យុវសិស្សខេត្តកំពង់ស្ពឺមួយក្រុមនាំកិត្តិយសមកជូនសហគមន៍របស់ខ្លួនតាមរយៈការប្រកួតផ្នែកបរិស្ថាន
NEWS 3 years agoបញ្ហាបរិស្ថានជាបញ្ហាសង្គមមួយដែលយុវជនសព្វថ្ងៃកំពុងបង្កើតយុទ្ធនាការជាច្រើនបន្តបន្ទាប់ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និង លើកសោភ័ណភាពសហគមន៍ដែលខ្លួនកំពុងរស់នៅ។ ជាក់ស្តែង យុវជនមួយក្រុមមកពីខេត្តកំពង់ស្ពឺបានចាប់ដៃគ្នាសហការបង្កើតគម្រោងជួយបរិស្ថាននៃតំបន់រមណីយដ្ឋានទំនប់ស្លានៅក្នុងភូមិស្រុករបស់ពួកគេរហូតទទួលបានពានរង្វាន់ជ័យលាភីគម្រោងឆ្នើមរងប្រចាំឆ្នាំពីកម្មវិធី«ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ»រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត។
ក្នុងជំនួបជាមួយយុវជន សឿន ឧត្តម បច្ចុប្បន្នជានិស្សិតឆ្នាំទី២កំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ ដែលមានប្រភពមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាប្រធានក្រុម«ជំនោរយុវជនភ្នំស្រង់» យើងបានដឹងពីប្រវត្តិត្រួសៗនៃក្រុមយុវជនស្ម័គ្រចត្តខាងលើនេះថា ក្រុមនេះមានសមាជិកចំនួន៤រូប (១.លោក សឿន ឧត្តម ២. កញ្ញា ឌឿង មួយគីម ៣. កញ្ញា សេង ឡេងសោភា ៤. លោក ជឿន បញ្ញា) បង្កើតឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងចំនួន៦សំខាន់ៗ រួមមាន ថែរក្សាអនាម័យសហគមន៍ អប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃបរិស្ថានដល់យុវជននិងអាជីវ ករក្នុងតំបន់ ចុះសម្អាតបរិស្ថាន ដាក់ធុងសំរាម លើកផ្ទាំងប៉ាណូនិងពាក្យស្លោកបរិស្ថាន និង លើកទឹកចិត្តយុវជនឲ្យស្រឡាញ់បរិស្ថាន។
មុននឹងឈានដល់ការចូលរួមប្រកួតប្រជែងខាងលើ ឧត្តម និង សមាជិកក្រុមទាំងអស់ បានចុះធ្វើយុទ្ធនាការ បរិស្ថានជាច្រើនយ៉ាងជិតស្និទ្ធជាមួយប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីសិក្សាអំពីតម្រូវការផ្នែកបរិស្ថាននៃសហគមន៍ដោយផ្ទាល់ដែលរងផលប៉ះពាល់ពីកំណើនទេសចរដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានសហគមន៍ទំនប់ស្លាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងដើម្បីសហគមន៍នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាការបង្កើនសមត្ថភាពទំនួលខុសត្រូវក្នុងក្រុម ការអភិវឌ្ឍជំនាញទំនាក់ទំនងសហគមន៍ ការហ្វឹកហាត់រៀបចំសរសេរគម្រោង និង បង្កើនជំនាញដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងចំណេះដឹងថ្មីៗស្តីពីបច្ចេកវិទ្យាដែលបណ្តុះបណ្តាលដោយកម្មវិធី ជាដើម។
«តាមរយៈគម្រោងការអនុវត្តគម្រោងក្រោមប្រធានបទ «សក្តានុពលទេសចរណ៍ទំនប់ស្លាគ្មានកាកសំណល់ប្លាស្ទិច»គឺមានប្រជាជនភាគច្រើន គាត់បានសាទរនិងចូលរួមចំណែកគាំទ្រដល់ក្រុមរបស់យើងខ្ញុំបានយ៉ាងច្រើនគួរសម តាមរយៈការជួយជាថវិកា ការលើកទឹកចិត្ត និង ការចូលរួមក្នុងសកម្មភាពចុះសម្អាតបរិស្ថានផងដែរ» ឧត្តមបាន បញ្ជាក់។ ទោះបីជាមានប្រជាជនមួយចំនួនតូចនៅមិនទាន់បើកចិត្តទូលាយចំពោះសកម្មភាពក្រុមនេះ ក៏ក្រុមនៅតែខិតខំព្យាយាមបន្តសកម្មភាពរបស់ពួកគេដើម្បីឈានទៅសម្រេចគោលបំណងរបស់ខ្លួនជាដរាប។
ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមក៏បានបកស្រាយពីបញ្ហាប្រឈមដែលជាឧបសគ្គរាំងស្ទះក្នុងពេលបច្ចុប្បន្នថា «ដោយសារពួកខ្ញុំមិនមានថវិកាគ្រប់គ្រាន់ក្នុងការបន្តសកម្មភាពទៅមុខបន្តទៀតជាហេតុបណ្តាលឱ្យសកម្មភាពការងារជួយសង្គមរបស់យើងមិនបានសមប្រកបដូចនឹងការគ្រោងទុកនោះទេ»។ ក្នុងឆ្នាំ២០២២នេះ បើមានធនធានគ្រប់គ្រាន់ ក្រុម «ជំនោរយុវជនភ្នំស្រង់» នឹងពង្រីកសកម្មភាពជួយដល់បរិស្ថានក្នុងសហគមន៍បន្ថែមទៀតតាមរយៈ យុទ្ធនាការបណ្តុះបណ្តាលយុវជន បន្ថែមចំនួនធុងសំរាម បន្តដំឡើងផ្ទាំងប៉ាណូនិងស្លាកអប់រំផ្នែកបរិស្ថាន និង ជួយផ្សព្វផ្សាយទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានទំនប់ស្លាកាន់តែច្រើន៕
Article by SRIN SOKMEAN