ហ្គ្រីនឡេឌីនៅតែបន្តលើកទឹកចិត្តស្ត្រីគ្រប់រូបក្លាហានពិភាក្សាពីជំងឺស្ត្រី
NEWS 3 years ago ប្រិយមិត្តមួយចំនួនប្រាកដជាបានឈ្វេងយល់ព័ត៌មានសំខាន់ៗជាច្រើនបានផ្សព្វផ្សាយទាក់ទងនឹងហ្គ្រីនឡេឌីដែលផលិតក្រណាត់ស្ត្រីសម្រាប់ជំនួសនៃការប្រើប្រាស់សំឡីអនាម័យប្លាស្ទិកនៅពេលមិត្តៗស្ត្រីគ្រប់រូបចាប់ផ្តើមមានវដ្តរដូវជារៀងរាល់ជាដើម។ ជាក់ស្តែង ស្ត្រីដែលស្ថិតនៅក្នុងតំបន់អាស៊ីតែងនិយមប្រើប្រាស់សំឡីអនាម័យប្លាស្ទិកច្រើនជាងការប្រើប្រាស់ប្រភេទថេមផុន (Tampon) ឬពែងរដូវ ហើយស្ត្រីភាគតិចបំផុតដែលស្គាល់ពីអត្ថប្រយោជន៍របស់ថេមផុន ពែងរដូវ ឬក្រណាត់ស្ត្រីដែលមានការប្រើប្រាស់ងាយស្រួលជាងការប្រើប្រាស់សំឡីអនាម័យប្លាស្ទិកផងដែរ។
ជំនួបជាមួយនឹងស្ថាបនិកានៃស្លាកយីហោហ្គ្រីនឡេឌី កញ្ញា ហុក សុវណ្ណវត្តី បានចែករំលែកបទពិសោធន៍ជាច្រើនដែលទាក់ទងនឹងវដ្តរដូវស្ត្រី ក៏ដូចជាចំណេះដឹងសំខាន់ៗនៃជំងឺស្ត្រីផងដែរ។ ប្រសិនបើតាមការលើកឡើងរបស់កញ្ញាបានឲ្យដឹងថា សព្វថ្ងៃនេះការប្រើប្រាស់សំឡីអនាម័យប្លាស្ទិកជាទម្លាប់ធម្មតារបស់ស្ត្រីគ្រប់រូបទៅហើយ ប៉ុន្តែពួកគេពុំទាន់ដឹងថាវាបានផ្តល់នូវផលសំខាន់អ្វីខ្លះដល់ស្ត្រីនៅថ្ងៃក្រោយនោះទេ ជាពិសេស ស្ត្រីដែលនិយមប្រើប្រាស់សំឡីអនាម័យប្លាស្ទិកមានក្លិនប្រហើរ ឬត្រជាក់តែម្តងដែលនៅក្នុងនោះត្រូវបានគេដឹងថាវាមានសារធាតុជាច្រើនអាចនឹងផ្តល់ផលប៉ះពាល់នានាដល់ស្ត្រី ហើយម៉្យាងវិញទៀត សំឡីអនាម័យទាំងនោះអាចប្រើបានត្រឹមតែ៣ម៉ោងតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កញ្ញា វត្តីក៏បានបង្ហាញថា យើងបានដឹងថាស្ត្រីភាគច្រើនមានភាពខ្មាសអៀនក្នុងការពិភាក្សាសុខភាពស្ត្រី ហើយនៅក្នុងអំឡុងឆ្នាំ២០១៦ ជំងឺមហារីកស្បូនជាប់លំដាប់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ី បន្ទាប់មកក្រុមអ្នកជំនាញស្វែងរកដំណោះស្រាយ និងការព្យាបាលជាច្រើនវិធិសាស្ត្រ តួយ៉ាង ដូចជាការផ្សព្វផ្សាយបើកជំហទាក់ទងនឹងបញ្ហានេះ ដើម្បីឲ្យស្ត្រីមានភាពបង្ការ ឬបង្កើនអនាម័យផងដែរ។ កញ្ញាបានលើកឡើងថា «សុខភាពផ្លូវភេទ និងបន្តពូជក្នុងប្រទេសយើងនៅមានកម្រិតនៅឡើយដូចជាបណ្តាសាលារៀនមួយចំនួនអាចនឹងពន្យល់សិស្សរបស់គាត់ក្បោះក្បាយឬក៏អត់នោះទេ ហើយចំណុចនេះដែរពិតជាសំខាន់សម្រាប់ស្ត្រីពីជំនាន់មួយទៅជំនាន់មួយទៀតផងដែរ»។
