៉ិនប្រសប់ទាំង៣រូបនេះបានបង្ហាញ សូវរីន យ៉ាងដូច្នេះថា៖ ខូឡិកហ្សិន «គ្រីស្ទស្មាក់» ជាការបង្ហាញពីគ្រឿងលម្អសំខាន់បំផុតដែលជនជាតិអឺរ៉ុបពុំអាចខ្វះបាន តួយ៉ាង សម្ភារ គ្រឿងលម្អទាំងអស់នោះគេតែងនិយមមកតុបតែងរាល់រដូវកាលថ្ងៃបុណ្យណូអែលនេះតែម្តង។ ទន្ទឹមនឹងនេះ ខូឡិកហ្សិន «គ្រីស្ទស្មាក់» ជាខូឡិកហ្សិនបែបរ៉ូបវែង ឬជាភាសាឡាតាំង (GOWN) មានចំនួន៩ឈុត ដែលក្នុងនោះមានរ៉ូបវែងចំនូន៦ រ៉ូប និងអាវធំក្រៅសម្រាប់បុរសមានចំនួន៣ឈុតផងដែរ តួយ៉ាង សម្រាប់រ៉ូបវែង និងអាវក្រៅបុរសទាំងអស់នេះបានច្នៃចេញពី ផ្កាព្រឹលទឹកកកស្ថិតក្នុងរដូវរងា រ៉ូបនារីសម្រាប់ចូលរួមកម្មវិធី ដើមរុក្ខជាតិ (Evergreen fir tree) និងប្រភេទសត្វមួយចំនួនដែលនិយមបង្ហាញខ្លួននាពេលរដូវត្រជាក់ (ប៉ែកអឺរ៉ុប) ផ្តោតទៅលើរដូវកាលធ្លាក់ទឹកកកនាចុងឆ្នាំផងដែរ តួយ៉ាង ឈុតនីមួយៗមានម៉ូដផ្សេងៗគ្នាពិតមែន ប៉ុន្តែឈុតទាំងអស់នេះស្ថិតក្នុងទម្រង់ ឬគំនិតច្នៃប្រតិដ្ឋតែមួយ។ យ៉ាងណាមិញ ប្រសិនបើតាមការលើកឡើងរបស់អ្នកច្នៃម៉ូដ កញ្ញា ឈុំ ដារីយ៉ា បានឲ្យដឹងផងដែរថា «ខូឡិកហ្សិននេះចំណាយពេលធ្វើអស់រយៈពេលកន្លះខែដោយសារតែពីចំណុចមួយទៅចំណុចមួយត្រូវ ឌិនដោយដៃ ពោល រ៉ូបទាំងនេះឌិនដោយដៃស្ទើរទាំងស្រុង»។
កញ្ញា ឈុំ ដារីយ៉ា លោក ហុង សុងហេង លោក ជា សុធារ៉ា
បើទោះបីជា ខូឡិកហ្សិន «គ្រីស្ទស្មាក់» ផ្តោតទៅលើពិធីបុណ្យណូអែលដែលជាពិធីបុណ្យគ្រីស្ទសាសនាច្រើនក៏ពិតមែន ប៉ុន្តែខូឡិកហ្សិននេះគឺជាផ្នែកមួយដែលបានលើកទឹកចិត្តដល់អ្នកច្នៃម៉ូដមួយចំនួនគួរបង្ហាញសមត្ថភាពរបស់ខ្លួនឡើងវិញ បើទោះបីជាប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពរងគ្រោះនៃការរាតត្បាតវីរុស កូវីដ ១៩ ក៏ដោយ គួរបន្តធ្វើកាតព្វកិច្ចរបស់ខ្លួនដោយសារតែមានអ្នកគាំទ្រជាច្រើនកំពុងរង់ចាំរាល់គំនិតច្នៃប្រតិដ្ឋថ្មីៗពីអ្នកទាំងអស់គ្នា៕
Article by PAN SIVLY