ទទួលយកបទពិសោធន៍«យុគមាសនៃដំណើរកម្សាន្ត»ពីនាវា Samsara Boat
TRAVEL & LIVING 3 years agoនៅថ្ងៃចុងសប្តាហ៍ អ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាកដជាមានអារម្មណ៍ចង់លម្ហែខួរក្បាលឲ្យស្រឡះបំបាត់នូវភាពតប់ប្រមល់ពីការសិក្សានិងការងារសព្វសារពើដែលបន្សល់ទុកពីថ្ងៃធ្វើការជាក់ជា មិនខាន។ ប្រជាជនជាច្រើនបាននាំគ្នាទៅកាន់កំពង់ផែទេសចរណ៍ម្តុំមាត់ទន្លេក្នុងគោលបំណងខាងលើ។ ដោយសារបែបនេះហើយទើបអ្នកវិនិយោគសេវាកម្មទេសចរណ៍មកពីខេត្តសៀមរាបបានឈានមកបើកជម្រើសទូកលម្ហែកាយលំដាប់ប្រណីតថ្មីមួយដែលមានឈ្មោះថា «Samsara Boat» ដើម្បីបំពេញតម្រូវការ ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងមានកំណើននៅរាជធានីភ្នំពេញសព្វថ្ងៃ។
គំនិតនៃការបង្កើតទូកកម្សាន្តនេះឡើងគឺធ្វើឡើងយកតាមលំនាំសេវាកម្មរថភ្លើងទេសចរណ៍ ទំនើបល្បីឈ្មោះមួយឈ្មោះថា «Venice Simplon Orient Express train» ប្រចាំក្រុងវេនីស ប្រទេស អ៊ីតាលី គោលដៅទេសចរណ៍លំដាប់ពិភពលោកតែម្តង ដោយផ្តោតលើប្រណីតភាពនិងការយកចិត្តទុកដាក់បម្រើសេវាកម្មជូនភ្ញៀវយ៉ាងជិតស្និទ្ធជាចំបង។ នាវាទេសចរណ៍ដ៏ថ្មីសន្លាងនេះនឹងពាំនាំ«យុគមាសនៃដំណើរកម្សាន្ត» មកជូនប្រជាពលរដ្ឋក្រុងភ្នំពេញទាំងឡាយជាមួយនឹងការសាកល្បងឱជារសស្រាក្រឡុក (cocktail) ចម្រុះដោយសេរី និងមន្តស្នេហ៍រសម្ហូបអាហារដោយស្នាដៃចុងភៅឯកទេសដែល សុទ្ធសឹងធ្លាប់ទទួលបានពានរង្វាន់ រួមទាំងទេសភាពមាត់ទន្លេដែលភ្ញៀវអាចអង្គុយគយគន់បានពីគ្រប់តុ នៅលើនាវា។
ចេញដំណើរពីមាត់ទន្លេ ភ្ញៀវទេសចរគ្រប់រូបនឹងត្រូវបានទទួលស្វាគមន៍ដោយភេសជ្ជៈលាងមាត់ មួយកែវសិនមុននឹងចាប់ផ្តើមជុំគ្នានៅក្នុងបារលើទូក។ លោកអ្នកអាចចំណាយពេលអង្គុយសម្រាកលម្ហែ ស្រូបយកខ្យល់អាកាសនៅលើក្បាលទូក ឬ សម្រាកនៅក្នុងបន្ទប់ដោយឡែកសម្រាប់ភ្ញៀវដែលពិសា បារី។ ស្រាក្រឡុកនិងចំណិតនំប៉័ងតូចៗជាអាហារសម្រន់នឹងត្រូវបានបម្រើជាបន្តក្រោមពន្លឺភ្លើងទៀន ស្របពេលថ្ងៃលិចចាំងលើផ្ទៃទន្លេហើយទីក្រុងចាប់ផ្តើមជំនួសដោយភ្លើងរាត្រីដ៏ត្រកាល។ អាហារពេល ល្ងាចក៏នឹងត្រូវបានបម្រើក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ប្រកបដោយផាសុកភាព រួមបញ្ចូលអាហារបែបបស្ចិមប្រទេស ជាអាទិ៍ Asparagus & Foie Gras soup និងសាច់ចំឡកគោអូស្ត្រាលីជាមួយទឹកជ្រលក់ពិសេស ប្រចាំហាង ជាដើម ក្រោមបរិយាកាសអមដោយរស្មីព្រះចន្ទនិងហ្វូងតារាដ៏សែនមនោរម្យ។
សូមបញ្ជាក់ផងដែរថា នាវាទេសចរណ៍នេះមានរៀបចំសេវាកម្មជប់លៀងបែបឯកជននៅលើទូក ចាប់ពីភ្ញៀវចំនួន៦នាក់ដល់២០នាក់។ ពិធីជប់លៀងអាហារពេលល្ងាចរួមជាមួយការផ្តល់ជូនស្រាក្រឡុក ដោយសេរីមិនកំណត់សម្រាប់ភ្ញៀវ១៨នាក់ គឺមានតម្លៃប្រមាណ១១០ដុល្លារក្នុងម្នាក់។ ស្របជាមួយគ្នា នេះដែរ ទូកនេះក៏មានទទួលកម្មវិធីជប់លៀងស្រា cocktail សុទ្ធ និងកម្មវិធីជប់លៀងដែលលោកអ្នក ចម្អិនម្ហូបដោយខ្លួនឯងថែមទៀតផង។ ស្ថាបនិកបានបង្ហើបផងដែរថា នឹងមានបើកកម្មវិធីដំណើរកម្សាន្ត អាហារចន្លោះពេលព្រឹកនិងថ្ងៃត្រង់សម្រាប់ថ្ងៃចុងសប្តាហ៍នៅពេលឆាប់ៗខាងមុខនេះ៕
Article by SRIN SOKMEAN