×

តើ​អេ​ប៉ុង​លាងចាន​អាច​ច្នៃ​ទៅជា​សម្ភារ​ប្រើប្រាស់​តាម​តម្រូវ​ការ​អ្វីខ្លះ​?

TRAVEL & LIVING 4 weeks ago
 
 

           ​ជា​ធម្មតា​អេ​ប៉ុង​ត្រូវ​បាន​គេ​យកទៅ​ប្រើ​សម្រាប់​លាង​ចានឆ្នាំង​ ​និង​សម្ភារ​ផ្ទះបាយ​ផ្សេងៗ​។​ ​មែនទែន​ទៅ​ អេ​ប៉ុង​មិន​ត្រឹមតែ​អាច​ប្រើ​សម្រាប់​លាង​ស​ម្អា​ត​សម្ភារ​ផ្ទះបាយ​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​អាច​ប្រើ​ជា​ប្រយោជន៍​ច្រើនយ៉ាង​នៅក្នុងផ្ទះ​រហូត​នឹកស្មាន​មិនដល់​។​ ​ថ្ងៃនេះ​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​អំពី​ការ​ប្រើ​អេ​ប៉ុង​ជា​ប្រយោជន៍​ផ្សេងទៀត​ ​ក្រៅតែ​ពី​តួនាទី​លាង​ស​ម្អា​ត​។​

១​. ​រក្សា​ជាតិទឹក​សម្រាប់​រុក្ខជាតិ​៖​ ​នៅ​ពេល​ដាំ​ផ្កា​ឬ​រុក្ខជាតិ​ផ្សេងៗ​ក្នុង​ផើង​ ​អ្នក​អាច​​​យក​អេ​ប៉ុង​ដាក់​ទៅ​ក្នុង​ផ្ទៃ​បាត​នៃ​ផើង​ហើយ​ដាក់​ដាំ​រុក្ខជាតិ​ទាំងនោះ​ពីលើ​។​ ​ពេល​ដែល​អ្នក​ស្រោចទឹក​ អេ​ប៉ុង​នឹង​ស្រូប​យក​ជាតិទឹក​ទាំងនោះ​ទុក​ ​ដែល​ងាយស្រួល​មិន​ចាំបាច់​ស្រោចទឹក​ច្រើន​ថ្ងៃ​ ​ហើយក៏​អស់​បារម្ភ​ចំពោះ​អ្នក​មិន​នៅផ្ទះ​ច្រើន​ថ្ងៃ​ផង​ដែរ​។​

​២​. ​ស​ម្អា​ត​រោមសត្វ​៖​ ​ក​ម្រា​ល​ព្រំ​ឬ​ក្រណាត់​ដែល​មាន​ជាប់​រោមសត្វ​ ​អ្នក​អាច​ស​ម្អា​ត​បាន​យ៉ាង​ងាយ​ ​ដោយ​គ្រាន់តែ​យក​អេ​ប៉ុង​សើម​មក​ជូត​ចុះឡើង​ៗ​ ​នោះ​រោមសត្វ​នឹង​តោង​ជាប់នឹង​អេ​ប៉ុង​។​

​៣​. ​ធ្វើជា​ដុំទឹកកក​ស្អំ​៖​ ​វា​ពិតជា​មាន​ភាព​ងាយស្រួល​ ​ប្រសិនបើ​អ្នក​ត្រូវការ​ប្រើ​ដុំទឹកកក​សម្រាប់​ស្អំ​ឬ​ក្លា​សេ​ដែល​មិន​ធ្វើឲ្យ​ជ្រាប​ទឹក​នៅ​ពេល​រលាយ​។​ ​យក​អេ​ប៉ុង​ជ្រលក់​ទឹក​រួច​ដាក់​ក្នុង​ថង់​ហើយ​យកទៅ​បង្កក​ឲ្យ​កក​។​ ​នៅ​ពេល​រលាយ​វា​អាច​កាត់បន្ថយ​ការ​ស្រក់​ ​និង​ជ្រាប​ទឹកបាន​។​

​៤​. ​ការពារ​របស់របរ​មិន​ឲ្យ​បែកបាក់​៖​ ​នៅ​ពេល​ត្រូវការ​ទុកដាក់​រូប​ចម្លាក់​ ​ចាន​ ​កែវ​ ​និង​របស់​ដែល​ងាយ​ផុយ​ស្រួយ​ ​អ្នក​អាច​​​យក​អេ​ប៉ុង​សៀត​នៅ​ជុំវិញ​វត្ថុ​ទាំងនោះ​ដែល​វា​អាច​ជួយការ​ពារ​ការ​កកិត​ដែល​នាំឲ្យ​ប្រេះ​បែក​បាន​។​

​៥​. ​ប្រើស​ម្អា​ត​ថ្នាំ​ក្រចក​៖​ ​ងាយស្រួល​ ​ចំណេញ​ទាំង​ពេលវេលា​ ​និង​ថវិកា​ ​អ្នក​អាច​​​យក​អេ​ប៉ុង​មក​ប្រើ​ជំនួស​សំឡី​បាន​។​ ​យក​អេ​ប៉ុង​ដាក់​ក្នុង​កូន​កែវ​តូចល្មម​ដែល​មាន​ទឹក​ជូត​ក្រចក​ ​ហើយ​យក​ម្រាមដៃ​ត្រដុស​ចុះឡើង​ជាការស្រេច​។​

​៦​. ​ការពារ​ការ​កកិត​៖​ ​អ្នក​អាច​​​យក​អេ​ប៉ុង​ដាក់​នៅ​ក្រោម​ជើងតុ​ ​កៅអី​ ​ថូផ្កា​ ​ទូ​ ​និង​គ្រឿង​តាំង​លម្អ​ផ្សេងៗ​ដើម្បីកុំឲ្យ​មានការ​កកិត​ ​ឬ​ស្នាម​កោស​ជាដើម​។​

​៧​. ​ធ្វើជា​របស់របរ​ក្មេង​លេង​៖​ ​យើង​ក៏​អាច​​​យក​អេ​ប៉ុង​មក​កែច្នៃ​ជា​របស់​ក្មេង​លេង​បាន​ដែរ​ ​ព្រោះ​វា​មាន​លក្ខណៈ​ទន់​ដែល​មិន​បង្ក​ជា​គ្រោះថ្នាក់​អ្វី​នៅ​ពេល​ធ្លាក់​ត្រូវ​ពួកគេ​។​ ​យើង​អាច​​​យក​វា​មក​ចង​ ​កាត់​ ​ឬ​ផ្គុំ​ជា​រូបរាង​ផ្សេងៗ​ទៅតាម​តម្រូវ​ការ​ ​និង​ចំណូលចិត្ត​របស់​ក្មេងៗ​។​

​៨​. ​លាង​ស​ម្អា​ត​សម្ភារ​តូច​ៗ​៖​ ​នៅពេលដែល​អ្នក​ចង់​លាង​ស​ម្អា​ត​សម្ភារ​ដែល​មាន​ចន្លោះ​តូច​ ​ឬ​ទំហំ​តូច​ ​អ្នក​អាច​​​យក​អេ​ប៉ុង​ទៅ​ចង​ភ្ជាប់នឹង​ចង្កឹះ​ហើយ​យកទៅ​ដុសលាង​ ​ដែល​វា​ផ្តល់​ភាព​ងាយស្រួល​ ​និង​ស​ម្អា​ត​បាន​ស្អាត​ទៀត​ផង​។​

           ​​យ៉ាងណា​ដែរ​បន្ទាប់ពី​បាន​ដឹង​អំពី​ការ​ប្រើ​អេ​ប៉ុង​តាមវិធី​ខាងលើ​រួច​ ​តើ​អ្នក​ធ្លាប់​បាន​សាកល្បង​យក​អេ​ប៉ុង​មក​ច្នៃ​ប្រើប្រាស់​តាម​តម្រូវ​កា​រហើយ​ឬនៅ​? ​បើ​នៅ​អ្នក​អាច​សាកល្បង​ពី​ឥឡូវនេះ​។​ ​វា​ជា​ការ​ប្រសើរ​ណាស់​ដែល​យើង​អាច​​​យក​របស់​មួយ​មក​ច្នៃ​ប្រើ​បាន​ច្រើនយ៉ាង​ ​ដែល​វា​ចំណេញ​បាន​ទាំង​ពេលវេលា​ ​និង​ជួយ​សន្សំសំចៃ​បាន​មួយ​ក​ម្រិ​ត​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS