ប៉ូ គឹមថេងសុតធីតា ម្ចាស់មកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២១
NEWS 3 years agoតាមរយៈកម្មវិធីប្រកួតសម្រស់ដ៏ល្បីល្បាញ Miss Grand International 2021 ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា បេក្ខភាពតំណាងឲ្យកម្ពុជាយើងគឺ កញ្ញា ប៉ូ គឹមថេងសុតធីតា ពិតជាបានបញ្ចេញសមត្ថភាព និងភាពក្លាហានយ៉ាងអស្ចារ្យ រហូតធ្វើឲ្យគណៈកម្មការជ្រើសចូលលំដាប់កំពូល១០នាក់ក្នុងចំណោមបេក្ខភាពប្រមាណ៥៩ប្រទេស។ ជំនួបរបស់បវរកញ្ញាកម្ពុជាជាមួយក្រុមការងារ សូវរីន កាលពីពេលថ្មីថ្មោង កញ្ញាបានស្វាគមន៍ទាំងស្នាមញញឹមដោយឆ្លៀតជជែកចែករំលែកអំពីបទពិសោធន៍នៃការប្រកួត រួមទាំងអនុស្សាវរីយ៍ ក៏ដូចជាបង្ហើបអំពីជីវប្រវត្តិផ្ទាល់ខ្លួនមួយចំនួនដែលប្រិយមិត្តមិនធ្លាប់បានដឹងពីមុន។
កញ្ញា ប៉ូ គឹមថេងសុតធីតា បានរៀបរាប់ពីអារម្មណ៍រំភើបមិនទាន់បាត់នៅឡើយថា “ ខ្ញុំពិតជាសប្បាយចិត្ត ហើយមិននឹកស្មានថាសមត្ថភាពរបស់ខ្ញុំអាចឈានទៅដល់កំពូល១០នាក់ចុងក្រោយ។ ខ្ញុំពិតជាមានមោទកភាពមែនទែនដែលអាចតំណាងឲ្យប្រទេសកម្ពុជា និងមានឱកាសបង្ហាញឲ្យអន្តរជាតិបានស្គាល់ពីប្រទេសរបស់យើង។” ផ្សារភ្ជាប់នឹងចំណាប់អារម្មណ៍កញ្ញាបានបន្ថែមទាំងទំនុកចិត្តថា “ការប្រកួតទាល់តែយើងមានសមត្ថភាពខ្លាំងទើបគណៈកម្មការចាប់អារម្មណ៍ ដូចនេះអាចនិយាយបានថា ខ្ញុំបានបង្ហាញពីភាពអស្ចារ្យនៃប្រទេសយើង និងអាចឲ្យគេស្គាល់ពីប្រទេសយើងកាន់តែច្បាស់។”
មែនទែនទៅ ការបោះជំហានប្រកួតលើឆាកអន្តរជាតិមិនមែនជាលើកទី១សម្រាប់បវរកញ្ញារាងស្រឡូនកម្ពស់១,៧៥ ទម្ងន់៥២គីឡូរូបនេះឡើយ។ “ ខ្ញុំធ្លាប់មានបទពិសោធន៍ប្រកួតលើឆាកអន្តរជាតិជាមួយបេក្ខភាពខ្លាំងៗដូចគ្នាច្រើនដង គឺតាំងពីឆ្នាំ២០១៧មកម្ល៉េះ ដូច្នេះមិនមានអ្វីដែលពិបាកសម្រាប់ខ្ញុំឡើយ តែយ៉ាងណាអ្វីដែលខ្ញុំទទួលបានគឺចំណេះដឹងថ្មីៗពីគណៈកម្មការតាមកម្មវិធីផ្សេងៗគ្នា”។ កញ្ញាថា នៅអំឡុងពេលប្រកួតកញ្ញាបានដាក់ចិត្តដាក់កាយប្រឹងប្រែងគ្រប់វិញ្ញាសាទាំងអស់ ដោយធ្វើឲ្យអស់ពីសមត្ថភាព និងល្អបំផុត។ ដោយឡែក វិញ្ញាសាដែលកញ្ញាប្រឹងប្រែងខ្លាំងជាងគេនោះគឺវិញ្ញាសាឈុតតំណាងជាតិ ដោយសារវិញ្ញាសានេះជាពេលដ៏សំខាន់ដែលបង្ហាញអំពីអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។ ជាក់ស្តែង ក្នុងឈុតតំណាងជាតិឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» កញ្ញាបានបញ្ចេញសមត្ថភាពធ្វើបានយ៉ាងល្អបំផុត ទាំងការដើរ ស្នាមញញឹម ភាពជឿជាក់ និងការបង្ហាញនូវអ្វីដែលជាអត្តសញ្ញាណរបស់យើង។
កញ្ញាបានលើកឡើងដែរថា “ឈុតតំណាងជាតិមួយៗមិនងាយស្រួលពាក់ទេ វាធ្ងន់ មានការឈឺចាប់ អាចរលាត់ស្បែក ត្រូវទូលប្រើកម្លាំងច្រើន ដែលសំខាន់មិនមែនពាក់តែមួយភ្លែតដើរដូចឃើញនោះទេ គឺពាក់រហូត២ទៅ៣ម៉ោងទាំងការឈររង់ចាំ និងដើរនៅលើឆាក។ ទោះយ៉ាងណាខ្ញុំក៏សប្បាយចិត្តខ្លាំងដែលបានបង្ហាញនូវអ្វីដែលជាអត្តសញ្ញាណរបស់យើងទៅកាន់ពិភពលោក។
