ហាងកាហ្វេទំនើបអមដោយទេសភាពធម្មជាតិត្រជាក់ភ្នែកនៃស្រុកល្វាឯម
TRAVEL & LIVING 3 years ago តំបន់អរិយក្សត្រ ត្រើយម្ខាងទន្លេមេគង្គ រាជធានីភ្នំពេញ កំពុងក្លាយជាតំបន់ទេសចរណ៍ក្នុងស្រុកដ៏ពេញនិយមមួយដែលអ្នករស់នៅភ្នំពេញនិយមទៅលេងកម្សាន្ត ជាពិសេសក្រុមអ្នកជិះកង់ ព្រោះទីនេះមានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីក្រុង ងាយស្រួលធ្វើដំណើរត្រាច់ចររុករកទីតាំងទាក់ទាញនានាដែលលាក់ខ្លួនក្នុងតំបន់នោះ។ ដោយសារលក្ខណៈអំណោយផលល្អនៃតំបន់នេះ គួបផ្សំនឹងកំណើនភ្ញៀវទេសចរមកពីគ្រប់ទិសទីផងនោះ សហគ្រិនវ័យក្មេងមួយក្រុមបានចាប់ដៃគ្នាបើកអាជីវកម្មហាងកាហ្វេបែបទំនើបមួយកន្លែងនៅលើទឹកដីស្រុកល្វាឯមនេះ។
«ស្រយាលកាហ្វេ» ត្រូវបានស្ថាបនាឡើងដោយក្រុមយុវជនខ្មែរមួយក្រុមដែលជាមិត្តភក្តិនឹងគ្នាចំនួន៥ រូប គឺ អេល ថាវ៉ាន់នី, ឈឺន ចាន់បូរិន, ឈឹម ទិត្យអមតៈ, ហេង ដានិត និង ខេន សុផារ៉ា។ បើតាមការអះអាងរបស់ស្ថាបនិកហាងផ្ទាល់ ហាងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីឲ្យវាក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ធំៗប្រចាំតំបន់។ ការតុបតែងលម្អហាងកាហ្វេនិងបានីយដ្ឋានមួយនេះអាចពណ៌នាបានថា ត្រូវបានសម្រិតសម្រាំងឡើងតាមលំនាំរចនាបថស្ថាបត្យកម្មបែប Modern Minimalism មានន័យថា «បែបតិចនិយមទំនើប» ដែលមានលក្ខណៈសាមញ្ញបំផុត តែស្អាតទូលាយស្រឡះភ្នែក ដើម្បីរំលេចបរិស្ថានធម្មជាតិជុំវិញនោះឲ្យលេចធ្លោឡើងជាធំ ព្រមទាំងផ្ទេរគំនិតក្នុងការរៀបហាងផ្តោតលើបរិយាកាសខាងក្រៅតាមសម័យនិយម (Chic Outdoor) ដែលកំពុងល្បីតាមហាងនានានៅទីក្រុងមកប្រើប្រាស់លើទីតាំងដែលឆ្ងាយពីក្រុងបន្តិចវិញ។
“នៅពេលដែលយើងព្រាងគំនិតបើកហាងកាហ្វេនិងគំនិតឌីហ្សាញ យើងសង្កេតឃើញថា តំបន់អរិយក្សត្រ (ក្នុងខេត្តកណ្តាល) ដែលមានចម្ងាយត្រឹមតែជិះសាឡាងមួយភ្លែតពីភ្នំពេញនោះ គឺជាដង្ហើមនៃខ្យល់អាកាសបរិសុទ្ធចាកផុតពីទីក្រុងដ៏មមាញឹក ហើយបានក្លាយជាចំណុចដែលកាន់តែល្បីសម្រាប់ការសម្រាកលម្ហែរយៈពេលខ្លី ជាពិសេសក្នុងចំណោមក្រុមជិះកង់និងអ្នកដែលស្រឡាញ់ការបើកបរជុំវិញក្រុង” តំណាងស្ថាបនិកហាងមួយរូបបានលើកឡើង ។ ម្យ៉ាងវិញទៀត សហស្ថាបនិកទាំងអស់យល់ឃើញថា ទោះបីជាតំបន់នេះមានការអភិវឌ្ឍក៏ពិតមែន ប៉ុន្តែទីតាំងសម្រាប់ឈប់សម្រាកមិនសូវមានច្រើននៅលើផែនទីប៉ុន្មានទេ ហើយសម្រាប់អ្នកដែលចង់ទទួលទានកាហ្វេឆ្ងាញ់មានគុណភាពក៏ពិបាករកណាស់ដែរនៅទីនោះ។
ទោះបីជាអតិថិជនគោលដៅចំបងរបស់ហាងស្រយាលកាហ្វេគឺជាក្រុមអ្នកជិះកង់និងមិត្តយុវវ័យក៏ដោយ ក៏ស្រយាលកាហ្វេនៅតែរង់ចាំទទួលស្វាគមន៍ភ្ញៀវប្រុសស្រីគ្រប់វ័យមកពីគ្រប់មជ្ឈដ្ឋាន មិនថាអ្នកមកពីទីក្រុង ឬប្រជាពលរដ្ឋដែលមានទីលំនៅនៅអរិយក្សត្រនោះទេ ពោលគឺឲ្យតែមានបំណងមកសម្រាកលម្ហែកាយនៅទីនេះក្រោមបរិយាកាសធម្មជាតិគ្មានឧស្ម័នកាបូនិចប្របតាមបណ្តោយដងទន្លេជាយក្រុង។ ដោយឡែក ចំពោះមុខម្ហូបនិងភេសជ្ជៈវិញ ទីនេះមានភេសជ្ជៈប្រចាំត្រកូលឈ្មោះថា «ស្រយាលកាហ្វេ» (Sroyal Coffee) ដែលជាភេសជ្ជៈបែបកូនកាត់រវាងរសជាតិកាហ្វេអាយឡាតេនិងកាហ្វេទឹកគោខាប់បែបបុរាណ។ រីឯក្នុងបញ្ជីរាយឈ្មោះម្ហូប អាហារភាគច្រើនជាអាហារក្លាយមកពីថៃ ជាពិសេសក្នុងនោះរួមមាន ផាត់ថៃបង្គា និង បាយឆាម្រះព្រៅ ដែលលក់ដាច់ជាងគេជាទីបំផុត។ ម្ចាស់ហាងក៏បានបង្ហើបប្រាប់សូវរីនថា ពួកគេកំពុងបន្ថែមអាហារនិងភេសជ្ជៈបញ្ចូលក្នុងមឺនុយដើម្បីបង្កើនជម្រើសសម្រាប់ភ្ញៀវ និង ត្រៀមបើកដំណើរការបានីយដ្ឋានSroyal Pub ក្នុងពេលឆាប់ៗខាងមុខនេះ។
អាសយដ្ឋានហាង ស្ថិតនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ដើម្បីទៅដល់ លោកអ្នកត្រូវឆ្លងសាឡាងអរិយក្សត្រ ហើយបន្តដំណើរប្រមាណ២គីឡូម៉ែត្រ ទើបបត់ស្តាំត្រង់ចំណុចវត្តពេជ្រម្កុដ រួចជិះតាមផ្លូវនោះចម្ងាយ៦គីឡូម៉ែត្រកាត់វត្តសុវណ្ណតេជោ ឆ្លងស្ពានបេតុងមួយនោះលោកអ្នកនឹងឃើញហាងស្រយាលកាហ្វេនៅខាងស្តាំដៃ ដែលមានផ្ទះដើមឈើខ្ពស់គួរឲ្យចាប់អារម្មណ៍ជាសម្គាល់។ ហាងនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង៦ល្ងាច៕
Article by SRINSOKMEAN