រដូវប្រាំងបានកន្លងផុតទៅហើយ ហើយរដូវវស្សាបានចូលមកដល់ពោរពេញដោយតំណក់ទឹកភ្លៀងនិងសំណើម ព្រមទាំងភក់ជ្រាំឬជង្ហុកដែលលោកអ្នកមិនចង់ប្រទះនៅតាមដងផ្លូវនានាដែលត្រូវធ្វើដំណើរឆ្លងកាត់។ ដូចនេះ នេះជាពេលវេលាដែលសុភាពនារីទាំងឡាយគប្បីពិចារណាឲ្យបានល្អិតល្អន់ទៅលើជម្រើសស្បែកជើងសម្រាប់ពាក់ការធ្វើដំណើរជាប្រចាំមិនថាទៅទីជិតឬឆ្ងាយនោះទេ។
១. ស្បែកជើងកែងជាប់ (Wedges)
សម្រាប់ទៅធ្វើការការិយាល័យ ឬ ចូលរួមកម្មវិធី ជាទូទៅ មិត្តនារីចូលចិត្តពាក់ស្បែកជើងកែងចោតដើម្បីឲ្យមើលទៅខ្ពស់ស្អាតជួយលើកសម្រស់ឲ្យកាន់តែទាក់ទាញ។ ប៉ុន្តែស្បែកជើងប្រភេទនេះងាយនឹងក្រឡាច់ បង្កគ្រោះថ្នាក់ខ្លាំងណាស់នៅពេលមានភ្លៀងរអិល។ ដូច្នេះ ជម្រើសល្អបំផុតសម្រាប់ប្រើជំនួសស្បែកជើងកែងចោតធម្មតានោះគឺ ប្រភេទស្បែកជើងកែងជាប់ ដែលងាយស្រួលរកបាននៅតាមហាងលក់ស្បែកជើងនានា និងតាមអនឡាញផងដែរ។ វាមិនត្រឹមតែធ្វើឲ្យជើងស្រ្តីឆើតឆាយនោះទេតែវាថែមទាំងមានតួនាទីជួយរក្សាលំនឹងជើងបានយ៉ាងប្រសើរពេលដើរទៀតផង។
២. ស្បែកជើងផ្ទាត់ (Flip-Flops)
ទោះចង់ឬមិនចង់ ក៏ស្រ្តីគ្រប់រូបចាំបាច់ត្រូវតែចេញក្រៅផ្ទះនៅរដូវភ្លៀង ដូចជា ដើរផ្សារ ឬ មានការចេញក្រៅជិតៗផ្ទះឬដើរលម្ហែកាត់ស្រ្តេស ជាដើមចៀសមិនផុត។ ការពាក់ស្បែកជើងផ្ទាត់ពិតជាស័ក្តិសមនៅពេលមិត្តនារីចេញក្រៅពាក់អាវយឺតជាមួយខោខូវប៊យបែបយុវវ័យហើយវាក៏ជាជម្រើសដ៏ឆ្លាតវៃដែរសម្រាប់ រដូវនេះដោយសារវារឹងមាំនិងជាប់បានយូរសម្រាប់ការធ្វើដំណើរនៅលើផ្លូវរអិល។
៣. ស្បែកជើងប៉ាត់តាក្រណាត់ (Canvas Sneakers)
ស្បែកជើងប្រភេទនេះត្រូវតែមានក្នុងតារាងស្បែកជើងដែលលោកអ្នកត្រូវទិញក្នុងខែភ្លៀង។ វាជាស្បែកជើងដែលផ្តល់ផាសុកភាពមែនទែនសម្រាប់ជើងទាំងគូរបស់មិត្តនារីយើងពាក់ធ្វើដំណើរទៅក្រៅ។វាល្អជាងពាក់ស្បែកជើងប៊ូព្រោះស្បែកជើងប៉ាត់តាក្រណាត់ canvas នេះអាចបោកជម្រះបាន។ ដោយសារហេតុនេះហើយ ទើបអ្នកមិនបាច់ភ័យខ្លាចចំពោះការខូចស្បែកជើងនោះទេនៅពេលដើរជាន់ភក់តាមផ្លូវ។
៤. ស្បែកជើងរាបជ័រថ្លា (Jelly Flats)
ស្បែកជើងនេះអាចបត់បែនរស់រវើកនិងគុណសម្បត្តិពិសេសដោយឡែកដែលអ្នកប្រហែលជាមើល រំលង។ សុភាពនារីទាំងឡាយអាចពាក់វាបានចេញទៅក្រៅទោះបីពេលមេឃកំពុងភ្លៀងខ្លាំងក៏ដោយ។ ម្យ៉ាងវិញទៀត ស្បែកជើងនេះមានច្រើនពណ៌ងាយស្រួលជ្រើសរើសតម្រូវចិត្តអ្នកពាក់ផ្ទាល់។
៥. ស្បែកជើងជ័រឃ្លុបមុខ (Crocs)
វាក៏ជាជម្រើសមួយទៀតដែលល្អបំផុតសម្រាប់ខែភ្លៀងដែរ ជាពិសេសសម្រាប់ការចេញក្រៅណាត់ជួប ឬ ជួបជុំគ្នានៅតាមហាងកាហ្វេ ជាដើម ព្រោះស្បែកជើងនេះផលិតឡើងសម្របតាមអាកាសធាតុភ្លៀង ហើយធ្វើឲ្យយើងមានអារម្មណ៍ថារឹតតែស្រស់ស្អាតនៅពេលពាក់វាជាគូនឹងម៉ូដខោអាវសាច់ខូវប៊យរហែក។
៦. ស្បែកជើងរលោងឃ្លុបមុខពណ៌ឆើត (Bright ballerinas)
ស្បែកជើងបែបតួអង្គព្រះនាងម្ចាស់ ឬ ឈុតរបាំបាឡេដ៏គួរឲ្យស្រឡាញ់នេះស័ក្តិសមសម្រាប់ពាក់ចូលរួមកម្មវិធីពាក់កណ្តាលផ្លូវការ ដូចជា កម្មវិធីខួបកំណើត ឬ ជប់លៀងកម្សាន្តសប្បាយផ្សេងៗ ដោយសារវាមានពណ៌ចែងចាំង មានលក្ខណៈប្រណិត ផ្តល់ផាសុកភាពក្នុងរដូវភ្លៀង ហើយអាចពាក់រួមជាមួយឈុតចូលរួមកម្មវិធីស្អាតៗបានច្រើនម៉ូដ៕
Article by SRIN SOKMEAN