“ពេលប្រកួតខ្ញុំមិនបាននឹងគិតថាមានការគាំទ្រខ្លាំងយ៉ាងនេះទេ អ្វីដែលខ្ញុំផ្តោតគឺ សមត្ថភាពមានប៉ុនណាខ្ញុំនឹងបញ្ចេញឲ្យអស់ដើម្បីប្រទេសជាតិរបស់ខ្ញុំ។ ពេលដឹងថាពួកគាត់គាំទ្រខ្លាំង ខ្ញុំកាន់តែសប្បាយចិត្ត និងមានទំនុកចិត្តខ្លាំងតែម្តង។” ថ្វីដ្បិតមិនបានមកុដត្រឡប់មកមាតុភូមិវិញ តែបវរកញ្ញាក្លាហានតំណាងជាតិរូបនេះថាខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាព ពិសេសបានចែករំលែកនូវអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ មិនថាតាមរយៈឈុតតំណាងជាតិ អក្សរ ភាសា ប្រាសាទអង្គរវត្ត និងរៀបរបបស្លៀកពាក់ ទៅកាន់បវរកញ្ញាប្រទេសដទៃក៏ដូចជាពិភពលោកទំាងមូល។
ងាកមកជ្រាបអំពីជីវប្រវត្តិរបស់បវរកញ្ញា ប៉ូ គឹមថេងសុតធីតា វិញ កញ្ញាមានអាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ កើតក្នុងគ្រួសារមានឪពុកជាអ្នកជំនួញ ឯម្តាយជាស្ត្រីមេផ្ទះ និងមានបងប្អូនចំនួន២នាក់ ស្រីទាំងពីរ កញ្ញាជាកូនស្រីច្បង។ នៅវ័យ៧ឆ្នាំ កញ្ញាត្រូវបានអ្នកម្តាយជំរុញទឹកចិត្តឲ្យប្រឡូកក្នុងវិស័យបវរកញ្ញា លុះពេញវ័យអាយុ១៧ឆ្នាំ កញ្ញាបានចាប់ផ្តើមចូលប្រកួតកម្មវិធីប្រឡងបវរញ្ញាដំបូងបំផុតនោះគឺកម្មវិធី Miss Grand នៅក្នុងឆ្នាំ ២០១៦ និងចូលប្រកួតម្តងទៀតនៅក្នុងឆ្នាំ ២០១៧។
កញ្ញាបានចូលប្រកួតកម្មវិធីជាច្រើនទៀតដូចជា កម្មវិធី Khmer Super Model 2016, កម្មវិធី Miss Tourism World 2017 ធ្វើឡើងនៅប្រទេសចិន និងបានជាប់លេខ៤, កម្មវិធី Asia Model Festival 2018 ធ្វើឡើងនៅប្រទេសកូរ៉េ, កម្មវិធី Miss Universe Cambodia ឆ្នាំ ២០១៩ និងជាប់លេខ ៤, កម្មវិធី Miss Asia Pacific International 2019 និងកម្មវិធី Miss Tourism Metropolitan International 2019។ អំឡុងវិបត្តិកូវីដជាសកល កញ្ញាបានសម្រាកពីរឆ្នាំទើបត្រឡប់មកចូលរួមប្រកួតកម្មវិធី Miss Grand Cambodia 2021 ជាថ្មី ហើយក៏ក្លាយជាម្ចាស់មកុដតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅឯប្រទេសថៃ។
បច្ចុប្បន្ន បវរកញ្ញា ប៉ូ គឹមថេងសុតធីតា ហាក់ចាប់ផ្តើមមមាញឹកខ្លាំងទៅលើអាជីពដែលធ្លាប់ធ្វើនាពេលកន្លងដូចជា ការសម្តែងភាពយន្ត ថតម៉ូដ និងថតផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ យ៉ាងណាមិញ កញ្ញាក៏បានបង្ហើបអំពីបេសកកម្មក្នុងនាមជាម្ចាស់មកុដកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាថា “ ខ្ញុំចង់ធ្វើកម្មវិធីសប្បុរសធម៌ ដោយអាចចំណាយថវិកាផ្ទាល់ខ្លួន និងអំពាវនាវទៅដល់សប្បុរសជនដែលចង់ចូលរួមជាមួយខ្ញុំ”។
តាមរយៈសូវរីន កញ្ញាមានពាក្យពេចន៍ផ្តាំផ្ញើថា “ ខ្ញុំមិនមានអ្វីច្រើនក្រៅពីលើកម្រាមដៃដប់អរគុណដល់បងប្អូនប្រជាជនខ្មែរទាំងអស់សម្រាប់ការគាំទ្រ និងចំណាយថវិកាជួយបោះឆ្នោតដល់រូបនាងខ្ញុំ។ ភាពជោគជ័យរបស់ខ្ញុំសុទ្ធតែមានពួកគាត់នៅពីក្រោយទាំងអស់។ សម្រាប់ការចែករំលែកទៅកាន់ប្អូនៗជំនាន់ក្រោយដែលចង់ប្រឡូកក្នុងវិស័យនេះ ខ្ញុំចង់ឲ្យបេក្ខភាពនៅឆ្នាំក្រោយៗខិតខំប្រឹងប្រែងធ្វើឲ្យបានល្អខ្លាំងជាងហ្នឹងទៅទៀត បើមានឱកាសខ្ញុំក៏ចង់ចែករំលែកបទពិសោធន៍ទៅកាន់ពួកគាត់ដើម្បីឲ្យពួកគាត់មានសមត្ថភាពពេញលេញដែលនឹងតំណាងប្រទេសអាចឈានចូលក្នុងលំដាប់ Top ចុងក្រោយណាមួយ ឬអាចនឹងគ្រងមកុដលើកមុខមាត់ប្រទេសរបស់យើង”៕
Article by HEM SOKKHIM