បច្ចុប្បន្ន ប្រជាជនកម្ពុជាយើងចាប់ផ្តើមគិតគូរអំពីសុខភាពតាមរយៈការចំណាយពេលហាត់ប្រាណនៅតាមក្លឹបកីឡាកាយវប្បកម្ម ឬ តាមសួនច្បារសាធារណៈ ឬ ជុំវិញបរិវេណផ្ទះបុរីនានា ប៉ុន្តែរដូវភ្លៀងអាចក្លាយជាឧបសគ្គសម្រាប់អ្នកដែលមានបំណងចេញទៅហាត់ប្រាណខាងក្រៅដោយសារតែអាកាសធាតុមិនអំណោយផលល្អ។ ទោះបី ជាយ៉ាងនេះក្តី មិនមែនមានន័យថាលោកអ្នកត្រូវបំភ្លេចរឿងនេះចោលនោះទេ។ ផ្ទុយទៅវិញ លោកអ្នកអាចបង្វែរវិធីសាស្រ្តមកហាត់ក្នុងផ្ទះវិញដោយប្រើប្រាស់ក្បាច់លំហាត់ប្រាណដែលស័ក្តិសមសម្រាប់រដូវកាលនេះដូចខាងក្រោម។
១. រត់ដោយម៉ាស៊ីន
វាជាប្រភេទកីឡាដែលហាត់ក្នុងអគារខាងក្នុងបានហើយទទួលបានការពេញនិយមខ្លាំងជាសកល។ ប្រសិនបើមានធនធានគ្រប់គ្រាន់ លោកអ្នកគប្បីទិញម៉ាស៊ីនហាត់ប្រាណប្រភេទ Sport Jogging (រត់ត្រឹកៗ) ដែលងាយស្រួលប្រើប្រាស់ក្នុងផ្ទះ មានប្រសិទ្ធភាពសម្រាប់ការដុតបំផ្លាញជាតិកាឡូរីអាក្រក់ចេញពីរាងកាយ និង ជំនួយផែនការសម្រកទម្ងន់របស់លោកអ្នក។ លោកអ្នកគួរមានឈុតស្បែកជើងសម្រាប់រត់ដើម្បីចៀសវាងការរអិល និង ដាក់ប្រអប់ដៃឲ្យមានកម្ពស់ជិតដើមទ្រូង ហើយឈរឲ្យឆ្អឹងខ្នងត្រង់ល្អ និងស្មាទាំងសងខាងបើកឲ្យអស់នៅពេលអនុវត្តកីឡានេះ។
២. ហាត់លំនឹងដងខ្លួន
លំហាត់ប្រាណប្រភេទនេះមានឈ្មោះជាភាសាអង់គ្លេសថា Pilates ។ មនុស្សគ្រប់រូបអាចអនុវត្តកីឡានេះបាននៅផ្ទះយ៉ាងងាយស្រួលជាទីបំផុត ពីព្រោះវាជាប្រភេទលំហាត់ប្រាណដែលតម្រូវឲ្យមានចលនាដែលអាចមានហានិភ័យគ្រោះថ្នាក់ទាប ហើយមានប្រសិទ្ធភាពក្នុងការពង្រឹងភាពរឹងមាំនៃសាច់ដុំ និង ចលនាបត់បែននៃរាងកាយ។ ប្រសិនបើលោកអ្នកមិនសូវយល់ច្បាស់អំពីរបៀបហាត់វា លោកអ្នកគ្រាន់តែចូលទៅកាន់ YouTube ហើយវាយពាក្យ «Pilates» ដើម្បីទស្សនាឈ្វេងយល់បន្ថែម។ អ្វីដែលលោកអ្នកត្រូវការនោះគឺ កម្រាលសម្រាប់ហាត់ តែមួយគត់។ នៅពេលហាត់ សូមកុំភ្លេចដកដង្ហើមវែងៗឲ្យបានត្រឹមត្រូវទើបមានប្រសិទ្ធភាពល្អ។
៣. រាំហាត់ប្រាណ
កីឡារាំ ឬ Dance workout គឺជាសកម្មភាពដើម្បីសុខភាពដែលស័ក្តិសមបំផុតសម្រាប់ប្រជាពលរដ្ឋទាំងឡាយដែលស្រឡាញ់សុខភាពផង និងចូលចិត្តការសប្បាយផង ក្នុងពេលជាមួយគ្នា ព្រោះលោកអ្នកអាចកម្សាន្តសប្បាយជាមួយនឹងបទភ្លេង និងពត់ពេនខ្លួននិងដៃជើងតាមចង្វាក់នៃបទនីមួយៗ។ ការរាំហាត់ប្រាណនឹងជួយរំលាយខ្លាញ់ក្នុងរាងកាយ និងធ្វើឲ្យមានរំញ័រដល់ផ្នែកចង្កេះ ត្រគាក និងគូថ ដែលជួយឲ្យលោកអ្នកមានរាងស្អាតថែមទៀតផង។
៤. លោតអន្ទាក់
លោកអ្នកអាចលេងលោតអន្ទាក់ជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិនៅក្នុងផ្ទះ ឬ តាមសំយាបផ្ទះ ដោយមិនបាច់ចេញទៅក្រៅឆ្ងាយក៏បាន។ វាជាល្បែងកីឡាដែលនរណាៗក៏ស្គាល់ ស្តាប់ទៅសាមញ្ញ ប៉ុន្តែតាមពិតទៅ វាជាប្រភេទកីឡា cardio ឬ កីឡាជំនួយបេះដូង ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពសាច់ដុំមួយចំនួននៃរាងកាយរបស់យើង។ មួយវិញទៀត លោកអ្នកអាចជ្រើសរើសប្រភេទបែបបទនៃការលោតអន្ទាក់តាមចំណង់ចំណូលចិត្តបាន ឬ ក៏អាចធ្វើវាឲ្យពិបាកកាន់តែខ្លាំងដើម្បីដុតបំផ្លាញជាតិខ្លាញ់ចេញបានកាន់តែច្រើន។
៥. កីឡាហ្សាមបា (Zumba)
ហ្សាមបាគឺជាលំហាត់ប្រាណពេញមួយដងខ្លួនដែលផ្តល់ភាពសប្បាយរីករាយ។ កីឡានេះជាប្រភេទកីឡា Cardio មួយបែបទៀតដែលមានតួនាទីជំនួយរាងកាយ ពង្រឹងការសម្របសម្រួលតួនាទីផ្សេងៗនៃសារពាង្គកាយ និង ធ្វើឲ្យដំណើរការមេតាប៉ូលីសក្នុងរាងកាយយើងកាន់តែសកម្មឡើងវិញ។ លោកអ្នកអាចធ្វើវានៅផ្ទះបានដោយខ្លួនឯងតាមរយៈការទស្សនាវីដេអូណែនាំនៅលើអ៊ីនធឺណេតដ៏សម្បូរបែប ហើយថែមទាំងអាចអនុវត្តបានជាមួយក្រុមគ្រួសារទាំងមូលព្រោះថាវាតម្រូវមនុស្សគ្រប់ភេទនិងគ្រប់វ័យទាំងអស់៕
Article by SRIN SOKMEAN