×

ធ្វើម្ហូប​៤​មុខ​ប្រើ​គ្រឿងផ្សំ​បន្លែ​សម្បូរ​នៅ​រដូវភ្លៀង​ដើម្បី​ជំនួយ​សុខភាព​

TRAVEL & LIVING 2 years ago
 
 

           ​អាកាសធាតុ​ប្រែប្រួល​ភ្លៀង​ធ្លាក់​ញឹកញាប់​រមែង​ធ្វើឲ្យ​យើង​ងាយ​ប្រឈម​ជំងឺ​ផ្សេងៗ​ដូចជា​ ​គ្រុនក្តៅ​ ​និង​ផ្តាសាយ​ជាដើម​។​ ​មជ្ឈដ្ឋាន​ជុំវិញ​ពោរពេញ​ដោយ​សំណើម​គឺ​ជាដើម​ចម​នៃ​ការ​កកើត​មេរោគ​លឿន​បំផុត​ ​ដូច្នេះ​ការថែទាំ​សុខភាព​និង​ការ​ទទួលទាន​អាហារ​គឺជា​រឿង​ចាំបាច់​មួយ​ដែល​គួរ​យកចិត្តទុកដាក់​។​ ​ខណៈ​បន្លែ​ខែភ្លៀង​កំពុង​អំណោយផល​ពន្លក​ត្រួយ​ខ្ចី​ ​សូវ​រី​ន​ ​សូម​ណែនាំ​ពី​មុខម្ហូប​ចំនួន​បួនមុខ​ដែល​ប្រើ​គ្រឿងផ្សំ​ពី​បន្លែ​សម្បូរ​នៅ​រដូវ​នេះ​ដើម្បី​ជា​អាហារ​ជំនួយ​ដល់​សុខភាព​។​

           ​ស៊ុប​ផ្សិត​៖​ ​ការ​ទទួលទាន​ស៊ុប​ក្តៅ​ៗ​មួយ​កូនចាន​ពិតជា​ជំនួយ​សុខភាព​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​រដូវភ្លៀង​នេះ​ ​ជាពិសេស​វា​ជួយ​ព្រឹ​ង​ប្រព័ន្ធ​ការពារ​ ​ជួយ​សម្រួល​អាការ​ជំងឺ​គ្រុនក្តៅ​ ​និង​គ្រុនផ្តាសាយ​។​ ​នៅ​រដូវភ្លៀង​មាន​ប្រភេទ​ផ្សិត​មួយ​ចំនួន​ដែល​សម្បូរ​ ​ហើយ​ភាគច្រើន​ដុះ​ដោយ​ធម្មជាតិ​នៅ​តាម​ព្រៃ​ ​និង​ក្បែរ​ៗ​ផ្ទះ​ដូចជា​ ​ផ្សិត​ប៉ក់​ ​ផ្សិត​ទន្សោង​ ​ផ្សិត​ក្ងោក​ ​និង​ផ្សិត​ក​ញ្ជូ​រ​ជាដើម​។​ ​ចំពោះ​វិធី​ធ្វើ​ស៊ុប​ផ្សិត​នេះ​ ​គ្រាន់តែ​ដាក់​ដាំ​ឆ្នាំង​ចាក់​ប្រេង​ឆា​ចូល​បន្តិច​ ​ដាក់​ខ្ទឹមស​ចូល​លីង​ឲ្យ​ឈ្ងុយ​ ​រួច​ចាក់ទឹក​ចូល​ដាំ​ឲ្យ​ពុះ​។​ ​បន្ទាប់មក​បង់​ផ្សិត​ ​និង​ដាក់គ្រឿង​ផ្សំ​ផ្សេងទៀត​ដូចជា​ ​អំបិល​ ​ស្ករស​ ​ម្សៅស៊ុប​ ​និង​ម្រេច​រួច​ទុកឲ្យ​ពុះ​ម្តងទៀត​ ​និង​រោយ​ស្លឹកខ្ទឹម​ជាការស្រេច​។​ ​លោកអ្នក​ក៏​អាច​បន្ថែម​បន្លែ​ឬ​ប្រភេទ​សាច់​ណាមួយ​តាមចំណូលចិត្ត​ផង​ដែរ​។

           ​​សម្ល​ស្រឡក់​៖​ ​គ្រាន់តែ​ឮ​ដល់​សម្ល​ស្រឡក់​ភ្លាម​ ​យើង​នឹង​ភ្នកនឹក​ដល់​សម្ល​ខ្មែរ​ស្ល​បន្លែ​ចម្រុះ​មុខ​ដូចជា​ ​ស្លឹកបាស​ ​ផ្ទី​ ​ស្អំ​ ​ននោង​ ​ត្រ​លា​ច​ ​ល្ពៅ​។​ ​បន្លែ​ទាំងនេះ​មិន​ត្រឹមតែ​ងាយស្រួល​រក​នោះ​ទេ​ ​ថែមទាំង​ល្អ​ចំពោះ​សុខភាព​ទៀត​ផង​ ​ព្រោះ​វា​ជា​ប្រភព​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជាច្រើន​ដែល​រាងកាយ​ត្រូវការ​។​ ​ចំណែក​ឯ​វិធី​ធ្វើ​ ​មុនដំបូង​ត្រូវ​ដាក់​ឆ្នាំង​ដាំទឹកឲ្យពុះ​ ​រួច​ដាក់​ស្លឹកគ្រៃ​ចូល​ ​បង់​ប្រហុក​បន្តិច​ ​សឹម​ដាក់​ទឹកត្រី​ ​និង​ស្ករស​ចូល​។​ ​បន្ទាប់មក​ដាក់​ត្រី​ស្រស់​ឬ​ត្រីឆ្អើរ​ ​ល្ពៅ​ ​ត្រ​លា​ច​ ​និង​ននោង​ចូល​ទុក​មួយសន្ទុះ​។​ ​ចុងក្រោយ​ដាក់​ស្អំ​ ​ស្លឹកបាស​ ​និង​ផ្ទី​ចូល​ជាការស្រេច​។​ ​ចំពោះ​បន្លែ​អ្នក​អាច​ដាក់​តាមចំណូលចិត្ត​ឬ​ដាក់​ផ្សិត​បន្ថែម​ទៀត​កាន់តែ​ឆ្ងាញ់​ពិសា​។​

           ​​ឆា​ក្រសាំងទាប​៖​ ​ក្រសាំងទាប​ជា​បន្លែ​បៃតង​មួយ​ប្រភេទ​មាន​គុណសម្បត្តិ​ច្រើន​ដែល​យើង​គួរតែ​ទទួលទាន​។​ ​ជាក់ស្តែង​ ​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា​ការ​ទទួលទាន​ក្រសាំងទាប​អាច​ជួយ​ដល់​សុខភាព​ដូចជា​ ​សម្រួលការ​ហើម​រលាក​ ​សម្រួល​សម្ពាធ​ឈាម​ ​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត​ ​ឈឺ​សន្លាក់​ ​ឈឺក្បាល​ ​និង​គ្រុនក្តៅ​ជាដើម​។​ ​បន្លែ​សម្បូរ​នៅ​រដូវភ្លៀង​នេះ​យើង​អាច​ច​ម្អិ​ន​បាន​ពីរ​បែប​ ​ដែល​ទីមួយ​ឆា​សាច់គោ​ឲ្យ​ឆ្អិន​ ​រួច​ដាក់​ក្រសាំងទាប​ចូល​ឆា​ពីរបី​ត្រឡប់​ជាការស្រេច​។​ ​ចំណែក​របៀប​ទីពីរ​វិញ​រៀប​ក្រសាំងទាប​ស្រស់​នៅ​លើ​ចាន​ ​រួច​យក​សាច់គោ​ដែល​យើង​ឆា​ឆ្អិន​ភ្លាម​ៗ​ដួស​ដាក់លើ​ក្រសាំងទាប​ជាការស្រេច​។​ ​ដើម្បី​បង្កើន​ឱជារស​ ​អ្នក​ក៏​អាច​ពិសា​ជា​មួយទឹក​ម្រេច​ផង​ដែរ​។​

           ​ឆា​ត្រួយ​ល្ពៅ​ពងទា​ប្រៃ​៖​ ​ត្រួយ​ល្ពៅ​ក៏​ជា​បន្លែ​មួយ​ក្នុងចំណោម​បន្លែ​ដទៃ​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ផង​ដែរ​។​ ​ត្រួយ​ ​និង​ផ្កា​ល្ពៅ​គឺ​សម្បូរ​ណាស់​នៅ​ក្នុង​រដូវភ្លៀង​នេះ​ ​ហើយក៏​មាន​ដាក់​លក់​នៅ​តាម​ទី​ផ្សារ​ក្នុង​តម្លៃ​សមរម្យ​បំផុត​។​ ​ភាគច្រើន​គេ​យក​បន្លែ​នេះ​ទៅ​ធ្វើ​សម្លម្ជូរ​ ​សម្ល​ប្រហើរ​ ​សម្ល​កកូរ​ ​ជួន​ស្រុស​ធ្វើជា​អន្លក់​ជាដើម​។​ ​ម្យ៉ាង​វិញ​ ​បើ​ចង់​ផ្លាស់ប្តូរ​រសជាតិ​ ​អ្នក​អាច​សាកល្បង​ឆា​ជាមួយ​ពងទា​ប្រៃ​ជាមួយ​វិធី​ច​ម្អិ​ន​ងាយ​ៗ​ ​ដោយ​ជំហាន​ដំបូង​ត្រូវ​យក​ពងទា​ប្រៃ​ដែល​នៅ​ឆៅ​មក​គោះ​យក​ផ្នែក​ក្រហម​ ​និង​ផ្នែក​ស​ដាក់​ផ្សេងគ្នា​។​ ​យក​ផ្នែក​ក្រហម​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ទុក​មួយ​ឡែក​។​ ​ដាក់​ខ្ទះ​ចាក់​ប្រេង​ឆា​ចូល​បន្តិច​ ​រួច​ដាក់​ខ្ទឹមស​លីង​ឲ្យ​ឈ្ងុយ​ ​សឹម​ដាក់​ផ្នែក​ក្រហម​ចូល​ ​ដាក់ប្រេង​ខ្យង​ ​ម្សៅស៊ុប​ ​និង​ស្ករស​ច្របល់​ឲ្យ​សព្វ​។​ ​ចុងក្រោយ​ដាក់​ត្រួយ​ល្ពៅ​ ​និង​ពងទា​ប្រៃ​ផ្នែក​ស​ចូល​ច្របល់​ចុះឡើង​រហូតដល់​បន្លែ​ឆ្អិន​ជាការស្រេច​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​
 


SUGGESTIONS