ទម្លាប់៦យ៉ាងដែលស្ត្រីគួរគប្បីធ្វើដើម្បីការពារស្បែកមុន និងក្រោយពេលហាត់ប្រាណ
TRAVEL & LIVING 3 years ago ការធ្វើលំហាត់ប្រាណមិនត្រឹមតែមានអត្ថប្រយោជន៍ជួយកាត់បន្ថយស្ត្រេសនិងនាំមកនូវសុខភាពមាំមួនប៉ុណ្ណោះទេ ថែមទាំងជួយដល់សម្រស់ធ្វើឲ្យស្បែកតឹងណែនក្មេងជាងវ័យ ប្រឆាំងភាពចាស់ កាត់បន្ថយបញ្ហាមុន បញ្ហារមាស់ ការបំផ្លាញកោសិកាស្បែក និងបន្ថែមសំណើមដល់ស្បែកជាដើម។ បើទោះការធ្វើលំហាត់ប្រាណបានផ្តល់អត្ថប្រយោជន៍ទ្វេយ៉ាងនេះក្តី ក៏នៅមានចំណុចសំខាន់មួយទៀតដែលសុភាពនារីគួរគប្បីប្រកាន់ខ្ជាប់នោះគឺទម្លាប់ការការពារសម្រស់នៅមុននិងក្រោយពេលធ្វើលំហាត់ប្រាណ។ ចុះតើទម្លាប់ទាំងនោះមានអ្វីខ្លះ?។
ជាទូទៅការធ្វើលំហាត់ប្រាណមានច្រើនបែបដែលស្ត្រីអាចអនុវត្តនៅកន្លែងណាមួយ និងពេលវេលាណាមួយអាស្រ័យលើចំណូលចិត្តក៏ដូចជាពេលវេលាទំនេររៀងខ្លួន។ ករណីស្ត្រីធ្វើលំហាត់ប្រាណនៅខាងក្រៅក្រោមកំដៅថ្ងៃឬនៅក្នុងក្លឹបហាត់ប្រាណក្រោមពន្លឺភ្លើងអគ្គិសនី គួរទម្លាប់លាបឡេការពារកម្តៅថ្ងៃដែលមានសារធាតុ SPF យ៉ាងហោចណាស់ ៣០ នេះក៏ព្រោះមិនថាកំដៅថ្ងៃឬពន្លឺភ្លើងអគ្គិសនីសុទ្ធតែជះឥទ្ធិពលបំផ្លាញដល់ស្បែកនិងធ្វើឲ្យស្បែកចាស់ជាងវ័យ។ សម្រាប់ស្ត្រីហាត់ប្រាណខាងក្រៅត្រូវប្រាកដថាឡេការពារកំដៅថ្ងៃរបស់ខ្លួនគឺជាប្រភេទធន់នឹងទឹកធន់នឹងញើសរក្សាការការពាររយៈពេលយូរ។ អាចជ្រើសរើសឡេការពារកម្តៅថ្ងៃប្រភេទ Sport Sunscreen។ ធ្វើការលាបឡេមុនពេលហាត់ប្រាណនៅលើមុខ កមុខនិងក្រោយ ទ្រូង និងខ្នង ដែលសុទ្ធសឹងជាកន្លែងឆាប់បង្ហាញភាពចាស់ក៏ដូចជាស្បែកពណ៌មិនស្មើគ្នានៅពេលឈានដល់វ័យ៣០ឆ្នាំ។ យ៉ាងណាមិញស្ត្រីមួយចំនួនគិតថាការតុបតែងមុខទៅហាត់ប្រាណឬទៅហាត់ប្រាណទាំងមាន Makeup លើផ្ទៃមុខនឹងបង្កឲ្យស្បែកឡើងកន្ទួលរមាស់ ប៉ុន្តែផ្ទុយមកវិញអ្នកជំនាញបានលើកឡើងថាវាមិនបង្កផលប៉ះពាល់អ្វីឡើយ គ្រាន់តែការប្រើគ្រឿងសម្អាងមិនធន់នឹងទឹកអាចនឹងធ្វើឲ្យប្រតាកខូចសម្រស់ Makeup ប៉ុណ្ណោះ។ មួយវិញទៀតប្រសិនបើមិនចង់ឲ្យមុខបែកញើសខ្លាំងចូរជៀសវាងលាបឡេផ្តល់សំណើមស្បែកខ្ពស់នៅមុនពេលហាត់ប្រាណ។ ដោយឡែកងាកមកការថែរក្សាការពារនៅក្រោយពេលហាត់ប្រាណវិញ ចំណុចសំខាន់ចម្បងគឺអនាម័យ។ ជាតិពុលបញ្ចេញមកជាមួយញើសហូរកកជាប់សម្លៀកបំពាក់អាចបង្កមេរោគផ្សេងៗទៅលើស្បែកដូចជាធ្វើឲ្យឡើងមុនតូចធំឬឡើងកន្ទួលរមាស់ជាដើម ដូច្នេះគួរបោកសម្អាតសម្លៀកបំពាក់ឲ្យបានស្អាត និងស្លៀកសម្លៀកបំពាក់ឆ្លាស់គ្នាថ្មីជានិច្ច។ រីឯការអនាម័យរាងកាយ ប្រសិនបើមិនបានសម្អាតខ្លួនភ្លាមៗអាចសម្អាតត្រឹមផ្ទៃមុខមុនសិនជាមួយហ្វូមហើយលាបគ្រីមផ្តល់សំណើមមុនចាកចេញពីកន្លែងហាត់ប្រាណ ពីព្រោះការទុកឲ្យញើសលើមុខស្ងួតដែលពោរពេញទៅដោយជាតិពុលនិងកម្ទេចធូលីនឹងធ្វើឲ្យរន្ធរោមកកស្ទះបង្កមេរោគកើតមុនយ៉ាងឆាប់រហ័ស។ ក្រៅពីសម្អាតមុខរួចរាល់ និងលាបគ្រីមផ្តល់សំណើមស្បែក ជំហានបន្ទាប់បន្ថែមលាបឡេការពារកម្តៅថ្ងៃប្រភេទ Tinted Sunscreen មួយជាន់ទៀតដែលអ្នកជំនាញផ្នែករោគស្បែកជាច្រើនបានលើកឡើងថា វាមិនត្រឹមតែមានតួនាទីការពារស្បែកពីពន្លឺភ្លើងអគ្គិសនីនោះទេ ថែមទាំងជួយឲ្យស្បែកស្រទន់ និងពណ៌ស្មើគ្នាផងដែរ។
គួរដឹងដែរថាគ្រប់ប្រភេទឡេការពារកម្តៅថ្ងៃទាំងអស់មានតួនាទីប្រឆាំងកាំរស្មីយូវីដែលបំផ្លាញខូឡេជេនដែលជាប្រូតេអ៊ីននៅក្នុងស្បែកធ្វើឲ្យស្បែកភ្លឺថ្លាស្អាតមិនងាយចាស់។ ក្រោយធ្វើលំហាត់ប្រាណអ្នកប្រាកដជាត្រូវការឲ្យសាច់ដុំសម្រាក ហើយសូម្បីតែស្បែកមុខរបស់អ្នកក៏ត្រូវការការសម្រាកដូចគ្នា ដូចនេះប្រសិនបើអ្នកហាត់ប្រាណក្រោមកំដៅថ្ងៃអ្នកគួរលាងមុខជាមួយទឹកត្រជាក់ឬលាបម៉ាសត្រជាក់មុនពេលចូលគេង រួចទើបលាបគ្រឿងរក្សាសម្រស់ប្រចាំថ្ងៃតាមក្រោយជាការស្រេច។ និយាយជារួមមកការទម្លាប់កម្តៅសាច់ដុំជាប្រចាំតាមរយៈការធ្វើលំហាត់ប្រាណមិនថាបែបណាមួយនឹងផ្តល់មកវិញទាំងសម្រស់ស្រស់ស្អាតនិងសុខភាពមាំមួន ហើយវាកាន់តែសំខាន់ដែលស្ត្រីគ្រប់រូបគប្បីទម្លាប់ប្រកាន់ខ្ជាប់នូវការការពារស្បែកតាមរយៈតិចនិចងាយៗដូចដែលសូវរីនបានលើកឡើងដើម្បីទទួលបានភាពស្រស់ស្អាតទៅទាំងព្រមផងដែរ៕
Article by Hem Sokkhim