×

«​លុម្ពិនី​»​ ​ហាង​កាហ្វេ​ដ៏​ស្រស់បំព្រង​ពោរពេញ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​

TRAVEL & LIVING 3 years ago
 
 

           ​«​លុម្ពិនី​»​ ​ជា​ពាក្យ​បាលី​សំ​ស្ក្រិ​ត​ដែល​មាន​ពាក្យ​សម្រាយ​មានន័យ​ថា​ជា​ ​«​សួន​ផ្កា​»​ ​ប៉ុន្តែ​ ​លុម្ពិនី​ ​នៅ​ក្នុង​ន័យ​នេះ​ ​ជា​ឈ្មោះ​ស្លាកយីហោ​របស់​ហាង​កាហ្វេ​មួយ​កន្លែង​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ទើប​តែ​បង្ហាញ​ ​វត្តមាន​របស់​ខ្លួន​ប្រមាណ​ជាង​មួយ​ខែ​តែប៉ុណ្ណោះ​។​ ​ក្រោម​ការ​ផ្តួចផ្តើម​ដ៏​ឆ្នើម​របស់​ស្ថាបនិក​ជន​ជាតិខ្មែរ​បី​រូប​បាន​ពាំ​នាំ​នូវ​រស់​និយម​ថ្មី​ដែល​ជា​តម្រូវ​ការ​ដ៏​ចាំបាច់​មួយ​របស់​សិស្សានុសិស្ស​រូប​អាច​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើការ​ទំនាក់ទំនង​ ​ឬ​ការពិភាក្សា​នានា​ក្រោម​បរិយាកាស​ស្រស់​ថ្លា​ពី​សម្រស់​ធម្មជាតិ​បៃតង​ ​មិន​ត្រឹមតែ​ផ្តល់​នូវ​ខ្យល់អាកាស​បរិសុទ្ធ​នោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​ទីកន្លែង​មួយ​អាច​រំសាយ​ភាព​តានតឹង​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។​

          ស្ថិតនៅ​លើ​ផ្លូវ​លេខ​ ​១​៨​៤​ ​សង្កាត់​ជ័យជំនះ​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​អ្នក​នឹង​ពើបប្រទះ​ឃើញ​ ​ស្លាកយីហោ​ខ្មែរ​ ​លុម្ពិនី​ ​ជាក់​ជាមិនខាន​។​ ​ប្រសិនបើ​រំឭក​ពី​អតីតកាល​ពី​ទីកន្លែង​នេះ​តាមរយៈ​ស្ថាបនិក​លោក​ម៉ៅ​ ​ម៉េង​ងួន​ ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​កន្លងមក​ទីកន្លែង​នេះ​ជា​ដីធ្លី​ទូលាយ​ ​រួម​ទាំង​ស្ថិតនៅ​ក្នុង​តំបន់​នេះ​ជាក់ស្តែង​សុទ្ធសឹងតែ​ជា​ហាង​កាហ្វេ​ដែល​មាន​ការរចនា​ច្នៃ​ប្រតិដ្ឋ​សម្រាប់​ឲ្យ​អតិថិជន​ក​ម្សាន្ត ​ឬ​លម្ហែ​កាយ​នៃ​បរិវេណ​ខាងក្នុង​ហាង​តែប៉ុណ្ណោះ​ ​តួយ៉ាង​ ​លោក​តែង​សង្កេតឃើញ​ថា​រាល់​ពេល​ដែល​អ្នកធ្វើការ​ ​ឬ​សិស្សានុសិស្ស​មានបំណង​ពិភាក្សា​កិច្ចការ​សាលា​វា​តែង​ផ្តល់​នៅ​ផល​រំខាន​ដល់​អ្នកដទៃ​ច្រើន​ ​ម៉្យាងវិញទៀត​ ​ការ​អង្គុយ​នៅ​ខាងក្នុង​ហាង​កាហ្វេ​ច្រើន​ធ្វើឲ្យ​ការ​គិត​ក្លាយ​ជា​ស្ត្រេ​ស​។​ ​ដូច្នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​លោក​អាច​នាំ​យក​នូវ​បទពិសោធន៍​ថ្មី​នៅ​ក្នុង​តំបន់​នេះ​តាមរយៈ​នៃ​ការរៀបចំ​បរិវេណ​ខាងក្រៅ​ហាង​កាហ្វេ​មាន​ភាព​ស្រស់​ស្អាត​ ​ដែល​ជាអំណោយ​ដ៏​ល្អឯក​ពី​សម្រស់​ធម្មជាតិ​ ​រួម​ទាំង​ការ​ដេ​គ័​រ​ដទៃទៀត​នឹង​ទាក់ចិត្ត​អតិថិជន​នៅ​ក្នុង​តំបន់​នោះ​ពុំអាច​រំលង​ទីនេះ​បាន​ឡើយ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ស្ថាបនិក​ ​លោក​ ​ម៉េង​ងួន​ ​ក៏បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ ​លុម្ពិនី​ ​មាន​គោលគំនិត​ចម្បង​បំផុត​នោះ​គឺជា​ការរៀបចំ​បរិវេណ​ខាងក្រៅ​ហាង​កាហ្វេ​ឲ្យ​មាន​លក្ខណៈ​ខុសប្លែក​ពី​ហាង​កាហ្វេ​ដទៃ​ដែល​នឹង​នាំ​អារម្មណ៍​របស់​អតិថិជន​គ្រប់រូប​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​ស្ថិត​នៅក្នុងផ្ទះ​របស់​ខ្លួន​ពោរពេញ​ទៅ​ដោយ​ធម្មជាតិ​គ្រប់​ជ្រុង​តែម្តង​។​

