សណ្តែកបណ្តុះគឺជាបន្លែស្រស់ដ៏ពេញនិយមដែលជាទូទៅគេអាចហូបឆៅឬឆ្អិន អាចយកមកបន្ថែមលើមុខម្ហូបនិងធ្វើសម្លគោកសម្លទឹករួមទាំងអាចធ្វើជាជ្រក់ហូមក្លែមជាមួយត្រីសាច់អាំងយ៉ាងឆ្ងាញ់ពិសា។ បច្ចុប្បន្នយើងអាចរកទិញសណ្តែកបណ្តុះបានយ៉ាងងាយនៅលើទីផ្សារ ប៉ុន្តែសណ្តែកបណ្តុះនៅតាមបណ្តាកន្លែងលក់មួយចំនួនបានប្រើប្រាស់សារធាតុគីមីដើម្បី រក្សាពណ៌ រក្សាគុណភាពដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគទៅថ្ងៃក្រោយផងដែរ។ នៅក្នុងអត្ថបទនេះសូវរីននឹងបង្រៀនអំពីវិធីបណ្តុះសណ្តែកបណ្តុះដោយខ្លួនឯងតាមវិធីងាយៗដែលទទួលបានផលក្នុងរយៈពេលត្រឹមតែ៣ទៅ៤ថ្ងៃ ហើយលើសពីនេះអ្នកក៏នឹងបានជ្រាបអំពីគុណតម្លៃអាហាររូបត្ថម្ភនៃសណ្តែកបណ្តុះផងដែរ។
វិធីទី១៖ របស់ដែលយើងត្រៀមបណ្តុះរួមមាន គ្រាប់សណ្តែកខៀវ ស្បៃ និងសំបកដបទឹក (ដបចំណុះ១លីត្រកន្លះ)។ អនុវត្តយកសណ្តែកដាក់ត្រាំឲ្យលិចក្នុងទឹកធម្មតាឬទឹកក្តៅឧណ្ហៗរយៈពេល៣០នាទីដើម្បីដាស់ដំណេកសណ្តែកឡើងវិញ។ រយៈពេលរង់ចាំ យើងយកដបទឹកកាត់មាត់ដបទំហំសមល្មមឬស្មើដបដើម្បីងាយស្រួលចាក់ទឹកនិងបារចេញ។ បន្ទាប់មកស្រង់យកសណ្តែកដែលត្រាំមកដាក់ក្នុងដប និងធ្វើការចាក់ទឹកស្រោចម្តងទៀតរួចសម្រិតទឹកចេញឲ្យអស់ហើយយកស្បៃគ្របដបឲ្យជិតទុកនៅកន្លែងគ្មានពន្លឺ និងមិនមានខ្យល់ចេញចូល។ ធ្វើការអនុវត្តចាក់ទឹកស្រោចសណ្តែកក្នុងដបមួយថ្ងៃពីរដងជាប្រចាំ ហើយត្រូវចាំថាត្រូវសម្រិតទឹកចេញឲ្យអស់រាល់ពេលស្រោចទឹកម្តងៗ ព្រោះយើងគ្រាន់តែផ្សើមសណ្តែកមិនមែនស្តុកទឹកក្នុងដបត្រាំនោះទេ។ ជាលទ្ធផលរយៈពេលត្រឹមតែ៣ទៅ៤ថ្ងៃអ្នកនឹងទទួលបានសណ្តែកបណ្តុះធម្មជាតិដែលបណ្តុះឡើងដោយថ្វីដៃខ្លួនឯង។ គួរបញ្ជក់ផងដែរថា ក្នុងសំបកដបចំណុះ១លីត្រកន្លះអាចដាក់គ្រាប់សណ្តែកត្រឹមតែ១ស្លាបព្រាបាយកន្លះបានហើយ។
វិធីទី២៖ របស់ដែលយើងត្រៀមបណ្តុះរួមមាន គ្រាប់សណ្តែកខៀវ ស្បៃ កញ្ច្រែង ឆ្នាំងឬចានដែកទ្រ (សម្រាប់ទ្រកញ្ច្រែង) ចានគោម និងក្រណាត់ខ្មៅ។ ជាដំបូងយកសណ្តែកខៀវប្រមាណកន្លះកំប៉ុងដាក់ត្រាំទឹកក្នុងចានគោមរយៈពេល ២៤ម៉ោង បន្ទាប់មករៀបកញ្ច្រែងដោយដាក់ឆ្នាំងឬចានដែកទ្រពីក្រោមរួចយកស្បៃមកទ្រាប់លើកញ្ច្រែងនោះ។ កាលណាត្រាំគ្រាប់សណ្តែកគ្រប់មួយថ្ងៃហើយ យើងស្រង់គ្រាប់សណ្តែកមកដាក់ពាសរាបស្មើលើកញ្ច្រែងដែលបានទ្រាប់ស្បៃ។ ធ្វើការចាក់ទឹកស្រោចពីលើគ្រាប់សណ្តែកម្តងទៀតរួចយកក្រណាត់ខ្មៅមកគ្របឲ្យជិតទុកនៅកន្លែងគ្មានពន្លឺនិងហប់ខ្យល់ល្អ។ ធ្វើការចាក់ទឹករៀងរាល់៣ម៉ោងម្តង ឬបើគ្មានពេលត្រឹមតែ៣ដងក្នុងមួយថ្ងៃក៏បាន ចំណែកទឹកដែលស្រោចហូរពីកញ្ច្រែងចូលទៅក្នុងឆ្នាំងត្រូវលើកចាក់ចោលជានិច្ច។ អនុវត្តស្រោចទឹកជាប្រចាំរយៈពេល៥ទៅ៦ថ្ងៃ យើងនឹងបានសណ្តែកបណ្តុះទទួលទាន ហើយអាចប្រមូលលើកដាក់ក្លាសេក្នុងទូរទឹកករយៈមួយអាទិត្យផងដែរ៕
Article by HEM SOKKHIM