«អាហារដ្ឋានភិមានចន្ទ» កន្លែងអង្គុយហូបបាយក្នុងបរិយាកាសដីចម្ការមាត់ទន្លេទល់មុខក្រុងភ្នំពេញ
TRAVEL & LIVING 2 years agoហោចណាស់ក៏មានមនុស្ស៧-៨នាក់ក្នុងចំណោម១០នាក់ដែរដែលចង់ស្វែងរកកន្លែងសម្រាកលម្ហែខួរក្បាលផុតពីទីក្រុងក្នុងថ្ងៃចុងសប្តាហ៍បើអាចទៅរួច ឬ ចង់បាយជុំគ្នាមួយពេលឲ្យសប្បាយរីករាយខុសពីបរិយាកាសទទួល ទានអាហារប្រចាំថ្ងៃ។ ស្ថិតនៅបង្កប់ខ្លួនកណ្តាលដីចម្ការនិងផ្ទះអ្នកភូមិប្របតាមបណ្តោយដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្រ្តទឹកដីភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល អាហារដ្ឋានដែលមានទីធ្លាស្រឡះទូលាយទើបបើកថ្មីមួយកន្លែងមានឈ្មោះថា «អាហារដ្ឋានភិមានចន្ទ» ទើបបើកទ្វារដំណើរការកាលពីដើមឆ្នាំ២០២២នេះទេ តែមានលក្ខណៈទាក់ទាញច្រើនគួរឲ្យចង់ណែនាំអ្នកក្រុងឲ្យបានទៅកម្សាន្តកាយម្តង។
អាហារដ្ឋានដែលត្រូវបានបង្កើតឡើងក្នុងដីចម្ការស្វាយមាត់ទន្លេនេះត្រូវបានគេស្គាល់ថាជា អាជីវកម្មទើបបើកថ្មីរបស់អ្នកស្រី នួន ភីមាន ស្រ្តីខ្មែរដ៏ឆ្នើមដែលធ្លាប់ទទួលបានពានរង្វាន់លំដាប់ពិភពលោកខាងផ្នែកមនុស្សធម៌និងអប់រំ និងជានាយិកាអង្គការលើកស្ទួយពលរដ្ឋ «People Improvement Organization»។ ដើម្បីទៅដល់ទីតាំងខាងលើនេះ លោកអ្នកគ្រាន់តែចំណាយពេលប្រមាណ២០នាទីចេញពីរាជធានីភ្នំពេញ ឆ្លងដអរិយក្សត្រ រួចបត់ស្តាំទៅត្រង់រហូតដល់ភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ដែលស្ថិតនៅជិតវត្តសារិកាកែវ ត្រង់ចំណុចផ្លូវកោងក្នុងភូមិជាប់មាត់ទន្លេតែម្តង។ សម្រាប់អ្នករស់នៅម្តុំច្បារអំពៅ ព្រែកឯង និងកៀនស្វាយ លោកអ្នកក៏អាចឆ្លងមកទីនេះតាមកំពង់ចម្លងតាព្រហ្ម-មាត់ក្រសាស ខាងខណ្ឌច្បារអំពៅ ក៏បាន។ នៅពេលឆ្លងរួច ត្រូវជិះបត់ឆ្វេងវិញតម្រង់ឆ្ពោះទៅកាន់ម្តុំវត្តសារិកាកែវដូចគ្នា។
លក្ខណៈពិសេសជាងគេគឺទីតាំងដែលមានចម្ងាយជិតក្រុងភ្នំពេញ អាចមើលឃើញក្រុងភ្នំពេញពីត្រើយម្ខាងទន្លេបានយ៉ាងងាយស្រួល មានសម្រស់មិនចាញ់ត្រើយម្ខាងមើលពីខាងជ្រោយចង្វារឡើយ។ ទន្ទឹមនឹងនេះ អាហារដ្ឋាននេះមានបរិយាកាសត្រជាក់ល្ហឹមទោះពេលថ្ងៃត្រង់ក៏ដោយ ព្រោះទីនោះសម្បូរដើមឈើ ជាពិសេសដើមស្វាយបែកមែកសាខាជាច្រើនដើម ខ្លះមានទាំងផ្លែទុំជ្រុះធ្លាក់រាយពេញដីទៀតផង។ ជាមួយនឹងសួនស្មៅដ៏ស្រស់បំព្រង ទេសចរអាចឈរថតរូបលេង យក background (ផ្ទៃខាងក្រោយរូប) មាត់ទន្លេដែលមានវាលខ្សាច់ពណ៌ពងមាន់មើល ពីចម្ងាយ លម្អដោយក្យូសប្ញស្សីធំទូលាយតម្រៀបជាជួរដូចខ្ទមស្រុកស្រែជនបទគួរជាទីមនោរម្យសម្រាប់ទទួលទានអាហារលក្ខណៈជាក្រុមមិនថាគ្រួសារ ឬ មិត្តភក្តិ ឬ កម្មវិធីក្រុមហ៊ុននោះទេ។ លើសពីនេះ នៅក្រោមដើមស្វាយធំចំ កណ្តាលសួន មានចងទោងសម្រាប់ភ្ញៀវជិះកម្សាន្ត និងថតរូបអនុស្សាវរីយ៍ទៀតផង។
ដោយឡែកចំពោះសេវាកម្មម្ហូបអាហារ អាហារដ្ឋានស្រុកចម្ការនេះមានបម្រើម្ហូបជាច្រើនជម្រើសទាំងម្ហូបសម្រាប់បាយនិងអាហារសម្រន់ ដូចជា ត្រីដុត ឬ បំពង មាន់ដុតត្រយូងចេក/គល់ស្លឹកគ្រៃ ស្ងោរជ្រក់សាច់មាន់ ឬ សាច់គោ ញាំមីសួ សម្លប្រហើរ សម្លកកូរ បាយឆា មីឆា ជ្រក់ជើងមាន់ បុកល្ហុង ងៀតគោ-ក្របី និងបបរគ្រឿងដែលមានតម្លៃចន្លោះ៥ដុល្លារ-២០ដុល្លារ។ តោះ!ចាំអីទៀត? ណាត់គ្នាចុងសប្តាហ៍នេះតែម្តងទៅ!
Article by SRIN SOKMEAN