ធ្វើដំណើរទៅភ្លក់រសជាតិហ្វឺល្បីៗក្នុងវេបសាយទេសចរណ៍អន្តរជាតិ Tripadvisor
TRAVEL & LIVING 3 years agoជាទូទៅ នរណាៗក៏ដឹងថាទេសចរបរទេសជាច្រើនដែលធ្វើដំណើរទេសចរណ៍នៅជុំវិញពិភពលោកនិយមស្វែងរកសេវាកម្មទេសចរណ៍ មិនថា សេវាកម្មស្នាក់នៅ ឬ សេវាកម្មហូបចុក នោះទេតាមគេហទំព័រ Tripadvisor (ទ្រីបអ៊ែដវ៉ាយហ្ស័រ) ដើម្បីស្គាល់ជម្រើសបានច្រើន ហើយរើសយកកន្លែងដែលទទួលបានពិន្ទុ review ខ្ពស់ជាងគេ។ ខាងក្រោមនេះ ជាភោជនីយដ្ឋាន-អាហារដ្ឋាន ចំនួន៣ទីតាំងនៅក្រុងភ្នំពេញដែលទទួលបានការវាយតម្លៃល្អពីភ្ញៀវទេសចរចំពោះរសជាតិអាហារបែបវៀតណាមមួយមុខគឺ ស៊ុបហ្វឺ (Phở) ដ៏ឈ្ងុយឆ្ងាញ់ពិបាករកកន្លែងផ្សេងប្រៀបប្រដូចឲ្យដូចគ្នាបេះបិទបាន។
១. ភោជនីយដ្ឋាន ដើមចំប៉ា (Magnolia Dam Champa)
«ដើមចំប៉ា» ឬជនបរទេសហៅថា Magnolia Dam Champa ជាទីតាំងភោជនីយដ្ឋានដ៏ធំស្កឹមស្កៃក្រោមបរិយាកាសជាផ្ទះវីឡាសម័យមុន ស្ថិតនៅផ្ទះលេខ៥៥ បណ្តោយវិថីប៉ាស្ទ័រ (ផ្លូវ៥១) កែងវិថីឧកញ៉ាពេជ្រ (ផ្លូវ២៤២) ខាងជើងស្តុបវត្តលង្កា ម្តុំក្រោយវិទ្យាល័យអនុវត្ត។ ហាងនេះមានឯកទេសខាងម្ហូបវៀតណាមល្បីជាយូរឆ្នាំមកហើយ ហើយក្នុងចំណោមអាហារវៀតណាមយ៉ាងសម្បូរបែបប្រចាំហាង ស៊ុបហ្វឺ (Phở) នៅទីនោះក៏មានឱជារសឈ្ងុយឆ្ងាញ់មានគុណភាព ចម្អិនដោយចុងភៅជំនាញដែលមានបទពិសោធន៍លំដាប់ស្តង់ដារសម្រាប់ទេសចរជាតិ-អន្តរជាតិ។ ហ្វឺពិសេសប្រចាំហាងនេះគឺ ឈុតហ្វឺចានថ្មក្តៅ (Special Phở served in a hot stone bowl) ដែលមានជម្រើសសាច់ពីរប្រភេទ គឺ ហ្វឺសាច់គោ និងហ្វឺសាច់ពពែដែលលោកអ្នកអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ ចានថ្មក្តៅជួយឲ្យទឹកស៊ុបហ្វឺនៅក្តៅហុយៗពេលលើកមកដល់ភ្លាម ធ្វើឲ្យសរសៃហ្វឺទន់ល្អ ត្រូវនឹងសាច់គោ ឬពពែស្រស់ៗបង់ភ្លាមៗដោយខ្លួនឯងផុយឆ្ងាញ់។ ហ្វឺសាច់ពពែជ្រលក់នឹងទឹកតៅហ៊ូពិសេស ឯហ្វឺសាច់គោជ្រលក់ជាមួយទឹកសៀង-ម្ទេស រសជាតិប្លែកឆ្ងាញ់ម្យ៉ាងម្នាក់។ ថ្វីដ្បិតតែជាហាងធំល្បី តែតម្លៃឈុតហ្វឺមួយចានធំ ត្រឹមតែ ៨ដុល្លារប៉ុណ្ណោះ។ បើលោកអ្នកចង់សាកល្បងសិន ក៏អាចសាកទទួលទានឈុតហ្វឺធម្មតាក្នុងតម្លៃ ៦ដុល្លារបានដែរ។ ម៉ោងដំណើរការ ជារៀងរាល់ថ្ងៃ ពីម៉ោង៦ព្រឹក ដល់ម៉ោង ១១យប់។
ឈុតហ្វឺចានថ្មក្តៅសាច់គោឈុតហ្វឺចានថ្មក្តៅសាច់ពពែ
២.ភោជនីយដ្ឋាន ហ្វឺហ្វថ្យូន (Phở Fortune )
ភោជនីយដ្ឋាននេះជាភោជនីយដ្ឋានតូចផ្លូវកែងដែលមានការរៀបចំបែបលក្ខណៈជាហាងគុយទាវ ស្ថិតនៅផ្ទះលេខ១២៨ Eo បណ្តោយវិថីប៉ាស្ទ័រ (ផ្លូវ៥១) កែងវិថីឧកញ៉ាពេជ្រ (ផ្លូវ២៤២) ជិតការ៉ាសសាំងភីធីធី (PTT) ប៉ាស្ទ័រ។ ហាងនេះជាហាងឯកទេសផ្តោតលើស៊ុបហ្វឺ (Phở) ជាធំតែម្តង។ នៅពេលមកដល់ទីនេះ លោកអ្នកអាចជ្រើសរើសហ្វឺបានច្រើនប្រភេទតាមតម្រូវការ រួមមាន ហ្វឺសាច់គ្រប់មុខ សាច់ស្រស់លាយប្រហិត សាច់ស្រស់លាយសាច់ខ្លាញ់ សាច់ខ្លាញ់ ហ្វឺសាច់ខ្លាញ់ ហ្វឺសាច់កំភួន ហ្វឺសរសៃសុទ្ធ ហ្វឺសាច់ត្រី និងហ្វឺសាច់មាន់។ បើតាមការអះអាងរបស់ម្ចាស់ហាង ហ្វឺលក់ដាច់ជាងគេគឺ ហ្វឺសាច់គ្រប់មុខ និងមួយមុខទៀតគឺ ហ្វឺពិសេស (សាច់ច្រើន មានពងមាន់) ត្រូវនឹងរសជាតិទឹកដូងធម្មជាតិត្រជាក់ៗដែលភ្ញៀវនិយមកុម្ម៉ង់ទទួលទានអមជាមួយ។ លក្ខណៈពិសេសមួយទៀត គឺ ទីនេះក៏ជាជម្រើសដ៏ប្រសើរសម្រាប់ភ្ញៀវទាំងឡាយណាចូលចិត្តទទួលទានហ្វឺ តែពិបាករកកន្លែងដែលមានលក់ហ្វឺបួស និង សម្រាប់ភ្ញៀវដែលមិននិយមទទួលទានសាច់ព្រោះទីនេះមានប្រភេទហ្វឺបន្លែ។ និយាយឲ្យចំគឺល្អសម្រាប់អ្នកស្រឡាញ់ សុខភាព ព្រោះអ្វីដែលសំខាន់គឺក្រៅពីរសជាតិឆ្ងាញ់ ហ្វឺនៅទីនេះមិនប្រើប៊ីចេង (MSG) ឡើយ ឯទឹកស៊ុបក៏ធ្វើថ្មីៗជារៀងរាល់ព្រឹកថែមទៀតផង។ ដោយសារចំណុចទាំងនេះ ធ្វើឲ្យហាងនេះទទួលបានពិន្ទុ review ចំពោះរសជាតិអាហារ និងសេវាកម្ម យ៉ាងហោចណាស់ក៏ 4/5 ពីអតិថិជនដែរ ក្នុង Tripadvisor។ ហ្វឺធម្មតាមួយចានមានតម្លៃ ៣ ដុល្លារ ឯហ្វឺពិសេសមួយចានតម្លៃ ៥ដុល្លារ។ ម៉ោងដំណើរការ ជារៀងរាល់ថ្ងៃ ចន្លោះពីម៉ោង ៧ព្រឹក ដល់ ម៉ោង ៧យប់។
ឈុតហ្វឺពិសេសឈុតហ្វឺធម្មតា
៣. អាហារដ្ឋាន ហ្វឺសូរិយា (Phở Sorya)
ហ្វឺសូរិយា ជាហាងតូចមួយទំហំត្រឹមផ្ទះមួយល្វែងដែលវិវឌ្ឍចេញពីតូបលក់ហ្វឺនៅជាប់ផ្សារទំនើបសូរិយាតែម្តង។ ហាងនេះបើមើលពីខាងក្រៅទៅ យើងនឹងឃើញស្លាកយីហោដែលមានអក្សរ «ហ្វឺ Phở» អមដោយរូបក្បាលគោក្រហម ជានិមិត្តសញ្ញាសម្គាល់ ងាយស្រួលចំណាំបំផុត ព្រោះបរិវេណនោះ មានកន្លែងលក់ហ្វឺតែមួយនេះទេ។ ហាងនេះមានទីតាំងស្របតាមបណ្តោយវិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ៦៣) ជាប់ខាងកើតផ្សារសូរិយា ផ្លូវជាមួយហាងនំប៉័ង TOUS les JOURS។ ការរចនាខាងមុខហាងធ្វើឲ្យយើងមានអារម្មណ៍ដូចបានដើរចូលហាងហ្វឺនៅប្រទេសវៀតណាមក្នុងដំណើរកម្សាន្តយ៉ាងដូច្នោះដែរ ជាពិសេសគឺឃើញមានអតិថិជនឈររង់ចាំអ៊ូអរជាហូរហែមិនចេះស្ងាត់។ បើនិយាយពីរសជាតិ ហ្វឺនៅហាងនេះល្បីថាឆ្ងាញ់ត្រូវមាត់ សាកហើយចង់សាកទៀត ព្រោះទឹកស៊ុបក្តៅៗជាមួយសាច់គោចម្រុះ និងប្រហិតសាច់គោឆ្ងាញ់ពិសាចូលជាតិគ្នាល្អណាស់ មិនទាន់គិតរសជាតិខ្ទឹមបារាំង ជីរស្រស់ៗ និងទឹកសៀងជ្រលក់នោះផង។ ភ្ញៀវប្រចាំហាងនិយមហៅថែម ពងមាន់ស្រែ (តម្លៃ២០០០រៀល/ចានប៉ុណ្ណោះ) ឬទឹកស៊ុបប្រហិតថែម (ចានតូច ៥០០០រៀល ; ចានធំ ១០០០០រៀល) ដាក់ឲ្យមានរសជាតិឡើងទ្វេដង។ ហ្វឺមួយចានមានតម្លៃត្រឹម ១១០០០រៀល សមរម្យដែលអតិថិជនភាគច្រើនអាចទទួលយកបាន។ ម៉ោងដំណើរការ ជារៀងរាល់ថ្ងៃ ពីម៉ោង៤រសៀល ដល់ម៉ោង ៩:៣០នាទី យប់៕
Article by SRIN SOKMEAN
ឈុតហ្វឺថែមពងមាន់ស្រែទឹកស៊ុបពងមាន់ស្រែប្រចាំហាង