The beekeeper ទីប្រឹក្សាផ្លូវចិត្តមនុស្សគ្រប់វ័យប្រជុំដោយអ្នកឯកទេសចម្រុះជាតិសាសន៍
TRAVEL & LIVING 2 years agoខណៈវិបត្តិកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងពាណិជ្ជកម្មពិភពលោកជាខ្លាំង ទន្ទឹមគ្នានេះវាក៏មានឥទ្ធិពលទៅលើសុខភាពផ្លូវចិត្តមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។ ជាក់ស្តែង បើក្រឡេកមកកម្ពុជា រយៈកាលរាតត្បាតវីរុសកូវីដ-១៩ ប្រជាជនទូទៅហាក់ជួបបញ្ហាផ្លូវចិត្តច្រើនយ៉ាងដូចជា ការថប់អារម្មណ៍ ជំងឺទុក្ខព្រួយ ស្ត្រេស បញ្ហាគ្រួសារ បញ្ហាសម្ព័ន្ធភាពដៃគូ រហូតដល់ការធ្វើអត្តឃាត។ សូម្បីក្មេងៗជាច្រើនក៏មានបញ្ហាសមត្ថភាពខួរក្បាលចុះខ្សោយ ដោយហេតុការសិក្សាតាមរយៈប្រព័ន្ធអនឡាញ។ ទាក់ទិននឹងបញ្ហាទាំងនេះ គ្លីនិកមួយកន្លែងប្រជុំទៅដោយអ្នកជំនាញខ្មែរ និងបរទេស នឹងរីករាយទទួលស្វាគមន៍ផ្តល់នូវការព្យាបាលលក្ខណៈស្តង់ដារខ្ពស់ ហើយក៏ផ្តល់នូវការព្យាបាលផ្អែកលើការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រដ៏មានប្រសិទ្ធភាព។
ស្ថិតនៅលើផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង នៃរាជធានីភ្នំពេញ ដឹ ប៊ីឃីបភ័រ ឬ the beekeeper គឺជាគ្លីនិកសុខភាពផ្លូវចិត្តឯករាជ្យ និងជាមជ្ឈមណ្ឌលសុខុមាលភាពមួយ ដែលផ្តោតសំខាន់ទៅលើការអនុវត្ត និងលើកកម្ពស់ការបម្រូលផ្តុំទ្រឹស្តី ដោយផ្អែកលើការស្រាវជ្រាវបែបលោកខាងលិច រួមជាមួយវិធីសាស្ត្រទស្សនវិជ្ជាតំបន់ភាគបូព៌ា ក្នុងការសម្រេចបាននូវលទ្ធផលដ៏មានឥទ្ធិពល និងវិជ្ជមានសម្រាប់អតិថិជន។
តាមការជំនួប លោក តន់ សុជាតា ប្រធានផ្នែកប្រតិបត្តិការនៃ the beekeeper លោកបានឲ្យដឹងថា “ the beekeeper ផ្តល់នូវស្តង់ដារខ្ពស់ក្នុងនៃការថែទាំ និងការព្យាបាលដោយផ្អែកលើការស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់ កុមារ មនុស្សពេញវ័យ និងគ្រួសារដែលជួបបញ្ហាឬការលំបាកផ្សេងៗ។ ទីនេះមានអ្នកជំនាញសុខភាពផ្លូវចិត្តជនជាតិខ្មែរ និងបរទេសចំនួន១០នាក់ដែលនឹងចែករំលែកនូវបំណងប្រាថ្នាមួយគឺគាំទ្រគ្នាទៅវិញទៅមក ពិសេសការគាំទ្រទៅដល់អតិថិជនដើម្បីទទួលបានផលវិជ្ជមាន និងយូរអង្វែងនៅក្នុងសហគមន៍។” លោកបន្ថែមទៀតថា “យើងផ្តល់សេវាកម្មព្យាបាលផ្លូវចិត្តជាមួយក្រុមអ្នកជំនាញប្រកបដោយវិជ្ជាជីវៈដែលផ្តល់សេវាជាលក្ខណៈបុគ្គល គូស្វាមីភរិយា និងគ្រួសារផងដែរ។ យើងមានបទពិសោធន៍ការងារជាមួយមន្ទីរពេទ្យ សាលា សហគមន៍ និងកន្លែងអនុវត្តឯកជនផ្សេងទៀត។”
បេសកកម្មរបស់ the beekeeper គឺនាំយកសហគមន៍ដែលផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តទៅកាន់ប្រទេសកម្ពុជា និងថៃ ដោយផ្អែកលើទស្សនវិជ្ជាលោកភាគខាងកើត និងវិធីសាស្ត្រលោកខាងលិច ហើយមនុស្សគ្រប់គ្នាអាចទទួលវាបាន។ ចំណែកចក្ខុវិស័យវិញ គឺគាំទ្រការអភិវឌ្ឍទៅលើភាពរីករាយ និងឲ្យផ្លូវចិត្តប្រសើរឡើងវិញតាមរយៈការបង្កើនទៅលើសុខភាពផ្លូវចិត្តឲ្យមានភាពល្អប្រសើរ។
ជាមួយការព្យាបាលដែលយើងអាចរើសអ្នកជំនាញទំនាក់ទំនងជា ភាសាខ្មែរ អង់គ្លេស ឬអេស្ប៉ាញ the beekeeper មានផ្តល់ជូននូវសេវាកម្មលើសុខភាពផ្លូវចិត្តដូចជា៖ ជំងឺថប់អារម្មណ៍ ជំងឺស្ត្រេស ជំងឺស្ត្រេសក្រោយការប៉ះទង្គិចធ្ងន់ធ្ងរ ជំងឺទុក្ខព្រួយ ការញៀន និងបញ្ហារបស់កូនៗទាក់ទងនឹងការអភិវឌ្ឍន៍សមត្ថភាពខួរក្បាល ក៏ដូចជាអាកប្បកិរិយា។ អ្វីដែលសំខាន់ ការព្យាបាលត្រូវបានរក្សាជាសម្ងាត់ ហើយបុគ្គលនឹងមានអារម្មណ៍សុវត្ថិភាព ព្រមទាំងដឹងថាពួកគេនឹងមិនត្រូវបានរើសអើងឡើយ។
ទើបបើកដំណើរការអំឡុងឆ្នាំ ២០២០ the beekeeper ត្រូវបានផ្តល់អាជ្ញាបណ្ណដោយក្រុមហ៊ុន PERSON ដើម្បីផ្តល់នូវការធ្វើតេស្ត និងការប៉ាន់ប្រមាណវាយតម្លៃជាមួយអ្នកចិត្តសាស្ត្រប្រកបដោយសមត្ថភាព និងជំនាញខ្ពស់ដើម្បីធ្វើការវាយតម្លៃក្នុងផ្នែកអភិវឌ្ឍន៍រួមមាន៖ ការវាយតម្លៃរោគវិនិច្ឆ័យទៅលើអូទីស្សឹម (ASD), ការវាយតម្លៃរោគវិនិច្ឆ័យនៃភាពមិនប្រក្រតីអំពីបញ្ហារពឹស (ADHD), សមត្ថភាពពុទ្ធិ ការយល់ដឹង/ការធ្វើតេស្តមុខងារ និងបញ្ហាក្នុងការរៀនសូត្រ រួមមានបញ្ហារៀនសូត្រទៅលើមុខវិជ្ជាជាក់លាក់ណាមួយ។
ទាក់ទិននឹងសារៈសំខាន់នៃការព្យាបាលផ្លូវអារម្មណ៍ ប្រធានផ្នែកប្រតិបត្តិការនិយាយថា ការព្យាបាល អាចជួយកាត់បន្ថយរោគសញ្ញាដែលកំពុងជួបប្រទះ និងបានរៀនពីវិធីថ្មីក្នុងការគ្រប់គ្រងបញ្ហា។ បុគ្គលទទួលបានការព្យាបាលអាស្រ័យទៅតាមបញ្ហារៀងៗខ្លួន បើទោះបុគ្គលធ្វើការព្យាបាលដោយការប្រើថ្នាំ ប៉ុន្តែដំបូន្មានដ៏ល្អគឺគប្បីបញ្ចូលការប្រើថ្នាំផង រួមនិងការព្យាបាលផ្លូវអារម្មណ៍ផងក្នុងពេលតែមួយ។ នៅ the beekeeper អនុវត្តវិធីព្យាបាលផ្លូវអារម្មណ៍ដោយផ្អែកលើភស្តុតាងជាក់ស្តែង។
ទាក់ទងនឹងសេវាកម្មនៅ the beekeeper មានផ្តល់សេវាព្យាបាលទាំងតាមរយៈប្រព័ន្ធអនឡាញ និងជំនួបផ្ទាល់។ ក្នុងនោះសម្រាប់ការព្យាបាលផ្ទាល់ខ្លួនរយៈពេល៥០នាទីជាមួយនឹងអ្នកជំនាញម្នាក់មានតម្លៃចាប់ពី៦០ដុល្លារដល់១០០ដុល្លារ៕
Article by HEM SOKKHIM