          ​បើ​ទោះបីជា​ទើប​តែ​មាន​វត្តមាន​ក៏​ពិតមែន​ ប៉ុន្ត​ការ​គាំទ្រ​ហាង​កាហ្វេ​ដ៏​ប្រណីត​ ​លុម្ពិនី​ ​មាន​ចំនួន​លើស​ពី​ការ​រំពឹង​ទុក​ទៅទៀត​ ​តួយ៉ាង​ ​អតិថិជន​មានការ​ស្ងើចសរសើរ​ពុំ​ដាច់​ពី​មាត់​អំពី​ការ​តុបតែង​ ​សេវាកម្ម​បម្រើ​អតិថិជន​ ​រួម​ទាំង​រសជាតិ​នៃ​អាហារសម្រន់​ ​ភេសជ្ជៈ​ប្រចាំ​ហាង​នេះ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​កាហ្វេ​លាយ​ជាមួយនឹង​ទឹកដោះគោ​ស្រស់​ (​ភាគច្រើន​និយម​ហៅថា​កាហ្វេ​ឡាតេ) ​ភេសជ្ជៈ​ផា​សិន​សូ​ដា​ ​និង​ទឹកសូដា​ជាមួយនឹង​ស្លឹកគ្រៃ​ ​ជា​ប្រភេទ​ភេសជ្ជៈ​ប្រចាំ​ហាង​កាហ្វេ​ ​លុម្ពិនី​ ​មាន​រសជាតិ​ខុសប្លែក​ពី​ហាង​កាហ្វេ​ដទៃ​ ​ដោយ​ភេសជ្ជៈ​នីមួយៗ​ប្រើប្រាស់​តែ​បន្លែ​ ​ឬ​ផ្លែឈើ​ធម្មជាតិ​ក្នុងស្រុក​ ​ដើម្បី​បង្កើត​ជា​រូបមន្ត​ដោយខ្លួនឯង​ ​រីឯ​តម្លៃ​សម្រាប់​ភេសជ្ជៈ​ ​និង​អាហារសម្រន់​គឺ​មាន​តម្លៃ​ចាប់ពី​ ​១.​៦​០​ ​ដុល្លារ​ ​រហូត​ទៅដល់​ ​២​.​៥​០​ដុល្លារ​តែប៉ុណ្ណោះ​។​

          ​«​លុម្ពិនី​»​ ​មិន​ត្រឹមតែ​ជា​ហាង​កាហ្វេ​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​ជា​ហាង​កាហ្វេ​ដ៏​ស័​ក្ត​សម​បំផុត​សម្រាប់​សិស្សានុសិស្ស​ ​អ្នកធ្វើការ​ ​ឬ​អ្នកជំនួញ​គ្រប់រូប​អាច​ពិភាក្សា​ការងារ​ចាំបាច់​ ​ដោយ​ពុំ​មាន​ភាព​តប់ប្រមល់​ឡើយ​ ​ក៏​ព្រោះតែ​បរិវេណ​នៅ​ទីនោះ​នឹង​ជំរុញ​ឲ្យការ​គិត​របស់​អ្នកមាន​ការ​រីក​ចម្រើន​ ​និង​ស្រស់ស្រាយ​។​ ​ទន្ទឹម​នឹង​នេះ​ ​លុម្ពិនី​ ​ក៏​ទទួល​បើកទ្វារ​ស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៧​ ​ព្រឹក​រហូតដល់​ម៉ោង​ ​៨​ ​យប់​ផង​ដែរ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS