×

«​អារម្មណ៍​២​»​ ​រី​សត​តូច​ច្រឡឹង​ថ្មី​ចុងក្រោយ​គេ​ជាប់​ដង​ព្រែក​កំពត​ ​សង្កាត់​ត្រើយ​កោះ​

TRAVEL & LIVING 2 years ago
 
 

            លោកអ្នក​ច្បាស់ជា​ស្គាល់ឈ្មោះ​ ​«​កោះ​ដំបូង​»​ ​ដែល​ល្បីឈ្មោះ​តាមរយៈ​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​គគ្រឹកគគ្រេង​ក្នុ​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​។​ ​ដោយសារ​ជោគជ័យ​ខ្លាំង​លើ​ការ​ផ្តល់​សេវាកម្ម​ ​ស្នាក់​នៅ​ដ៏​ល្អផ្តាច់​ប្រចាំ​តំបន់​ត្រើយ​កោះ​ ​ត្រើយម្ខាង​ក្រុង​កំពត​ ​ឥឡូវ​រី​សត​«​កោះ​ដំបូង​»​ ​បាន​ចាប់ផ្តើម​បើកទ្វារ​ទីតាំង​ថ្មី​ចុងក្រោយ​របស់​ខ្លួន​ ​ដែល​ជា​សមិទ្ធផល​ទីបី​ ​បន្ទាប់ពី​ ​«​កោះ​ដំបូង​»​ ​និង​ ​«​ដំបូង​-​អារម្មណ៍​ ​១​»​ ​ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​«​ដំបូង​-​អារម្មណ៍​ ​២​»​។​ ​«​ដំបូង​-​អារម្មណ៍​ ​២​»​ ​ដែល​ទើបនឹង​បើក​ដំណើរ​ការសាកល្បង​កាលពី​អំ​ឡុងចុង​ខែ​មករា​ ​និង​ដើ​ម​ខែកុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ​ ​ពិតជា​មាន​សម្រស់​ស្រស់​ត្រកាល​ខុសប្លែក​ម្យ៉ាង​មួយ​បែប​ពី​សម្រស់​ទីតាំង​កូនច្បង​ទាំងពីរ​មុនៗ។​

            រី​សត​សណ្ឋាគារ​ដ៏​ថ្មីសន្លាង​ដែល​យើង​បាន​ណែនាំ​ខាងលើ​នេះ​ ​មាន​ទីតាំង​ជាប់​ដង​ព្រែក​កំពត​ ​ក្នុង​ទឹកដី​ភូមិ​បឹង​តា​ព្រាម​ ​សង្កាត់​ត្រើយ​កោះ​ ​ក្រុង​កំពត​ ​តាមផ្លូវ​ជាប់មាត់​ព្រែក​ ​ស្រប​ផ្លូវ​ជាមួយនឹង​រី​សត​សណ្ឋាគារ​ ​«​កោះ​ដំបូង​»​ ​និង​ ​«​ដំបូង​-​អារម្មណ៍​ ​១​»​ ​ដែរ​។​ ​ដើម្បី​ធ្វើដំណើរ​ទៅ​ដល់កន្លែង​ស្នាក់​នៅ​ដ៏​ស្រស់​ស្អាត​នេះ​ ​អ្នកទេសចរ​ត្រូវ​ចំណាយ​ពេល​ប្រហែល​១​០​-​១​៥​នាទី​នាទី​ចេញពី​ក្រុង​កំពត​ឆ្លងស្ពាន​ថ្ម​ថ្មី​ ​ហើយ​បន្ត​ដំណើរ​ទៅត្រង់​ឲ្យ​ដល់​រង្វង់​មូល​ទឹករលក​ ​ទើប​បត់ឆ្វេង​ទៅត្រង់​ឆ្លងស្ពាន​ត្រើយ​កោះ​។​ ​លុះ​ឆ្លងស្ពាន​ផុត​ ​ត្រូវ​បន្ត​ដំណើរ​ទៅត្រង់​ (​ផ្លូវ​ទៅ​ភ្នំ​ដូង​) ​រហូតដល់​ផ្លូវបត់​ទី​៤​ (​ផ្លូវ​ទៅ​វិហារ​ចាម​ ​ម៉ា​ស្ជិ​ឌ​ត្រពាំង​ព្រីង​) ​បត់​ស្តាំ​តម្រង់​ទៅដល់​មាត់​ព្រែក​ ​រួច​បត់​ស្តាំ​តាមផ្លូវ​លំ​ប្រហែល​៣​០​០​ម៉ែត្រ​ទើប​ដល់​ទីតាំង​នោះ​។​

            នៅ​ពេល​ទៅដល់​ ​ទេសចរ​គ្រប់រូប​នឹង​ភ្ញាក់ផ្អើល​នឹង​សម្រស់​រី​សត​ដែល​មាន​ស្លាក​សញ្ញា​អក្សរ​ ​«​អារម្មណ៍​» ​កោង​ពត់​ពេន​ប្រលែង​ផ្ទាំង​ពីក្រោយ​ពណ៌​សក្បុស​ ​ស្អាត​ដូច​រី​សត​លើ​កោះ​ ​បង្កប់ខ្លួន​ក្នុងចំណោម​ដី​ភូមិ​ដ្ឋា​ន​ដ៏​ស្ងប់ស្ងាត់​របស់​ប្រជាពលរដ្ឋ​សង្កាត់​ត្រើយ​កោះ​។​ ​ឈាន​ ​ជើង​ចូល​ផុត​របង​បន្តិច​ ​ភ្ញៀវ​នឹងបាន​ឃើញ​កន្លែង​ទទួល​ភ្ញៀវ​នៅ​ខាងមុខ​ចំកណ្តាល​សង់​ជា​រោង​លម្ហែ​ដំបូល​ស្បូវ​ ​សសរ​ធ្វើ​ពី​ប្ញស្សី ​ជាមួយ​សិល្បៈ​តុបតែង​លម្អ​ដោយ​ប្រើ​អំពូលភ្លើង​មាន​លំផូង​ធ្វើពីឈើ​ល្អ​គាប់​ភ្នែក​ ​ព្រមទាំង​មាន​តាំង​សំបកខ្យង​សមុទ្រ​និង​ផ្កាថ្ម​ ​ត្រូវនឹង​បរិយាកាស​តំបន់​ឆ្នេរសមុទ្រ​យ៉ាង​ពិសេស​ក្រៃលែង​។​ ​រីឯ​បរិស្ថាន​ជុំវិញ​នោះ​ ​មាន​វាលស្មៅ​ខៀវ​ខ្ចី​ស្រស់ប៉ប្រិម​ ​លាយឡំ​នឹង​ដំណាំ​រុក្ខជាតិ​នានា​ ​ពិសេស​ពពួក​ដើម​ប្រង់​ ​ដើម​ល្មើ ​និង​ដើមដូង​ ​ដែល​កំពុង​ឈរ​បង្អួត​រាង​ត្រង់​សង្ហា​ ​និង​រំលេច​កញ្ចុំ​ស្លឹក​នៅ​ខាងចុង​រេរាំ​តាម​ជំនោរ​ឆ្នេរ​ដៃ​ ​សមុទ្រ​ ​ជួយ​បង្កើន​សោភ័ណ​ភាព​រី​សត​ស្ទី​ល​រី​សត​ឆ្នេរ​ត្រូពិក​ដូច​នៅ​លើ​កោះ​ម៉ា​ល់​ឌី​វ​នេះ​រឹត​តែ​គួរឲ្យ​ចង់​ស្នាក់​នៅ​។​

            ចំពោះ​តម្លៃ​វិញ​ ​«​ដំបូង​-​អារម្មណ៍​ ​២​»​ ​បែងចែក​តម្លៃ​ទៅតាម​ប្រភេទ​បន្ទប់​ស្នាក់​នៅ​ ​ក្នុង​នោះ​ ​បន្ទប់​គ្រែ​១​ ​អាច​គេង​បាន​២​នាក់​ ​មាន​តម្លៃ​ ​៦​៨​ ​ដុល្លារ​ (​មាន​បី​បន្ទប់​) ​និង​បន្ទប់​គ្រែ​២​ ​អាច​គេង​បាន​៤​នាក់​ ​មាន​តម្លៃ​ ​៩​៨​ ​ដុល្លារ​ (​មាន​ពីរ​បន្ទប់​) ​រចនា​ជា​ទ្វារ​កញ្ចក់​ធំ​ៗ​អាច​មើល​ទេសភាព​ខាងក្រៅ​បាន​។​ ​នៅ​ខាងក្រោយ​បន្ទប់​ឯណោះ​វិញ​ ​មាន​រៀបចំ​ជា​គ្រែ​ ប្ញស្សី​ប្រក់​ដំបូល​សម្រាប់​ភ្ញៀវ​អង្គុយ​គយគន់​ទេសភាព​មាត់​ព្រែក​ពេល​ព្រលឹម​និង​ពេលល្ងាច​ ​និង​មាន​កន្លែង​អង្គុយ​ទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​ជាប់​ឆ្នេរ​តែម្តង​ ​ពិត​ជាពិសេស​ណាស់​។​ ​មួយវិញទៀត​ ​រី​សត​នេះ​មាន​គម្រោង​ចាក់​ឆ្នេរ​បន្ថែម​សម្រាប់​ភ្ញៀវ​ដើរ​ក​ម្សាន្ត ​និង​ ​ត្រៀម​បើក​បន្ទប់​ពីរ​ជាន់​លក្ខណៈ​គ្រួសារ​ក្នុងពេលឆាប់ៗខាងមុខនេះ​ដែរ​៕​

Article by SRIN SOKMEAN


SUGGESTIONS