អតីតអ្នកស្ម័គ្រចិត្តសង្គមចាប់ដៃគ្នាបើកហាងអាហារសុខភាពដើម្បីចំណេះដឹងបៃតងនៅកម្ពុជា
TRAVEL & LIVING 3 years agoហាងកាហ្វេ និងអាហារសុខភាពដ៏តូចតែស្រស់ស្អាតមួយកន្លែងស្ថិតនៅលើបណ្តោយផ្លូវលេខ ២៤០ ម្តុំផ្សារទួលទំពូង រាជធានីភ្នំពេញ ដែលត្រូវបានស្ថាបនាឡើងដោយគំនិតផ្តួចផ្តើមរបស់បុរសស្រ្តីវ័យក្មេងមួយគូដែលមាន ចក្ខុវិស័យអាជីវកម្មស្របគ្នា។ បើអ្នកដំណើរក្រឡេកមើលពីក្រៅ យើងឃើញហាងកាហ្វេដែលមានស្លាកយីហោថា “Sacred Lotus Plant-Based Café X Homestay” ដែលមានលក្ខណៈគ្រាន់តែជាផ្ទះល្វែងផ្សារបែបទ.វ.ទី៦០ សាមញ្ញមួយជុងឡើងលើ ស្រឡះភ្នែកមិនសូវមានការតុបតែងអ្វីច្រើននោះទេ។ អគារនេះជាផ្ទះសំណាក់ ប៉ុន្តែផ្នែកខាងលើដំបូល ត្រូវបានកែច្នៃជាបារនីយដ្ឋាន ឬ Lounge ប្រកបដោយបរិយាកាសស្រស់ស្រាយដូចដំបូលផ្ទះខ្ពស់នៅភ្នំពេញជំនាន់មុនដែលយើងធ្លាប់ឈរលម្ហែលេងកាលពីក្មេង គួបផ្សំនឹងការរៀបចំកន្លែងអង្គុយតាមបែបសិល្បៈសហសម័យថ្មីប្លែក។ ហាងកាហ្វេនេះមានសេវាកម្មបម្រើម្ហូបអាហារសុខភាពដែលមានទាំងម្ហូបអាស៊ីអាគ្នេយ៍ និងម្ហូបអឺរ៉ុបជាច្រើន មុខ។ ហាងនេះជាទីតាំងដែលមានគោលដៅជំរុញចលនានៃការបរិភោគម្ហូបបួសដើម្បីសុខភាពតាមរយៈការច្របាច់បញ្ចូលរវាងទ្រឹស្តីវេជ្ជសាស្រ្តបែបវិទ្យាសាស្រ្ត និងតម្រូវការអតិថិជនជាក់ស្តែងព្រមទាំងមានកម្រងព័ត៌មានងាយស្រួលយល់នៅលើប្រព័ន្ធសារគមនាគមន៍ផ្សេងៗសម្រាប់បណ្តាភ្ញៀវទាំងឡាយអំពីអត្ថប្រយោជន៍ផ្នែកសុខភាព ផ្នែកបរិស្ថាន និង ផ្នែកក្រមប្រតិបត្តិសង្គម ដែលបានមកពីទម្លាប់ទទួលទានរបបអាហារប្រភេទបន្លែផ្លែឈើបៃតងបានត្រឹមត្រូវ។ មុខម្ហូបល្បីៗប្រចាំហាង មានតួយ៉ាង “ហហ្មុកបួស” ដែលមានរសជាតិមិនចាញ់ហហ្មុកត្រី ឬហហ្មុកសាច់មាន់ទូទៅនោះទេ និង “ប៊័រហ្គឺរផ្សិត” ដែលមានរសជាតិដូចសាច់គោមិនសាកមិនដឹង។
លោក គ្រីស្យាន (Krishan) ដែលជាសហស្ថាបនិកទីតាំងនេះបានលើកឡើងថា “ម្ហូបប្រចាំត្រកូលរបស់ហាងខ្ញុំគឺពិតណាស់ជាម្ហូបខ្មែរ! ពួកយើងមានឆន្ទៈចម្អិនម្ហូបខ្មែរឲ្យឆ្ងាញ់ស្មើ ឬ ឆ្ងាញ់ជាងម្ហូបដែលមានសាច់ដើម្បីលុបបំបាត់ការយល់ខុសដែលថាម្ហូបត្រូវការសាច់ដើម្បីឲ្យមានរសជាតិឆ្ងាញ់”។ មិនត្រឹមតែប៉ុណ្ណោះ ហាងនេះក៏មានម្ហូបតាមរដូវកាលអាស្រ័យលើព្រឹត្តិការណ៍កម្មវិធីជាតិនានា។ ជាឧទាហរណ៍ សម្រាប់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មាននំអន្សមបួស ជាដើម។ ដោយឡែក ជារៀងរាល់ថ្ងៃអង្គារ កាហ្វេអាទីសង់ (Artisan Coffee) លក់ក្នុងតម្លៃត្រឹមតែ១ដុល្លារ ហើយជារៀងរាល់ថ្ងៃព្រហស្បត្តិ៍ មានបម្រើម្ហូបបួសបែបប៊ូហ្វេ។ ចំពោះតម្លៃម្ហូបវិញ គឺសមរម្យ បើធៀបនឹងហាងលក់ម្ហូបខ្មែរដទៃទៀត។ ជាក់ស្តែង សំឡខ្មែរមួយចានមានតម្លៃត្រឹមតែ ៣.៥០ដុល្លារតែប៉ុណ្ណោះ។
“យើងព្យាយាមធ្វើវាឲ្យក្លាយជាលក្ខណៈហាងកាហ្វេមួយដែលមនុស្សគ្រប់គ្នានិយមទៅប្រចាំក្រុងភ្នំពេញ មិនមែនគ្រាន់តែជាហាងលក់ម្ហូបបួសធម្មតានោះទេ ប៉ុន្តែតម្រូវសម្រាប់គ្រប់រូប”។ លោកបានបន្ថែមថា ចក្ខុវិស័យធំនោះគឺផ្តល់ជូននូវម្ហូបអាហារដែលច្នៃចេញពីរុក្ខជាតិបៃតងតែមានរសជាតិឈ្ងុយឆ្ងាញ់ងាយទទួលទានព្រមទាំងជំនួយសុខភាពគួបផ្សំនឹងសេវាកម្មបម្រើអតិថិជនជិតស្និទ្ធប្រៀបដូចជាគ្រួសារតែមួយក្រោមពាក្យស្លោករបស់ហាងថា “We Cook Happiness” (យើងធ្វើម្ហូបបង្កើតសុភមង្គល)។ ទន្ទឹមនឹងនេះ ហាងកាហ្វេនេះក៏ផ្តល់ជូននូវបរិយាកាសពោរពេញដោយភាពច្នៃប្រតិដ្ឋដែលមនុស្សគ្រប់គ្នាចូលចិត្តហើយអាចមកបំពេញការងារ ក្រេបរសជាតិកាហ្វេ បង្កើតទំនាក់ទំនងសង្គមជាមួយមិត្តភក្តិ ឬ មកតែម្នាក់ឯងដើម្បីកាត់ស្ត្រេស។
ក្រៅតែពីជាកម្លាំងចលករបង្កើននិន្នាការទទួលទានអាហារបៃតងក្នុងស្រុក អាជីវកម្មហាងកាហ្វេខាងលើក៏នឹងតបស្នងទៅឲ្យសង្គមវិញតាមរយៈការចែករំលែកប្រាក់ចំណេញមួយភាគទៅឧបត្ថម្ភដល់ក្លឹបអភិវឌ្ឍន៍យុវជនក្នុងស្រុកដែលជួយគាំពារក្មេងៗដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជាយើង។ សួរថាហេតុអ្វីបានជាពួកគេទាំងពីរនាក់មានបំណងបែបនេះ? ដំណើរដើមទងត្រូវបានលាតត្រដាងកាលពី ៤ឆ្នាំមុន លោក និងយុវតីខ្មែរម្នាក់ឈ្មោះ ណែត បានបំពេញបេសកកម្មការងាររួមគ្នារយៈពេល៣ខែក្នុងខេត្តបាត់ដំបង ប៉ុន្តែដោយសារបញ្ហាជំងឺពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ (Ulcerative Colitis) លោកត្រូវបង្ខំចិត្តចាកចេញមុនកំណត់។ នៅក្នុងអំឡុងពេលព្យាបាល គាត់រងផលប៉ះពាល់សុខភាពដោយសារការទទួលទានថ្នាំច្រើនលើសលប់ពេក ទើបគាត់សម្រេចចិត្តងាកមករករបបអាហារដែលផ្សំពីបន្លែសុទ្ធតែម្តង។ ចាប់តាំងពីពេលនោះមក រោគសញ្ញាដែលធ្លាប់កើតបានបាត់អស់ហើយគាត់ក៏មិនត្រូវការថ្នាំទៀតទេ។ គាត់ចាប់ផ្តើមចង់ចែករំលែកចំណេះដឹងផ្នែកសុខភាពនិងមានបំណងបើកអាជីវកម្មហាងកាហ្វេនេះឡើងតែម្តង ខណៈដែលណែតចូលចិត្តជួបមនុស្សថ្មីៗនិងមានក្តីស្រមៃបើកផ្ទះសំណាក់។ ហាង Sacred Lotus vegan cafe and guesthouse ក៏ក្លាយជាសមិទ្ធផលរួមនៃក្តីស្រមៃរបស់អ្នកទាំងពីរ៕
Article by SRIN SOKMEAN
លោក គ្រីស្យាន (Krishan)