បច្ចុប្បន្ន «ផ្លែប៊័រ» បានក្លាយជាផ្លែឈើដ៏ពេញនិយមពីមនុស្សគ្រប់វ័យមិនថាយកធ្វើជា អាហារពេលព្រឹក អាហារសម្រន់ បង្អែម ភេសជ្ជៈ ជាពិសេសត្រូវចិត្តខ្លាំងចំពោះអ្នកដែលចង់ស្រកគីឡូឬថែរក្សារាង។ ខណៈការទទួលទានផ្លែប៊័រមានអត្ថប្រយោជន៍ច្រើនទាំងចំពោះសុខភាព និងសម្រស់ ជាមួយគ្នានេះវាក៏មានផលអាក្រក់ផងដែរបើសិនយើងទទួលទានលើសកម្រិត។ ខាងក្រោមនេះជាផលប៉ះពាល់ ក៏ដូចជាហេតុផល៥យ៉ាងដែលអ្នកមិនគួរទទួលទានផ្លែប៊័រលើសកម្រិត៖
ឡើងទម្ងន់៖ អ្នកធ្លាប់តែគិតថាការបរិភោគផ្លែប៊័រអាចជួយដល់ការស្រកទម្ងន់ តែផ្ទុយមកវិញវាអាចនឹងធ្វើឲ្យអ្នកឡើងទម្ងន់ ប្រសិនបើទទួលទានលើសពីមួយផ្លែក្នុងមួយថ្ងៃ។ ផ្លែប៊័រជាប្រភពនៃសារធាតុចិញ្ចឹម និងសម្បូរទៅដោយខ្លាញ់ល្អ(monounsaturated fat) ព្រមទាំងមានផ្ទុកកាឡូរី។ ការទទួលទានផ្លែប៊័រលើសកម្រិត អាចជាលទ្ធផលធ្វើឲ្យកាឡូរីឡើងខ្ពស់លើសពីកម្រិតរាងកាយដុតបំផ្លាញប្រចាំថ្ងៃ។ ការឡូរីដែលលើសនេះហើយនឹងស្តុកក្នុងរាងកាយក្លាយជាជាតិខ្លាញ់តែម្តង។
បាត់បង់សារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗ៖ ក៏ព្រោះតែផ្លែប៊័រសម្បូរទៅដោយខ្លាញ់ល្អ និងជាតិកាកសរសៃច្រើន អ្នកនឹងមានអារម្មណ៍ថាឆ្អែតបានយូរបន្ទាប់ពីបរិភោគវា។ នេះហើយជាហេតុនាំឲ្យអ្នកបាត់បង់ចំណង់ក្នុងការទទួលទានអាហារផ្សេងៗ។ ជាក់ស្តែង រាងកាយរបស់យើងត្រូវការប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមជាច្រើនបន្ថែមទៀតពី បន្លែផ្លែឈើចម្រុះមុខ ដោយមិនមែនត្រូវការតែផ្លែប៊័រមួយមុខនោះទេ។
ធ្វើឲ្យឈឺក្បាល៖ ផ្លែប៊័រជាប្រភពនៃអាស៊ីតអាមីណូ Tyrosine ដែលពេលចូលទៅក្នុងរាងកាយនឹងបំប្លែងទៅជាសារធាតុ Tyramine។ នៅពេលរាងកាយទទួលបានសារធាតុ Tyramineច្រើនពេក វានឹងបង្កឲ្យមានអាការឈឺក្បាល និង ឡើងសម្ពាធឈាម។ ស្របជាមួយគ្នានេះ ផ្លែប៊័រត្រូវបានអ្នកជំនាញខាងចំណីអាហារកត់សម្គាល់ថា ជាអាហារមួយក្នុងចំណោមអាហារដែលគួរប្រុងប្រយ័ត្នក្នុងការទទួលទានចំពោះអ្នកដែលរមែងឈឺក្បាល។
ហើមពោះ និងទល់លាមក៖ ផ្លែប៊័រគឺជាប្រភពនៃជាតិកាកសរសៃ។ ការបរិភោគផ្លែឈើនេះមួយផ្លែគឺទទួលបានជាតិសរសៃប្រហែលពាក់កណ្តាលនៃជាតិសរសៃដែលរាងកាយត្រូវការប្រចាំថ្ងៃ។ ទោះជាតិសរសៃមានសារៈសំខាន់ចំពោះសុខភាព តែប្រសិនបើអ្នកទទួលទានច្រើនពេកអាចបណ្តាលឲ្យហើមពោះ ឈឺពោះ និងទល់លាមកជាដើម។ ជាពិសេសការទទួលទានជាតិសរសៃច្រើនអាចបង្កបញ្ហាចំពោះអ្នកដែលកំពុងមានជំងឺរលាកពោះវៀន ឬជំងឺក្រពះពោះវៀនដទៃទៀត។
ប្រឈមនឹងការរលាក និងជំងឺមួយចំនួន៖ ទោះបីជាផ្លែឈើប្រភេទនេះសម្បូរទៅដោយខ្លាញ់ល្អ(monounsaturated fat) តែមែនទែនទៅវាក៏ផ្ទុកមកជាមួយខ្លាញ់មិនល្អ(Saturated fat)ផងដែរ។ ផ្លែប៊័រ១០០ក្រាមមានផ្ទុកខ្លាញ់មិនល្អរហូតដល់ទៅ២,១ក្រាម មានន័យថាផ្លែប៊័រមួយផ្លែគឺមានខ្លាញ់មិនល្អរហូតដល់១៥%ឯណោះ។ គួរឲ្យដឹងដែរថា ការទទួលទានខ្លាញ់មិនល្អអាចបង្កើនហានិភ័យប្រឈមជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺបេះដូង ការរលាកនៅក្នុងសរសៃឈាម និងកូឡេស្តេរ៉ុលខ្ពស់(ការឡើងជាតិខ្លាញ់ក្នុងសរសៃឈាម)។
តាមរយៈការលើកឡើងខាងលើបានបង្ហាញយ៉ាងច្បាស់ថា ថ្វីដ្បិតផ្លែប័រមានអត្ថប្រយោជន៍ចំពោះសុខភាព តែប្រសិនបើយើងទទួលទានលើសកម្រិតវាក៏នឹងផ្តល់ផលអាក្រក់ចំពោះរាងកាយផងដែរ។ ដូចនេះ ដើម្បីទទួលបានសុខភាពល្អជាមួយផ្លែប៊័រ អ្នកអាចទទួលទានតាមកម្រិតដែលរាងកាយត្រូវការប្រចាំថ្ងៃ ឬអាចត្រឹមតែមួយផ្លែក្នុងមួយថ្ងៃ ហើយបើចង់បានអត្ថប្រយោជន៍ច្រើនក្នុងពេលតែមួយអាចហូបផ្គួបគ្នាជាមួយបន្លែផ្លែឈើត្រីសាច់ដែលសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមចម្រុះមុខ៕
Article by SOUNG SOKSAN