×

ទឹក​បន្លែ​បៃតង ​៦ប្រភេទ​ ​បញ្ចុះ​ជាតិពុល​ ​បង្កើន​សម្រស់​ ​និង​ជំនួយ​សុខភាព​

TRAVEL & LIVING 4 weeks ago
 
 

            ទឹក​ឌី​ថ​ក​ (​D​e​to​x ​juice​)​ គឺជា​ទឹក​បន្លែ​ផ្លែឈើ​ដែល​ជួយ​បណ្តេញ​ ​និង​លាង​ជម្រះ​ជាតិពុល​ចេញពី​រាងកាយ​របស់យើង​ ​ឬ​អាច​និយាយ​បាន​ថា​ជា​ភេសជ្ជៈ​ដែល​ល្អ​ចំពោះ​សុខភាព​។​ ​ទឹក​ ​D​e​to​x ​មាន​ច្រើន​ប្រភេទ​ ​តែ​ថ្ងៃនេះ​យើង​សូម​ណែនាំ​នូវ​ទឹក​ហ្រ្គី​ន​ឌី​ថ​ក ​(​Green​ ​d​e​to​x ​juice​) ​ឬ​ភេសជ្ជៈ​បញ្ចុះ​ជាតិពុល​បៃតង​ដែល​ធ្វើ​ពី​បន្លែ​បៃតង​លាយ​ផ្លែឈើ​ចម្រុះ​មុខ​។​ ​ខាងក្រោម​នេះ​ជា​ភេសជ្ជៈ​បញ្ចុះ​ជាតិពុល​៦​ប្រភេទ​ ​ដែល​អ្នក​អាច​ជ្រើសរើស​តែមួយ​ឬ​ឆ្លាស់គ្នា​ម្តង​មួយ​មក​ទទួលទាន​ដើម្បី​ទទួល​បានសុខ​ភាព​ល្អ។​

            ១​.​ទឹក​បន្លែ​លាយ​ក្រូចឆ្មារ​ស្រស់​៖​ ​បន្លែ​បៃតង​បូក​ផ្សំ​ជា​មួយទឹក​ក្រូចឆ្មារ​ស្រស់​ ​វា​ពិតជា​ផ្តល់​គុណប្រយោជន៍​ចំពោះ​សុខភាព​។​ ​គ្រឿងផ្សំ​ងាយ​ៗ​រួម​មាន​ ​ស្លឹក​ខាត់ណា​ ​សាលាដ​ស្រួយ​ ​ការ៉ុត​ ​ត្រសក់​ ​និង​ទឹក​ក្រូចឆ្មារ​ស្រស់​។​ ​ចំណែក​ឯ​វិធី​ធ្វើ​ ​គ្រាន់តែ​លាង​បន្លែ​ឲ្យ​ស្អាត​ ​ចិត​ជា​ចំណិត​តូច​ៗ​យកទៅ​ក្រឡុក​ឲ្យ​ម៉ដ្ឋ​ជា​មួយទឹក​ធម្មតា​ ​និង​ចុងក្រោយ​ចាក់ទឹក​ក្រូចឆ្មារ​ជាការស្រេច​។​ ​ចំពោះ​បរិមាណ​អ្នក​អាច​ដាក់​ទៅ​តាមចំណូលចិត្ត​ (ឧទាហរណ៍​អ្នក​មិនសូវ​ចូលចិត្ត​ ​ឬ​ចូលចិត្ត​បន្លែ​ណាមួយ​ក្នុង​គ្រឿងផ្សំ​ខាងលើ​ ​អ្នក​អាច​បន្ថែម​ឬ​បន្ថយ​ទៅតាម​នោះ​)​។​

            ២​.​ទឹក​បន្លែ​សម្រាប់​អ្នក​ទើប​ផឹក​ដំបូង​៖​ ​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ទទួលទាន​ខាត់ណា​ឬ​ក្លិន​របស់​វា​ទេ​ ​អ្នក​អាច​ជំនួស​ដោយ​ស្ពៃ​ពួយ​ឡេង​វិញ​។​ ​ស្ពៃ​ពួយ​ឡេង​មិនសូវ​មាន​ក្លិន​ខ្លាំង​ដូច​ខាត់ណា​នោះ​ទេ​ ​ដែល​ស័ក្តិសម​ចំពោះ​អ្នក​ទើប​តែ​ចាប់ផ្តើម​ផឹក​លើកដំបូង​ ​ឬ​មិន​ចូលចិត្ត​ក្លិន​ខាត់ណា​។​ ​រីឯ​គ្រឿងផ្សំ​ដទៃទៀត​ ​និង​វិធី​ធ្វើ​គឺ​ ​ដូចគ្នា​ទៅ​នឹង​ទឹក​បន្លែ​ខាងលើ​ដែរ​ ​គ្រាន់តែ​យើង​ដក​ខាត់ណា​ចេញ​តែប៉ុណ្ណោះ​។​

            ៣​.​ទឹក​បន្លែ​ខាត់ណា​ខៀវ​៖​ ​ខាត់ណា​សម្បូរទៅដោយ​វីតាមីន​ជាច្រើន​ដូចជា​វីតាមីន​ ​A​, C, K ​និង​B6 ​រួម​ទាំង​កាល់​ស្យូ​ម​ ​និង​ម៉ង់ហ្គា​ណែ​ស​ ​ដែល​ទាំងនេះ​សុទ្ធសឹងតែ​ល្អ​ចំពោះ​សុខភាព​។​ ​ចំណែក​គ្រឿងផ្សំ​មាន​ដូចជា​ស្លឹក​ខាត់ណា​ ​ផ្លែ​ប៉ោម​ ​និង​ទឹក​ក្រូចឆ្មារ​។​ ​ទឹក​បន្លែ​ប្រភេទ​នេះ​គឺ​វា​មិន​ពិបាក​ក្នុង​ការ​ទទួលទាន​នោះ​ទេ​។​

            ៤​.​ទឹក​បន្លែ​ស្ពៃ​ពួយ​ឡេង​៖​ ​មិន​ខុស​ពី​ខាត់ណា​ ​ស្ពៃ​ពួយ​ឡេង​គឺជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ ​និង​ជាតិ​កាក​សរសៃ​។​ ​សម្រាប់​គ្រឿងផ្សំ​មាន​ដូចជា​ ​ស្ពៃ​ពួយ​ឡេង​ ​ផ្លែ​គី​វី​ ​និង​ទឹកដូង​។​ ​ជាតិ​ផ្អែម​លាយ​ជូរ​តិចៗ​ពី​ផ្លែ​គី​វី​ ​និង​រស​ផ្អែម​ឈ្ងុយ​ពី​ទឹកដូង​ ​ធ្វើឲ្យ​ភេសជ្ជៈ​១​មុខ​នេះ​មាន​រសជាតិ​ឆ្ងាញ់​ ​ថែមទាំង​ល្អ​ចំពោះ​សុខភាព​។​

            ៥​.​ទឹក​ផ្លែ​ប៉ោម​លាយ​ខ្ញី​៖​ ​អ្នក​ប្រហែលជា​ធុញទ្រាន់​ក្នុង​ការ​ទទួលទានទឹក​បន្លែ​បៃតង​ជា​រៀងរាល់ថ្ងៃ​ ​តែ​មិន​ដឹង​ថា​គួរ​ទទួលទាន​អ្វី​ជំនួស​ដើម្បីឲ្យ​ល្អ​ចំពោះ​សុខភាព​។​ ​អ្នក​អាច​​​យក​ផ្លែ​ប៉ោម​មក​ជំនួស​បាន​ ​ដោយ​លាយ​ជាមួយ​ដើម​ឃិនឆាយ​ចិន​បន្តិចបន្តួច​ឬ​បរិមាណ​ទៅ​តាមចំណូលចិត្ត​ ​ព្រមទាំង​ ​ត្រសក់​ ​និង​ខ្ញី​។​ ​វា​មាន​រសជាតិ​ផ្អែម​ឡែមៗ​ចេញពី​ផ្លែ​ប៉ោម​ ​និង​មិន​មាន​ក្លិន​ក្រពុល​ពី​បន្លែ​ឡើយ​ ​ស័ក្តិសម​បំផុត​សម្រាប់​ទទួលទាន​ពេលព្រឹក​។​

            ៦​.​ទឹក​ផ្លែ​ប៉ោម​និង​ក្រូច​ផ្អែម​៖​ ​ប្រសិនបើ​អ្នក​មិនសូវ​ចូលចិត្ត​ក្លិន​បន្លែ​ ​អ្នក​អាច​សាកល្បង​រូបមន្ត​នេះ​បាន​។​ ​ដែល​មាន​គ្រឿងផ្សំ​ដូចជា​ផ្លែ​ប៉ោម​ ​ក្រូច​ ​និង​ដើម​ឃិនឆាយ​បន្តិចបន្តួច​ទៅ​តាមចំណូលចិត្ត​។​ ​បើ​ទោះ​ប្រើ​ឃិនឆាយ​ ​តែ​វា​នឹង​មិន​មាន​ក្លិន​ក្រពុល​ដោយសារតែ​រសជាតិ​ចេញពី​ផ្លែ​ប៉ោម​និង​ក្រូច​ខ្លាំង​ជាង​។​

            បន្លែ​បៃតង​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​រាងកាយ​ដែល​យើង​គ្រប់គ្នា​គួរតែ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។​ ​ជាមួយ​រូបមន្ត​ទឹក​បន្លែ​ផ្លែឈើ​៦​មុខ​ខាងលើ​ ​សូម្បី​អ្នក​មិន​ចេះ​ទទួលទាន​បន្លែ​ ​ក៏​អាច​នឹង​ងាក​មក​ចូលចិត្ត​ផង​ដែរ​ ​ក៏​ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​ ​ក្លិន​ឈ្ងុយ​ ​ពិសេស​ថែមទាំង​ជា​ភេសជ្ជៈ​ចំ​គោលដៅ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ ​និង​ជួយ​ឲ្យ​ស្បែក​ស្អាត​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS