×

ឈ្វេងយល់​ពី​ពេលវេលា​ត្រឹមត្រូវ​ក្នុង​ការ​ទទួលទានទឹក​ដោះ​គោ​ស្រស់​

TRAVEL & LIVING 3 years ago
 
 

          ប្រហែលជា​អ្នក​ធ្លាប់​បាន​ដឹង​រួចមក​ហើយ​ថា​ ​ការ​ទទួលទានទឹក​ដោះ​គោ​ស្រស់​គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ចំពោះ​រាងកាយ​ ​ខណៈ​ដែល​វា​អាច​ទទួលទាន​បាន​គ្រប់​វ័យ​ទៅតាម​ប្រភេទ​នីមួយៗ​។​ ​ទឹកដោះគោ​ត្រូវ​បាន​គេ​ចាត់ទុកជា​ភេសជ្ជៈ​សុខភាព​មួយ​ប្រភេទ​ក្នុងចំណោម​ភេសជ្ជៈ​ដទៃទៀត​ ​វា​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ ​កាល់​ស្យូ​ម​ ​វីតាមីន​B12 ​វីតាមីន​D​ ​និង​ផូស្វ័​រ​។​ ​រាល់​ដង​មនុស្ស​ភាគច្រើន​ទម្លាប់​ទទួលទាន​តែ​ពេល​ឃ្លាន​ ​ដោយ​មិន​ដឹង​ទេ​ថា​ទទួលទាន​ពេលណា​ទើប​ល្អ​ ​និង​ផ្តល់​ប្រយោជន៍​ខ្ពស់​ចំពោះ​រាងកាយ​ឡើយ​។​ ​ដូច្នេះ​ ​ថ្ងៃនេះ​យើង​នឹង​មក​ជ្រាប​ទាំងអស់គ្នា​ដូច​ខាងក្រោម​។​

          ​ជា​ការពិត​ណាស់​ ​អ្នក​ប្រហែលជា​កំពុង​ទម្លាប់​ទទួលទានទឹក​ដោះ​គោ​ស្រស់​មួយ​កែវ​រៀងរាល់​ព្រឹក​មិនថា​មុន​ ​ឬ​ក្រោយពេល​បាយ​ ​ខណៈ​ដែល​ទឹកដោះគោ​ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ណែនាំ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​សម្រាប់​កុមារ​ដែល​ជាវ័យ​កំពុង​លូតលាស់​។​ ​ដោយសារ​ទឹកដោះគោ​សម្បូរ​កាល់​ស្យូ​ម​ខ្ពស់​ ​គ្រូពេទ្យ​ជំនាញ​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​ទទួលទាន​នៅ​ពេលព្រឹក​ទាំង​សម្រាប់​កុមារ​ ​និង​មនុស្ស​វ័យ​ជំទង់​ ​ដែល​វា​នឹង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជួយ​ជំរុញ​ដល់​ឆ្អឹង​រឹង​មាំ​ ​និង​រាងកាយ​លូតលាស់​បាន​ល្អ​។​ ​សំខាន់​វា​នឹង​ចូល​ទៅ​បំពេញ​ប្រូតេអ៊ីន​ដល់​រាងកាយ​មាន​ភាព​មាំមួន​ប្រកបដោយ​ថាមពល​។​

