គួរមានជំនាញអ្វីមុននឹងចាប់ផ្តើមអាជីពជាអ្នកច្នៃម៉ូដហ្វេហ្សិនឌីហ្សាញ?
FASHION & BEAUTY 4 years agoអ្នកច្នៃម៉ូដហ្វេហ្សិនឌីហ្សាញ ជាអាជីពមួយដ៏មានប្រជាប្រិយភាព និងមានការពេញនិយមជាច្រើន ក៏ព្រោះតែស្ថិតនៅក្នុងវិស័យនេះ អ្នកច្នៃម៉ូដហ្វេហ្សិនគ្រប់រូបអាចបង្ហាញពីគំនិតច្នៃប្រតិដ្ឋរបស់ពួកគេតាមរយៈការរចនាម៉ូដសម្លៀកបំពាក់សម្រាប់តារាល្បីៗ រហូតឈានដល់ការរចនាម៉ូដសម្លៀកបំពាក់ប្លែកៗសម្រាប់ធ្វើការបង្ហាញម៉ូដជាលក្ខណៈអន្តរជាតិថែមទៀតផង។ ក្នុងនោះដែរ ដើម្បីបង្កើតកេរ្តិ៍ឈ្មោះរបស់អ្នកនៅក្នុងឧស្សាហកម្មនេះ អ្នកគប្បីតែលះបង់ទម្លាប់ និងហ្វឹកហាត់ជំនាញមួយចំនួនប្រសិនបើពិតជាមានបំណងចង់ក្លាយជាអ្នកច្នៃម៉ូដហ្វេហ្សិន។
១. សមត្ថភាពនៃការគូរ
ដើម្បីជាអ្នកច្នៃម៉ូដហ្វេហ្សិនដ៏ជំនាញនោះ អ្នកគួរតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគូររូបដែលពិព័រនាពីម៉ូដសម្លៀកបំពាក់របស់អ្នក។ ជាក់ស្តែង តាមរយៈគំនូរនៃការគូររបស់អ្នកមិនត្រឹមតែបានផ្តល់នូវព័ត៌មានដូចជា៖ ម៉ូដ ពណ៌ក្រណាត់ ទំហំ រូបរាងតែម៉្យាងនោះទេ ប៉ុន្តែវាជាគំរូមួយដែលជំរុញការគិតរបស់អ្នកក្នុងការបន្ថែមនូវចន្លោះខ្វះខាតនៃការរចនារបស់អ្នក។
២. សមត្ថភាពនៃការប្រាស្រ័យទាក់ទង
ការបង្កើតទំនាក់ទំនងជាផ្នែកមួយដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេស ស្ថិតនៅក្នុងវិស័យហ្វេហ្សិននេះតែម្តង។ ទន្ទឹមនឹងកត្តានេះដែរ ប្រសិនបើអ្នកពិតជាចង់ឲ្យអាជីពអ្នកច្នៃម៉ូដហ្វេហ្សិនរបស់អ្នកទទួលបានភាពជោគជ័យ អ្នកគួរតែមានការទំនាក់ទំនងល្អ និងការសម្របតាមកាលៈទេសៈនៅក្នុងវិស័យនេះ។ ជាក់ស្តែង ចំណុចនៃការចាប់ផ្តើមនោះគឺអ្នកគួរសាកល្បងស្វែងយល់បទពិសោធន៍មួយចំនួនពីសិស្សច្បងជាមុនសិនទើបប្រសើរ។
៣. ត្រូវសម្របនៃការធ្វើការងារជាក្រុម
ពុំថាស្ថិតនៅក្នុងវិស័យណានោះទេ ការធ្វើការងារជាក្រុមគឺមានអត្ថប្រយោជន៍ និងមានចំណុចសំខាន់ជាច្រើនសម្រាប់មនុស្សម្នាក់ៗ។ ជាក់ស្តែង ការងារជាក្រុមជាផ្នែកមួយដែលអាចបង្កើតគំនិតរបស់អ្នកបាន ក៏ព្រោះតែសមាជិកក្នុងក្រុមសុទ្ធតែមានផ្នត់គំនិតផ្សេងៗគ្នាដូច្នេះហើយ ប្រសិនបើអ្នកទទួលយកចំណុចវិជ្ជមាន គួបផ្សំនឹងគំនិតរបស់ខ្លួនបន្ថែមទៀតនោះគោលដៅរបស់អ្នកនឹងទទួលជោគជ័យ។ ដូច្នេះ បើអ្នកមានទំនោរធ្វើការងារម្នាក់ឯងនោះ អ្នកគួររៀនកែប្រែទម្លាប់នេះដោយជ្រើសរើសមនុស្សជុំវិញខ្លួន។
៤. ទាមទារការអត់ធ្មត់ និងការលះបង់របស់អ្នក
អ្នកណាថាអ្នកច្នៃម៉ូដមានការងារ និងកាតព្វកិច្ចតិចនោះ? ជាក់ស្តែង អ្នកច្នៃម៉ូដតែងតែមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការច្នៃម៉ូដពីមួយសម្លៀកបំពាក់ទៅមួយសម្លៀកបំពាក់ទៀត ជាពិសេស ប្រសិនបើរដូវកាលថ្មីមកដល់ហើយនោះ អ្នកច្នៃម៉ូដម្នាក់ៗតែងចំណាយពេលវេលាផ្ទាល់ខ្លួនទាំងយប់ ទាំងថ្ងៃ ដើម្បីបញ្ចប់គម្រោងឲ្យទាន់ពេលវេលា។ ហេតុដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តជ្រើសរើសផ្នែកនេះ អ្នកគួរតែប្រាកដថាអ្នកអាចអត់ធ្មត់គ្រប់បញ្ហា និងអាចលះបង់ពេលវេលាផ្ទាល់ខ្លួនក្នុងការចាប់យកអាជីពជាអ្នកច្នៃម៉ូដហ្វេហ្សិន។
៥. ជំនាញដេរ
ជំនាញដេរ ជាផ្នែកមួយដ៏សំខាន់សម្រាប់ដេរភ្ជាប់សាច់ក្រណាត់នីមួយៗ ដើម្បីរចនាម៉ូដសម្លៀកបំពាក់នោះចេញជារូបរាងផ្លូវការដូចដែរការគូរម៉ូដផងដែរ។ ដូច្នេះ បើសិនជាអ្នកពុំអាចដេរបានទេនោះ អ្នកគួរតែរៀននឹងសាកល្បងក្នុងការដេរឲ្យបានល្អ ទោះបីជាអ្នកនឹងរៀនពីរបៀបដេរវានៅសាលាក៏ដោយ។
៦. ការសិក្សាស្រាវជ្រាវបន្ថែម
ការស្រាវជ្រាវជាតម្រុយមួយដែលធ្វើឲ្យការគិតរបស់អ្នកមានភាពរហ័ស ប៉ុន្តែនៅក្នុងន័យនេះសំដៅទៅលើការស្រាវជ្រាវ ឬសិក្សាពីប្រភេទសាច់ក្រណាត់មុននឹងអ្នកជ្រើសរើសមករចនា។ ជាក់ស្តែង ជាទូទៅអ្នករចនារ៉ូបអាពាហ៍ពិពាហ៍ចៀសវាងប្រើសូត្រព្រោះវាងាយនឹងធ្វើឲ្យខូចម៉ូដរចនា ឬបង្កជាស្នាមជ្រួញលើរ៉ូបនៅពេលថតរូបសម្រាបអាពាហ៍ពិពាហ៍។ ហេតុដូចនេះហើយ ការស្រាវជ្រាវមានសារៈសំខាន់ក្នុងវិស័យហ្វេហ្សិន៕
Article by PAN SIVLY