មិត្តៗស្ត្រីមួយចំនួនប្រាកដជាមានការអាលែកហ្ស៊ីនឹងសំឡីអនាម័យដែលមានសញ្ញាដូចជា៖ ឡើងកន្ទួល រមាស់ ឬមានអាការៈផ្សេងទៀតដែលធ្វើឲ្យមានការឈឺចុកចាប់ អ្នកគួរតែរៀនទម្លាប់ផ្លាស់ប្តូរនៃការប្រើប្រាស់ពីសំឡីមកកាន់ការប្រើប្រាស់ក្រណាត់ស្ត្រី ឬពែងរដូវទើបប្រសើរ។ ជាក់ស្តែង ក្រណាត់ស្ត្រីដែលជាផលិតផលរបស់ហ្គ្រីនឡេឌីផលិតពីកប្បាសធម្មជាតិដែលសុទ្ធសឹងតែប្រើប្រាស់ធនធាន និងសម្ភារក្នុងស្រុកថែមទៀត តួយ៉ាង សង្វាក់នៃការផលិតទាំងអស់ជាកិច្ចការខិតខំប្រឹងប្រែងពីប្រជាជនខ្មែរនៅតាមទីជនបទ តាមរយៈពេលពួកគេមិនត្រឹមតែអាចរកប្រាក់កម្រៃតែម៉្យាងនោះទេ ប៉ុន្តែពួកគេថែមទាំងអាចស្វែងយល់បន្ថែមពីក្រណាត់ស្ត្រី ពែងរដូវ ឬចំណេះដឹងផ្សេងៗទាក់ទងនឹងសុខភាពផ្លូវភេទ និងបន្តពូជផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាបនិកាវ័យក្មេងក៏បញ្ជាក់យ៉ាងដូច្នេះថា ក្រណាត់ស្ត្រីអាចរក្សា និងមានគុណភាពរហូតទៅដល់៣ឆ្នាំឯណោះ រីឯការប្រើប្រាស់វិញបន្ទាប់ពីប្រើប្រាស់រួចយើងគ្រាន់តែធ្វើការបោកសម្អាតថ្នមៗ និងហាលក្រោមពន្លឺព្រះអាទិត្យល្អជាការស្រេចដែលវាជាជម្រើសដ៏ល្អបំផុតសម្រាប់ស្ត្រីកំពុងមានការអាលែកហ្ស៊ីជាមួយនឹងសំឡីអនាម័យ ហើយក៏ជាផ្នែកមួយដែលបានចូលរួមក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកថែមទៀត។
ជាចុងក្រោយ ស្ថាបនិកាហ្គ្រីនឡេឌីក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា សុខភាពស្ត្រីពិតជាសំខាន់ដូច្នេះស្ត្រីគ្រប់រូបគួរតែមានភាពរឹងមាំក្នុងការពិភាក្សាបើកជំហ ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួនទាន់ពេលវេលា និងចែករំលែកចំណេះដឹងដែលខ្លួនបានដឹងទៅកាន់មនុស្សជុំវិញខ្លួន ដើម្បីជាឪកាសសម្រាប់គួរផ្សព្វផ្សាយដំណឹងល្អៗជាបន្តបន្ទាប់៕
Article by PAN SIVLY