×

ដំណើរ​អភិវឌ្ឍន៍​វិ​ស័យ​ទេសចរណ៍​នៅ​សហគមន៍​តាំងយូ​រ​ ​ខេត្ត​ព្រះវិហារ​

TRAVEL & LIVING 3 years ago
 
 

           ​បើ​និយាយ​ពី​ឈ្មោះ​សហគមន៍​តាំងយូ​រ​ ​ប្រហែលជា​មហាជន​មិនសូវ​ស្គាល់​ប៉ុន្មាន​ទេ​ ​ប៉ុន្តែ​បើ​និយាយ​ពី​ទឹកធ្លាក់​ភ្នំ​ត្បែង​នៅ​ព្រះវិហារ​ ​ប្រហែលជា​មាន​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ក្នុង​ផ្ទៃ​ប្រទេស​ស្គាល់ឈ្មោះ​នេះ​ច្រើន​ ​ជាង​ ​ជាពិសេស​តាមរយៈ​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​​​ក្រសួង​ទេសចរណ៍​ ​ក្រសួង​បរិស្ថាន​ ​និង​ ​ក្រុមហ៊ុនទេសចរណ៍​ក្នុងស្រុក​នានា​នា​ពេល​កន្លងមក​ ​រហូតដល់​មានការ​ប្រសិទ្ធ​នាម​ឲ្យ​តំបន់​នេះ​ថា​ “​ភ្នំ​ត្បែង​មានជ័យ​ដែនដី​ពិសិដ្ឋ​” ​ថែមទៀត​ផង​។​ ​ដោយសារតែ​កិត្តិ​ស​័ព្ទ​ដ៏​ល្បឺ​រន្ទឺ​នៃ​ភូមិភាគ​ប៉ែក​ខាងជើង​ប្រទេស​មួយ​នេះ​ ​សូវ​រី​ន​បាន​សម្ភាសន៍​តាម​ទូរសព្ទ​ជាមួយ​ ​លោក​ ​ចាន់​ ​វ​ណ្ណូ ​ប្រធាន​សហគមន៍​ទេសចរណ៍​ ​សេដ្ឋកិច្ច​រុងរឿង​ ​ឬ​ ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​តាំងយូ​រ​ (​Tang​ ​Y​ou ​Community​-​Base​d​ ​Tourism​) ​ស្តីពី​ដំណើរការ​អភិវឌ្ឍ​សហគមន៍​មួយ​នេះ​តាំងពី​បង្កើត​ឡើង​ដំបូង​រហូតមកដល់​ពេល​បច្ចុប្បន្ននេះ​។​

          សហគមន៍​ទេសចរណ៍​ ​សេដ្ឋកិច្ច​រុងរឿង​ ​ឬ​ ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​តាំងយូ​រ​ ​មាន​ទីតាំង​ស្ថិត​ ​នៅ​ភូមិ​សេដ្ឋកិច្ច​ ​ឃុំ​ឈាន​មុខ​ ​ក្រុង​ត្បែង​មានជ័យ​ ​ខេត្ត​ព្រះវិហារ​។​ ​ចំពោះ​ប្រវត្តិ​នៃ​ការ​បង្កើត​សហគមន៍​នេះ​ ​លោក​ ​ចាន់​ ​វ​ណ្ណូ ​បានឲ្យ​ដឹង​ថា​សហគមន៍​នេះ​មានឈ្មោះ​ដើម​ថា​ “​សហគមន៍​ព្រៃឈើ​សេដ្ឋកិច្ច​រុងរឿង​” ​ត្រូវ​បាន​បង្កើត​ឡើង​លើក​ទី​១​តាំងពី​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៥​ ​មក​ម្ល៉េះ​ ​ប៉ុន្តែ​ត្រូវ​បាន​រំសាយ​ចោល​ម្តង​ ​ដោយ​ ​សារ​តែ​ខាង​អង្គការ​ដែល​មក​គ្រប់គ្រង​អស់​អាណត្តិ​បេ​ស​សក​កម្ម​របស់​ខ្លួន​។​ ​ក្រោយមក​ ​ប្រជាពលរដ្ឋ​ក្នុង​ហម​ន៍ ​សហការ​ជាមួយ​អង្គការ​ព្រៃ​ឡង់​បៃតង​ ​បាន​មូលមតិគ្នា​បង្កើត​ជា​គណៈកម្មការ​សហគមន៍​នេះ​ជា​លើក​ទី​២​ ​ដោយ​ដាក់ឈ្មោះ​ថា​ “​សហគមន៍​ការពារ​ធម្មជាតិ​តាំងយូ​រ​” ​រហូតមកដល់​សព្វថ្ងៃនេះ​។​

          ​លោក​បាន​បន្ត​ឲ្យដឹង​ថា​ ​កាលពី​មិនទាន់​រៀបចំ​ជា​សហគមន៍​ទេសចរណ៍​ ​ប្រជាពលរដ្ឋ​នៅ​ទីនេះ​ដែល​មាន​ចំនួន​ ​១​០​៤​ ​គ្រួសារ​ ​ភាគច្រើន​ជា​កសិករ​ធ្វើស្រែ​ចម្ការ​ ​ធ្វើ​សំណង់​ ​និង​ ​មាន​អ្នកធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​ខ្លះ​ដែរ​។​ ​ចំណែក​បញ្ហា​បរិស្ថាន​ ​កាលពីមុន​ ​មាន​ករណី​កាប់ព្រៃ​ឈើ​និង​បរ​បាញ់សត្វ​ច្រើន​ ​ប៉ុន្តែ​សព្វ​ថ្ងៃក្រោយ​ពី​មានការ​ចែក​វេន​យាមល្បាត​ជាប្រចាំ​របស់​ម​ន្រ្តី​សហគមន៍​ (​៨​-​១​០​នាក់​ក្នុង​មួយ​ក្រុម​) ​សកម្មភាព​ល្មើសច្បាប់​ទាំងនោះ​ត្រូវ​បាន​កាត់បន្ថយ​រហូត​បាន​ដល់​ ​៨​០​% ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សហគមន៍​ ​ដែល​ជា​កត្តា​ធ្វើឲ្យ​ទីនេះ​មាន​និរន្តរភាព​បរិស្ថាន​ស្រស់បំព្រង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពីគ្រប់ទិស​ទី​។​ ​រីឯ​ ​ចំពោះ​ផ្នែក​ទេសចរណ៍​ ​សហគមន៍​បាន​ខិតខំ​ព្យាយាម​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទេសចរណ៍​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ ​ជាអាទិ៍​រួម​មាន​ ​ការ​កសាង​ជណ្តើរ​ចំនួន​១​០​២​កន្លែង​(​ចន្លោះ​ពី​៤​-​៥​កាំ​រហូតដល់​ ​១​០​០​កាំ​ក៏មាន​ ​អាស្រ័យ​លើ​ស្ថានភាព​ផ្លូវ​ដែល​ត្រូវ​ឆ្លងកាត់​) ​ពី​ជើងភ្នំ​រហូត​ដល់កន្លែង​លេង​ទឹកធ្លាក់​។​

​          ក្រៅពី​នេះ​ ​សហគមន៍​បាន​បង្កើត​សេវាកម្ម​ទេសចរណ៍​ចាំបាច់​ជូន​ភ្ញៀវ​ ​ដូចជា​ ​សេវាកម្ម​មគ្គុទ្ទេសក៍​នាំ​ភ្ញៀវ​ឡើងភ្នំ​ ​សេវាកម្ម​ជួយ​ដឹកជញ្ជូន​អីវ៉ាន់​ភ្ញៀវ​ ​សេវាកម្ម​ហូបចុក​ ​និង​ ​សេវាកម្ម​ស្នាក់​នៅ​។​ ​ចំពោះ​សេវាកម្ម​នាំ​ភ្ញៀវ​ ​តម្លៃ​១​០​ដុល្លារ​ក្នុងមួយថ្ងៃ​ ​ដែល​ភ្ញៀវ​អាច​ជ្រើសរើស​គោលដៅ​តិច​ឬ​ច្រើន​ដែល​ខ្លួន​ចង់​ទៅ​បាន​តាមចិត្ត​ ​ឬ​ ​តាម​កម្លាំង​ជាក់ស្តែង​។​ ​រីឯ​សេវាកម្ម​ហូបចុក​ ​សហគមន៍​អាច​រៀបចំ​ជូន​ភ្ញៀវ​ជា​ប្រភេទ​សាច់​មាន់​ ​សាច់ជ្រូក​ ​និង​ ​សាច់​ត្រី​ (​ប៉ុន្តែ​ភ្ញៀវ​ច្រើន​និយម​កុម្ម៉ង់​សាច់​មាន់​របស់​សហគមន៍​ផ្ទាល់​) ​តាម​ចំណង់ចំណូលចិត្ត​របស់​ភ្ញៀវ​។​ ​ដោយឡែក​ ​សម្រាប់​សេវាកម្ម​ស្នាក់​នៅ​ ​មាន​ផ្ទះ​ស្នាក់​ (​Home​stay​) ​របស់​សហគមន៍​ចំនួន​០​៥​កន្លែង​ ​និង​ ​មាន​សេវាកម្ម​រៀបចំ​ទីតាំង​និង​យាមល្បាត​សម្រួល​ដល់​ការ​បោះតង់​សម្រាប់​ភ្ញៀវ​ជា​ក្រុម​ផង​ដែរ​។​ ​កន្លែង​ដែល​ភ្ញៀវ​និយម​ទៅ​បោះតង់​ជាងគេ​ ​គឺ​ ​ដំណាក់​ទឹកធ្លាក់​តាំងយូ​រ​ ​តែម្តង​។​ ​ប៉ុន្តែ​ភ្ញៀវ​ក៏​អាច​ជ្រើសរើស​ទីតាំង​ដែល​ខ្លួន​ចង់បាន​ក្រៅពី​នេះ​ក៏បាន​ ​ព្រោះ​ភ្នំ​ត្បែង​នេះ​មាន​ទីតាំង​គោលដៅ​ទេសចរណ៍​តូច​ធំ​រហូត​១​២​កន្លែង​ ​ឯណោះ​ ​តួយ៉ាង​ ​ទឹកធ្លាក់​ចាក់​អង្រែ​តូច​ ​ទឹកធ្លាក់​ចាក់​អង្រែ​ក្រោម​ ​ឬ​ ​ទឹក​ធ្លាក់អន្លង់​ស្វាយ​ ​ចាក់​ក្រវិល​ ​កណ្តុរ​ស​ ​ពើង​លាក់ខ្លួន​ ​ជាដើម​។​

​          ក្នុង​បរិ​បទ​កូ​វី​ដ​១​៩​ ​នេះ​ ​សហគមន៍​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​ ​ប៉ុន្តែ​នៅ​ស​ប្តាហ៍​នេះ​ ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​តាំងយូ​រ​នឹង​បើកទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​វិញ​ហើយ​។​ ​សហគមន៍​មាន​គម្រោង​ជួសជុល​ស្តារ​កាំជណ្តើរ​ដែល​មានស្រាប់​ ​សង់​ទីស្នាក់ការ​ថ្មី​ ​និង​ ​សង់​បង្គន់​អនាម័យ​ ​មួយ​កន្លែង​ទៀត​បន្ថែម​លើ​បង្គន់​ចំនួន​០​៤​ទីតាំង​ដែល​មាន​សព្វថ្ងៃ​ដើម្បី​សម្រួល​ដល់​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន​។​ ​យើង​សង្ឃឹម​ថា​ ​ភ្ញៀវ​ទេសចរ​នឹង​មាន​កំណើន​នៅ​ថ្ងៃខាងមុខ​ ​មកលេង​ទីនេះ​កាន់តែ​ច្រើន​ ​ព្រោះ​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​ទាំងឡាយ​កំពុង​អភិវឌ្ឍ​ជាបន្តបន្ទាប់​ ​ហើយ​ភ្ញៀវ​ចំណាយ​ពេល​ឡើងភ្នំ​តិច​ជាង​មុន​ពី​រយៈពេល​៤​ម៉ោង​មក​ត្រឹមតែ​កន្លះម៉ោង​ប៉ុណ្ណោះ​។​ ​នៅ​ពេល​មាន​ភ្ញៀវ​ ​ប្រជាជន​សហគមន៍​នឹង​រកចំណូល​បាន​កាន់តែ​ច្រើន​ ​ចូល​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​តំបន់​៕​


SUGGESTIONS