×

​ជំងឺ​ស្បែក​៤​ប្រភេទ​ងាយ​ប្រឈម​បំផុត​នៅ​រដូវភ្លៀង​នេះ​

TRAVEL & LIVING 2 years ago
 
 

            ដើម​រដូវវស្សា​ ​ភ្លៀង​ចាប់ផ្តើម​បង្អុរ​ស្ទើរ​រៀងរាល់ថ្ងៃ​ ​គ្រប់ទិសទី​ ​គ្រប់​ទីកន្លែង​ ​ដែល​នេះ​ធ្វើឲ្យ​បរិយាកាស​ជុំវិញ​ខ្លួន​ពោរពេញ​ទៅ​ដោយ​សំណើម​។​ ​តំណក់ទឹកភ្លៀង​លាយឡំ​សំណើម​ត្រជាក់​ ​ជាដើម​ចម​ធ្វើឲ្យ​ពពួក​មេរោគ​ ​ផ្សិត​ ​និង​បាក់តេរី​កកើត​លឿន​បំផុត​ ​បើ​មិន​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ ​និង​អនាម័យ​នោះ​ទេ​ ​នឹង​ប្រឈម​ជំងឺ​ផ្សេងៗ​ ​ជាពិសេស​អ្នក​រមែង​ចេញក្រៅ​ថ្មើរជើង​ញឹកញាប់​ ​អាច​ប្រឈម​កើតជំងឺ​សើស្បែក​មិនខាន​។​ ​នៅ​ក្នុង​អត្ថបទ​នេះ​ ​សូវ​រី​ន​ ​នឹង​លើកឡើង​អំពី​ជំងឺ​ស្បែក​ចំនួន​៤​ប្រភេទ​ដែល​ងាយ​ប្រឈម​កើត​បំផុត​នៅ​ក្នុង​រដូវភ្លៀង​ ​ក្នុង​នោះ​រួម​មាន​ ​ជំងឺ​តាអក​ (​E​c​z​e​ma​) ​ជំងឺ​កមរមាស់​ (​Scabies​) ​ជំងឺ​ទឹក​ស៊ីជើង ​(​Athlete​’s ​Foot​) ​និង​ជំងឺ​ស្រែង ​(​Ringworm​)​។​

            • ជំងឺ​តាអក​ (​E​c​z​e​ma​)
​អំឡុង​រដូវ​ភ្លៀ​វ​ស្បែក​នឹង​ឡើង​សំណើម​កាន់តែ​ច្រើន​ ​ដែល​បណ្តាលឲ្យ​បាត់បង់​លទ្ធភាព​ក្នុង​ការ​រក្សា​ជាតិទឹក​អាចប​ង្ក​ទៅជា​ជំងឺ​តាអក​។​ ​ជំងឺ​តាអក​ធ្វើឲ្យ​ស្បែក​ចាប់ផ្តើម​ស្ងួត​ខ្លាំង​ ​ឡើង​រមាស់​ ​ក្រហម​ ​និង​ឡើង​ពង​។​ ​ដើម្បី​ព្យាបាល​ដោយ​មិន​ចាំបាច់​ទៅ​មន្ទីរពេទ្យ​ ​យើង​អាច​​​យក​អំបិល​ ​ឬ​ ​ប្រេងដូង​ ​ម​កលាប​នៅ​លើ​កន្លែង​កើត​ ​រួច​ប្រើ​ក្រណាត់​ស្អាត​មាន​ខ្យល់​ចេញចូល​រុំ​ពីលើ​។​ ​ការ​រុំ​ដូចនេះ​នឹង​ជួយ​ជៀសវាង​រមាស់​ ​សំខាន់​មិន​ឲ្យ​វា​រាល​ទៅ​កន្លែងផ្សេង​។​

            • ​ជំងឺ​កមរមាស់ ​(​Scabies​)
​យើង​ច្រើនតែ​ហៅថា​ជំងឺ​កមរមាស់​ឬ​ជំងឺ​អាត់​។​ ​វា​ជា​ជំងឺ​សើស្បែក​បង្កឡើង​ដោយ​ពពួក​បរាសិត​ដែល​យើង​មិន​អាច​មើលឃើញ​ដោយ​ផ្ទាល់នឹងភ្នែក​។​ ​ជាទូទៅ​វា​កកើត​នៅ​ក្នុង​ទឹក​កខ្វក់​ ​ហើយ​ឆ្លង​មក​លើ​ស្បែក​បង្ក​ឲ្យ​ឡើង​រមាស់​ ​និង​រលាក​កន្ទួល​។​ ​បើ​មាន​រោគសញ្ញា​ដូច​បាន​លើកឡើង​ ​យើង​សូម​ផ្តល់​ដំបូន្មាន​ ​គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​សើស្បែក​ដើម្បី​ព្យាបាល​ ​បើ​ពុំ​ដូច្នោះ​ទេ​ពេល​ឡើង​កាន់តែ​ធ្ងន់​វា​នឹង​ឆ្លង​ទៅកាន់​អ្នក​ជុំវិញ​ខ្លួន​តាមរយៈ​របស់របរ​ដែល​ប្រើប្រាស់​រួមគ្នា​ដូចជា​ ​ស​ម្លៀ​ក​បំពាក់​ ​កន្សែង​ ​និង​គ្រែ​គេង​ជាដើម​។​

            • ជំងឺ​ទឹក​ស៊ីជើង ​(​Athlete​’s ​Foot​)
​ជឿជាក់​ថា​ ​អ្នកគ្រប់គ្នា​សុទ្ធតែ​ធ្លាប់​មាន​បទពិសោធន៍​កើតជំងឺ​ទឹក​ស៊ីជើង​ ​ដែល​វារ​បក​ ​ធ្វើឲ្យ​រមាស់​ ​ក្រហាយ​ ​សឹង​ទ្រាំមិនបាន​។​ ​ទឹក​ស៊ីជើង​ជា​ជំងឺ​បង្កឡើង​ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត​ ​ដែល​ជាទូទៅ​កើត​ចំពោះ​អ្នក​ដែល​ដើរ​ជាន់​ទឹកដក់​កខ្វក់​នៅ​រដូវភ្លៀង​។​ ​ខណៈ​ដែល​វា​មិនមែន​ជា​ជំងឺ​ស្បែក​ធ្ងន់ធ្ងរ​ ​ប៉ុន្តែ​វា​មាន​សមត្ថភាព​រាលដាល​លឿន​បំផុត​។​ ​ដូច្នេះ​ដើម្បី​ជៀសវាង​កើតជំងឺ​នេះ​ ​គួរ​កុំ​ប្រើប្រាស់​ស​ម្លៀ​ក​បំពាក់​រួមគ្នា​ ​ជាពិសេស​ស្បែកជើង​ ​ហើយ​ត្រូវ​ពាក់​ស្បែកជើង​ដែល​បិទ​ជិត​មិន​ឲ្យទឹក​ប៉ះ​ស្បែក​បាន​។​

            • ជំងឺ​ស្រែង​ (​Ringworm​)
​ឡើង​បំណះ​ក្រហម​រាងកោង​ជា​រង្វង់​ ​ដែល​ជាទូទៅ​ឡើង​នៅ​លើ​ ​ក​ ​ក្លៀក​ ​ឬក៏​បាតជើង​ ​នៅ​អំឡុង​រដូវភ្លៀង​នេះ​ ​វា​គឺជា​សញ្ញា​នៃ​ជំងឺ​ស្រែង​។​ ​ជំងឺ​ស្រែង​បង្ក​ដោយ​ការ​ឆ្លង​មេរោគ​ផ្សិត​ ​ដែល​ស្ថិត​ក្នុង​អាកាសធាតុ​ពោរពេញ​ដោយ​សំណើម​។​ ​ជំងឺ​នេះ​អាច​ឆ្លង​ពេញ​រាងកាយ​ ​និង​អាច​ឆ្លង​លឿន​បំផុត​តាមរយៈ​ការ​ប៉ះពាល់​ផ្ទាល់​កន្លែង​កើត​។​ ​ដូចនេះ​ ​វា​ពិត​ជាចាំបាច់​ដែល​អ្នក​មិនគួរ​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​របស់របរ​រួមគ្នា​នៅ​ពេល​ដឹង​ថា​ខ្លួន​កើតជំងឺ​នេះ​។​ ​កត្តា​សំខាន់​ទៀត​នោះ​ ​ត្រូវ​រក្សា​រាងកាយ​ឲ្យ​អនាម័យ​ជានិច្ច​។​

            ដូច​បាន​រៀបរាប់​នៅ​ខាងដើម​ ​រដូវភ្លៀង​ជា​រដូវ​ពោរពេញ​ទៅ​ដោយ​សំណើម​ដែល​ជា​ប្រភព​នៃ​ការ​កកើត​មេរោគ​ ​និង​បាក់តេរី​គ្រប់​ទីកន្លែង​។​ ​ដើម្បី​ជៀសវាង​ជំងឺ​នៅ​រដូវភ្លៀង​ ​គ្មានអ្វី​ប្រសើរ​ជាង​ការ​អនាម័យ​នោះ​ទេ​ ​បើ​អនាម័យ​ជាប្រចាំ​ ​នោះ​មិនថា​តែ​ជំងឺ​សើស្បែក​ ​សូម្បី​ជំងឺ​ទាក់ទង​នឹង​សុខភាព​រាងកាយ​ក៏​មិន​អាចម​ក​បៀតបៀន​បាន​ដែរ​។​ ​សង្ឃឹម​ថា​អ្នក​ទាំងអស់គ្នា​នឹង​ទទួល​បានសុខ​ភាព​ល្អ​ ​ហើយ​ស្វាគមន៍​វស្សានរដូវ​ចូល​មកដល់​ប្រកបដោយ​ភាព​រីករាយ​៕​

​Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS