វិចិត្រករ សួ គឹមសាន សម្រេចបន្តថ្នាក់អនុបណ្ឌិតគំនូរដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈកម្រិតខ្ពស់
NEWS 3 years agoក៏ព្រោះតែការស្រលាញ់ និងមាននិស្ស័យផ្នែកសិល្បៈគំនូរ បុរសសម្បុរស្រអែមមួយរូបមានស្រុកកំណើតមកពីខេត្តកណ្តាល បានព្យាយាមសិក្សារៀនសូត្រ និងស្រាវជ្រាវគ្រប់យ៉ាងអំពីគំនូររហូតក្លាយជាវិចិត្រករដ៏ប៉ិនប្រសប់ម្នាក់។ លោក សួ គឹមសាន ត្រូវបានគេស្គាល់ថាជាសិល្បករដែលមានជំនាញខាងផ្នែកគំនូរប្រេង។ ថ្វីបើជាវិចិត្រករពោរពេញទៅដោយជំនាញ ប៉ុន្តែការឈានមកដល់ចំណុចនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់ក្តីស្រមៃរបស់លោកឡើយ។ ជាក់ស្តែងបច្ចុប្បន្នលោកបានកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតទៅលើជំនាញគំនូរបន្ថែម ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឆ្ពោះទៅលំដាប់ខ្ពស់មួយកម្រិតទៀត។
ផ្តើមចេញពីការពើបប្រទះកើតជាការស្រលាញ់ កាលពីអាយុ៧ឆ្នាំ ពេលចេញពីរៀនទៅឃ្វាលគោ កុមារ សួ គឹមសាន តែងតែទៅលេងវត្តនៅក្បែរផ្ទះជាញឹកញយ។ បីដូចជានិស្ស័យ ពេលបានឃើញគំនូរនៅលើជញ្ជាំង និងពិតានពីជ្រុងម្ខាងទៅជ្រុងម្ខាងនៃព្រះវិហារ កុមារម្នាក់នេះហាក់កើតចិត្តប្រតិព័ទ្ធយ៉ាងខ្លាំងទៅលើគំនូរទាំងនោះ។ ដោយមានមហិច្ឆតាទាំងវ័យក្មេង ឲ្យតែរាល់ពេលលោកគ្រូអ្នកគ្រូឲ្យសរសេរសំណេរ ឬនិយាយអំពីគោលបំណងទៅថ្ងៃអនាគត គឹមសាន តែងរៀបរាប់ថាខ្លួនចង់ក្លាយទៅជាសិល្បករគំនូរមួយរូប ហើយបំណងនេះក៏តែងចិញ្ចឹមចិត្តគឹមសានថាថ្ងៃណាមួយខ្លួននឹងក្លាយជាវិចិត្រករឲ្យទាល់តែបាន។
Image Courtesy: សួ គឹមសាន
មិនបានប៉ុន្មានដំណើរក្តីសុបិនក៏បានរំកិលមកដល់។ ក្រោយបញ្ចប់ថ្នាក់បាក់ឌុប គឹមសាន ទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគំនូរវិចិត្រកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរាជធានីក្រុងភ្នំពេញ។ អំឡុងពេលកំពុងសិក្សាឆ្នាំទី២ និស្សិតរូបនេះបានចូលសិក្សាថ្នាក់បរិញ្ញាបត្រមួយទៀតនៅសាកលវិទ្យាល័យន័រតុន ដោយចាប់ជំនាញផ្នែកអក្សរសាស្រ្តអង់គ្លេស។ ជីវិតជានិស្សិត ខិតខំរៀនបណ្តើរ ធ្វើការងារពេញម៉ោងបណ្តើរ ហើយក៏ឆ្លៀតគូរគំនូរបណ្តើរ ដើម្បីបានប្រាក់ខ្លះគ្រាន់ផ្គត់ផ្គង់ជីវភាព ក៏ដូចជាការសិក្សា។ តាមរយៈការខិតខំប្រឹងប្រែង ជាលទ្ធផលនៅក្នុងឆ្នាំ២០១៤ គឹមសាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគំនូរវិចិត្រកម្មជាស្ថាពរ និងរួចមកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសនៅឆ្នាំ២០១៦។
មែនទែនទៅ គឹមសាន បានបង្កើតស្នាដៃគំនូរមានគេស្គាល់បន្តបន្ទាប់តាំងពីឆ្នាំ ២០១២ម្ល៉េះ ពោលគឺអំឡុងពេលលោកកំពុងសិក្សាឆ្នាំទី២ ហើយគ្រានោះក៏ជាពេលដែលលោករកប្រាក់បានពីការគូរគំនូរលើកដំបូងផងដែរ។ លោកបានរំឭកថា “គ្រានោះខ្ញុំជួបផលលំបាកគួរសម ខ្ញុំត្រូវធ្វើការពេញម៉ោងពីព្រឹកដល់ល្ងាច និងត្រូវបន្តទៅរៀនវេនយប់ ហើយថែមទាំងចំណាយពេលទៅលើអាជីពជាវិចិត្រករ។ ដូច្នេះហើយខ្ញុំមិនសូវមានពេលវេលាគ្រប់គ្រាន់នោះទេ ព្រោះត្រូវបែកចែកពេលវេលាដើម្បីធ្វើការផង រៀនផង និងគូរគំនូរផង។” លោកបន្តទៀតថា ចំពោះគំនូរលោកមិនត្រឹមតែរៀននៅសាកលវិទ្យាល័យប៉ុណ្ណោះទេ លោកបានរៀនបន្ថែមនៅសាលាវិចិត្រសិល្បៈ យ៉ាម៉ាដា ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ រហូតបានក្លាយជាគ្រូបង្រៀនគំនូរនៅទីនោះ និងបម្រើការងារតាមអង្គការនានាផ្សេងទៀតផងដែរ។
