កាលបើបានឮឈ្មោះភេសជ្ជៈនេះហើយ ប្រិយមិត្តប្រហែលជាស្មានថាវាជាប្រភេទកាហ្វេឡាតេម្យ៉ាងហើយ ប៉ុន្តែតាមពិតវាមិនដូច្នោះឡើយ។ ផ្ទុយទៅវិញ វាជាភេសជ្ជៈសុខភាពដែលគ្មានជាតិកាហ្វេអ៊ីននោះទេ ដែលផ្សំឡើងដោយបន្លែបៃតង ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ដោយសារមានការពេញនិយមទទួលទានភេសជ្ជៈសុខភាពនេះជំនួសឲ្យកាហ្វេពេលព្រឹក របស់តារាម៉ូឌែលស្រី តារាហូលីវូដ ដូចជា Gigi Hadid, Blake Lively និង Meghan Markle ជាដើម ទើបក្រោយមក ក៏នាំគ្នាហៅឈ្មោះបែបនេះ។ ភេសជ្ជៈនេះខ្លះក៏ហៅថា “Green Juice” ឬ “Green Smoothie”។ល។ តោះយើងនាំគ្នាទៅមើលពីវិធីធ្វើភេសជ្ជៈបៃតងនេះ ព្រមទាំងគុណប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព និងសម្រស់។
គ្រឿងផ្សំ៖
១. បន្លែបៃតង (ស្ពៃខឹនឆាយ ផ្កាខាត់ណាបៃតង ស្ពៃSpinach ស្ពៃក្រញ៉ាញ់ ឬបន្លែស្លឹកបៃតងនានាតាមចំណូលចិត្ត)
២. ផ្លែឈើ (ផ្លែប៊័រ ចេក ប៉ោម ម្នាស់ ក្រូច ផ្លែបឺរី ឬផ្លែឈើនានាបន្ថែមទៀតតាមចំណូលចិត្ត)
៣. គ្រាប់ធញ្ញជាតិ (គ្រាប់ស្វាយចន្ទី គ្រាប់ALMOND គ្រាបCHIA គ្រាប់FLAX ។ល។ ដើម្បីបន្ថែមភាពចម្អែត)
៤. ទឹក (អាចប្រើទឹកដូង ទឹកសណ្ដែកសាប ឬទឹកគ្រាប់អាល់ម៉ុន “Almond Milk” ជំនួសក៏បាន)។
វិធីធ្វើ៖
១. សម្អាតផ្លែឈើ និងចិតជាចំណិតតូចៗ រួចដាក់បង្កកក្នុងទូទឹកកក (ប្រើផ្លែឈើស្រស់សម្រាប់ក្រឡុកក៏បាន ប៉ុន្តែយ៉ាងហោចណាស់មានផ្លែឈើខ្លះដាក់បង្កក)។
២. លាងបន្លៃស្លឹកបៃតងឲ្យបានស្អាត ហើយស្រុសឲ្យឆ្អិនល្អ។
៣. ចាប់ផ្ដើមក្រឡុកបន្លែបៃតងចំនួន ២ ពែង និងទឹក ២ ពែងឲ្យម៉ដ្ឋល្អ សឹមដាក់ផ្លែឈើបង្កកប្រមាណ ៣ ពែង ចូលក្រឡុកឲ្យឡើងខាប់ល្អ។
៤. ចុងក្រោយ បន្ថែមគ្រាប់ធញ្ញជាតិ ១ ស្លាបព្រាបាយ ក្រឡុកបន្ថិចឲ្យសព្វចូលគ្នា ជាការស្រេច។
ទទួលទានភេសជ្ជៈសុខភាពនេះរៀងរាល់ព្រឹក ជួយសម្រកទម្ងន់បានយ៉ាងល្អ ដោយសារជាតិសរសៃ Fiber ក្នុងបន្លែបៃតង នឹងជួយសម្រួលប្រព័ន្ធរំលាយអាហារ និងបណ្ដេញជាតិពុលក្នងខ្លួន ជម្រុញឲ្យស្រកទម្ងន់។ ចំណែកវីតាមីនក្នុងផ្លែឈើក៏បានប្រឆាំងអុកស៊ីតកម្ម ជំនួញដល់សុខភាពស្បែកឲ្យភ្លឺថ្លា ក្មេងជាងវ័យជាដើម។ រីឯគ្រាប់ធញ្ញជាតិគឺជាប្រភពប្រេងធម្មជាតិដែលមិនបណ្ដាលឲ្យឡើងធាត់ និងបន្ថែមភាពចម្អែតបានយ៉ាងល្អ។ យ៉ាងណាមិញ ប្រិយមិត្តក៏តម្រូវឲ្យទទួលទានទឹកឲ្យបានច្រើនផងដែរ ដើម្បីឲ្យសារជាតិសរសៃ Fiber អាចដំណើរការបានប្រសិទ្ធភាពខ្ពស់៕
Article by LENG CHANREASEY