«កន្ត្រេ-កន្រ្តក» ហាងកាហ្វេលើកស្ទួយស្ថាបត្យកម្ម និងសិប្បកម្មខ្មែរនាក្រុងបាត់ដំបង
TRAVEL & LIVING 3 years ago«កន្ត្រក» គឺជាសម្ភារម៉្យាងសម្រាប់ត្រង ឬផ្ទុកសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនក្នុងពេលតែមួយដែលប្រជាជនខ្មែរនិយមប្រើប្រាស់នៅពេលទៅផ្សារទិញបន្លែ ឬចំណីចំណុកផ្សេងៗ។ យ៉ាងណាមិញ «កន្ត្រក» ត្រូវបានប្រែទៅជាឈ្មោះរបស់ហាងកាហ្វេមួយកន្លែងស្ថិតនៅក្នុងក្រុងបាត់ដំបងដែលមានការរចនាយ៉ាងស្រស់ស្អាត និងទាក់ទាញជាមួយនឹងការតុបតែងនូវកន្ត្រក កាបូបតម្បាញ ឬល្អីតូចៗ អមដោយផ្ទាំងគំនូរនានាដទៃទៀតដែលជាស្នាដៃរបស់សិល្បករខ្មែររស់នៅទីនោះជាដើម។ ការរៀបចំតុបតែង និងប្រើប្រាស់គ្រឿងបរិក្ខារនៅក្នុងហាងកាហ្វេនេះសុទ្ធសឹងតែជាគំនិតច្នៃប្រតិដ្ឋរបស់ស្ថាបនិកខ្មែរមួយរូបដែលជាអ្នកស្រឡាញ់សិល្បៈ ក៏ដូចជាអគារចាស់ៗផងដែរ។
ជំនួបជាមួយនឹង លោក អៀ គីមប៉ ស្ថាបនិករបស់ហាងកាហ្វេប្រណីត «កន្ត្រេ-កន្ត្រក» បានឲ្យដឹងផងថាការបើកដំណើរការអាជីវកម្មនៅក្នុងសំណង់អគារចំណាស់ដែលមានអាយុកាលជាងមួយសតវត្សរ៍សេសសល់ពីសម័យកាលអាណានិគមនិយមបារាំងនេះក៏ព្រោះតែចង់ឲ្យអ្នកនិយមទទួលទាកាហ្វេអាចស្រមៃ ឬទទួលបាននូវអារម្មណ៍ម៉្យាងដែលកំពុងតែស្ថិតនៅក្នុងអតីតកាលនៅអំឡុងឆ្នាំ១៩៦៣ ដោយក្រេបរសជាតិកាហ្វេឈ្ងុយឆ្ងាញ់បណ្តើរ ជជែកជាមួយនឹងមិត្តភក្តិបណ្តើរដែលមានបរិយាកាសស្ងប់ស្ងាត់នៅក្នុងផ្ទះចាស់ប្រៀបបានដូចជាផ្ទះរបស់ខ្លួនដូច្នេះដែរ។ «កន្ត្រេ-កន្ត្រក» ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅក្នុងប្លុកផ្សារណាត់នាផ្លូវលេខ១.៥ នៃខេត្តបាត់ដំបងជាទីក្រុងដ៏សែនមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងមកកម្សាន្តជារឿយៗផងដែរ។ ហាងកាហ្វេនេះមាន២ជាន់សម្រាប់ទទួលអតិថិជនអាចសម្រាកកម្សាន្តពិភាក្សាជាមួយនឹងមិត្តភក្តិ ឬក្រុមការងារជាលក្ខណៈឯកជន ក៏ដូចជាអាចចំណាយពេលអានសៀវភៅជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ថែមទៀតនោះកាន់តែពិសេស។ បរិយាកាសដ៏ល្អឯកអមដោយការតុបតែងបែបសិល្បៈនេះ គេពុំដែលគួររំលងភេសជ្ជៈប្រចាំហាងដូចជា៖ កាហ្វេទឹកដោះគោពិសេស (K’trok Special) កាហ្វេម៉ាឆាឡាតេ (Coffee Matcha Latte) កាហ្វេខ្មៅក្រឡុក (Shaken Expresso) ប្ល៊េកបឺរីក្រូឆ្មារ (Blackberry Lemonade) តែផ្លែប៉េស (K’trok Peach Tea) ដែលមានតម្លៃសមរម្យចាប់ពី ៤០០០រៀលរហូតដល់ ១០០០០រៀល។
បើទោះបីជាហាងកាហ្វេនេះមានបរិវេណតូចល្មមពិតមែន ប៉ុន្តែស្ថាបនិកលោក គីមប៉ បានឲ្យដឹងផងថា «កន្ត្រេ-កន្ត្រក» ក៏មានការរៀបចំកន្លែងជាលក្ខណៈឯកជនភាពសម្រាប់អតិថិជនណាដែលមានបំណងចង់រៀបចំការប្រជុំជាលក្ខណៈក្រុម ឬពិភាក្សាការងារសំខាន់ៗផ្សេងទៀតជាឯកជន។ យ៉ាងណាមិញ សម្រាប់ម៉ោងការបើកដំណើរការ «កន្ត្រេ-កន្ត្រក» គឺចាប់ពីម៉ោង៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង៧យប់ផងដែរ៕
Article by PAN SIVLY