ថ្វីបើបានសម្រេចក្តីស្រមៃជាវិចិត្រករ តែការឈានមកដល់ចំណុចនេះនៅមិនទាន់សមប្រកបនឹងមហិច្ឆតារបស់សិល្បករ សួ គឹមសាន នោះឡើយ។ លោកបានព្យាយាមរិះរកវិធីអភិវឌ្ឍខ្លួនឯង ដោយស្វែងរកអាហារូបករណ៍ថ្នាក់អនុបណ្ឌិតខាងគំនូរបន្ថែមទៀត។ លោកបានដាក់អាហារូបករណ៍ទៅក្រៅប្រទេសជាច្រើនលើកច្រើនសារ តែបីដូចជាមិនមានការឆ្លើយតបពីខាងណាមួយឡើយ។ ក្រោយមកនៅក្នុងឆ្នាំ២០២១ ខណៈនៅក្នុងប្រទេសយើងមានបើកវគ្គសិក្សាថ្នាក់អនុបណ្ឌិតខាងផ្នែកគំនូរលើកដំបូងនៅរាជបណ្ឌិតសភាកម្ពុជា លោកក៏បានសម្រេចចិត្តចូលរៀនជំនាន់ទី១ពីពេលនោះមក។
“ខ្ញុំចង់ដឹងចង់យល់ពីវាឲ្យកាន់តែស៊ីជម្រៅ ហើយចង់ដឹងថាតើការរៀនថ្នាក់អនុបណ្ឌិតផ្នែកគំនូរនេះគេសិក្សាបែបណា មានការស្រាវជ្រាវអ្វីខ្លះ? ណាមួយខ្ញុំដឹងថាអាជីពជាជាងគំនូរនេះវានឹងនៅជាមួយខ្ញុំរហូតដល់ចាស់ ទើបខ្ញុំនៅតែមានចិត្តចង់រៀនពីវាបន្ថែម ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យឆ្ពោះទៅលំដាប់មួយកម្រិតទៀត។”លោក សួ គឹមសានបានលើកឡើង។
បើនិយាយពីការប្រឡូកក្នុងវិស័យគំនូរ កន្លងមកលោកបានចូលរួមបង្ហាញស្នាដៃជាមួយក្រុមសិល្បករដទៃតាមរយៈកម្មវិធីពិព័រណ៍ជាច្រើន។ ក្នុងនោះកម្មវិធីសំខាន់ៗរួមមាន ពិព័រណ៍ «Memory» នៅមជ្ឈមណ្ឌលបុប្ផាណាដែលធ្វើឡើងជាក្រុមរៀបចំឡើងដោយលោកផ្ទាល់ និងធ្វើឡើងរៀងរាល់មួយឆ្នាំម្តង, ពិព័រណ៍ «សិល្បៈវប្បធម៌ជាតិ គំនូរវិចិត្រកម្មពណ៌ទឹក ២០២២» នៅសាលមហោស្រពចតុមុខ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ លើសពីនេះ លោកបានយកស្នាដៃទៅដាក់បង្ហាញនៅក្រៅប្រទេសផងដែររួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិនជាដើម។
តាមរយៈសូវរីន លោកមានជាពាក្យពេចន៍ផ្តាំផ្ញើដែរថា “ជាដំបូងខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលស្រលាញ់ផ្នែកគំនូរ និងប្អូនៗជំនាន់ក្រោយ ប្រសិនបើយើងដាក់ចិត្តថាស្រលាញ់វាហើយ សូមប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវពីវាឲ្យបានច្រើន។ ត្រូវពង្រឹងសមត្ថភាពខ្លួនឯង កាលណាយើងមានសមត្ថភាព មានជំនាញពិតប្រាកដគេនឹងមើលឃើញយើងមិនខាន។ មួយវិញទៀតខ្ញុំសូមសំណូមពរដល់ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធជួយលើកតម្កើងវិស័យសិល្បៈគំនូរនេះ ដោយបង្កើតជាកម្មវិធីផ្សេងៗដូចជា ពិព័រណ៍គំនូរ ឬការប្រកួតប្រជែងស្នាដៃជាដើម ដើម្បីជំរុញឲ្យមហាជនកាន់តែយល់ដឹងពីវិស័យនេះ។ មួយវិញទៀត គួរបញ្ចូលមុខវិជ្ជានេះទៅថ្នាក់សិក្សាតូចៗ ព្រោះវាក៏អាចជាការផ្តល់ឱកាសការងារមួយដល់អ្នកដែលបានរៀនបញ្ចប់ផ្នែកគំនូរផងដែរ”៕
Article by SOUNG SOKSAN
Image Courtesy: សួ គឹមសាន