ការក្លាយជាវិចិត្រករគំនូរមួយរូប មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ត្រូវឆ្លងកាត់ការរៀនសូត្រពីអ្នកជំនាញ ពីរៀមច្បង ក៏ដូចជាលោកគ្រូអ្នកគ្រូផ្នែកវិចិត្រកម្មផងដែរ។ តាមធម្មតាវិចិត្រករម្នាក់ៗរមែងមានទំនោរទៅលើប្រភេទសិល្បៈគំនូររៀងៗខ្លួន ដោយឡែក វិចិត្រករមួយរូបបានមានទំនោរទៅលើគំនូរច្រើនបែប សំខាន់រៀនចេះដោយខ្លួនឯង ហើយក៏យកសិល្បៈគំនូរនេះមកបង្កើតជាម៉ាកសម្លៀកបំពាក់លើទីផ្សារអន្តរជាតិទៀតផង។
លោក ហ៊ុន សុភ័ក្ត្រ ត្រូវបានគេស្គាល់នៅលើបណ្តាញសង្គមថា Sopheak Art លោកគឺជាវិចិត្រករពហុជំនាញកំពុងរស់នៅបរទេស ពោលអាចគូរបានទាំងប្រភេទគំនូរលើក្រដាស គំនូរលើដងខ្លួន គំនូរលើម៉ូតូឡាន គំនូរលើជញ្ជាំង គំនូរឌីជីថល(Digital Art) និងគំនូរជីវចល(Animation)ជាដើម។ ជំនួបសំណេះសំណាលជាមួយ សូវរីន តាមរយៈប្រព័ន្ធអនឡាញពីទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី លោកបានរៀបរាប់ថា លោកមានចំណូលចិត្តលើការគូររូបតាំងតែពីកុមារភាព គឺតាំងពីពេលកំពុងសិក្សានៅបឋមសិក្សាថ្នាក់ទី៣ម្ល៉េះ។ ក្រោយមកដល់អាយុ៨ឆ្នាំ លោកបានផ្លាស់ប្តូរទីលំនៅពីស្រុកកំណើតខេត្តបាត់ដំបងហោះហើរចេញទៅរស់នៅប្រទេសម៉ាឡេស៊ីតាមឪពុកម្តាយ។ គ្រានោះហើយជាពេលដែលលោកចាប់ផ្តើមសិក្សាទៅលើការគូរគំនូរដោយខ្លួនឯង ដោយស្រាវជ្រាវរៀនតាមរយៈបណ្តាញសង្គមយូធូប(YouTube)។ ដោយមានទេពកោសល្យពីកំណើត លោកអាចរៀនចេះឆាប់ចាប់បានដោយខ្លួនឯង ហើយក៏ចាប់ផ្តើមការងារបន្តបន្ទាប់លើគំនូរប្រភេទផ្សេងៗរាប់តាំងពី គំនូរលើក្រដាស លើកក្រណាត់ លើជញ្ជាំង លើម៉ូតូឡាន រហូតដល់លើដងខ្លួនមនុស្ស។ ក្រោយប្រើជីវិតច្រើនឆ្នាំលើទឹកដីម៉ាឡេស៊ី មកដល់វ័យ៣០ឆ្នាំ លោកបានផ្លាស់មករស់នៅប្រទេសអូស្ត្រាលីវិញ ដោយហេតុឃើញថាទីនេះគឺជាដែនដីមានសក្តានុពលទីផ្សារទៅលើសិល្បៈគំនូរ។ ផ្តើមជីវិតលើទឹកដីថ្មី លោកបានសិក្សាដោយខ្លួនឯងបន្ថែមទៀតទៅលើសិល្បៈគំនូរឌីជីថល និងគំនូរជីវចល ហើយវាក៏ជាពេលដែលលោកចាប់ផ្តើមយកអ្វីដែលជាសិល្បៈវប្បធម៌របស់ខ្មែរមកបង្ហាញតាមរយៈស្នាដៃគំនូរប្រភេទនេះមកដល់សព្វថ្ងៃ។ ការស្វែងយល់ពីក្បាច់ខ្មែរ លោកបានស្រាវជ្រាវទៅលើក្បាច់ច្រើនទម្រង់ ពេលខ្លះរៀនពីសិល្បករខ្មែរតាមប្រព័ន្ធអនឡាញ ជួនយូរៗម្តងបានចុះមកស្រុកខ្មែរដើម្បីទស្សនាផ្ទាល់ផងដែរ។ លោកឲ្យដឹងដែរថា កាលពីដើមឡើយលោកធ្លាប់គូរក្បាច់ខ្មែរដែរ តែគូរតិចតួចមិនបានលម្អិតខ្លាំងដូច៥-៦ឆ្នាំចុងក្រោយនេះទេ។
កន្លងមកស្នាដៃគំនូរឌីជីថលរបស់វិចិត្រករវ័យ ៣៧ឆ្នាំ ហ៊ុន សុភ័ក្ត្រ ទទួលបានការចាប់អារម្មណ៍ច្រើន លោកបានគូររូបមនុស្សស្លៀកពាក់ឈុតអប្សរា គូរក្បាច់ខ្មែររំលេចពណ៌ផ្សេងៗ គូរ Logo ឬ និមិត្តសញ្ញាដែលលាយឡំក្បាច់ខ្មែរឲ្យខាងបណ្តាក្រុមហ៊ុនធំៗ រួមទាំង ហាងកាត់សក់ ហាងកាត់ដេរ និងភោជនីយដ្ឋានទាំងក្នុងនិងក្រៅប្រទេស។ ដោយឡែក បើនិយាយពីគំនូរជីវចលវិញ លោកធ្លាប់គូរសម្រាប់បទចម្រៀងរបស់តារាចម្រៀងខ្មែរអូស្ត្រាលី និងតារាចម្រៀងខ្មែរអាមេរិក ដូចជាបទ «ជិះដំរីលេងនឹងបង» «Khmer Pride» «Slumber» «LOVE AGAIN» និង «Happy as Hell»។
លើសពីសិល្បៈគំនូរ វិចិត្រករពហុជំនាញវ័យ៣៧ឆ្នាំរូបនេះ បានយកជំនាញរបស់ខ្លួនមកផ្សែផ្សំបង្កើតជំនួញក្នុងវិស័យហ្វេហ្សិនផងដែរ។ តួយ៉ាង កាលពីឆ្នាំ ២០២០ លោកបានបង្កើតម៉ាកសម្លៀកបំពាក់មួយក្រោមស្លាកយីហោ Fly Heart Fit ឬហៅកាត់ថា FHF ដែលផ្តោតទៅលើឈុតហែលទឹកប្រើក្រណាត់បោះពុម្ពលាតដោយក្រឡាក្បាច់ខ្មែរ។ លោកថាអត្ថន័យនៃម៉ាក Fly Heart Fit អាចបរិយាយយ៉ាងដូច្នេះ «យើងកំពុងសប្បាយរីករាយមិនមានទុក្ខកង្វល់អ្វីទាំងអស់»។ ចំណែកឯស្ទាយ៌ក៏មិនខុសគ្នាឡើយគឺ ទំនោរសម្រាប់មនុស្សវ័យក្មេងចូលចិត្តការសប្បាយ និងអ្នកសប្បាយរាល់កម្មវិធីជប់លៀង។ ជាក់ស្តែង សម្លៀកបំពាក់នេះទៀតសោតមិនមែនមានតែជាប្រភេទឈុតហែលទឹកប៉ុណ្ណោះទេ ថែមទាំងមានឈុតស្លៀកពាក់សម្រាប់កម្មវិធីរាំលេងសប្បាយផងដែរ។ កន្សែង ឈុតប៊ីគិនី ឈុតហែលទឹក អាវទ្រនាប់ អាវទ្រនាប់ដៃវែង ខោរឹបជើងជែង ឬយើងហៅថាខោស្វិត មើលទៅពិតជាទាក់ភ្នែករំលេចពណ៌លេចៗឆ្លុះដោយក្រឡាក្បាច់ខ្មែរ ឈុតខ្លះត្រូវបានដាក់ឈ្មោះថា ឈុត Tevada ឬទេវតា ឈុត Reahou ឬរាហូ សុទ្ធសឹងតែជាការចេញម៉ូដទាំងស្រុងដោយសា្ថបនិកផ្ទាល់។ ស្ថាបនិកសម្បុរស្រអែមប្រាប់ដែរថា មកទល់ពេលនេះម៉ាករបស់លោកបញ្ចេញបាន៩ខូឡិកហ្សិនហើយ ដែលក្នុងខូឡិកសិនកន្លងមកលោកបានបញ្ចូលក្បាច់ខ្មែរចម្រុះលាយឡំគ្នា ដោយឡែកសម្រាប់ខូឡិកហ្សិនបន្ទាប់លោកនឹងជ្រើសរើសក្បាច់តាមសម័យកាលវិញម្តង។
សួរថាតើការយកក្បាច់ខ្មែរមកបង្ហាញលើឈុតហែលទឹកអាចរងការរិះគន់ដែរឬទេ? ឆ្លើយទាំងញញឹម លោកថា “ ខ្ញុំដឹងថាអាចមានគេរិះគន់ តែខ្ញុំគិតថាវាជាសិល្បៈមួយនៅលើសម្លៀកបំពាក់ដូចមិនមានអ្វីខុសទាស់ទេ។ ម្យ៉ាងមុនពេលធ្វើខ្ញុំក៏បានគិតវែងឆ្ងាយ និងបានពិភាក្សាជាមួយបងប្អូនខ្មែរច្រើនដែរដូចមិនមានអ្វីចោទជាបញ្ហាទេ។” ការយកសិល្បៈក្បាច់ខ្មែរមកបង្ហាញតាមរយៈសម្លៀកបំពាក់ លោកបានបង្ហាញអំពីគោលគំនិតដែរថា “ យើងជាកូនខ្មែរមួយរូប យើងត្រូវធ្វើអ្វីមួយទាក់ទងនឹងអត្តសញ្ញាណជាតិរបស់យើង យើងត្រូវតែធ្វើវា បញ្ចេញវាឲ្យអស់ យើងចង់បង្ហាញថាអ្វីៗទាំងហ្នឹងជារបស់យើង បើយើងទុកវា ប្រទេសជិតខាងគេនឹងបង្ហាញហើយថាជារបស់គេមិនខាន។”
មែនទែនទៅ ការបើកម៉ាកសម្លៀកបំពាក់ឈុតហែលទឹកនេះ លោក ហ៊ុន សុភ័ក្ត្រ មានគម្រោងយូរមកហើយ “ ខ្ញុំមានគម្រោងយូរឆ្នាំហើយ ខ្ញុំធ្លាប់ស្រមៃតាំងពីតូចថាថ្ងៃណាមួយខ្ញុំនឹងមានប្រ៊េនខ្លួនឯង ហើយចង់បើកនៅក្រៅប្រទេស។ ដូចនេះខ្ញុំមិនចង់ទុកវាជាសុបិនទៀតទេ។ ខ្ញុំចូលចិត្តធ្វើអ្វីប្លែកគេ ដូចបានដឹងអីចឹង ជំនាញទាំងប៉ុន្មានខ្ញុំរៀនដោយខ្លួនឯងទាំងអស់។ ខ្ញុំធ្វើឈុតហែលទឹកបែបហ្នឹង ព្រោះវាមើលទៅដោយឡែកពីគេ ខ្ញុំមិនចង់ធ្វើអ្វីដដែលៗដូចគេទេ។”
ថ្វីដ្បិត ម៉ាកសម្លៀកបំពាក់ Fly Heart Fit ទើបតែបើកប្រមាណជាងមួយឆ្នាំ តែបើនិយាយពីសន្ទុះទីផ្សារគឺមានការគាំទ្រគួរសម។ លោកថា សម្លៀកបំពាក់របស់លោកមានទីផ្សារខ្ពស់នៅប៉ែកអឺរ៉ុប ភាគច្រើននៅខាងអូស្ត្រាលី និងអាមេរិក។ លោកផ្តោតទីផ្សារនៅប៉ែកអឺរ៉ុបជាចម្បងក៏ព្រោះនៅទីនេះប្រភេទឈុតហែលទឹកមានការពេញនិយមខ្លាំង។ បច្ចុប្បន្ន ដោយសារការរាតត្បាតវីរុសកូវីដ-១៩ លោកពុំទាន់គិតគូររៀបចំបើកហាងនៅឡើយ ដោយផ្តោតលើការដាក់លក់តាមអនឡាញនៅលើវេបសាយផ្លូវការ និងបណ្តាញសង្គមនានាមុនសិន។ តែយ៉ាងណាមិញ គោលបំណងចម្បងរបស់លោក គឺលោកចង់ធ្វើឲ្យប្រ៊េនមួយនេះក្លាយជាប្រ៊េនធំមួយលំដាប់អន្តរជាតិដូចទៅនឹងប្រ៊េនល្បីៗទូទាំងពិភពលោកដទៃ។
ក្រៅពីកំពុងត្រៀមបញ្ចេញខូឡិកហ្សិនថ្មី ស្ថាបនិកសង្ហាសម្តីរួសរាយ ហ៊ុន សុភ័ក្ត្រ បង្ហើបថា លោកគម្រោងនឹងយកខូឡិកហ្សិនថ្មីទៅបង្ហាញនៅក្នុងកម្មវិធីដើរម៉ូដហ្វេហ្សិនដ៏ល្បីមួយរបស់អូស្ត្រាលី Australian’s Next Top Designer ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។
ជាវិចិត្រករ ជាអ្នកច្នៃម៉ូដ និងជាស្ថាបនិកម៉ាកហ្វេហ្សិន មានឈាមជ័រខ្មែរកំពុងរស់នៅបរទេសមួយរូប លោក ហ៊ុន សុភ័ក្ត្រ សូមអធ្យាស្រ័យផងដែរថា ប្រសិនបើលោកធ្វើអ្វីមួយឆ្គាំឆ្គង សូមកុំប្រកាន់លោក ព្រោះលោកជាក្មេងធំធាត់នៅបរទេសតាំងតែពីតូចមិនសូវបានយល់អ្វីច្រើនឡើយ តែយ៉ាងណាអ្វីដែលលោកធ្វើទាំងអស់នេះគឺធ្វើដើម្បីខ្មែរ លោកចង់ឲ្យគេដឹងថាវាជារបស់ខ្មែរយើង។ សម្រាប់លោកអ្នកចង់ជាវផលិតផលរបស់លោកអាចចូលទៅកាន់វេបសាយ www.flyheartfit.com៕
Article by HEM SOKKHIM