មេត្រី សិប្បកម្មកែច្នៃកន្ទេលចចូតដូនតាឲ្យក្លាយជាសម្ភារទាន់សម័យពេញនិយម
TRAVEL & LIVING 4 years agoប្រសិនបើលោកអ្នកចំណាយពេលតែ៥នាទីចូលទស្សនាផេកហ្វេសប៊ុក Metrey Craft ឬ សិប្បកម្មមេត្រី លោកអ្នកនឹងចាប់អារម្មណ៍ចំពោះម៉ូដកាបូបតូចធំដែលច្នៃឡើងពីកន្ទេលចចូតមើលទៅសាមញ្ញតែគួរឲ្យចង់យកមកប្រើប្រាស់ណាស់ដ្បិតអីវាជាផលិតផលដែលមានសោភ័ពភាពកើតឡើងដោយទឹកដៃដ៏ប៉ិនប្រសប់របស់ក្រុមសិប្បករខ្មែរយើងសុទ្ធសាធ មិនមែនជាផលិតផលនាំចូលពីបរទេសគ្មានប្រភពច្បាស់លាស់ឡើយ។
ជួបសម្ភាសន៍ជាមួយគេហទំព័រទស្សនាវដ្តីសូវរីន លោកស្រី ញាណ ចាន់វាសនា ស្ថាបនិកសិប្បកម្មនេះបានរំព្ញកថា សិប្បកម្មមេត្រី ត្រូវបានបង្កើតកាលពីខែវិច្ឆិកាឆ្នាំ ២០២០ ក្នុងអំឡុងពេលកូវីដ១៩ ក្រោមការឧបត្ថម្ភរបស់សហគ្រិនខ្មែរ Khmer Enterprise (KE) ក្នុងគម្រោងជួយដល់សិប្បកម្មតូចៗក្រោមការឧបត្ថម្ភធំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មូលហេតុដែលសម្រេចបង្កើតក្នុងអំឡុងពេលវិបត្តិនេះគឺដោយសារសិប្បកម្មមេត្រីមានគោលដៅផ្សព្វផ្សាយនិងចែកចាយផលិតផលដែលផលិតពីស្រ្តីពិការពីអង្គការ “មូលនិធិស្រ្តីដើម្បីស្រ្តី” ដើម្បីរកចំណូលផ្គត់ផ្គង់ដល់អ្នកផលិតទាំងអស់នោះ ក្នុងអំឡុងពេលដ៏លំបាកទូទាំងសកលលោក។ មេត្រីសម្លឹងឃើញថាទីផ្សារអេឡិចត្រូនិកពិតជាអាចសម្រួលនិងរកចំណូលដល់ពួកគាត់បានយ៉ាងពិតប្រាកដ។
ការចាប់ផ្តើមឡើងដំបូងមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ បើតាមការអះអាងរបស់ស្ថាបនិកផ្ទាល់។ លោកស្រីបានបញ្ជាក់ថា ដំបូង ត្រូវសិក្សាពីទីផ្សារអេឡិចត្រូនិក ត្រូវយកចិត្តទុកដាក់ចូលរួមសិក្សាវគ្គខ្លីៗពីអង្គការ Pact ក្រោមជំនួយរបស់អង្គការ USAID ហើយត្រូវចេះថតរូបផលិតផល សរសេរចំណងជើងដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួននិងរៀបគម្រោងក្នុងការបង្ហោះផ្សាយ។ ទោះបីជាយ៉ាងនេះក្តី ក៏ស្ថាបនិករូបនេះយល់ថាជារឿងល្អម្យ៉ាងដែរដែលបានបង្ហាញស្នាដៃខ្លួនដែលបានកប់ទុកជាង ១៥ឆ្នាំមកហើយឲ្យជនរួមជាតិបានដឹង។ សិប្បកម្មនេះមានបេសកកម្មធ្វើឲ្យខ្មែរទទួលស្គាល់និងប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីជួយឲ្យសេដ្ឋកិច្ចជាតិយើងរីកចម្រើនដូចប្រទេសជិតខាង ហើយក៏ដូចជាជួយឲ្យស្រ្តីមានជំនាញនិងចំណូលដោយខ្លួនឯង និងដើម្បីឲ្យសង្គមជាតិមានមោទនភាពចំពោះផ្នែកផលិតផល ផ្នែកសិប្បកម្ម ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ផលិតដោយស្រ្តីពិការតែមានគុណភាពមិនចាញ់ផលិតផលបរទេសអាចប្រកួតប្រជែកស្នាដៃនៅលើឆាកអន្តរជាតិ។
បច្ចុប្បន្នសិប្បកម្មមេត្រីមានផលិតផលដូចជាកាបូប គ្រប់ប្រភេទ កន្សែងបង់ក ក្រមា គ្រឿងអលង្ការ និងគ្រឿងលម្អតុបតែងលក្ខណៈ ស្រោមខ្នើយ កម្រាលតុ ជាដើម ដោយប្រើប្រាស់វត្ថុធាតុដើមរួមមាន ចចូត ស្លឹករំចេក ក្រណាត់កប្បាស និងសូត្រប្រណីតខ្មែរ។ ក្នុងចំណោមនោះ ផលិតផលដែលលក់ដាច់ជាងគេគឺ ផលិតផលចចូតព្រោះវាជាការរចនាម៉ូតថ្មីប្លែកសម្រាប់ប្រទេសយើង ប្រើជាមួយក្រណាត់កប្បាស ព្រមជាមួយគុណភាពតែមួយគ្មានពីរ នាំឲ្យអ្នកប្រើប្រាស់ក៏មានអារម្មណ៍ល្អដូចគ្នា “បើអ្នកបានដឹងពីប្រវត្តិផលិត ផលដែលលោកអ្នកកំពុងប្រើ អ្នកនឹងមានមោទនភាពជាខ្លាំងដែលបានកាន់វាទៅគ្រប់ទិសទី” ។ បើនិយាយពីការច្នៃម៉ូតវិញ គឺជាការច្នៃប្រឌិតថ្មីទាំងស្រុងដោយប្រើវត្ថុធាតុដើមចាស់ៗហើយសឹងតែត្រូវគេបោះបង់ចោល។ “ កន្ទេលចចូតខ្ញុំឃើញវាតាំងពីកើតដឹងក្ដី។ អ្នកស្រុកម្ដាយខ្ញុំ គ្រួសារម្ដាយខ្ញុំគាត់ចេះត្បាញគ្រប់ៗគ្នា ព្រោះគេត្បាញសម្រាប់ធ្វើជាកន្ទេលដេកនិងប្រើសម្រាប់ហាលស្រូវ តែពេលនេះគេមិនប្រើយកមកក្រាលដេកទៀតទេ។ ខ្ញុំទៅស្រុកជួបពួកគាត់ គាត់និយាយថាកន្ទេលមិនសូវមានអ្នករកទិញទៀតទេ គាត់បាត់ចំណូលពីការត្បាញ។ អ្នកស្រុកគេឈប់ប្រើជិតអស់ហើយ! ខ្ញុំអាណិតគាត់ ចង់ឲ្យគាត់មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារនិងឲ្យចៅបានទៅរៀនសូត្រ ហើយក៏បានសម្រេចចិត្តជួយទិញយកមកកែច្នៃធ្វើជាកាបូបតាំងពីឆ្នាំ២០១៧ ” លោកស្រីបានសង្កត់ធ្ងន់។ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងថ្នាក់ដឹកនាំកន្លងមក សិប្បកម្មនេះចេះតែបន្តដំណើរទៅមុខសន្សឹមៗរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន អ្នកផលិតសម្ភារមានចំនួន៩នាក់ និងបុគ្គលិកចំនួន៣នាក់មានតួនាទីលក់តាមផេកហ្វេសប៊ុកដែលសុទ្ធសឹងជាក្មេងមកពីបណ្តាខេត្តមកបន្តការសិក្សានៅមហាវិទ្យាល័យហើយត្រូវរកការងារធ្វើដើម្បីទប់ទល់នឹងការចំណាយ។ ចំណែក អ្នកផលិតគឺមកពីតាមខេត្ត ត្រូវជួលផ្ទះនៅជិតកន្លែងធ្វើការ ហើយតស៊ូដើរមកធ្វើការជារៀងរាល់ថ្ងៃ។
“នាងខ្ញុំឈ្មោះ ស៊ីន មាដានិត មុខងារកាន់ផេកនិងជាអ្នកថតរូបផលិតផលរបស់មេត្រី។ នាងខ្ញុំមានទឹកចិត្តសប្បាយរីករាយនឹងទទួលយកបទពិសោធន៍ថ្មីជាមួយក្រុមការងារដែលមានសក្ដានុពលខ្ពស់ ហើយអ្វីដែលរំភើបគឺបានធ្វើជាមួយក្នុងការផ្គត់ផ្គង់ឲ្យប្រជាជននូវផលិតផលក្នុងស្រុកដែលមានគុណភាពនិងតម្លៃ សមរម្យហើយអាចប្រើសម្រាប់ជីវភាពប្រចាំថ្ងៃ ” បុគ្គលិកម្នាក់បានសម្តែងចំណាប់អារម្មណ៍។ នាពេលដ៏ខ្លីខាងមុខ មេត្រីសង្ឃឹមថា ការផ្សព្វផ្សាយរបស់មេត្រីនឹងជ្រួតជ្រាបដល់ប្រជាជនទូទាំងប្រទេសយើង ក៏ដូចជាបានបណ្ដុះគំនិតដល់សហគ្រិនវ័យក្មេងដទៃទៀតដែលចាប់អារម្មណ៍លើផលិតផលក្នុងស្រុកអាចរៀនសូត្រនិងអាចបង្កើតគំនិតល្អថ្មីជាមួយមេត្រី ហើយមានគោលដៅតែមួយដូចគ្នាដើម្បីភាពរីកចម្រើនរបស់យើងក៏ដូចជាដល់ប្រទេសជាតិទាំងមូល។ មេត្រីមានបំណងចង់ឲ្យការត្បាញរីកចម្រើនជាទម្រង់របស់ថ្មី ឬបង្រៀនបច្ចេសទេសថ្មីដល់ក្រុមអ្នកត្បាញដើម្បីការងារឲ្យកាន់តែច្រើនដល់ពួកគាត់ ហើយត្រូវការទីផ្សារសម្រាប់នាំចេញផងដែរ៕