សន្និសីទសារព័ត៌មានស្តីពីការចេញផ្សាយសៀវភៅ «THE FIRST ROYAL APSARA» (តួអប្សរាព្រះរាជទ្រព្យដំបូង)
NEWS 2 years agoភ្នំពេញ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា នេះ នៅឯទីតាំងបន្ទប់គ្រីស្តាល់ (Crystal Room) នៃសណ្ឋាគារឡឺរ៉ូយ៉ាល់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានការរៀបចំកម្មវិធីសម្ពោធន៍សៀវភៅក្រោមចំណងជើងថា «THE FIRST ROYAL APSARA» ឬ មានន័យថា បឋមរាជអប្សរា (តួអប្សរាព្រះរាជទ្រព្យដំបូង) ជាភាសាខ្មែរ ក្រោមការចូលរួមជាកិត្តិយសពីសំណាក់អ្នកនិពន្ធ សែរាជវង្ស សាស្រ្តាចារ្យរបាំបុរាណ អ្នកសារព័ត៌មានខ្មែរ និងបរទេស ព្រមទាំងភ្ញៀវពន្លឺជាច្រើនរូបទៀតយ៉ាងក្នុងបរិយាកាសសោមនស្សរីករាយក្រៃលែងចំពោះសមិទ្ធផលស្តីពីព្រះជីវប្រវត្តិលម្អិតរបស់ទេពនាដវដ្តីឯកដែលទើបចេញផ្សាយថ្មីចុងក្រោយជាប្រវត្តិសាស្រ្តមួយចំណងជើងនេះ។
ឯកឧត្តម ហ៊្សូលីអូ អា.ហ្សេដ្រេស៍ (Julio A. Jeldres) ជីវប្រវត្តិវិទូ និងជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីនោះថា “គំនិតនៃការបង្កើតសៀវភៅនេះបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ១៩៩១ ពេលដែលសម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងខ្ញុំអមព្រះរាជដំណើរព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងដំណើរមាតុភូមិនិវត្តន៍របស់ទ្រង់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីការឡាយព្រះហស្ថលេខាលើកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងប៉ារីស។ ពួកយើងពិភាក្សាគំនិតនេះម្តងទៀតនៅអំឡុងពេលអាហារថ្ងៃត្រង់ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងខែធ្នូ ១៩៩១។ ពេលនោះទ្រង់មានព្រះទ័យចង់បានសៀវភៅមួយក្បាលស្តីពីរបាំព្រះរាជទ្រព្យ […]”។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ទ្រង់ពុំដែលមានព្រះទ័យចង់ឲ្យសរសេរសៀវភៅលើកអំពីទ្រង់ទេ ប៉ុន្តែជាសៀវភៅអំពីរបាំព្រះរាជទ្រព្យខ្មែរ។ ទ្រង់បានពិភាក្សារឿងនេះជាលើកចុងក្រោយកាលពីដើមឆ្នាំ២០១៨។ ប៉ុន្តែជាអកុសល ទ្រង់ក៏បានសោយព្រះពិរាល័យក្រោយពេលទ្រង់បានព្រមព្រៀងទៅលើគម្រោងថវិកា និងកាលវិភាគសរសេរចងក្រងសៀវភៅឯកសារនេះឡើងរួច។ ទោះបីជាយ៉ាងនេះក្តី ក៏ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វាក់ជីរ៉ាវុឌ្ឍ (ឯកសារខ្លះសរសេរថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វិជ្ជរ៉ាវុឌ្ឍ) ព្រះប្រធានសមាគមសប្បុរសធម៌ បុប្ផាទេវី និងជាព្រះបុត្រាពៅរបស់ទ្រង់បានស្នើឲ្យឯកឧត្តមសរសេរអំពីព្រះជីវប្រវត្តិរបស់មាតាទ្រង់បោះពុម្ពជាសៀវភៅនេះឡើង។
“សៀវភៅនេះជាឯកសារព្រះជីវប្រវត្តិដំបូងនៃសម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។ ខ្ញុំពិតជាសម្តែងអំណរគុណចំពោះឯកឧត្តមរាជទូត Julio Jeldres ដែលបានធ្វើការស្រាវជ្រាវប្រវត្តិសាស្រ្តពីព្រះឆាយាលក្ខណ៍និងព្រះជីវប្រវត្តិរបស់ព្រះរៀម។ ព្រះអង្គម្ចាស់ក្សត្រីទ្រង់បានបូជាព្រះជន្មចំពោះបុព្វហេតុសិល្បៈនិងបេតិកភណ្ឌជាតិខ្មែរ ដែលក្មេងជំនាន់ក្រោយត្រូវតែមានមោទកភាពចំពោះទ្រង់ដែលបានធ្វើឲ្យរបាំព្រះរាជទ្រព្យនិងរបាំអប្សរាល្បីល្បាញនិងបានចុះក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិដោយយូនេស្កូ (UNESCO)” ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ ព្រះប្រធានសាលារបាំបុប្ផាទេវី ទ្រង់បានមានបន្ទូល។ ទន្ទឹមនឹងនេះ ព្រះអង្គម្ចាស់ទ្រង់ក៏មានព្រះទ័យចង់ឲ្យមានបំណកប្រែសៀវភៅនេះទៅជាភាសាខ្មែរនៅថ្ងៃអនាគតសម្រាប់ប្រជាជនកម្ពុជាបានអានទាំងអស់គ្នាប្រសិនបើមានលទ្ធភាពហិរញ្ញវត្ថុបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ និង លោកស្រីសាស្រ្តាចារ្យរបាំ ឱម យុវណ្ឌី មកពីសាលារបាំបុប្ផាទេវី ព្រមទាំងចំណាប់ព្រះទ័យរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វាក់ជីរ៉ាវុឌ្ឍ បន្តដោយការធ្វើបទបង្ហាញអំពីមាតិកាសំខាន់ៗនៃសៀវភៅដោយ ឯកឧត្តម ហ្ស៊ូលីអូ អា.ហ្សេដ្រេស៍ និងបទសម្ភាសន៍ ហើយបញ្ចប់ដោយការចុះហត្ថលេខារបស់អ្នកនិពន្ធនិងចែកសៀវភៅជូនចំពោះអ្នកចូលរួមតំណាងស្ថាប័នពាក់ព័ន្ធនានា៕
Article by SRIN SOKMEAN