×

មត៌ក​ស្ថាបត្យកម្ម​លំនៅឋាន​ប្រពៃណី​ ​«​ផ្ទះ​រោង​ឌឿ​ង​»​ ​ដែល​នៅ​សេសសល់​ដល់​បច្ចុប្បន្ន​

TRAVEL & LIVING 3 years ago
 
 

           ​ស្ថាបត្យកម្ម​លំនៅឋាន​ប្រពៃណី​ដែល​ដូនតា​បាន​បន្សល់ទុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​រួម​មាន​ ​រចនាបថ​ផ្ទះខ្មែរ​ ​ផ្ទះកិង​ ​ផ្ទះប៉ិត​ ​ផ្ទះ​រោង​ ​ឬ​ ​ផ្ទះកន្តាំង​ ​ផ្ទះរោងដោល​ ​និង​ ​ផ្ទះ​រោង​ឌឿ​ង​។​ ​កាលពី​ពេលមុន​ ​សូវ​រី​ន​ធ្លាប់​បាន​ចេញផ្សាយ​អំពី​ប្រភេទ​ផ្ទះ​ខាងលើ​មួយ​ចំនួន​រួចមក​ហើយ​ ​ដូចជា​ ​ផ្ទះប៉ិត​ ​ផ្ទះកន្តាំង​ ​និង​ ​ផ្ទះរោងដោល​ ​ជាដើម​។​ ​ដូចនេះ​ ​សម្រាប់​ខែ​នេះ​ ​យើង​នឹង​ណែនាំ​អ្នក​ទាំងអស់គ្នា​ឲ្យ​មក​ចាប់អារម្មណ៍​ចំពោះ​ផ្ទះ​បុរាណ​មួយ​ប្រភេទ​ទៀត​ដែល​វិវឌ្ឍ​ក្លាយមកពី​ផ្ទះរោងដោល​ ​គឺ​ ​រចនាបថ​ផ្ទះ​រោង​ឌឿ​ង​។​

          យោង​តាម​ឯកសារ​ ​«​ប្រវត្តិ​នៃ​ការ​វិវឌ្ឍ​ផ្ទះខ្មែរ​»​ ​កាលពីដើម​ឡើយ​ ​ប្រជាជន​ខ្មែរ​មានតែ​ត្បាល់បុក​ស្រូវ​ ​គ្មាន​ត្បាល់កិន​ស្រូវ​ជាន់​អង្ករទេ​។​ ​លុះ​មកដល់​រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ទ័យ​ ​ទើប​មាន​ត្បាល់ជាន់​អង្ករ​ ​ដែលគេ​ហៅថា​ ​ត្បាល់​ក្តឿង​។​ ​ដូចនេះ​ ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​នាំគ្នា​បើក​សំយាប​ផ្ទះ​១​ល្វែង​នៅ​ខាងក្រោយ​ដាក់​ត្បាល់​ក្តឿង​សំរាប់​ជាន់ស្រូវ​។​ ​ដោយ​ឃើញ​ថា​មាន​ភាព​ងាយស្រួល​ ​អ្នកស្រុក​ក៍​នាំគ្នា​សង់​តាម​គំនិត​នេះ​ហៅថា​ ​«​ផ្ទះ​ត្បាល់​ក្តឿង​»​ ​ត​ៗ​មក​ទៀត​។​ ​នៅ​ពេល​ប្រើ​ពាក្យ​ ​«​ផ្ទះ​រោង​ត្បាល់​ក្តឿង​»​ ​យូរ​ៗ​ទៅ​ ​ក៏​ក្លាយ​ជា​ ​«​ផ្ទះ​រោង​ឌឿ​ង​»​ ​វិញ​ ​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​លោក​សា​ស្រ្តាចារ្យ​ផ្នែក​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក៏​ធ្លាប់​មានប្រសាសន៍ថា​ ​«​តាម​ការស្រាវជ្រាវ​របស់​ខ្ញុំ​ ​ខ្ញុំ​យល់ថា​ក្នុង​អតីតកាល​មួយ​ (​ក្រោយ​សម័យ​អង្គរ​)​នោះ​ស្ថាបត្យកម្ម​ផ្ទះ​រោង​ឌឿ​ង​គឺ​បាន​ក្លាយមកពី​ការ​អភិវឌ្ឍ​របស់​ផ្ទះរោងដោល​គឺ​ដោយ​ពួកគាត់​បាន​ពង្រីក​ផ្នែក​ដំបូល​ឲ្យ​ធំ​មាន​សំយាប​វែង​ជាង​មុន​ដើម្បី​រក្សា​ត្បាល់​ ​ក្តឿង​ (​ត្បាល់ជាន់​អង្ករ​) ​នៅ​ក្រោម​ដំបូល​នោះ​»​ ​ដូច្នោះ​ដែរ​។​

          ​ផ្ទះ​រោង​ឌឿ​ង​មាន​ច្រើន​ប្រភេទ​ ​ប្រែប្រួល​ទៅ​តាមសម័យ​កាល​។​ ​ផ្ទះ​រោង​ឌឿ​ង​ប្រភេទ​ទី​១​របស់​ខ្មែរ​មាន​ទ្រង់ទ្រាយ​ដំបូល​ស្រដៀង​ផ្ទះ​រោង​ (​រូប​ចំហៀង​) ​ហើយ​មានត​សំយាប​មុខ​និង​ក្រោយ​។​ ​លុះក្រោយមក​ ​ក្នុង​រជ្ជកាល​ព្រះបាទ​ចន្ទ​រាជា​ ​ខ្មែរយើង​បាន​យល់ឃើញ​ថា​ផ្ទះ​រោង​ឌឿ​ង​មាន​សសរ​៤​ជួរ​ ​និង​មាន​៥​ល្វែង​។​ ​បើ​ពង្រីក​ទទឹង​ឲ្យ​ធំ​ត្រូវតែ​បន្ថយ​សសរ​១​ជួរ​ទៀត​ ​លើក​សំយាប​ខាងក្រោយ​ឲ្យ​ស្មើនឹង​សសរ​ខាងមុខ​។​ ​បើក​ហោជាង​ឲ្យតូច​ ​មាន​ចែង​ឆ្វេង​ស្តាំ​ខាងមុខ​ក្រោយ​ ​ប្រើ​សម្រាប់​ធ្វើជា​ជង្រុកស្រូវ​ផង​។​ ​ពេល​សង់​បាន​ផ្ទះ​រោង​សសរ​៣​ជួរ​ ​ហៅថា​ ​ផ្ទះ​រោង​ឌឿ​ង​ប្រភេទ​ទី​២​។​ ​ចំណែក​ ​ផ្ទះ​រោង​ឌឿ​ង​ប្រភេទ​ទី​៣​ ​កើតឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ពញា​យ៉ា​ត​ ​មាន​នាម៉ឺន​ ​សព្វ​មុខមន្ត្រី​ជាច្រើន​ចូលចិត្ត​សង់ផ្ទះ​រោង​ឌឿ​ង​នេះ​ជា​លំនៅឋាន​ ​ព្រោះ​ផ្ទះ​នេះ​អាច​សង់​ឲ្យ​ធំ​បាន​ ​៥​ល្វែង​ ​។​ ​ផ្ទះ​ប្រភេទ​នេះ​អាច​សង់​បាន​ទាល់តែ​អ្នកមាន​បណ្តា​សិ​ក្ត័​ធំ​។​

          ​សម្រាប់​ប្រភេទ​ទី​១​ ​ដំបូល​គេ​ច្រើន​និយម​សង់​ជា​សាលា​ដំណាក់​តូច​ៗ​នៅតាមភូមិ​ ​។​ ​ចំពោះ​ផ្ទះ​រោង​ឌឿ​ង​ប្រភេទ​ទី​២​ ​នៅ​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុនីវង្ស​ ​ខ្មែរ​ចូលចិត្ត​សង់​បន្ថែម​សសរ​១​ជួរ​ទៀត​ដើម្បីឲ្យ​ធំ​ទូលាយ​ ​។​ ​នៅ​រជ្ជកាល​ព្រះបាទនរោត្តម​សី​ហ​នុ ​ខ្មែរ​គេ​និយម​សង់​ផ្ទះប៉ិត​ស្ទើរ​ពាស​ពេញប្រទេស​ ​ឯ​ផ្ទះ​រោល​ឌឿ​ង​ ​និង​ ​រោងដោល​ ​គេ​មិនសូវ​និយម​សង់​ទេ​ ​ពោល​គឺ​ផ្ទះរោងដោល​និង​រោង​ឌឿ​ង​ ​មាន​សល់​តែ​ផ្ទះ​ចាស់ៗ​ពីសម័យ​មុន​មក​។​

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ផ្ទះ​រោង​ឌឿ​ង​ ​ជា​ប្រភេទ​ផ្ទះ​បុរាណ​មួយ​ក្នុងចំណោម​ផ្ទះ​បុរាណ​ខ្មែរ​ទាំង​៥​រចនាបថ​ដែល​បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា​ចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​អ្នកស្រុក​សាងសង់​រក្សា​ទ្រង់ទ្រាយ​ស្ថាបត្យកម្ម​ដើម​ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​និង​លើក​ក​ម្ពស់​ទេសភាព​វប្ប​ធ៌​ម​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​ជាពិសេស​លើក​តម្លៃ​និង​អភិ​រក្ស​ផ្ទះ​បុរាណ​ខ្មែរ​។​ ​ចំពោះ​ប្រភេទ​ផ្ទះ​ក្រៅពី​នេះ​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​ ​ដូចជា​ផ្ទះតៀម​ ​ផ្ទះល្វែង​មួយ​ជាន់​ ​ឬ​ច្រើន​ជាន់​ ​ឬ​សំណង់​ទាំងឡាយ​ណា​ដែល​មានការ​ជីក​គ្រឹះ​ជ្រៅ​ទៅ​ក្នុង​ដី​ ​និង​មាន​លក្ខណៈ​ទំនើបកម្ម​។​ ​រីឯ​នៅ​ខេត្ត​ក្រចេះ​ ​ផ្ទះ​សសរ​ ​១​០​០​ ​ដែល​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ក្រចេះ​យកមក​ជួសជុល​ដំឡើង​ក្នុង​ទីតាំង​ព្រះវិហារ​រកា​កណ្ដាល​ ​សង្កាត់​រកា​កណ្ដាល​ ​ក្រុង​ក្រចេះ​ ​នោះ​ក៏​ស្ថិត​ក្នុង​រចនាបថ​ផ្ទះ​រោង​ឌឿ​ង​ខ្មែរ​ដែរ​។​ ​ក្រៅពី​ខេត្ត​ក្រចេះ​ ​បច្ចុប្បន្ន​ ​យើង​សង្កេតឃើញ​មាន​ផ្ទះ​ប្រភេទ​នេះ​សម្បូរ​នៅ​តាម​តំបន់​មួយ​ចំនួន​ ​ជាអាទិ៍​រួម​មាន​ ​ស្រុក​កោះ​ធំ​ ​ខេត្ត​កណ្តាល​ ​សង្កាត់​ក្តុ​ល​ដូន​ទា​វ​ ​ក្រុង​បាត់​ដំបង​ (​ខេត្ត​បាត់​ដំបង​) ​ស្រុក​ក្រូចឆ្មារ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ជាដើម​។​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS