IKAT Cafe ហាងកាហ្វេនិងកូនរីសតសម្រាកលម្ហែដ៏ស៊ីវិល័យដាច់គេប្រចាំតំបន់អរិយក្សត្រ
TRAVEL & LIVING 3 years ago តំបន់អរិយក្សត្រដែលស្ថិតនៅត្រើយម្ខាងទល់មុខកោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានមហាជនទូទៅស្គាល់ច្បាស់ថាជា តំបន់មានហាងឆេងកំពុងអភិវឌ្ឍជឿនលឿនទាំងផ្នែកសេដ្ឋកិច្ច អចលនទ្រព្យ និង ទីផ្សារទេសចរណ៍ ព្រោះទីតាំងមួយនេះមានសក្តានុពលទាក់ទាញជាច្រើនក្នុងក្រសែភ្នែកអ្នកវិនិយោគ។ មួយក្នុងចំណោមហេដ្ឋារចនា សម្ព័ន្ធដែលត្រូវបានវិនិយោគក្នុងតំបន់នោះ គឺហាងកាហ្វេទំនើបបែប outdoor និង រីសតកម្សាន្តលក្ខណៈផ្ទះលម្ហែក្នុងដីចម្ការជាយក្រុងដ៏ប្រណិតតូចច្រឡឹងមួយកន្លែងឈ្មោះថា អ៊ីខាត់ កាហ្វេ (IKAT Cafe) ស្ថិតនៅទល់មុខវត្តពេជ្រម្កុដ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
វាជាការងាយស្រួលបំផុតក្នុងការស្វែងរកទីតាំងហាងនេះ។ ដើម្បីទៅដល់ អ្នកដំណើរទាំងឡាយគ្រាន់តែចំណាយពេលឆ្លងដភ្នំពេញ-អរិយក្សត្រ ដែលស្ថិតនៅកៀកស្ពាននាគ ខាងកោះពេជ្រ ហើយបន្តដំណើរឡើងពីកំពង់ចម្លងត្រើយម្ខាងនោះទៅត្រង់រហូតដល់ផ្លូវកោងស្តាំប្រមាណ ១គីឡូម៉ែត្រ នោះលោកអ្នកនឹងឃើញរបងវត្តពេជ្រ ម្កុដហើយ។ អ៊ីខាត់ កាហ្វេ ស្ថិតនៅទល់មុខវត្តនោះ នៅខាងស្តាំដៃជាប់មាត់ផ្លូវតែម្តងដែលមានស្លាកយីហោដាក់តាំងបញ្ឈរងាយស្រួលចំណាំសម្រាប់អ្នកដំណើរឆ្លងកាត់។ ជាការពិតណាស់ IKAT ប្រៀបដូចជាបុប្ផាលាក់ខ្លួនឆើតឆាយជាងគេប្រចាំភូមិទួលមាស ដែលភ្ញៀវទេសចរគប្បីឆៀងចូលសាកល្បងស្រស់ស្រូបអាហារនិងសម្រាកកម្សាន្តឲ្យបានម្តងប្រសិនបើបានមកដល់ប្លុកនេះ ដោយសារទីនេះមានចំណុចពិសេសជាច្រើន។
ក្រៅពីជាហាងកាហ្វេបែប outdoor (មានទីធ្លាខាងក្រៅ) ស្រឡះល្អ អមដោយសួនផ្កានិងដំណាំខៀវស្រងាត់IKAT Cafe ទទួលបានការពេញនិយមពីសំណាក់អ្នករស់នៅតំបន់អរិយក្សត្រនិងអ្នកដំណើរពីភ្នំពេញហូរហែមិនចេះដាច់ពីព្រោះតែវាមានអាងហែលទឹកសម្រាប់ភ្ញៀវងូតកម្សាន្តស្អាតបំផុតនិងជិតបង្កើយជាងគេបើធៀបនឹងប្រភេទរីសតស្រដៀងគ្នានៅភូមិ-ឃុំ ផ្សេងៗដែលមានចម្ងាយឆ្ងាយជាងនេះ។ អាងហែលទឹកនៅទីនោះមានទឹកថ្លាឆ្វង់ដូចកញ្ចក់ហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំបែកមែកសាខាចោលម្លប់ត្រជាក់ស្រេង ថែមទាំងមានតុកៅអីសម្រាប់អង្គុយទទួលទានអាហារសម្រន់និងភេសជ្ជៈជុំវិញអាងគួរជាទីមនោរម្យទៀតផង។ លើសពីនេះ IKAT Cafe មានផ្តល់សេវាកម្មសម្រាកសម្រាប់ភ្ញៀវដែលចង់ស្នាក់នៅកម្សាន្តទេសភាពស្រុកចម្ការកណ្តាលបឹងឈូកដ៏ស្រស់បំព្រង ចំនួន៦បន្ទប់ ដែលមានតម្លៃ ៤០, ៦០ និង ៨០ ដុល្លារ អាស្រ័យលើទំហំបន្ទប់និងចំនួនគ្រែ។ ចំពោះភ្ញៀវដែលស្នាក់នៅនឹងទទួលបាននូវការ ផ្តល់ជូនឈុតអាហារពេលព្រឹកនិងការប្រើប្រាស់អាងហែលទឹកដោយឥតគិតថ្លៃ ក្នុងចំនួនកំណត់ផ្សេងៗគ្នាទៅតាមជម្រើសតម្លៃបន្ទប់ដែលភ្ញៀវជ្រើសរើស។
ដោយឡែក ចំពោះសេវាកម្មម្ហូបអាហារវិញ IKAT Cafe មានជម្រើសកាហ្វេ តែ សូដា ទឹកផ្លែឈើស្រស់ ជាច្រើនមុខ ព្រមជាមួយមឺនុយមុខម្ហូបដ៏សម្បូរបែបទាំងអាហារអាស៊ី និង អឺរ៉ុប តាំងពីអាហារពេលព្រឹករហូតដល់អាហារពេលល្ងាច។ ឈុតមាន់ដុតពិសេស បាយសនិងហហ្មុកត្រី បាយភ្លៅមាន់ស្រែ ទឹកផ្លែក្រូចទ្រើង (Passion) ស្រស់ និងភេសជ្ជៈតែទៀបបារាំងក្តៅស័ក្តិសមសម្រាប់រដូវភ្លៀងនេះណាស់ដែលសុទ្ធសឹងតែសូវរីនចង់ណែនាំទៅដល់ប្រិយមិត្តអ្នកអានដែលមានបំណងចង់ទៅទីនោះ៕
Article by SRIN SOKMEAN