×

វត្ត​៤​ទីតាំង​ ​ក្រោម​៥​០​គីឡូ​ពី​ភ្នំពេញ​ ​ដែល​ពុទ្ធសាសនិកជន​មិនគួរ​រំលង​សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​

TRAVEL & LIVING 3 weeks ago
 
 

            ១​. ​វត្ត​អង្គរ​ជ័យ​ (​ស្រុក​កៀន​ស្វាយ​)
​            ស្ថិតនៅ​ភូមិ​អង្គរ​ជ័យ​ ​ឃុំ​បន្ទាយ​ដែក​ ​ស្រុក​កៀន​ស្វាយ​ ​ចម្ងាយ​ប្រមាណ​៣​០​គីឡូម៉ែត្រ​ពី​ភ្នំពេញ​។​ ​ដើម្បី​ទៅដល់​អ្នកដំណើរ​ត្រូវធ្វើ​ដំណើរ​ហួស​ផ្សារ​គគីរ​ទៅដល់​ចំណុច​គីឡូម៉ែត្រ​លេខ​២​៩​ ​លោកអ្នក​នឹង​ឃើញ​ខ្លោងទ្វារ​វត្ត​អង្គរ​ជ័យ​នៅ​ខាងស្តាំ​ដៃ​ជាប់នឹង​ផ្លូវជាតិ​ជាក់​ជាមិនខាន​។​ ​លោកអ្នក​ត្រូវ​បត់​ចូល​តាម​ខ្លោងទ្វារ​វត្ត​នោះ​ ​ហើយ​បន្ត​ដំណើរ​តាមផ្លូវ​ដី​ប្រមាណ​១​.​៥​គីឡូម៉ែត្រ​។​ ​វត្ត​នេះ​ក៏​ជា​រមណីយដ្ឋាន​ដ៏​ល្បី​ប្រចាំ​តំបន់​ដែល​ល្បី​ត​ៗ​គ្នា​ថា​ ​មាន​បារមី​ខ្លាំងពូកែ​ស័ក្ដិសិទ្ធិ​ធ្វើ​អោយ​ប្រជា​ពុទ្ធបរិស័ទ​អ្នកមាន​ជំនឿ​កាន់សាសនាព្រះពុទ្ធ​មកពី​ទី​ជិត​ទី​ឆ្ងាយ​នាំគ្នា​ទៅ​បួងសួង​បែប​ន់​អ្វីៗ​តែងតែ​សម្រេច​បាន​ជោគជ័យ​ដូច​សេចក្តី​ប៉ងប្រាថ្នា​។​ ​វត្ត​នេះ​ក៏​ជាទី​ពេញ​និយម​សម្រាប់​រដូវ​បុណ្យទាន​ដែរ​ ​ព្រោះ​ទីនេះ​មាន​សំណង់​អគារ​ដែល​មាន​លក្ខណៈ​ស្ថាបត្យកម្ម​ប្លែកៗ​ខុស​ពី​វត្ត​ដទៃ​ ​ព្រមទាំង​មាន​បរិស្ថាន​ស្រស់បំព្រង​ ​មាន​ស្រះ​ឈូក​ ​មាន​ស្រះ​ចិញ្ចឹម​ត្រី​ ​ផ្ទះ​ទឹក​អង្គុយ​សម្រាក​លេង​ ​ឬ​ ​ឲ្យ​ចំណី​ត្រី​ជា​ការកំសាន្ត​សប្បាយ​។​

            នៅ​ក្នុង​បរិវេណ​ដី​វត្ត​ដ៏​ធំ​ទូលាយ​ ​មាន​ទួល​បុរាណ​ពីរ​នៅ​ជិត​នោះ​ ​ក៏​មិនដែល​លិចទឹក​ដែរ​ ​ដែល​ត្រូវ​បាន​អ្នកស្រុក​អ្នកភូមិ​ស្គាល់​យ៉ាង​ច្បាស់​ថា​ ​ទួល​ដំបូក​ខ្មៅ​ ​និង​ ​ទួល​ក្របៅ​ជ្រុំ ​។​ ​ទួល​ដំបូក​ខ្មៅ​មាន​ទីតាំង​ស្ថិតនៅ​ខាងលិច​វត្ត​ ​រីឯ​ទួល​ក្របៅ​ជ្រុំ​មាន​ទីតាំង​ស្ថិតនៅ​ខាងត្បូង​វត្ត​ ​ប៉ុន្តែ​អ្នកស្រុក​នៅ​តំបន់​នោះ​និយម​ហៅ​រួមគ្នា​ថា​ ​ទួល​បារមី​ដំបូក​ខ្មៅ​ក្របៅ​ជ្រុំ​។​ ​ទីតាំង​ទាំងពីរ​ជា​កន្លែង​បន់ស្រន់​ល្បីល្បាញ​ ​និង​មាន​ព្រៃ​ដើម​គគីរ​ជុំវិញ​តាំងពី​ជំនាន់​សម័យ​សង្គម​។​ ​បច្ចុប្បន្ន​វត្ត​នេះ​នៅ​មាន​កន្លែង​បារមី​ដ៏​ខ្លាំងពូកែ​ស័​ក្ត​សិទ្ធ​ជាច្រើន​ដូចជា​ ​លោកយាយ​ទេព​ ​លោកយាយ​ហោ​ត្រៃ​ ​លោកតា​ខ្លឹម​ចាន់​ ​លោកតា​ស្ទឹង​ប្រសព្វ​មុខ​ ​លោកតា​ពិជ័យសង្គ្រាម​ ​លោកតា​ក្រហម​ក​ ​បារមី​ទួល​ដំបៅ​ជ្រុំ ​បារមី​ទួល​ដំបូក​ខ្មៅ​ ​លោកយាយ​ស​ច្ចៈ​គ្រប់លក្ខណ៍​ ​លោកតា​ដំបង​ដែក​ ​សម្តេច​យមរាជ​ ​លោកតា​មុនី​ឥសី​ ​ដែល​មាន​ឯកឧត្តម​ ​លោកជំទាវ​ ​អ្នកឧកញ៉ា​ ​និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មក​បែរបន់​សុំ​សេចក្តី​សប្បាយ​លាភជ័យ​ ​និង​ ​រកទទួលទាន​មានបាន​។​

            ២​. ​វត្ត​ប្ញស្សី​ជ្រោយ​ (​ស្រុក​ស្អាង​)
            ជា​ទីអារាម​ដ៏​ចំណាស់​មួយ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ប្ញស្សី​ជ្រោយ​ ​ឃុំ​ស្វាយ​ប្រទាល​ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្តាល​ ​ត្រើយ​ខាងកើត​ទន្លេ​បាសាក់​ ​ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​២​១​បេ​។​ ​វត្ត​នេះ​មាន​ប្រវត្តិ​កកើត​តាំងពី​ព​.​ស​. ​២​៣​៩​១​ ​ត្រូវនឹង​ ​គ​.​ស​. ​១​៨​៤​៨​ ​គិត​មកដល់​សព្វថ្ងៃ​ ​ទីអារាម​នេះ​មាន​អាយុកាល​ជិត​២​០​០​ឆ្នាំ​ហើយ​ ​។​ ​រីឯ​ព្រះវិហារ​សព្វថ្ងៃ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​គ​.​ស​.​១​៩​២​៦​។​ ​វិហារ​នេះ​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​ព្រះវិហារ​បុរាណ​ដទៃទៀត​ ​ត្រង់ថា​ ​តាំងពីដើមមក​ ​ដំបូល​ព្រះវិហារ​ជហ្វា​៤​នេះ​ប្រក់​ស៊ីម៉ងត៍​ស៊ី​ប្រូ​ ​មិន​ប្រើ​ក្បឿងស្រកាលេញ​ឡើយ​ ​ថែមទាំង​មាន​រានហាល​ប្រក់​ដំបូល​អម​ដោយ​ក្បូរ​ក្បាច់រចនា​យ៉ាង​ប្រណីត​បែ​រទាំង​រក​ទិស​ទាំង​៤​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​វត្ត​ប្ញស្សី​ជ្រោយ​មាន​សាលា​ឆាន់​បុរាណ​ធំ​ទូលាយ​សង់​ខ្ពស់​ផុត​ពី​ដី​ ​ចំហ​ជញ្ជាំង​មាន​ខ្យល់​ចេញចូល​និង​ពន្លឺ​ល្អ​។​ ​នៅ​ផ្នែក​ខាងក្នុង​នៃ​សាលា​ឆាន់​នេះ​ ​មាន​សេសសល់​ផ្ទាំង​គំនូរ​ពីសម័យ​មុន​ជាច្រើន​ ​ជាពិសេស​រូបថត​សប្បុរស​ជន​ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូល​បច្ច័យ​សាងសង់​សមិទ្ធផល​វត្ត​និង​ជាងគំនូរ​ដែល​មាន​ស្នាដៃ​គូរ​គំនូរ​នៅ​ក្នុង​វត្ត​នេះ​កាលពី​ជំនាន់​នោះ​ ​មើលទៅ​គួរឲ្យ​ចាប់អារម្មណ៍​ជា​ពន់ពេក​។​ ​ប្រសិនបើ​លោកអ្នក​មិន​ចង់​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ក្នុង​វត្ត​ទេ​ព្រោះ​មិនសូវ​ចូលចិត្ត​មនុស្សកកកុញ​ ​លោកអ្នក​អាច​ចូល​ទៅ​សម្រាក​លម្ហែ​នៅ​រមណីយដ្ឋាន​ ​«​ភូមិ​ផ្កា​ត្រកួន​»​ដែល​មាន​ច្រក​ចូល​ទល់មុខ​នឹង​ខ្លោងទ្វារ​វត្ត​តែម្តង​។​

​            ៣​. ​វត្ត​កោះ​ដាច់​ (​ខណ្ឌ​ជ្រោយ​ចង្វា​រ​)
            កោះ​ដាច់​ជា​ទីតាំង​ដ៏​ពិសិដ្ឋ​មួយ​ដែល​បង្កប់​នូវ​ធនធាន​វប្បធម៌​រូបី​ ​និង​អរូបី​យ៉ាង​សម្បូរ​បែប​ស័ក្តិសម​បំផុត​សម្រាប់​មហាជន​ទូទៅ​មក​ពីគ្រប់ទិស​ទី​ទៅ​ទស្សនា​ក​ម្សាន្ត​មិន​ចេះ​រីងស្ងួត​ ​ជាពិសេស​គឺ​ក្នុង​រដូវ​បុណ្យទាន​ ​តួយ៉ាង​ ​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​នេះ​តែម្តង​។​ ​នៅ​លើ​កោះ​ដាច់​មាន​វត្ត​ចំនួន​ប្រាំពីរ​ ​ដែល​លោកអ្នក​អាច​ជ្រើសរើស​ទៅ​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​ ​និង​​ភ្ជុំបិណ្ឌ​បាន​យ៉ាង​ងាយស្រួល​ ​ក្នុង​នោះ​រួម​មាននៅ​ប៉ែក​ខាងលិច​កោះ​ ​មាន​វត្ត​បទុម​ពិសី​ (​វត្ត​ល្វា​លើ​), ​វត្ត​ពោធិ​ព្រះឥន្ទ​, ​វត្ត​ឥន្ទ​ពិសី​ ​និង​វត្ត​ឧទុម្ពរ​ (​វត្ត​ល្វា​ក្រោម​) ​និង​វត្ត​អម្ពរ​ផល​ (​វត្ត​ចុង​កោះ​)​។​ ​នៅ​ប៉ែក​ខាងកើត​កោះ​វិញ​ ​មាន​វត្ត​ចំនួន​ពីរ​ទៀត​គឺ​ ​វត្ត​សាមគ្គី​ក្បាល​កោះ​ (​វត្ត​យក្ស​) ​និង​ ​វត្ត​ក្រពុំ​ពេជ្រ​ (​វត្ត​កោះ​ដាច់​) ​។​ ​ដោយសារតែ​ចំនួន​វត្ត​ច្រើន​បែប​នេះ​ ​វា​មាន​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់​ពុទ្ធបរិស័ទ​ដែល​ចង់​ធ្វើដំណើរ​ទៅ​ដាក់បិណ្ឌ​លើស​ពី​មួយ​វត្ត​ក្នុង​ថ្ងៃ​ចុង​ស​ប្តាហ៍ ​សៅរ៍​-​អាទិត្យ​ ​ព្រោះ​វត្ត​ទាំងនោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នោះ​ទេ​។​

            ចំពោះ​អ្នក​ដែល​ស្រឡាញ់​រចនាបថ​ព្រះវិហារ​បុរាណ​ ​លោកអ្នក​អាច​ទៅ​ទស្សនា​ព្រះវិហារ​វត្ត​សាមគ្គី​ក្បាល​កោះ​ ​ហៅ​ ​វត្ត​យក្ស​ ​ដែល​ជា​ព្រះវិហារ​ជហ្វា​៦​ ​យ៉ាង​ស្រស់​ស្អាត​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​ប្រចាំ​ភូមិ​ក្បាល​កោះ​ ​សង្កាត់​កោះ​ដាច់​។​ ​លើស​ពី​ព្រះវិហារ​បុរាណ​ ​វត្ត​យក្ស​ក៏មាន​អគារ​អតីត​សាលា​បាលី​ ​ក្នុង​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ​-​បារាំង​ ​ដែល​មាន​ចារឹក​នៅ​លើ​ហោជាង​នូវ​ ​ព​.​ស​.២​៤​៧​៣​ ​ត្រូវនឹង​គ​.​ស​.១​៩​៣​០​។​ ​ធ្វើដំណើរ​ហួស​វត្ត​យក្ស​ទៅត្រង់​ ​យើង​នឹង​ប្រទះឃើញ​ព្រះវិហារ​បុរាណ​នៃ​វត្ត​ក្រពុំ​ពេជ្រ​ ​កសាង​ឡើង​ក្នុង​គ​.​ស​.​១​៩​២​៤​ ​ក្នុង​រជ្ជកាល​ព្រះបាទ​ ​ស៊ីសុវត្ថិ​ ​មាន​អាយុកាល​៩​៨​ឆ្នាំ​ហើយ​។​ ​ព្រះវិហារ​ជាទី​ចាប់អារម្មណ៍​របស់​ជនជាតិ​បរទេស​ជិត​ឆ្ងាយ​ដែល​មក​ទស្សនា​កោះ​ដាច់​។​ ​ដោយសារតែ​មើលឃើញ​នូវ​គុណ​តម្លៃ​នៃ​ព្រះវិហារ​បុរាណ​នេះ​ ​គណៈកម្មការ​វត្ត​បាន​រៀបចំ​ជួសជុល​ប្រក់​ដំបូល​ថ្មី​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ទេ​ ​ធ្វើឲ្យ​ព្រះវិហារ​នេះ​មាន​សោភណភាព​ស្រស់​ស្អាត​ឡើងវិញ​ល្អ​ប្រសើរ​សម្រាប់​ពុទ្ធសាសនិកជន​ទាំងឡាយ​ឲ្យ​ឆៀងចូល​មក​គោរព​បូជា​។​

            ៤​. ​វត្ត​មាត់​ក្រ​សា​ស​ក្នុង​ (​ស្រុក​ល្វា​ឯម​)
            មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្តី​កណ្តាល​ ​ឃុំសារិកាកែវ​ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​ចម្ងាយ​ប្រមាណ៧គីឡូម៉ែត្រ​ពី​កំពង់​ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ​។​ ​ដើម្បី​ទៅដល់​ទីអារាម​នោះ​ ​អ្នកដំណើរ​ទាំងឡាយ​ត្រូវ​ឆ្លង​សាឡាង​នៅ​ជិត​កោះ​ពេជ្រ​ ​ឬ​តាម​កំពង់​ចម្លង​ស្វាយ​ជ្រុំនៅ​ខាង​ជ្រោយ​ចង្វា​រ​​ក៏បាន​។​ ​បន្ទាប់ពី​ឆ្លង​ទៅដល់​ត្រើយម្ខាង​ ​លោកអ្នក​ត្រូវ​បន្ត​ដំណើរ​ទៅត្រង់​តាមផ្លូវ​ឆ្ពោះទៅ​វត្ត​ពេជ្រ​ម្កុ​ដ​ ​ហើយ​បត់​កោង​ស្តាំ​កាត់តាម​ភូមិ​ទួល​មាស​ ​ភូមិ​តា​ជោ ​រហូតដល់​ភូមិ​ក្តី​កណ្តាល​ ​តែម្តង​។​ ​វត្ត​នេះ​ជា​ទីប្រជុំ​ពុទ្ធបរិស័ទ​ជុំវិញ​តំបន់​នេះ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​យ៉ាង​ច្រើន​កុះករ​។​ ​នៅក្បែរ​ព្រះវិហារ​ ​មាន​ចេតិយ​បុរាណ​ដ៏​ធំស្កឹមស្កៃ​មួយ​ ​និង​ខ្លោងទ្វារ​ចំណាស់​បន្សល់ទុក​តាំងពី​សម័យ​សង្គម​រា​ស្រ្ត​និយម​ ​ជាទី​ចំណាប់អារម្មណ៍​ក្រោម​ក្រសែភ្នែក​របស់​មនុស្ស​គ្រប់គ្នា​ដែល​បាន​ទៅដល់​។​ ​ក្រៅពី​គរុភណ្ឌ​ទាំងឡាយ​ ​វត្ត​នេះ​ក៏មាន​និទាន​ប្រវត្តិ​រឿងរ៉ាវ​គួរឲ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​រឿងព្រេង​បក្សី​ចាំ​ក្រុង​។​ ​កាលពី​ជំនាន់​នោះ​ ​ទីតាំង​នេះ​ជាទី​ទួល​សម្បូរ​ដោយ​ដើមឈើ​ធំ​ៗ​ដែល​មាន​បក្សាបក្សី​ជ្រក​អាស្រ័យ​យ៉ាង​សុខ​ក្សេមក្សាន្ត​ ​ជាពិសេស​ហ្វូង​សត្វ​ក្រសារ​ ​ធ្វើឲ្យ​មានសំឡេង​មាត់​ខ្ញៀវ​ខ្ញារ​។​ ​ពាក្យ​ថា​ ​«​មាត់​ក្រសារ​»​ ​យូរ​ៗ​ទៅ​ក្លាយទៅជា​ ​«​មាត់​ក្រ​សា​ស​»​។​ ​ឯ​ឈ្មោះ​វត្ត​ ​«​មាត់​ក្រ​សា​ស​ក្នុង​»​ ​ឬ​អ្នកស្រុក​ហៅថា​ ​វត្ត​ខ្ពប​ក្នុង​ ​ជាប់​ដល់​សព្វថ្ងៃ​ ​ដោយសារ​មាន​វត្ត​មួយទៀត​នៅ​ខាងក្រៅ​ជិត​នោះ​ហៅថា​ ​វត្ត​ខ្ពប​ក្រៅ​ (​វត្ត​សុវណ្ណ​តេជោ)​។​ ​បើ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​នេះ​ ​អ្នកទេសចរ​អាច​ឆៀងចូល​ទៅលេង​ស្រយាល​កាហ្វេ​ ​និង​រមណីយដ្ឋាន​ឆ្នេរ​ល្វា​ឯម​សម្រាប់​អាហារ​ថ្ងៃត្រង់​៕​

Article by SRIN SOKMEAN


SUGGESTIONS