យើងដឹងហើយថាពងមាន់ជាអាហារងាយរក ងាយចម្អិន តម្លៃធូរថ្លៃ អាចយកធ្វើជាម្ហូបអាហារច្រើនបែបរួមទាំងនំ បង្អែម និងភេសជ្ជៈផងដែរ។ ពងមាន់ជាអាហារសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ខ្លាញ់អូមេហ្គា៣(Omega-3) សារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមជាមួយវីតាមីន និងសារធាតុចិញ្ចឹមចម្រុះដែលល្អបំផុតចំពោះរាងកាយ។
1. Golden Fizz
ភេសជ្ជៈនេះរសជាតិស្រាលស្រទន់ស្រស់ស្រាយលាយឡំពពុះ។ យក Gin ២កែវshot, ទឹកក្រូចឆ្មារស្រស់១កែវshot, ទឹកសេរ៉ូស្ករ១/២shot និងស៊ុតលឿង១ ដាក់ចូលគ្នាក្នុងកែវក្រឡុកស្រា រួចចាក់ទឹកកក ហើយលើកក្រឡុកមួយសន្ទុះចាំចាក់ដាក់កែវ។ ចុងក្រោយចាក់សូដាចូលជាការស្រេច។
2. Strawberry Julius
ភេសជ្ជៈនេះឆ្ងាញ់រសជាតិឈ្ងុយជាប់មាត់។ យកផ្លែស្ទ្រូបូរី១ពែង, ទឹកវ៉ានីឡា(Vanilla extract)១/២ស្លាបព្រាកាហ្វេ, ទឹក១ពែង, ស៊ុតស៣គ្រាប់ និងទឹកកក១ពែង ដាក់កិនចូលគ្នាឲ្យម៉ដ្ឋឡើងខាប់រួចចាក់ដាក់កែវទទួលទាន។
3. 3 in 1 Smoothie
ជាភេសជ្ជៈផ្លែឈើទទួលទានបង្កើនថាមពលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ យកស្ត្រូបូរីកក១ពែង ឪឡឹក១ពែង ស៊ុតស១/២ពែង និងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ ដាក់កិនក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋរួចទទួលទាន។
4. Chocolate Protein Shake
ភេសជ្ជៈនេះផ្តល់នូវប្រូតេអ៊ីនខ្ពស់រួមជាមួយឈ្ងុយក្លិនសូកូឡា និងវ៉ានីឡា។ យកស៊ុតស៦០ម.ល, ទឹកដោះគោអាល់ម៉ុនរសជាតិវ៉ានីឡា(គ្មានជាតិស្ករ)១៨០ម.ល, ម្សៅប្រូតេអ៊ីនវ៉ានីឡា១ស្គូប (Scoop), ម្សៅអាហារបំប៉ន Stevia បន្តិច, ម្សៅសូកូឡា១ស្លាបព្រាបាយ និងទឹកកក៤-៥ដុំ ដាក់កិនចូលគ្នាឲ្យម៉ដ្ឋរួចចាក់ទទួលទាន។
5. Ultimate Keto Coffee
ភេសជ្ជៈនេះបង្កើនសា្មរតីខ្ពស់។ យកកាហ្វេឆុងរួច១ពែង(បរិមាណ២៤០ម.ល), ប្រេងដូង(Virgin coconut oil)១ស្លាបព្រាបាយ, ប្រេង ghee ១ស្លាបព្រាបាយ, ស៊ុតលឿង៣គ្រាប់, ម្សៅខូឡេជិន Collagen (hydrolysed gelatin) ១ស្លាបព្រាបាយ, ឈើអែមម៉ដ្ឋ១/២ស្លាបព្រាកាហ្វេ, ម្សៅ stevia មួយចឹប និងខ្ទិះដូងកំប៉ុង៣០ម.ល ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងកែវធំមួយហើយយកម៉ាស៊ីនកូរប្រភេទ Immersion blender ដាក់កូររវៃរហូតឡើងពពុះខាប់។ បើមិនមានម៉ាស៊ីនអាចជំនួសប្រើប្រដាប់វាយពងមាន់ជំនួសក៏បាន។
6. Fresh Orange Smoothie
ភេសជ្ជៈនេះបង្កើនថាមពល បន្ថែមជាតិទឹក អារម្មណ៍ស្រស់ស្រាយ។ យក ក្រូច៤ផ្លែ(បកសម្បកចេញ), ទឹកដោះគោស្រស់១ពែងកន្លះ, ទឹកវ៉ានីឡា(Vanilla extract) ១ស្លាបព្រាកាហ្វេកន្លះ, ស្ករស ២ស្លាបព្រាបាយ, ស៊ុតស៣ស្លាបព្រាបាយ និងទឹកកកពីរពែង ដាក់គ្រឿងផ្សំទាំងអស់កិនចូលគ្នាឲ្យឡើងខាប់ឡើងពពុះខៃ រួចចាក់ដាក់កែវទទួលទាន៕
Article by HEM SOKKHIM