បញ្ហាកូវីដនៅតែជាក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋទោះបីជាតំបន់ភាគច្រើនបានក្លាយជាតំបន់លឿងវិញទៅហើយក៏ដោយ។ ដូចនេះ ដើម្បីសុវត្ថិភាពបុគ្គលនិងក្រុមគ្រួសារជាទីស្រឡាញ់របសលោកអ្នក សូវរីនសូមណែនាំអាហារសម្រន់ចំនួន៧មុខដែលលោកអ្នកអាចធ្វើសាកល្បងរៀនធ្វើនៅផ្ទះដោយខ្លួនឯងឆ្លាស់ថ្ងៃគ្នាក្នុងរយៈពេលមួយសប្តាហ៍ពេញតែម្តង៖
១.នំពងទាចេក
គ្រឿងផ្សំ៖
ក្រដាសពុម្ពនំខេក
ម្សៅនំពងទា ១៨០ ក្រាម
ស្ករស ១៩០ ក្រាម
អំបិល ១/២ ស្លាបព្រាកាហ្វេ
ផ្លែចេកទុំ ៦ផ្លែ
ទឹកដោះគោជូរ ៥០ក្រាម
ទឹកដោះគោ (ស្រស់) ៦0 ក្រាម
ពងទា ឬ ពងមាន់ ២ គ្រាប់
វិធីធ្វើ ជាដំបូងអ្នកត្រូវចិតចេកជាដុំៗ បន្ទាប់មកយកមកកិនឲ្យម៉ត់ទុកដោយឡែក។ វាយស៊ុតឱ្យម៉ត់ បន្ទាប់មកលាយម្សៅចូលជាមួយចេកដែលក្រឡុកហើយ ដោយបន្ថែមស្ករស អំបិល ទឹកដោះគោជូរ ទឹកដោះគោស្រស់ លាយចូលគ្នាឲ្យម៉ត់។ បន្ទាប់មកដួសដាក់ក្រដាសពុម្ពនំ ហើយយកទៅចំហុយរហូតដល់នំឡើង និង ឆ្អិនល្អជាការស្រេច។
២.ឆៃថាវចៀនបន្ទះ
គ្រឿងផ្សំ៖
ឆៃថាវ (ឈូសជាសរសៃវែងៗ)
ការ៉ុត (ហាន់ជាដុំតូចៗ)
មេ្ទសប្លោកខៀវ (ហាន់ជាដុំតូចៗ)
សាច់ជ្រូកផាត់ ១០០ក្រាម
អំបិលស៊ុប មួយចឹប
ស្ករស បនិ្តច
ម្សៅបំពង
របៀបធ្វើ
ជាដំបូងយើងយកឆៃថាវទៅត្រូវត្រាំទឹកអំបិលចោលសិន ទុកប្រហែល២០នាទីចាំយកមកលាងទឹកធម្មតាឲ្យបានស្អាត រួចច្របាច់ទឹកវាចេញឲ្យអស់ សឹមយកមកលាយគ្រឿងទាំងអស់បញ្ចូលគ្នារួមមាន សាច់ជ្រូកផាត់ ឆៃថាវ ការ៉ុត មេ្ទសប្លោកខៀវ អំបិលស៊ុប ស្ករស ម្សៅបំពងរួចកូរឲ្យសព្វ ហើយចាំយើងដាក់ចៀនក្នុងប្រេងឆាដែលក្តៅខ្លាំងរហូតដល់បន្ទះឆៃថាវយើងរៀងក្រហមបន្តិចជាការស្រេច។
៣.តៅហ៊ូបំពងល្ង
គ្រឿងផ្សំ៖
ល្ងស ៥០ក្រាម
ល្ងខ្មៅ ៥០ក្រាម
តៅហ៊ួ ៤ដុំ
សាច់ជ្រូក៣០០ក្រាម
ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
ខ្ទឹមសចិញ្ច្រាំ ៤កំពឹស
ម្ទេស (តាមចំណូលចិត្ត)
ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
ម្សៅបំពង (តាមបរិមាណសាច់ជ្រូក)
របៀបធ្វើ បន្ទាប់ពីលាងសម្អាតសាច់ជ្រូកហើយ ចិញ្ច្រាំសាច់ជ្រូកឲ្យម៉ត់ ដាក់លាយម្សៅស៊ុប ខ្ទឹមស ជាមួយសាច់សំរាប់ធ្វើជាស្នូល។ ដោយឡែកម្ទេស និងខ្ទឹមស ចិញ្ច្រាំឲ្យម៉ត់រួចចាក់ ទឹកស៊ីអ៊ីវចូលទុកសម្រាប់ធ្វើជាទឹកជ្រលក់។ បន្ទាប់មកលាយម្សៅបំពងជាមួយល្ងខ្មៅ និងសឱ្យសព្វល្អតាមបរិមាណនៃតៅហ៊ួដែលអ្នកចង់ធ្វើ។ បន្ទាប់មកវះតៅហ៊ួជាពីរ (កុំឲ្យដាច់ចេញពីគ្នា) រួចញាត់ស្នូលសាច់ជ្រូកដែលបានលាយគ្រឿងផ្សំខាងលើរួចហើយចូល។ បន្ទាប់មកយកតៅហ៊ូទៅជ្រលក់ជាមួយម្សៅបំពងរួចដាក់ក្នុងខ្ទះដែលខ្លាញ់កំពុងតែពុះខ្លាំង (មិនត្រូវប្រើភ្លើងខ្លាំងពេកទេ) រង់ចាំរហូតតៅហ៊ួឆ្អិនប្រហែល៥-៦នាទីជាការស្រេច ហើយអ្នកអាចទទួលទានបានជាមួយទឹកជ្រលក់ទឹកស៊ីអ៊ីវ ឬទឹកសៀងលាយទឹកម្ទេសក៏បានតាមចំណូលចិត្ត។
៤.នំបុ័ងជ្រលក់ខ្ទិះត្រាវ
គ្រឿងផ្សំ៖
ត្រាវ ៣០០ក្រាម (ស្ងោរឆ្អិន)
ម្សៅពោត ២០ក្រាម
ខិ្ទះដូង ២៥០មីលីលីត្រ
ទឹកដោះគោឆៅ ២៥០មីលីលីត្រ
អំបិល ២ក្រាម
ស្ករ ១៥០ក្រាម
ពងមាន់ ១គ្រាប់
នំបុ័ង ១ដើម
វិធីធ្វើ៖ជាដំបូង យើងត្រូវយកត្រាវដែលស្ងោរឆ្អិនមកក្រទ្បុកជាមួយនឹងទឹកដោះគោឆៅឲ្យម៉ត់ល្អសិន។ បន្ទាប់មកចាំយើងយកពងមាន់មកគោះដាក់ចានគោមមួយ ហើយលាយជាមួយគ្រឿងផ្សំដែលមានដូចជា ម្សៅពោត អំបិល ស្ករស និងខិ្ទះដូង រួចកូរវាឲ្យសព្វចាំចាក់ទឹកត្រាវចូល ហើយកូរបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។ ជាចុងក្រោយយើងយកទឹកត្រាវទៅកូរលើភ្លើងរហូតដល់ទឹកត្រាវរបស់យើងខាប់ល្អហើយជាការស្រេច។ នំប៉័ងហាន់ជាចំណិតជ្រលក់ញ៉ាំធម្មតា ឬ ឆ្អើរឲ្យស្រួយសិនក៏បាន តាមចំណូលចិត្ត។
៥.គាវបំពងស្នូលសាច់ស្ពៃក្តោប
គ្រឿងផ្សំ៖
សាច់ជ្រូក (កិន) ៣០០ក្រាម
ស្ពៃក្តោប (ហាន់លិ្អតៗ) ១៥០ក្រាម
ស្លឹកខ្ទឹម ១ស្លាបព្រាបាយ
ខ្ទឹមស ២កំពឹស (ចិញ្ច្រាំឲ្យម៉ត់)
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
ប្រេងល្ង ១ស្លាបព្រាបាយ
ស្ករស ៣ស្លាបព្រាកាហ្វេ
អំបិល ១ស្លាបព្រាកាហ្វេ
សំបកគាវ
ប្រេងឆា
វិធីធ្វើ៖ជាដំបូងយើងយកសាច់ជ្រូកមកលាយគ្រឿងជាមួយបន្លែនិងគ្រឿងទេសដែលមានដូចជាស្ពៃក្តោប ស្លឹកខ្ទឹម ខ្ទឹមស ទឹកស៊ីអ៊ីវ ប្រេងល្ង ស្ករស និង អំបិលរួចកូរចូលគ្នាឲ្យសព្វទើបយកមកខ្ចប់ជាមួយសំបកគាវ។ បន្ទាប់មកយើងដាក់ប្រេងឆាឲ្យក្តៅបន្តិចចាំដាក់គាវចូលទៅបំពងដោយបើកភ្លើងតិចៗបានហើយដើម្បីឆ្អិនដល់ស្នូលខាងក្នុងជាការស្រេច៕
៦.នំក្រូចទឹកល្ពៅ (នំពងត្រី)
គ្រឿងផ្សំ
ម្សៅដំណើប១គីឡូក្រាម
ល្ពៅ១០០ក្រាម
ល្ង៥០ក្រាម
ស្ករត្នោត ៣០០ក្រាម
វិធីធ្វើ៖កាច់កម្សៅដំណើបឲ្យស្អិតចូលគ្នាទុកដោយឡែក។ បន្ទាប់មកចិតសម្បកល្ពៅយកទៅស្ងោរឲ្យឆ្អិន ហើយទុកវាឲ្យត្រជាក់ចាំយកវាមកកិនឱ្យម៉ត់ ហើយច្របាច់ជាមួយម្សៅដំណើបរហូតទាល់តែរមួតសាច់ចូលគ្នាតែមួយ។ ដាក់ដាំទឹកក្ដៅក្នុងឆ្នាំឱ្យពុះបន្ទាប់មកលុញម្សៅដំណើបជារាងមូលៗដូចពងត្រី ហើយបង់ចូលទឹកដែលកំពុងតែពុះរហូតទាល់តែអស់ម្សៅ។ ក្រោយពីនំឆ្អិន ស្រង់វាដាក់ត្រាំក្នុងទឹកធម្មតាមួយសន្ទុះ រួចចាប់ផ្ដើមធ្វើការកម្លោចស្ករក្រហមរហូតដល់ឡើងជើងអង្ក្រង ហើយចាក់ទឹកខ្ទិះចុងចូល កូរឲ្យសព្វជាមួយស្ករទុករហូតដល់ពុះ សឹមបង់នំដែលបានស្ងោរឆ្អិនហើយនោះចូលហើយបង់អំបិលមួយចុងស្លាបព្រា ភ្លក់មើលឲ្យរាងផ្អែមមុតបន្តិច។ដោយឡែកល្ង អ្នកត្រូវយកទៅលីងឲ្យឈ្ងុយ។ នៅពេលទទួលទាន ដួសដាក់ចានហើយស្រោចទឹកខ្ទិះដើមពីលើរួមទាំងរោយល្ងពីលើជាការស្រេច។
៧.សាច់មាន់ចង្កាក់អាំងបែបប៉ាគីស្ថាន
គ្រឿងផ្សំ
សាច់មាន់ ៥០០ក្រាម
ខឹ្ទមបារាំងឆា ៤ ស្លាបព្រាបាយ
ខ្ញីកិនជាមួយខឹ្ទមស ១ស្លាបព្រាបាយ
ម្សៅជីរវ៉ាន់ស៊ុយ ៣ ស្លាបព្រាបាយ
ម្សៅមេ្ទស ២ ស្លាបព្រាបាយ
ម្សៅ Cumin ១/២ ស្លាបព្រាបាយ
ម្រេច ១/៤ស្លាបព្រាបាយ
សឹ្លកជីរអង្កាម (ចិញ្ច្រាំ) ១ស្លាបព្រាបាយ
ជីរវ៉ាន់ស៊ុយ (ចិញ្ច្រាំ) ២ស្លាបព្រាបាយ
ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ
អំបិល បនិ្តច
ស្ករស មួយចឹប
ប្រេងឆា
របៀបធ្វើ៖ដំបូងយើងគ្រាន់តែយកសាច់មាន់របស់យើងមកកិនឬចិញ្រ្ចាំឲ្យម៉ត់ជាមុនសិន ចាំយើងយកគ្រឿងផ្សំដែលមានដូចខាងលើមកប្រឡាក់និងលាយបញ្ចូលគ្នាឲ្យសព្វគ្រឿងបានល្អ បន្ទាប់មកយកវាទៅពូនឲ្យចេញជារាងច្រវាមូល និងដោតចង្កាក់ ហើយសឹមយកវាទៅអាំងលើភ្លើងរហូតដល់សាច់មាន់យើងឆិ្អនល្អនិងក្រហមបនិ្តចជាការស្រេច។ ញ៉ាំផ្ទាប់ជាមួយបន្លែស្រស់ ឬ នំប៉័ងតាមចំណូលចិត្តរបស់លោកអ្នក។