          ​ទឹកដោះគោ​ក៏​ល្អ​សម្រាប់​មនុស្ស​ពេញវ័យ​ ​និង​វ័យ​ចំណាស់​ផង​ដែរ​។​ ​តួយ៉ាង​ ​ដំណេក​ ​ជា​បញ្ហា​ចម្បង​មួយ​ដែល​មនុស្ស​វ័យ​នេះ​រមែង​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​។​ ​អ្នកខ្លះ​គេង​មិន​លក់​គេង​មិន​ស្កប់​ ​អ្នកខ្លះ​មាន​អារម្មណ៍​មិន​ង​ងុយគេង​ទាល់តែសោះ​ ​ខណៈ​អ្នកខ្លះ​ទៀត​គេង​បាន​ត្រឹមតែ​៣​ទៅ​៤​ម៉ោង​ស្ទើរ​រៀងរាល់ថ្ងៃ​ក៏មាន​។​ ​តាម​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា​ ​ចំពោះ​មនុស្ស​ពេញវ័យ​ ​និង​វ័យ​ចំណាស់​ ​បើ​ទទួលទានទឹក​ដោះ​គោ​ស្រស់​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​ក្រោយ​អាហារ​ពេលល្ងាច​ ​ឬ​មុន​ពេល​ចូលគេង​អាច​ជួយ​សម្រួល​ឲ្យឆាប់​ង​ងុយគេង​ ​និង​គេងលក់​ស្រួល​។​ ​ពេលយប់​ជា​ពេល​រាងកាយ​មិន​បញ្ចេញ​សកម្មភាព​ច្រើន​ ​ដូច្នេះ​ការ​ទទួលទាន​ពេលនេះ​នឹង​អនុញ្ញាត​ឲ្យ​រាងកាយ​ស្រូប​យកជាតិ​កាល់​ស្យូ​ម​បាន​ច្រើន​ពី​ទឹកដោះគោ​។​ ​មិនបាច់​ធ្វើអ្វី​ច្រើន​ ​គ្រាន់តែ​យក​ទឹកដោះគោ​ស្រស់​មួយ​កែវ​ទៅ​ក​ម្តៅ​ឲ្យ​ក្តៅ​ឧណ្ហ​ៗ​រួច​ផឹក​ជាការស្រេច​។​

          ការ​ទទួលទានទឹក​ដោះ​គោ​ជាប្រចាំ​មិន​ត្រឹមតែ​មាន​អត្ថប្រយោជន៍​ដូចដែល​បាន​រៀបរាប់​ខាងលើ​នោះ​ទេ​ ​វាក​៏​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ ​និង​ការពារ​អា​ការក្រ​ហាយ​ទ្រូង​បាន​ទៀត​ផង​។​ ​បើ​ទទួលទានទឹក​ដោះ​គោ​ប្រភេទ​មាន​ជាតិ​ខ្លាញ់​ទាប​អាច​ប្រមាណ​ ​២​-​៣​ពែង​ក្នុងមួយថ្ងៃ​ ​តែ​បើ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ​អ្នក​គួរ​ទទួលទាន​ត្រឹមតែ​១​-​២​ពែង​ក្នុងមួយថ្ងៃ​បានហើយ​ ​ព្រោះ​បើ​លើស​ពី​នេះ​វា​អាច​ធ្វើឲ្យ​ឡើង​ទម្ងន់​បាន​។​ ​ដើម្បី​កាន់តែ​ឆ្ងាញ់​ពិសា​អ្នក​អាច​ផឹក​ទឹកដោះគោ​លាយ​គ្នា​ជាមួយនឹង​ការ​ញុំា​ផ្លែឈើ​តាមចំណូលចិត្ត​ ​ឬ​អាច​លាយ​ទឹកដោះគោ​ជាមួយនឹង​ម្សៅ​សូ​កូឡា​ក៏បាន​។​

          ​ខាងលើ​នេះ​អាច​ជា​ចំណេះ​ដឹង​តូច​មួយ​បន្ថែម​ទៀត​សម្រាប់​អ្នក​និយម​ចូលចិត្ត​ផឹក​ទឹកដោះគោ​។​ ​បើ​ទោះ​ទឹកដោះគោ​មាន​អត្ថប្រយោជន៍​ក៏​ពិតមែន​ ​តែ​វា​តម្រូវ​ទទួលទាន​ស្រប​ទៅ​តាមពេលវេលា​មួយ​ដ៏​ត្រឹមត្រូវ​ទៅតាម​វ័យ​ផង​ដែរ​។​ ​បើ​អ្នក​មិនទាន់​ទម្លាប់​ផឹក​ ​គួរតែ​ចាប់ផ្តើម​ផឹក​ជាប្រចាំ​ចាប់ពី​ឥឡូវនេះ​ ​ហើយ​ផឹក​ក្នុង​បរិមាណ​សម​ល្មម​ដែល​ល្អ​ចំពោះ​សុខភាព​ក៏ដូចជា​រាងកាយ​ដូចដែល​បាន​បកស្រាយ​នៅ​ក្នុង​អត្ថបទ​នេះ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS